ភ្នំពេញ៖ ជា​ដំណោះ​ស្រាយ​នៃ​ការ​ចំណាយ​ប្រាក់​ច្រើន​ទៅ​លើ​សម្លៀក​បំពាក់​សម្រាប់​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ចំពោះ​អ្នក​ចូលចិត្ត​ប្តូរ​ស្ទីល​សម្លៀក​បំពាក់​ អាច​ចំណាយ​តិច និង​មាន​ភាព​ងាយ​ស្រួល​ យុវជន ​១ ​ក្រុម ​បាន​បង្កើត​ App នៅ​លើ​កម្មវិធី​ទូរស័ព្ទ​ថ្មី​សម្រាប់​ជួល​សម្លៀក​បំពាក់​ទាំង​បុរស និង​នារី​។

Style-ស្ទីល ចំណាយ​ចាប់​ពី​ ១៥ ដល់​ ៣០ ​ដុល្លារ ក្នុង​សម្លៀក​បំពាក់ ​១ សម្រាប់ ​យ៉ាង​​ស្រស់​ស្អាត​ថ្លៃ​ថ្នូរ​ មាន​សម្លៀក​បំពាក់​គ្រប់​ប្រភេទ​អាច​ពាក់​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ដូចជា​ ពិធី​មង្គល​ការ ខួប​​កំណើត​ ជប់​លៀង​ ឬ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ជា​ដើម។


យុវតី​ រិទ្ធី ពេជ្រចរណៃ វ័យ​ ២០ ​ឆ្នាំ ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ​ផារ៉ាហ្គន​ (Paragon International University) បាន​ប្រាប់​មក​ ភ្នំពេញ​ ប៉ុស្តិ៍ ​ថា​៖​ «​ពួក​ខ្ញុំ​មាន​គ្នា​ ៤ នាក់ ដែល​បង្កើត​ App Style-ស្ទីល ប៉ុន្តែ​មិន​បាន​រៀន​ផ្នែក​ជាមួយ​គ្នា​នោះ​ទេ​ ដោយ​​រៀន​ត្រូវ​ម៉ោង​គ្នា​ តែ​ Business តែ​ប៉ុណ្ណោះ​ ហើយ​ក៏​បាន​​ស្គាល់​គ្នា​ រហូត​ដល់​ថ្ងៃ ​១ ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​គាត់​មាន​បញ្ហា​រឿង​អត់​មាន​​អី​ពាក់​ទៅ​ចូលរួម​កម្មវិធី​ ដោយ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ ទៅ​លើ​​សម្លៀក​បំពាក់​ ផាត់​មុខ​ និង​ចំណាយ​ទៅ​លើ​អ្វី​ផ្សេងៗ​ទៀត ណា​មួយ​ត្រូវ​ចំណាយ​ពេល​ទៅ​ទិញ ឬ​ជួល​ទៀត ទើប​ពួក​ខ្ញុំ​ពិភាក្សា​គ្នា​ថា​ បើ​មាន​ App សម្រាប់​ជួល​ខោអាវ​មួយ​ប្រហែល​​ជា​ល្អ​ ព្រោះ​នៅ​ស្រុក​យើង​មិន​ទាន់​មាន​កម្មវិធី​បែប​នេះ​នោះ​ទេ​ ហើយ​ពួក​យើង​ក៏​បាន​មូល​មតិ​គ្នា​បង្កើត​តែ​ម្តង​ទៅ​»​។


រិទ្ធី ពេជ្រចរណៃ និស្សិតឆ្នាំទី ២ នៃសាកលវិទ្យាល័យផារ៉ាហ្គន។ ហុង មិនា


សមាជិក​បង្កើត​ App សម្រាប់​​ជួល​សម្លៀក​បំពាក់​មាន​ចំនួន​ ៤ នាក់ គឺ​កញ្ញា សូ សម្ផស្ស វ័យ ២០ ឆ្នាំ និង​កញ្ញា ហេង ប៊ុណ្ណាវីន​ វ័យ ១៩ ឆ្នាំ សិក្សា​ជំនាញ​ធនាគារ​ និង​ហិរញ្ញវត្ថុ យុវជន ស៊ីម​ លីម៉េង វ័យ​ ២០ ឆ្នាំ សិក្សា​លើ​មុខ​ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​​ និង​កញ្ញា រិទ្ធី ពេជ្រចរណៃ​ ដោយ​ក្រុម​យុវជន​នេះ​ សុទ្ធ​តែ​កំពុង​សិក្សា​នៅ​ឆ្នាំ​ទី ​២​ នៃ​មុខ​ជំនាញ​រៀងៗ​ខ្លួន​។


និស្សិត​ស្រី​វ័យ​ក្មេង​ ​រិទ្ធី ពេជ្រចរណៃ បាន​បន្ត​ទៀត​ថា​៖ ​«​សម្រាប់​កិច្ច​ការ​មួយ​នេះ​ពួក​យើង​បាន​ចាប់​ផ្តើម​តាំង​ពី​ខែ​ ៤ មក​ម្ល៉េះ យើង​​​ដូច​ជា​ឈ្មួញ​កណ្តាល​អ៊ីចឹង​ យើង​មាន​ហាង​សម្លៀក​​បំពាក់​ដែល​ជា​ដៃគូ​ជាង​ ១០ ​ហាង​ហើយ យើង​ក៏​យក​រូបភាព​មក​ផូស្ត​នៅ​លើ​ផេច និង​ដាក់​តម្លៃ​ ដោយ​ពួក​ខ្ញុំ​ទទួល​បាន​ ១០ ភាគរយ​នៃ​តម្លៃ​ខោអាវ​ដែល​យើង​ជួល​បាន​។ សម្រាប់​អតិថិជន​ដែល​បាន​ជួល​សម្លៀក​បំពាក់​តាម​ Style-ស្ទីល ហើយ​រួច​ហើយ​ ខាង​យើង​នឹង​ប្រាប់​ទីតាំង​សម្រាប់​អតិថិជន​ទៅ​យក​របស់ ដោយ​អតិថិជន​គ្រាន់​តែ​បង់​លុយ​ថ្លៃ​ជួល​មុន​ និង​ទុក​អត្តសញ្ញាណប័ណ្ណ​ប៉ុណ្ណោះ​»​។


ចំពោះ​ការងារ​រួម​ក្រុម​របស់​​និស្សិត​ឆ្នាំ​ទី ​២ នៃ​សាកលវិទ្យាល័យ​​អន្តរជាតិ​ផារ៉ាហ្គន ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​លើ​ប្រព័ន្ធ​ឌីជីថល​បង្កើត​ App សម្រាប់​ជួល​សម្លៀក​បំពាក់​នេះ​ បាន​បែក​ចែក​តួនាទី​រៀង​ខ្លួន​ ដោយ​កញ្ញា រិទ្ធី ពេជ្រចរណៃ មាន​តួនាទី​បង្ហោះ​ម៉ូដ​សម្លៀក​បំពាក់​ទៅ​លើ​ផេច​ ឬ​ App កញ្ញា ហេង ប៊ុណ្ណាវីន មាន​តួនាទី​ទាក់ទង​ជាមួយ​ភ្ញៀវ​ដែល​បាន​កក់​សម្លៀក​បំពាក់​សម្រាប់​ជួល​នៅ​លើ​បណ្តាញ​សង្គម​ កញ្ញា សូ សម្ផស្ស ទាក់ទង​ទៅ​នឹង​ការ​រក​ដៃ​គូហាង​សម្លៀក​បំពាក់​ ដើម្បី​ឲ្យ​ចូល​ជា​សមាជិក​​នៃ​ App ដែល​បាន​​បង្កើត​​ និង​លោក ស៊ីម​ លីម៉េង​ គ្រប់គ្រង​ទៅ​លើ​ការ​បង្កើត​ App។

App នឹង​ដាក់ដំណើរការ​​នៅ​ប្រមាណ ៣ ខែទៀត បន្ថែមពីការ​ជួលតាម​ហ្វេសប៊ុក​។សហការី

គម្រោង​ «Style-ស្ទីល» ត្រៀម​នឹង​ដាក់​ប្រើប្រាស់​សម្រាប់​​ជួល​សម្លៀក​បំពាក់​ក្នុង​កម្មវិធី​ទូរស័ព្ទ​ ត្រូវ​បាន​កញ្ញា ពេជ្រ​ចរណៃ បន្ថែម​ទៀត​ថា​៖​ «​ចំពោះ​ App យើង​ធ្វើ​មិន​ទាន់​ហើយ​នោះ​ទេ​ សព្វ​ថ្ងៃ​យើង​ទើប​តែ​មាន​នៅ​ក្នុង​ផេច​ហ្វេសប៊ុក​ប៉ុណ្ណោះ​ សម្រាប់​ Style-ស្ទីល នៅ​ក្នុង​ website យើង​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​អំឡុង​ខែ​ក្រោយ​នេះ​ឯង​ ចំណែក​ឯ App ត្រូវ​ប្រើ​ពេល​ ៣ ខែ​ទៀត ​ទើប​រួច​រាល់​អាច​ប្រើប្រាស់​បាន​​»។

«Style-ស្ទីល» App ត្រូវ​បាន​បែក​ចែក​ជា​ ២​ ផ្នែក​ ដោយ​ផ្នែក​ទី ​១ សម្រាប់​​បុរស​មាន​សម្លៀក​​បំពាក់​គ្រប់​ប្រភេទ​ដូច​ជា​អាវ​ធំ​ខាង​ក្រៅ ឬអាវ​ប្រពៃណី ចំពោះ​​ផ្នែក​នារី ក៏​មាន​ការ​បែង​ចែក​ជា​ប្រភេទ​រ៉ូប​ចូលរួម​កម្មវិធី និង​សម្លៀក​បំពាក់​ប្រពៃណី​ផង​ដែរ​។

អតិថិជន​ដែល​ប្រើប្រាស់​ ​«Style-ស្ទីល» App ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា​ មិន​ចំណាយ​ថវិកា​ច្រើន​​សម្រាប់​ទិញ​ឈុត​ថ្មី​ដែល​មាន​តម្លៃ​ថ្លៃ​ មិន​ចំណាយ​ពេល​វេលា​ច្រើន​សម្រាប់​ទៅ​ទិញ ឬ​ជួល​នៅ​តាម​ហាង​ដែល​មិន​ទាន់​បាន​កក់​សម្លៀក​បំពាក់​ទុក​ មាន​​អាទិភាព​ក្នុង​ការ​ជ្រើសរើស​ម៉ូដ​ដែល​ពេញ​ចិត្ត និង​អាច​ផ្លាស់ប្តូរ​បាន​គ្រប់​កម្មវិធី​សម្រាប់​អ្នក​និយម​ម៉ូដ​​ថ្មីៗ​។

កម្មវិធី ​«Style-ស្ទីល» សម្រាប់​ជួល​សម្លៀក​បំពាក់​នៅ​ក្នុង​ឌីជីថល​ បាន​ជាប់​ជា​ក្រុម​ឆ្នើម​​​​​ ៥ ក្រុម​ចុង​ក្រោយ ​ពី​ Smart Start ​​រដូវកាល​ទី ៣ ដោយ​ទទួល​បាន​​ទឹក​ប្រាក់​ចំនួន​ ៥ ពាន់​ដុល្លារ។ ពួក​គេ​នឹង​​បន្ត​ប្រកួត​ប្រជែង​​នៅ​ខែ ​កុម្ភៈ ឆ្នាំ​ ២០២០​ ខាង​មុខ​ ដើម្បី​ដណ្តើម​យក​​ជយ​​លាភី​លេខ ១ និង​ឱកាស​​ដំណើរ​ទស្សនកិច្ច ​១៥ ថ្ងៃ​នៅ​សិង្ហបុរី​ ដើម្បី​សិក្សា​​បន្ថែម​ពី​ការ​បង្កើត​អាជីវកម្ម​។

ក្នុង​ការ​បង្កើត​ Style-ស្ទីល ក្រុម​យុវជន​វ័យ​ក្មេង​ក៏​ជួប​បញ្ហា​ជា​ច្រើន​ ដោយ​បាន​បង្ហើប​ថា​៖ ​«​ចំពោះ​អាជីវកម្ម​មួយ​នេះ​ក៏​មាន​ការ​រិះគន់​ពី​ភ្ញៀវ​អំពី​តម្លៃ​ដែរ ដោយ​គាត់​ប្រាប់​ថា ​ថ្លៃ​ពេក​ ហើយ​បញ្ហា​នេះ​ខ្ញុំ​ក៏​ព្យាយាម​ក្នុង​ការ​ដោះ​ស្រាយ​ ដោយ​សុំ​ឲ្យ​ខាង​ម្ចាស់​ហាង​គាត់​បន្ទាប​តម្លៃ​បន្តិច​ និង​ខាង​ខ្ញុំ​ក៏​ព្យាយាម​រក​ហាង​ដែល​នៅ​តាម​ជាយ​ក្រុង​ប្រហែល​​ជា​អាច​មាន​​តម្លៃ​សមរម្យ​ដែល​អតិថិជន​អាច​ទទួល​យក​បាន​។

អាជីវកម្ម​មួយ​នេះ​ដែរ​ ពួក​ខ្ញុំ​ក៏​មាន​គម្រោង​ថា​នឹង​បន្ត​រហូត​ទៅ​ ទោះ​បី​ជា​ពួក​ខ្ញុំ​រៀន​ចប់​ក៏​ដោយ​ ហើយ​ខាង​ខ្ញុំ​ក៏​នឹង​ព្យាយាម​ update អ្វី​ដែល​ថ្មីៗ​សម្រាប់​ឲ្យ​អតិថិជន​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ ​​​«Style-ស្ទីល» App ផង​ដែរ​»​៕