ក្រុងម៉ិកស៊ីកូ: រ៉ូបូតនៅមន្ទីរពេទ្យមួយនៃទីក្រុងម៉ិកស៊ីកូ កំពុងផ្ដល់ជំនួយដល់អ្នកជំងឺកូវីដ ដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីសាច់ញាតិ និងកាត់បន្ថយហានិភ័យជំងឺឆ្លងសម្រាប់បុគ្គលិកពេទ្យ។
រ៉ូបូតកម្ពស់ ១,៤ ម៉ែត្រ បានសាកសួរអ្នកជំងឺ ពេលវាត្រួតពិនិត្យពីបន្ទប់មួយទៅបន្ទប់មួយទៀតថា៖ «សួស្ដី! ខ្ញុំឈ្មោះ LaLuchy Robotina! តើអ្នកឈ្មោះអី?»។
រ៉ូបូតបំលាស់ទីដោយកង់ ក៏ដូចជាកាមេរ៉ា និងអេក្រង់ដែលអាចឲ្យសាច់ញាតិ និងវេជ្ជបណ្ឌិតបានជជែកជាមួយអ្នកជំងឺ ឬបុគ្គលិកការពារសុវត្ថិភាពក្នុងបន្ទប់ពោរពេញដោយវីរុស។
លូស្យា ឡេដេស្មា ពេទ្យសរសៃប្រាសាទ មកពីមជ្ឈមណ្ឌលសុខាភិបាលជាតិ ២០ វិច្ឆិកា បាននិយាយថា៖ «វាជួយឲ្យយើងមានការប្រាស្រ័យទាក់ទងជាមួយគ្នា តែមិនបង្កឲ្យមានហានិភ័យក្នុងបរិវេណបំភាយវីរុសកូវីដ ១៩ ឡើយ»។
រ៉ូបូតនៅមន្ទីរពេទ្យ ជាផ្នែកមួយនៃការអភិវឌ្ឍសកលថ្មី ដែលមានបំណងកាត់បន្ថយហានិភ័យជំងឺឆ្លងអំឡុងពេលវិបត្ដិកូវីដ ថែមទាំងត្រូវបានប្រើជា «សហគ្រូពេទ្យ» ជួយអ្នកជំងឺកូវីដ កាលពីខែកក្កដា កន្លងទៅផងដែរ។
តាំងពីពេលនោះ រ៉ូបូតនេះមានភារកិច្ចប្រមាណ ១៦០បេសកកម្មជាមួយអ្នកជំងឺកូវីដ សាច់ញាតិរបស់ពួកគេ និងក្រុមការងារសុខាភិបាលផ្នែកផ្លូវចិត្ដថែមទៀត។
អ្នកស្រី សាន់ត្រា មូណូស ដែលសម្របសម្រួលយុទ្ធសាស្ដ្រប្រឆាំងជំងឺឆ្លងនៅមន្ទីរពេទ្យ ដែលវីរុសបានឆក់យកជីវិតមកជាង ៦ ម៉ឺននាក់នៅម៉ិកស៊ិក បាននិយាយថា៖ «រ៉ូបូតជួយយើងដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ដជូនដល់អ្នកជំងឺ»។
អ្នកស្រី រ៉ូសា ម៉ារីយ៉ា វេឡាឃ្វេស អាយុ ៥៥ ឆ្នាំ ជាអ្នកជំងឺកូវីដម្នាក់ចំណោមជាងកន្លះលាននាក់នៅម៉ិស៊ិក ដែលបានឆ្លងជំងឺ បាននិយាយពីលើគ្រែពេទ្យថា៖ «ពេលសាច់ញាតិគ្រួសារមិនអាចចូលបន្ទប់ពេទ្យបាន ពួកគេមើលយើង ហើយយើងមើលពួកគេតាមអេក្រង់រ៉ូបូតនេះហើយ»៕ AFP/HR