ភ្នំពេញ៖ យុវជន ខេមរា គីមហាក់ ​និង​យុវតី សឿន ច័ន្ទរ៉ាត់តិកា ប្រហែល​ជា​មាន​ចំណូល​ចិត្ត​ខុស​ប្លែក​បន្ដិច​ពី​យុវវ័យ​​ដទៃ​ចំពោះ​ទំនោរ​ប្រើប្រាស់​យាន​ជំនិះ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​​

ពួក​គេ​មិន​សប្បាយ​ចិត្ដ​ចំពោះ​​ការ​ចំណាយ​ប្រាក់​ចាក់​សាំង ដែល​កំពុង​តែ​បំពុល​បរិស្ថាន​យ៉ាង​ខ្លាំង​ក្នុង​រាជធានី​ភ្នំពេញ​ហើយ​ណា​មួយ​ ពួក​គេ​មាន​​​​​ថវិកា​​​តិចតួច​ស្ដួចស្ដើង​​ក្នុង​ហោប៉ៅ​​ និង​​ធ្លាប់​បណ្ដើរ​ម៉ូតូ​ជា​រឿយៗ​ដោយ​សារ​ម៉ូតូ​អស់​សាំង និង​ខ្វះ​លុយ​ចាក់​សាំង។


និស្សិត​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​​លោក គីម​ហាក់ អាយុ ២០ ឆ្នាំ​ និង​កញ្ញា សឿន ច័ន្ទរ៉ាត់តិកា អាយុ ១៩ ឆ្នាំ មិន​ចង់​ចំណាយ​ប្រាក់​​ចាក់​សាំង​ម៉ូតូ និង​ចង់​ឲ្យ​ទីក្រុង​ភ្នំពេញ​ប្ដូរ​ពី​យានយន្ដ​ប្រើ​​ប្រេង​ឥន្ធនៈ​មក​ជា​យាន​អគ្គិសនី​ស្ទួយ​ទាំង​បរិស្ថាន និង​សន្សំ​សំចៃ​។


ខេមរា គីមហាក់ បាន​និយាយ​ថា​៖ «​ខ្ញុំ​ចង់​ឃើញ​ទីក្រុង​ភ្នំពេញ​គ្មាន​ផ្សែង​យានយន្ដ​»។


កង់​ទីនគី​ «Tinky Bike» ​​មាន​ពណ៌​​ខ្មៅ​ កែប​ស្រដៀង​ម៉ូតូ​បំពាក់​អាគុយ​នៅ​​ក្រោម​កែបម៉ូទ័រ​នៅ​កង់​ក្រោយ ​និង​ LED Display នៅ​ដៃ​ចង្កូត​ខាង​ឆ្វេង ព្រម​ទាំង​បំពាក់​ចង្កៀង​មុខ​ធំ​ បាន​ចំណាយ​ថវិកា​ផលិត​អស់​ប្រមាណ ៧០០ ដុល្លារ​។


យុវជន ខេមរ៉ា គីមហាក់ ធ្វើ​កិច្ចការ​​ផ្សារដែក និង​បំពាក់​សម្ភារ​ផ្សេងៗ។ រូបថត​ សហការី


អង្គុយ​ក្នុង​រោង​ជាង​ផ្ទាល់​ខ្លួន​នៅ​​ផ្ទះ​របស់​យាយ​យុវជន គីមហាក់​ បាន​ប្រាប់ ​ភ្នំពេញ​ប៉ុស្ដិ៍​ ថា​៖​ «​កង់​ទីនគី​អាច​ទ្រ​ទម្ងន់​បាន ១២៥ គីឡូក្រាម។​​ ថាមពល​អគ្គិសនី​របស់​វា​ ដែល​មាន​ឆ្នាំង​សាក​ ២ ប្រភេទ ទី១ ធម្មតា សាក​រយៈពេល ៧ ម៉ោង និង​មួយ​ប្រភេទ​ប្រើ​ថិរវេលា​ត្រឹម​តែ ២ ម៉ោង​កន្លះ។ វា​អាច​បរ​ក្នុង​ល្បឿន ៤០ គីឡូម៉ែត្រ ​ក្នុង ​១ ​ម៉ោង លើ​ចម្ងាយ​ផ្លូវ ៦០ គីឡូម៉ែត្រ​សម្រាប់​ការ​សាក​អគ្គិសនី​មួយ​លើកៗ»​។

ដោយ​ខិតខំ​បំពេញ​កិច្ចការ​ជា​​​ច្រើន ដូច​ជា ការ​រចនា​គំរូ​ម៉ូដ​ ផ្សារ​ដែក ​​ដំឡើង​សម្ភារ​ផ្សេងៗ និង​បាញ់​ថ្នាំ​ ក៏​ដូច​ជា​ការ​​កុម្ម៉ង់​គ្រឿង​អគ្គិសនី​មួយ​ចំនួន​ពី​បរទេស​ ខណៈ​ដែល​ភារកិច្ច​ផ្លុំ​ពត់​ដែក​ត្រូវ​ពឹង​អាស្រ័យ​​លើ​​ជាង​ក្នុង​ស្រុក​។

លោក គីមហាក់ បាន​និយាយ​ថា​៖ «តាម​ពិត​រយៈពេល​ជិត ៣ ខែ វា​យូរ​ចំពោះ​ការ​ឌីហ្សាញ និង​​បញ្ជា​ទិញ​គ្រឿង​អគ្គិសនី​ពី​ចិន​នោះ។ ចំពោះ​សាច់​ពត់ ផ្សារ និង​ដំឡើង​ជា​កង់​ មាន​រយៈពេល​​តែ ៤ ថ្ងៃ​ប៉ុណ្ណោះ»​។

កង់​ដំបូង​ក្នុង​ក្ដី​ស្រមៃ​ឈ្មោះ ទីនគី «Tinky» ដែល​លោក​ គីមហាក់ អះអាង​ថា មក​ពី​ពាក្យ​ Tinker មាន​ន័យ​ថា «​ការ​ផ្លាស់ប្ដូរ​»​ ជា​ឈ្មោះ​ដាក់​ដោយ​កញ្ញា ច័ន្ទរ៉ាត់តិកា។

យុវជន​ ខេមរា គីមហាក់ បាន​បន្ថែម​ថា​ ​​ភាគ​ច្រើន​ពួក​គេ​​ជិះ​កង់​ដឹក​អីវ៉ាន់​ ទៅ​រៀន និង​ធ្វើ​ការ​ដែល​ ​១ ថ្ងៃ​អត់​ដល់​ ៦០ គីឡូម៉ែត្រ​ទេ​ ត្រឹមតែ​៤០ ឬ ៥០ ​គីឡូម៉ែត្រ​។ ពេល​ខ្លះ ​ជិះ​​ច្រើន​​ពួក​គេ​យក​ឆ្នាំង​តាម​ខ្លួន​ទៅ​កន្លែង​ធ្វើ​ការ​។ លើ​ចម្ងាយ​ផ្លូវ​ ៨០ ​គីឡូម៉ែត្រ ទីនគី ចាយ​ប្រាក់​សម្រាប់​ការ​សាក​ថ្ម​ប្រមាណ ១ ០០០ រៀល​ប៉ុណ្ណោះ​។

ស៊ាំ​នឹង​ទម្លាប់​ជិះ​កង់​ជិត ៣ ខែ​មក​​នេះ យុវជន និង​យុវតី​ទាំង​ ​២ មិន​មាន​ពាក្យ​​ត្អូញ​ត្អែរ​ចំពោះ​​ការ​លំបាក​ជិះ​កង់​​នោះ​ទេ។

ប៉ុន្តែ​យុវជន គីមហាក់ បាន​លើក​ឡើង​ពី​​បញ្ហា​ខ្លះ​ៗ​ថា៖ «ដោយសារ​ពេល​នោះ ខ្ញុំ​អត់​សូវ​បាន​ដាក់​កំហិត​ឲ្យ​ជាង​ពត់​​ដែក ដែល​មិន​អាច​ធ្វើ​តាម​ការ​ឌីហ្សាញ​របស់​ខ្ញុំ​បាន​។ ខ្ញុំ​ក៏​នឹង​បន្ថែម​កែប​ឲ្យ​រាង​វែង​បន្ដិច​ដើម្បី​កុំ​ឲ្យ​អ្នក​អង្គុយ​ពិបាក​ទប់​ខ្លួន​»។

យុវតី ច័ន្ទ​​រ៉ាត់តិកា ពេញចិត្ត​នឹង​យានជំនិះ​ ដែល​គិតគូរ​ដល់បរិស្ថាន។ រូបថត ហ៊ាន រង្សី

ទីនគី ដែល​បាន​ឈ្នះ​ពាន SmartSpark4 ជាមួយ​ទឹក​ប្រាក់​ ៣ ០០០ ដុល្លារ គ្រោង​បង្ហាញ​វត្ដមាន​នៅ​តាម​ដងវិថី​សាធារណៈ​ជាមួយ​នឹង​ជម្រើស ៣ ប្រភេទ​សម្រាប់​អតិថិជន​ដែល​និយម​យាន​គ្មាន​ផ្សែង​បំពុល​។

លោក គីម​ហាក់ បាន​ឲ្យ​ដឹង​ថា​៖​ «​គម្រោង​កង់​ខ្ញុំ​ចេញ​លក់​ខាង​មុខ​នេះ វា​មាន​តម្លៃ​ចាប់​ពី ៥៤៩ ដុល្លារ​ អាច​បរ​បាន​ចម្ងាយ ៣០ គីឡូម៉ែត្រ​ចំពោះ​ការ​សាក​ថ្ម​ម្ដង​ ៦៤៩ ដុល្លារ អាច​ជិះ​បាន ៤៥ គីឡូម៉ែត្រ និង​ ៧៤៩ ដុល្លារ​ អាច​ជិះ​បាន ៦០ គីឡូម៉ែត្រ​»។

លោក​បាន​បញ្ជាក់​ពី​ជម្រើស​ទាំង ៣ ប្រភេទ​នេះ​ថា​​៖ «ខុស​គ្នា​តែ​ប្រភេទ​ថ្ម​នោះ​ទេ ចំពោះ​ប្រភេទ​ម៉ូទ័រ មុខងារ​ផ្សេងៗ និង​គ្រឿង​អគ្គិសនី​មាន​លក្ខណៈ​ដូច​គ្នា​ទាំង​អស់​។ ភាព​ខុស​ប្លែក​គ្នា​មួយ​​ទៀត គឺ​ការ​ធានា វាមាន​រយៈពេល​​ធានា​ពី ១ ឆ្នាំ ១ ឆ្នាំ​កន្លះ និង ២ ឆ្នាំ​»​។

រីឯ​​បញ្ហា​នៃ​ការ​ប្រកួត​ប្រជែង​ទីផ្សារ សូម្បី​តែ​លោក​ គីមហាក់​អះអាង​ថា ទោះបី​ជា​លោក​ដាក់​លក់​​កង់​របស់​ខ្លួន​ក្នុង​តម្លៃ​ដើម​ក៏​នៅ​តែ​មិន​ឈ្នះ​ឡើយ​។

សហស្ថាបនិក​ ដែល​បាន​ផ្អាក​​ការ​សិក្សា​មួយ​រយៈ​ដើម្បី​ឆ្លៀត​ពេល​មក​សម្រេច​ក្ដី​ស្រមៃ​ផលិត​កង់​អគ្គិសនី​ដាក់​​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​ បាន​ប្រាប់​​ថា​៖​ «​​អ្វី​ដែល​ជា​ចំណុច​ពិសេស​របស់​កង់​នេះ គឺ​យើង​ឌីហ្សាញ​ពី​ស្នាដៃ​ខ្លួន​ឯង យើង​ធ្វើ​តួ​គឺ​នៅ​ខ្មែរ​តែ​ម្ដង​ ដោយ​មិន​ជួល​សូហ្វវែរ​គេ​ធ្វើ​ឲ្យ​នោះ​ទេ។ យើង​​ធានា​ទៅ​លើ​ថ្ម និង​តួ​កង់​មួយ​ជីវិត​​របស់​វា​»។

ក្ដី​សង្ឃឹម​មួយ​ទៀត ដែល​យុវជន និង​យុវតី​ទាំង ​២ ជឿជាក់​យ៉ាង​មុត​មាំ​ចំពោះ​លទ្ធផល​​នៃ​ដំណើរការ​កង់​អគ្គិសនី​ផលិត​ក្នុង​ស្រុក​នោះ គឺ​ជា​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​លើ​ផលិតផល​ខ្មែរ​។

Tinky Bike ស្វាគមន៍​​​ការ​កុម្ម៉ង់​មុន​ពី​​អតិថិជន​ ដោយ​ផ្ដល់​​នូវ​​​តម្លៃ​យ៉ាង​ពិសេស​។ យុវជន​ទាំង ​២ ក៏​កំពុង​រង់ចាំ​​មើល​លទ្ធភាព​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ ដែល​មាន​បំណង​វិនិយោគ​កង់​អគ្គិសនី​ជាមួយ​ពួក​គេ​ផង​ដែរ។​

ព័ត៌មាន​លម្អិត សុំ​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក @TinkyBikeCambodia ឬ​លេខ​ទូរស័ព្ទ ០៩៩ ៣៩៨ ៨៨៣៕