ក្រុង​ញូវដែលី: អារីយ៉ា រ៉ាមយ៉ា ហ៊្សូរី អាលីស និង​សាន់សា ទំនង​គ្រាន់​តែ​តួអង្គ​បញ្ចេញ​សំឡេង​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ តែ​អ្នក​ទាំង ៥ ជា​អ្នក​រត់​តុ​​​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​សង្កាត់ Indranagar នៃ​ក្រុង Bengaluru។

យ៉ាង​ណា​មិញ ក្នុង​តំបន់​ទីក្រុង​នេះ ពួក​គេ​មាន​ប្រជាប្រិយភាព​ខ្លាំង​ជា​ពិសេស​ចំណោម​កុមារ​តូចៗ​។ អ្នក​រត់តុ​ទាំង​នេះ​ជា​គ្រឿង​យន្ដ​ដែល​នាំ​ចូល​ពី​ប្រទេស ​ចិន ​​​តម្លៃ​ប្រមាណ ២៥ ០០០ ដុល្លារ ​១ ​គ្រឿង​។


តាំង​ពី​ការ​បើក​សម្ពោធ​ផ្លូវ​ការ​នៃ​ភោជនីយដ្ឋាន​រ៉ូបូត​នៅ​ថ្ងៃ​ទី ១៨ ខែ ​សីហា មនុស្ស​រាប់​ពាន់​នាក់​មក​ពី​ក្រុង Bengaluru ភ្ញៀវ​ខ្លះ​ថែម​ទាំង​ខំ​ស្កាត់​មក​តាំង​ពី​ជាយ​ក្រុង​ផង​ដែរ​។


Karthikeyan Ramesh នាយក​គ្រប់គ្រង​ទូទៅ​ភោជនីយដ្ឋាន​​​និយាយ​ថា​៖ «​មនុស្ស​មធ្យម​ពី ៥០០ ទៅ ៦០០ នាក់ ​មក​កាន់​ភោជនីយដ្ឋាន​ ១ ថ្ងៃៗ​ក្នុង​រយៈពេល​បើក​ទ្វារ​ ៧ ម៉ោង​ ហើយ​យើង​មាន​ក្ដី​សោមនស្ស​រីករាយ​ដែល​​​ស្វាគមន៍​ភ្ញៀវ​ច្រើន​សន្ធឹក​បែប​នេះ​។ យើង​បម្រើ​សេវាកម្ម​គ្មាន​ពេល​ទំនេរ​ឡើយ​​តាំង​ពី​បើក​សម្ពោធ​មក​»។


ក្នុង​ ១​ ថ្ងៃ ភោជនីយដ្ឋាន​រ៉ូបូត​នៅ​ឥណ្ឌា​ទទួល​ភ្ញៀវ​ពី ៥០០ ទៅ ៦០០ នាក់​។ AFP


តារាង​មុខ​ម្ហូប​នៅ​ភោជនីយដ្ឋាន​រ៉ូបូត​ភាគ​ច្រើន​ជា​អាហារ​អាស៊ី​បន្ថែម​តារាង​ភេសជ្ជៈ​ប្លែកៗ​ជា​ច្រើន​មុខ​។ ភោជនីយដ្ឋាន ដែល​អាច​ទទួល​ភ្ញៀវ ៥០ នាក់ ត្រូវ​បាន​ឌីហ្សាញ​ទុក​បរិវេណ​​តាម​ផ្លូវ​ដើរ​ឲ្យ​រ៉ូបូត​ដឹក​ជញ្ជូន​អាហារ។


តុ​នីមួយៗ​បំពាក់​នូវ​ថេប្លិត​ឌីជីថល​ដែល​មុខ​ម្ហូប​​​អាច​ត្រូវ​បាន​ជ្រើសរើស​ និង​កុម្ម៉ង់​។ ពេល​រៀបចំ​អាហារ​រួច​​ រ៉ូបូត​មាន​ភារកិច្ច​ដឹក​ជញ្ជូន​ទៅ​តុ​កុម្ម៉ង់​។

VenkateshRajendran ស្ថាបនិក​​ភោជនីយដ្ឋាន ​​ប្រាប់​ ndianexpress.com ថា រ៉ូបូត​​​ដំណើរ​ការ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ និង​​នាំចូល​មក​ពី​​ចិន។

លោក​និយាយ​ថា​៖ «​យើង​ទទួល​បាន​ការ​ស្នើ​ និង​អញ្ជើញ​​ពី​គ្រប់​​កន្លែង​​ឲ្យ​បើក​ដំណើរ​ការ​ភោជនីយដ្ឋាន​បែប​នេះ​នៅ​ទូទាំង​ប្រទេស​។ ​យើង​គ្រោង​​ផ្ដើម​បើក​នៅ​បរទេស​ផង​ដែរ ដូចជា នៅ​មជ្ឈិម​បូព៌ា ដោយ ​១ នៅ​អារ៉ាប៊ីសាអ៊ូឌីត និង ​១ ទៀត​នៅ​ឌូបៃ​»។

បុគ្គលិក​​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​​ឲ្យ​ចេះ​​​ដោះស្រាយ​បញ្ហា​​ក្នុង​ករណី​​​រ៉ូបូត​​រអាក់រអួល​​៕ AFP/HR