ភ្នំពេញ៖ ជា​ដំណោះស្រាយ​បញ្ហា​​អគ្គិភ័យ​​ដោយ​គ្រាន់​តែ ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ របាយការណ៍​ពី​​​អាជ្ញាធរ​​ ​​បាន​​ឲ្យ​ដឹង​ថា​ ​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​សំបែង​​​ ​៤១៨ ខ្នង​​ ​និង​ឆក់​យក​ជីវិត​មនុស្ស​​ ​១០ ​​នាក់​​ ទូទាំង​ប្រទេស​នោះ​ ArrowDot បាន​ប្រកាស​ដាក់​លក់​ឧបករណ៍​​ជូន​ដំណឹង​ពី​ហានិភ័យ​ភ្លើង​ឆេះ ​ដែល​អាច​ឲ្យ​ម្ចាស់​ផ្ទះ ម្ចាស់​អគារ និង​រោងចក្រ​​ សហគ្រាស​នានា​ ​មាន​វិធានការ​ទប់ទល់​ទាន់​ពេលវេលា​។

ក្នុង​តម្លៃ ៤៥ ដុល្លារ ​គ្រឿង​ឧបករណ៍​ឈ្មោះ​ FireDot ដែល​ត្រូវ​បាន​ផលិត​ឡើង​ក្រោម​​ស្នាដៃ​កូន​ខ្មែរ ដំណើរការ​ដោយ​ការ​បញ្ចេញ​សំឡេង​រោទ៍​ប្រកាស​​អាសន្ន​ឲ្យ​អ្នក​នៅ​បរិវេណ​ជុំវិញ​បាន​ដឹង និង​​​ប្រើ​តំណ​ភ្ជាប់​ជាមួយ​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ការ​ផ្ញើសារ និង​ហៅ​ទូរស័ព្ទ​ស្វ័យ​ប្រវត្ដិ​ទៅ​កាន់​ម្ចាស់​ផ្ទះ​ ឬ​អគារ ពេល​សេនស័រ​របស់​វា​ឃើញ​ផ្សែង និង​អណ្ដាត​ភ្លើង​​​​កើត​ឡើង​ដោយ​កត្ដា​ណាមួយ​​។


លោក លីម សង្វា អគ្គនាយក​ ArrowDot បាន​និយាយ​ថា​៖ «​FireDot គឺជា​​ឧបករណ៍​មួយ​ក្នុង​ចំណោម​ផលិតផល​ជាច្រើន​របស់​យើង​ដែល​ជួយ​ដោះ​ស្រាយ​លើ​បញ្ហា​នានា​ក្នុង​សង្គម​​ ទាក់ទង​នឹង​គ្រោះ​មហន្ដរាយ​អគ្គិភ័យ​​ ដូច​ដែល​យើង​បាន​ឃើញ​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ​ហើយ​ថ្មីៗ​នេះ វា​បាន​កើត​ឡើង​នៅ​ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្សារ​ផង​ដែរ»។


FireDot ដែល​ត្រូវ​បាន​រចនា​ឡើង​ជា​ប្រអប់​រាង​មូល​ប៉ុន​កង្ហារ​ប្រើ​ថ្ម​ពិល​ ពណ៌​ស​ ដោយ​រំលេច​នូវ​រូបភាព​ភ្លើង​ពណ៌​ទឹក​ក្រូច​ បន្ថែម​នូវ​សំណេរ​ FIREDOT ពី​ក្រោម​ មាន​មុខងារ​ចម្បង ៣ យ៉ាង ​គឺ បញ្ចេញ​សំឡេង​រោទ៍ ផ្ញើសារ​ទៅ​កាន់​ទូរស័ព្ទ​ និង​ខល​​ទៅ​កាន់​ទូរស័ព្ទ ​ដើម្បី​ផ្ដល់​ដំណឹង​ទៅ​កាន់​ម្ចាស់​ផ្ទះ ឬ​អគារ​​ឲ្យ​បាន​ដឹង និង​រិះ​រក​វិធី​ទប់ស្កាត់​ទាន់​ពេល​វេលា​។


អគ្គនាយក​ដែល​សហការ​ជាមួយ​ដៃគូ​ឈ្មោះ យីម ប៊ុន​ឆាត បាន​បន្ដ​ថា​៖ «​វា​ជា​ឧបករណ៍​បំពាក់​សេនស័រ ដែល​អាច​ឃើញ​ផ្សែង និង​ភ្លើង​ ព្រម​ទាំង​ជូន​ដំណឹង​ជា​មុន​ប្រាប់​ម្ចាស់​លំនៅឋាន អគារ ឬ​ផ្សារ​តាមរយៈ​ការ​ខល​ទូរស័ព្ទ និង​ផ្ញើសារ​ចូល​ទូរស័ព្ទ​ស្វ័យ​ប្រវត្ដិ​ដើម្បី​ឲ្យ​ពួក​គេ​បាន​ដឹង​អំពី​ហានិភ័យ​មុន​ពេល​វា​ស្រោចស្រង់​លែង​បាន​»។


ជាមួយ​នឹង​តម្រូវ​ការ​នៃ​ការ​កុម្ម៉ង់​ពី​អតិថិជន​ ក្រុម​អភិវឌ្ឍន៍​ឧបករណ៍​ FireDot ដែល​មាន​សមត្ថភាព​ប្រកាស​អាសន្ន​នូវ​ហានិភ័យ​ពី​គ្រោះ​អគ្គិភ័យ​នេះ​អាច​ផ្គត់ផ្គង់​ផលិតផល​បច្ចេកវិទ្យា​នេះ​ក្នុង​ចន្លោះ​ពី ២០ ទៅ ៣០ គ្រឿង ​ក្នុង ​១ ​សប្ដាហ៍​។


​FireDot សមិទ្ធផល​​យុវជនខ្មែរ​​បាន​ចំណាយពេល​សិក្សា និង​អភិវឌ្ឍ​រយៈពេល ៦ ខែ។ហុង មិនា

លោក សង្វា បាន​ប្រាប់​ ភ្នំពេញ​ប៉ុស្ដិ៍​ ថា​៖ «​ក្រុម​ការងារ​​ផលិត​ FireDot របស់ ArrowDot ដែល​​ដឹកនាំ​ដោយ​លោក កៅ បញ្ញា និង​កញ្ញា សៀង ឧប្បុល បាន​ចំណាយ​ពេល​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍ​ឧបករណ៍​នេះ​រយៈពេល ៦ ខែ​ ហើយ​ FireDot បំពាក់​ថាមពល​អគ្គិសនី​សាក​ថ្ម​ពេល​អគ្គិសនី​បណ្ដាញ​ត្រូវ​បាន​កាត់​ផ្ដាច់​»។

លោក​បាន​បង្ហើប​ប្រាប់​អំពី​គម្រោង​អភិវឌ្ឍន៍ FireDot ជំនាន់​​ថ្មី​ថា​៖ «​មុខងារ​បន្ទាប់​របស់​ឧបករណ៍​ជូន​ដំណឹង និង​ប្រកាស​អាសន្ន FireDot គឺ​សមត្ថភាព​នៃ​ការ​បង្ហាញ​ទីតាំង​កើត​អគ្គិភ័យ​តាមរយៈ​ប្រព័ន្ធ GPS និង​ជូន​ដំណឹង​ដល់​ម្ចាស់​ផ្ទះ​ និង​នាយកដ្ឋាន​អគ្គិភ័យ។ ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ទឹក​អាសន្ន​ ឧបករណ៍​​នេះ​នឹង​ឆួល​​បញ្ចេញ​ទឹក​ស្រោច​ពន្លត់​ភ្លើង​ដែល​ទើប​ឆេះ​​»។

ជា​អ្នក​អភិវឌ្ឍន៍​ FireDot លោក កៅ បញ្ញា និង​កញ្ញា សៀង ឧប្បុល ចង់​ឲ្យ​ម្ចាស់​អចលនទ្រព្យ​ទាំង​អស់​មាន​ឱកាស​ការពារ​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ នៅ​មុន​ពេល​អ្វីៗ​ហួស​ពេល​អស់​។

ជាមួយ​សំណួរ​ដែល​ចោទ​សួរ​ខ្លួន​ឯង​ថា តើ​គួរ​ដឹង​នៅ​ពេល​ភ្លើង​ឆេះ​បាន​ពាក់​កណ្ដាល ឬ​គួរ​តែ​ដឹង​ពេល​ភ្លើង​ទើប​ចាប់​ផ្ដើម​ឆាប​ឆេះ? កញ្ញា សៀង ឧប្បុល បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា​៖​ «ជួន​ឆេះ​ពាក់​កណ្ដាល​ហើយ ទើប​អ្នក​ជិត​ខាង​ខល​មក​​ប្រាប់​ថា ផ្ទះ​យើង​ឆេះ​ហើយ​។ បើ​សិន​យើង​ដាក់​បំពាក់​ឧបករណ៍​​ យើង​អាច​ពន្លត់​ភ្លើង​ទាន់​ពេលវេលា ពេល​​វា​ចាប់​បាន​កម្រិត​ផ្សែង​ប្រកាស​អាសន្ន​»។

ឆ្លើយ​នឹង​ចម្ងល់​ដែល​​ថា វា​អាច​បង្ក​ជា​សំឡេង​ពេល​គ្រាន់​តែ​អ្នក​ផ្ទះ​ឆួល​ភ្លើង​ចង្ក្រាន​ខ្លាំង​បន្ដិច​ អ្នក​អភិវឌ្ឍន៍​ឧបករណ៍ FireDot ទាំង ​២ បាន​ប្រាប់​ថា​ ពេល​​​យក​ទៅ​ប្រើប្រាស់​ក្នុង​ផ្ទះ​បាយ​ ពួក​គេ​​អាច​កំណត់​កម្រិត​ជាតិ​ផ្សែង ដែល​ត្រឹម​ផ្សែង​តិចតួច​ វា​នឹង​មិន​ស្រែក​រោទ៍​រំខាន​ឡើយ​។ សម្រាប់​ក្នុង​បន្ទប់​គេង​ ដែល​ជា​ទីតាំង​មិន​គួរ​មាន​ផ្សែង ​វា​គួរ​តែ​ត្រូវ​​កំណត់​កម្រិត​ Alert ឲ្យ​ខ្លាំង​បំផុត​​។

វា​មិន​មែន​អ្វី​ចម្លែក​នោះ​ទេ បើ​ឧបករណ៍​មូល​តូច​នេះ ប្រែ​ក្លាយ​ជា​រូបភាព​ត្រីកោណ​ ដោយ​ក្រុម​អ្នក​អភិវឌ្ឍន៍​ទាំង ​២ បន្ដ​ស្វះ​ស្វែង​រក​ភាព​ងាយ​ និង​បន្ថែម​បច្ចេកវិទ្យា​ឲ្យ​កាន់​តែ​ល្អ​។

លោក កៅ បញ្ញា បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​ គាត់​មាន​អារម្មណ៍​ថា វា​កាន់​តែ​ស្អាត និង​ឡូយ​។ ដូច្នេះ​យើង​ចេះ​​តែ​ចង់​ update វា​ឲ្យ​កាន់​តែ​ស័ក្ដិសម​។ ចំពោះ​ការ​ភ្ជាប់​ GPS និង Wi-Fi វា​ជា​ការ​យក​លេខ​កូដ​ទិន្នន័យ​ដាក់​ក្នុង​អ៊ីនធឺណិត យើង​នឹង​ឃើញ​ទីតាំង​ឆេះ»​។

បើ​ទោះ​បី​ជា​ FireDot គួរ​តែ​ត្រូវ​បាន​បំពាក់​ប្រើ​នៅ​តាម​ផ្ទះ​ អគារ​ការិយាល័យ និង​រោងចក្រ​យ៉ាង​ណាក៏​ដោយ ក៏​អ្នក​អភិវឌ្ឍន៍​វ័យ​ក្មេង​ដែល​ជា​និស្សិត​ឆ្នាំ​ទី ៣ ទាំង ២ បាន​ដាក់​អភិវឌ្ឍ​នៃ​ការ​ប្រើប្រាស់​តាម​តូប​ក្នុង​ផ្សារ​ជា​ចម្បង​។

កញ្ញា ឧប្បុល បាន​ឲ្យ​ដឹង​ថា​៖ «​ទីតាំង​គួរ​ប្រើ​ដ៏​ចាំ​បាច់​មុន​ដំបូង​គេ គឺ​ផ្សារ​ដែល​មាន​តូប​ផ្ទុក​សម្ភារ​ច្រើន​។ បើ​មាន​អគ្គិភ័យ​ឆាប​ឆេះ​ពី​តូប​ណា​មួយ​ ហើយ​ FireDot ក្នុង​តូប​នោះ​ស្រែក​រោទ៍ រួច​បន្ដ​ទៅ​ FireDot តូប​ផ្សេង​ៗ​ទៀត​ វា​ជំរុញ​ឲ្យ​មាន​​អន្ដរាគមន៍​ទាន់​ពេលវេលា»​។

កញ្ញា​បន្ដ​ថា​៖ «​ឧបករណ៍​តម្លៃ ៤៥ ដុល្លារ ពេល​ខ្លះ​វា​អាច​​ស្រោច​ស្រង់​តូប​មួយ​ ឬ​តូប​ជា​ច្រើន ឬ​ផ្សារ​ទាំង​មូល​ ដោយ​ម្ចាស់​តូប​បាន​ដឹង​ពេល​ភ្លើង​កំពុង​ចាប់​ផ្ដើម​ ឬ​ប្រកាស​អាសន្ន​ពី​សំឡេង​រោទ៍​នៃ​តូប​ដទៃ ពួក​គេ​អាច​ពន្លត់ ឬ​យ៉ាង​ហោច​ណាស់ ជម្លៀស​អីវ៉ាន់​ចេញ​ទាន់​ពេល​វេលា​»។

ដើម្បី​ជំរុញ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ៤.០ ដែល​រាជ​រដ្ឋាភិបាល​​កម្ពុជា​កំពុង​តែ​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង បច្ចុប្បន្ន​នេះ ArrowDot បាន​ចាប់​ដៃគូ​​មួយ​ចំនួន​ក្នុង​ការ​ពន្លឿន​បច្ចេកវិទ្យា​នៅ​កម្ពុជា​។

សហស្ថាបនិក​ក្រុមហ៊ុន​អភិវឌ្ឍន៍​បច្ចេកវិទ្យា​រូប​នេះ បាន​បន្ដ​ថា​៖ «​បច្ចុប្បន្ន​យើង​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​បរទេស​ រួម​ទាំង​អង្គការ​នានា​ ដូចជា Development Innovation របស់​អង្គការ USAID លើ​ការ​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ផ្នែក​អគ្គិសនី រ៉ូបូត និង​ការ​អភិវឌ្ឍ​ផលិតផល​សម្រាប់​យុវជន​ខ្មែរ​ដើម្បី​អភិវឌ្ឍ​​លើ​ជំនាញ​របស់​ពួក​គេ​ចំពោះ​សម័យ​ឧស្សាហកម្ម​ ៤.០ នេះ​»។

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​អត្ថ​ប្រយោជន៍​ ការ​ប្រើប្រាស់​ និង​កុម្ម៉ង់​ទិញ FireDot​ សុំ​ចូល​​​ទៅ​កាន់​វេបសាយ​របស់​ក្រុមហ៊ុន ArrowDot តាមរយៈ​ http://arrowdot.io ឬទំព័រ​ហ្វេសប៊ុក​​ @ArrowdotTech៕