ក្រុង​កាប៊ុល៖ រ៉ូបូត​រត់​តុ​ដំបូង​បំផុត​របស់​អាហ្វហ្គានីស្ថាន​បាន​ធ្វើ​ឲ្យ​អ្នក​អង្គុយ​តុ​អាហារ​កណ្ដាល​ក្រុង​កាប៊ុល​​មាន​ការ​ងឿង​ឆ្ងល់​ និង​បាន​លើក​ដំឡូង​​បារាំង​បំពង​ដល់​តុ​របស់​ពួក​គេ​។

រ៉ូបូត​បាន​និយាយ​ជា​ភាសា ដារី ជា​ភាសា​ផ្លូវ​ការ​មួយ​ក្នុង​ចំណោម ​២ របស់​អាហ្វហ្គានីស្ថាន​ថា​៖ «​អរគុណ​ខ្លាំង​ណាស់​»។


អ្នក​គ្រប់គ្រង​ភោជនីយដ្ឋាន​ មូហាមេដ រ៉ាហ្វី សៀហ្សាដ បាន​និយាយ​ថា រ៉ូបូត​ដែល​នាំ​ចូល​ពី​ជប៉ុន​ និង​ត្រូវ​បាន​ឌីហ្សាញ​ឡើង​ស្រដៀង​នឹង​មនុស្ស​ស្រី​រុំ​កន្សែង​ហ៊ីចាប បាន​ទាក់ទាញ​អតិថិជន​ថ្មី​ៗ​តាំង​ពី​បាន​ដាក់​ដំណើរ​ការ ​អ្នក​រត់​តុ​ថ្មី​នេះ​កាល​ពី​ខែ​មុន​។


លោក​បាន​និយាយ​ថា៖ «​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​មនុស្ស​ជា​ច្រើន​ដែល​ចង់​ឃើញ​រ៉ូបូត​មែន​ទែន​។ ជួន​កាល ក្មេងៗ​មក​រំខាន​ការ​ផ្ដល់​សេវាកម្ម និង​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​បាន​ឃើញ​រ៉ូបូត​លើក​ម្ហូប​មក​ឲ្យ​»។


កុមារា​អាយុ ៩ ឆ្នាំ អាមេដ ហ្សាគី ចង់​ឃើញ​រ៉ូបូត​យ៉ាង​ខ្លាំង​។


អាហារ​ដែលបម្រើ​នៅហាង​មាន​ជួលរ៉ូបូត​ធ្វើជា​បុគ្គលិករត់តុ​​។ រូបថត ហ្វេសប៊ុក


ហ្សាគី បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ឃើញ​រ៉ូបូត​តាម​កញ្ចក់​ទូរទស្សន៍​ និង​បាន​សុំ​ឪពុក​នាំ​ទៅ​កាន់​ភោជនីយដ្ឋាន​​នោះ​»។

ឈ្មោះ «​ទីមៀ​» និង​មាន​កម្ពស់ ១,៥០ ម៉ែត្រ រ៉ូបូត​ចេះ​បំពេញ​ការងារ​ងាយ​ៗ​ ដូចជា​​លើក​ម្ហូប​​ និង​និយាយ​​​​ពាក្យ​ពេចន៍​សាមញ្ញៗ​ថា «​រីករាយ​ថ្ងៃ​កំណើត​»​ ជា​ដើម​។ វា​ក៏​អាច​ឈប់​នៅ​ពេល​មាន​ឧបសគ្គ​ចំពោះ​មុខ​ ហើយ​​អតិថិនជន​អាច​កុម្ម៉ង់​តាមរយៈ​បន្ទះ​ថាច់​ស្គ្រីន​របស់​វា​។

ប៉ុន្ដែ​រ៉ូបូត​រត់​តុ​នេះ​ក៏​មិន​សុទ្ធ​តែ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​ពេញ​ចិត្ដ​នោះទេ​​។

ពលរដ្ឋ​អាហ្វហ្គានីស្ថាន​មួយ​ចំនួន​ចាត់​ទុក «​ទីមៀ» ថា​ដណ្ដើម​​ការងារ​របស់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ ដោយ​សរសេរ​ថា​​៖ «ពួក​គេ​បាន​ជួល​រ៉ូបូត​នៅ​ពេល​មនុស្ស​​រាប់​លាន​នាក់​កំពុង​​​ស្វែងរក​ការងារ​ធ្វើ​»៕ AFP/HR