មិន​មាន​បញ្ហា​ការ​ចម្លង​រោគ។ ជួប​ជាមួយរ៉ូបូត​ចល័ត​ Beer Cart ជា​អ្នកជំនាញ​ចាក់ និង​បម្រើ​ស្រាបៀរ​ជូនភ្ញៀវ ក្នុង​ទីក្រុង​សេវីល។

រ៉ូបូត​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ពេល​ទីក្រុង​ភាគ​ខាង​ត្បូង​​នេះ​ចាប់​ផ្ដើម​រីក​រាយ​នឹង​សេរីភាព​ថ្មី​ ខណៈ​អេស្ប៉ាញ​បន្ធូរ​បន្ថយ​ការ​រឹត​បណ្ដឹង​បិទ​ប្រទេស​រយៈ​ពេល ២ ខែ ដោយ​បារ៍ និង​ហាង​កាហ្វេ​នានា​នៅ​ពាក់​កណ្ដាល​ប្រទេស​បាន​អនុញ្ញាត​ឲ្យ​បើក​ទ្វារ​ឡើង​វិញ។


អង្គុយ​នៅ​ចំកណ្ដាល​បារ៍​នៅ La GitanaLoca (The Crazy Gypsy) ដៃ​រ៉ូបូត​យក្ស​បំពាក់​ដង្កៀប​ ធ្វើ​ចលនា​យ៉ាង​រលូន​ទៅ​ចាប់​យក​កែង​ប្លាស្ទិក រួច​បង្វិល​ទៅ​​កាច់​ស្រាបៀរ​ជូន​ភ្ញៀវ។


ចាក់​បំពេញ​ស្រាបៀរ​បន្ដិច​ម្ដង​ៗ​ រហូត​ដល់​ជិត​ពេញ ​​រ៉ូបូត​ដាក់​វា​នៅ​លើ​តុ​​ជូន​​​អតិថិជន​​។


ជាមួយ​ដៃ​ដង្កៀប មនុស្សយន្ត​កាន់កែវ​ប្លាស្ទិក​ចាក់ស្រាបៀរ មុននឹង​ដាក់​លើតុ​ហុច​ជូន​អតិថិជន។ រូបថត AFP


បម្រើ​ទាំង​ស្រាបៀរ​កែវ​តូច​ៗ ឬ​កែវ​ធំ ទើប​បាន​ពីរ​សប្ដាហ៍​ក្នុង​ទីក្រុង​សេវីល​ គ្រឿង​យន្ដ​​​លក់​ស្រាបៀរ​ នេះ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ទាំង​អតិថិជន និង​អ្នក​ចង់​ដឹង​ចង់​ឃើញ។


អេស្ប៉ាញ​បាន​បាត់​បង់​ជីវិត​មនុស្ស​ជាង ២៧០០០ នាក់​ដោយសារ​កូរ៉ូណា​ និង​ចាត់​ទុក​វិធាន​ការ​បន្ធូរ​បន្ថយ​បម្រាម​យ៉ាង​ប្រុង​ប្រយ័ត្ន​ ដោយ​បារ៍ និង​ហាង​កាហ្វេ​បើក​ដំណើរ​ការ​ខ្លះ​ៗ​ និង​ក្រោម​ការ​ឃ្លាំ​មើល​ពី​បញ្ហា​អនាម័យ​ខ្ពស់។

លោក អាបេតូ ម៉ាទីណេស ម្ចាស់​បារ៍ La GitanaLoca ជា​កន្លែង​លក់​ស្រាបៀរ​ចំណុះ ២០០ មិល្លី​លីត្រ ក្នុង​តម្លៃ ០,៧៥ ដុល្លារ​ បាន​និយាយ​ថាលោក​បាន​ទិញ​រ៉ូបូត​មុន​ពេល​ផ្ទុះ​ជំងឺ​រាត​ត្បាត​ ដោយ​រំពឹង​ថា កម្លាំង​គ្រឿង​យន្ដ​ជួយ​បង្កើន​ការ​លក់។

អតិថិជន​បង្ហើប​ម៉ាស ក្រេបស្រាបៀរ​ត្រជាក់ ដែល​បម្រើជូនដោយ​រ៉ូបូត។ រូបថត AFP

ប៉ុន្ដែ​ដោយសារ​វិបត្ដិ​ វា​មិន​ត្រូវបាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ឡើយ​ ថ្វីដ្បិតតែ​លោក​បាន​ដឹង​ថា វា​ពិតជា​ល្អ​ឥត​ខ្ចោះ​ក្នុ​ង​បរិបទ​​​ថ្មី ដោយ​​មនុស្ស​ត្រូវការ​រក្សា​គម្លាត​​សុវត្ថិភាព។

លោក​បាន​ប្រាប់ទីភ្នាក់ងារ AFP ថា​៖ «​យើង​គិត​ថា វា​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ការ​បើក​ទ្វារ​ជា​ថ្មី​ក្នុង​ដំណាក់​កាល​ទី ១។ បំណង​មិន​ឲ្យ​មាន​ការ​ទាក់​ទង​គ្នា​ផ្ទាល់​រវាង​មនុស្ស​ និង​វត្ថុ​ផ្សេង​ៗ​ (ក្នុង​បារ៍) យើង​បាន​ដឹង​ថា រ៉ូបូត​ពិត​ជា​ស័ក្ដិសម​ក្នុង​ការ​កាន់​កែវ​ប្លាស្ទិក​លើក​ស្រាបៀរ​ឲ្យ​ភ្ញៀវ។ ដូច្នេះ វា​ជា​ប្រភេទ​សេវាកម្ម​បម្រើ​ដោយ​ខ្លួន​ឯង​»។

យ៉ាង​ណាមិញ បារ៍​នេះ​មិន​បាន​រក​ចំណូល​អ្វី​ឡើយ ដោយ​អតិថិជន​តែ ១២​ នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​​ចូល​បរិវេណ​​បារ៍​ម្ដង។

លោក​បាន​និយាយ​ថា​៖ «​ពេល​នេះ វា​មិន​ចំណេញ​ក្នុងការ​បើក​លក់​ដោយ​ដាក់​តែ​ប៉ុន្មាន​កៅអី​ឡើយ។ តែជា​អ្វីដែល​យើង​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​បារ៍​ដទៃ​ ដែល​យើង​ត្រូវ​មាន​គំនិត​ច្នៃ​ប្រឌិត​ប្លែក​ៗ»។

បារ៍​នេះ​មិន​ទទួល​បានប្រាក់ចំណេញឡើយ ដោយអតិថិជន​ត្រឹមតែជាង ១០ នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទិញ​ស្រាបៀរ​ពី​រ៉ូបូត។ រូបថត AFP

លោក​បាន​បញ្ជាក់​ថា​៖ «​ដូច្នេះ ជាមួយ​វត្ដមាន​រ៉ូបូត មនុស្ស​អាច​មើល​ឃើញ​ថា បារ៍​នៅ​ជ្រុង​ផ្លូវ​នេះ​បើក​ដំណើរការ ហើយ​យើង​ធ្វើ​អ្វី​ឲ្យ​ខុស​ប្លែក​ពី​អ្នក​ដទៃ»។

ប៉ុន្ដែ​មិន​គ្រប់​គ្នា​ពេញ​ចិត្ដ​​នឹង​សេវា​បម្រើ​​ស្រាបៀរ​​ដោយ​គ្រឿង​យន្ត​នោះទេ។

មេធាវី ម៉ានូអែល ហ្វើណាន់ដេស អាយុ ៣៣ ឆ្នាំ បាន​និយាយ​ថា​៖ «ខ្ញុំ​គិត​ថា ទំនាក់​ទំនង​រវាង​អតិថិជន និង​អ្នក​លក់​ស្រាបៀរ ​វា​សំខាន់។ មនុស្ស​ដែល​បម្រើ​ភេសជ្ជៈ​ តែ​ប្រើ​ក្រសែ​ភ្នែក​ទំនាក់​ទំនង​ ហើយពេល​កាច់ស្រាបៀរ​ ​ពួកគេ​សម្លឹង​មើល​​ស្រាបៀរ​ហូរ​ចូល​កែវ​យ៉ាង​ផ្ចិត​ផ្ចង់។ នេះ​ជា​អ្វី​ដែល​រ៉ូបូត​មិន​អាច​ធ្វើ​បាន ដូច​មនុស្ស​​»។

លោក​បន្ដថា​៖ «​ខ្ញុំ​មិន​សូវ​ចូល​ចិត្ដ​ម៉ាស៊ីន​នេះ​ឡើយ។ ខ្ញុំ​ជ្រើស​រើស​​​ ​អ្នក​​បម្រើ​លក់​ស្រាបៀរ​ឲ្យ​ខ្ញុំ​ទៅតាម​ធម្មជាតិ​មនុស្ស​ មិនមែនជា​គ្រឿង​យន្ត​ឥត​វិញ្ញាណ​នោះទេ»៕ AFP/HR

អតិថិជន​ខ្លះ​ក៏​មិនពេញចិត្ត​នឹង​ការ​ដាក់​រ៉ូបូត​ឥត​វិញ្ញាណ​នៅក្នុង​បារ៍​ដែរ ព្រោះពួកគេ​ជ្រើសរើស​​ការ​ផ្ដល់សេវា​​យ៉ាង​រស់រវើក​ពីបុគ្គលិក​ជា​មនុស្ស។ រូបថត AFP