ក្រុងគូឡាឡាំពួ៖ ដោយមានសមត្ថភាពដងសំរាមចេញពីទន្លេម៉ាឡេស៊ី ដើម្បីបញ្ឈប់ការហូរចូលសមុទ្រ សាឡង់បំពាក់ថាមពលសូឡាឈ្មោះ «អ្នករារាំង» គឺជាអាវុធចុងក្រោយបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងកាកសំណល់ប្លាស្ទិកលើផ្ទៃទឹកនៅជុំវិញពិភពលោក។
សំរាមត្រូវបានបោះចោលចូលសមុទ្រ និងទន្លេក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបានបំពុលដល់ជម្រកក្នុងទឹក បង្កគ្រោះថ្នាក់ដល់ជិវិតសត្វសមុទ្រ និងសង្គ្រោះតំបន់ធ្លាប់ទាក់ទាញចិត្ដទេសចរ។
ប្លាស្ទិកប្រមាណ ៨ តោន បានធ្លាក់ចូលមហាសមុទ្ររៀងរាល់ឆ្នាំ ចាប់ពីទុយោបឺតរហូតដល់កាកសំណល់ផ្សេងៗទៀត ដោយសារតែកំណើនសេដ្ឋកិច្ចលូតលាស់ខ្លាំង។ នេះបើយោងតាមក្រុមអភិរក្ស Ocean Conservancy មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ខណៈរដ្ឋាភិបាល និងក្រុមអង្គការអភិរក្សបរិស្ថានព្យាយាមទប់ទល់នឹងកំណើននីវ៉ូទឹកសមុទ្រ អង្គការហូឡង់មួយ The Ocean Cleanup បាននឹកឃើញដំណោះស្រាយដ៏វៃឆ្លាត។ សាឡង់ប្រវែង ២៤ ម៉ែត្រស្រដៀងនឹងផ្ទះទូកចល័ត និងប្រើរនាំងត្រងដងកាកសំណល់អណ្ដែតលើផ្ទៃទឹក។ សំរាមដែលភាគច្រើនជាប្លាស្ទិកត្រូវដងចូលមាត់សាឡង់ ដែលដំណើរការស្វ័យប្រវត្ដិ និងស្ងៀមស្ងាត់ អាចប្រមូលកាកសំណល់រហូតដល់ ៥០ តោន ក្នុង ១ ថ្ងៃ។
ប្លាស្ទិក ៨០ ភាគរយ ដែលធ្លាក់ចូលសមុទ្រ បានហូរឆ្លងកាត់ ១ ០០០ ទន្លេនៅទូទាំងពិភពលោក។ ក្រុមការងារដែលរំពឹងថា ថ្ងៃណាមួយនឹងមានសាឡង់ស្ថានីយធំប្រមូលសំរាមតាមដងផ្លូវទឹកទាំងអស់នេះ។
អ្នកនាំពាក្យ Joost Dubois បាននិយាយដោយត្រូវសម្រេចការងារឲ្យបានរយៈពេល ៥ ឆ្នាំថា៖ «យើងដឹងថាគោលដៅទន្លេ ១ ០០០ ពិតជាមហិមា តែវាពិតជាចាំបាច់។ យើងបានប្រមែប្រមូលសម្បកកង់ឡាន តុក្កតា និងរបស់របរដែលភាគច្រើនជាប្លាស្ទិក»៕ AFP/HR