ភ្នំពេញ៖​ ដើម្បី​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​បន្លែ​ផ្លែ​ឈើ ដែល​​សល់​ពី​ការ​លក់​ ឬ​ការ​ប្រមូល​ផល​ ​អតីត​និស្សិត​មហាវិទ្យាល័យ​វិស្វកម្ម​កសិកម្ម​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម ​លោក​ ហុង​ សុត​ បាន​ចំណាយ​ពេល​ជាង​ ​១ ឆ្នាំ​​ស្រាវជ្រាវ​ និង​​ផលិត​ឧបករណ៍​​​ក្លាស្សេ​បន្លែ​ផ្លែ​ឈើ​។

ជាមួយ​​សីតុណ្ណភាព​ត្រជាក់​ធ្វើ​ឲ្យ​​​កសិផល​ទុក​បាន​យូរ បន្ទប់​ក្លាសេ្ស​ធំ​ទូលាយ​​​​អាច​ដោះ​ស្រាយ​វិបត្តិ​​របស់​​​អាជីវករ និង​កសិករ​ពី​ការ​បង្ខំ​ចិត្ត​បោះ​ចោល​​​បន្លែ​ផ្លែ​ឈើ​​ដោយ​អសារបង់ ព្រម​ទាំង​​រក្សា​សុវត្ថិភាព​ និង​គុណភាព​បន្លែ​សម្រាប់​អ្នក​បរិភោគ​​ថែម​ទៀត​។


លោក​ ហុង​ សុត​ ជា​អតីត​និស្សិត​បញ្ចប់​ការ​​សិក្សា​ថ្នាក់​​បរិញ្ញាបត្រ​ ផ្នែក​បច្ចេកវិទ្យា​គ្រប់គ្រង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា​៖ «ខ្ញុំ​ចង់​ជួយ​អាជីវករ​ និង​កសិករ​​ដើម្បី​ដោះស្រាយ​បញ្ហា​ បន្លែ​ផ្លែ​ឈើ​ សល់​ខូច​ពី​ការ​លក់​មិន​ដាច់​ និង​បញ្ហា​បន្លែ​អន់​គុណភាព​ ​បន្ទាប់​ពី​ប្រមូល​​ផល​ ព្រោះ​ខ្ញុំ​សម្លឹង​ឃើញ​ថា​ បញ្ហា​នេះ​នឹង​បង្ក​ឲ្យ​ផលិតកម្ម​បន្លែ​ផ្លែ​ឈើ​ក្នុង​ស្រុក​មាន​ការ​ថយ​ចុះ​ព្រោះ​ មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ​ក្នុង​ការ​រក្សា​កសិផល»។​


ដោយ​មាន​​ជំនួយ​ឧបត្ថម្ភ​ពី​ហាង​លក់​បន្លែ ​១ ​កន្លែង​នៅ​រាជធានី​ភ្នំពេញ​ លោក​បាន​​បញ្ចេញ​កម្លាំង​ពលកម្ម​ និង​បច្ចេកទេស​ដំឡើង​ ក្រោយ​ពី​ធ្វើ​ការ​​សិក្សា​ស្រាវជ្រាវ​រយៈពេល​ជាង​ ១ ​​ឆ្នាំ​​ជាង​ក្រោយ ​ទើប​ការ​ពិសោធ​​នេះ​ទទួល​បាន​ជោគជ័យ។


បុរស​វ័យ ​៣០ ឆ្នាំ​រូប​នេះ​ បាន​ប្រាប់​​ថា​ លោក​ចំណាយ​ពេល​ ១០ ​ថ្ងៃ​ ជាមួយ​​ក្រុម​ការងារ​ ៥ នាក់ ដើម្បី​ដំឡើង​​បន្ទប់​ក្លាស្សេ​មួយ​ មាន​ទទឹង​ ២,៥ ម៉ែត្រ​ បណ្តាយ​ ៤ ​ម៉ែត្រ និង​កម្ពស់ ២ ម៉ែត្រ​។


ផលិត​ឡើង​ពី​ដែក​ ប្រព័ន្ធ​អ៊ីសូឡង់​ និង​ប្រព័ន្ធ​ស្នោ​មាន​គុណភាព​ខ្ពស់​ បន្ទប់​ក្លាស្សេ​ធំទូលាយ មាន​បំពាក់​ឧបករណ៍​បញ្ជា​សីតុណ្ហភាព​ស្វ័យ​ប្រវត្តិ​។ វា​មាន​សមត្ថភាព​អាច​ស្តុក​បន្លែ​បាន​ពី​ ៦០០ ទៅ ​១ ០០០​ គីឡូក្រាម​ និង​ផ្លែឈើ​ពី​ ៨ ទៅ​ ១២​ តោន​​ ដោយ​រក្សា​​គុណ​​ឲ្យ​នៅ​ស្រស់​​បាន​រយៈពេល​ពី​ ៥​ ទៅ​ ៧​ ថ្ងៃ​។


បន្ទប់ក្លាសេ​្សអាច​រក្សាគុណភាព និង​រក្សាបន្លែផ្លែឈើ​ឲ្យនៅស្រស់​បាន​ពី ៥ ទៅ ៧ ថ្ងៃ​​​។ រូបថត សហ​ការី

ការ​រក្សា​បន្លែ​ស្លឹក ត្រូវ​ការ​សីតុណ្ហភាព​​ចាប់​ពី ​៥​ ទៅ​​ ៨ អង្សាសេ។ សីតុណ្ហភាព​នេះ​អាច​បង្កក​កំណក​ទឹក​សន្សើម ដែល​មាន​លើ​បន្លែ តែ​មិន​អាច​ធ្វើ​ឲ្យ​បន្លែ​នេះ​កក​រឹង​​។ រីឯ​ការ​ក្លាស្សេ​ផ្លែឈើ​ ទាមទារ​សីតុណ្ហភាព​ចន្លោះ ​៤ ទៅ ៥​ អង្សាសេ​។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ តាម​ការ​ពិសោធ​​បច្ចុប្បន្ន​ បន្ទប់​​ក្លាស្សេ​នេះ​ នៅ​មិន​មាន​សមត្ថភាព​ក្លាស្សេ​សាច់​សត្វ ដែល​ត្រូវ​ការ​​សីតុណ្ហភាព​ ដក ១ អង្សាសេ​ (-1 C) នោះ​ទេ។

សម្រាប់​ការ​ប្រើប្រាស់​ថាមពល បន្ទប់​​ក្លាសេ្ស​ទំហំ​ដូច​ខាង​លើ​ មាន​​តម្លៃ ៥ ៥០០ ដុល្លារ​នេះ​ ប្រើ​ថាមពល ១ ២០០ ​វ៉ាត់​ក្នុង​ ១ ​ម៉ោង​។​

សព្វ​ថ្ងៃ​​មាន​ក្រុមហ៊ុន​កសិកម្ម ហាង​លក់​បន្លែ​ផ្លែ​ឈើ​ និង​ហាង​លក់​​បន្លែ​សរីរាង្គ​​ បាន​​ទាក់ទង​វិស្វករ​កសិកម្ម​រូប​នេះ​ឲ្យ​​ទៅ​ដំឡើង​ដល់​ទីតាំង​​។ ​បន្ទប់​​ក្លាស្សេ​នេះ​ក៏​អាច​ត្រូវ​បាន​ច្នៃ​ខ្នាត​​ទំហំ​​ ​​តម្រូវ​ទៅ​តាម​​កន្លែង​ដែល​ត្រូវ​ដំឡើង​វា​ផង​ដែរ​។

លោក​ ហុង​ សុត បាន​បន្ត​ថា​៖ «ជា​ធម្មតា​ បន្ទប់​នេះ​អាច​ចាត់​ទុក​ថា​​ជា​ឧបករណ៍​សម្រាប់​ស្តុក​បន្លែ​ផ្លែ​ឈើ​​មួយ​ប្រភេទ​ បន្ទាប់​ពី​ឧបករណ៍​ក្លាស្សេ​ផ្សេងៗ​ ដែល​គេ​និយម​ប្រើ​នា​ពេល​បច្ចុប្បន្ន ​ខុស​ប្លែក​ត្រង់​ទូ​​​យើង​​​អាច​ស្តុក​​កសិផល​បាន​ច្រើន​បត់​បែន​​តាម​តម្រូវការ​ តែ​វា​មិន​អាច​ចល័ត​បាន​ទេ​»។

ចំពោះ​អត្ថប្រយោជន៍​វិញ លោក​បាន​លើក​ឡើង​ថា​ បន្ទប់​ក្លាស្សេ​ជួយ​ពន្យារ​អាយុ​របស់​បន្លែ​ ផ្លែឈើ​ ធ្វើ​ឲ្យ​អ្នក​លក់​អាច​លក់​បាន​ច្រើន​ថ្ងៃ​ បន្លែ​ផ្លែ​ឈើ​ដែល​យក​ចេញ​ពី​ទូ​ក្លាស្សេ​នៅ​មាន​គុណភាព​ល្អ​ បរិភោគ​ទៅ​មិន​ប៉ះពាល់​​សុខភាព​ ជួយ​ពន្លឿន​​ខ្សែ​ចង្វាក់​ផលិតកម្ម​ក្នុង​អាជីវកម្ម​ ​សន្សំ​សំចៃ​ពេលវេលា​ និង​ថវិកា។

អ្នកជំនាញសំណូមពរ​ឲ្យ​ក្រុមហ៊ុន​​ជួយ​​កសិករ​កម្ពុជា​ដោះស្រាយបញ្ហា​​ស្ដុកបន្លែ​ផ្លែឈើ​​​​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

លោក​ ហុង​ សុត បាន​ពន្យល់​ថា៖ «ឧបមា​​ថា ប្រសិន​បើ​អ្នក​ទិញ​បន្លែ​ម្តង ​១ តោន​​​ អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ តែ​ហាង​របស់​អ្នក​មាន​លទ្ធភាព​លក់​អស់​​ ត្រឹម​មួយ​ថ្ងៃ​ ២០០​ គីឡូ​ បន្លែ​ដែល​សល់​អ្នក​អាច​យក​មក​រក្សា​ទុក​ក្នុង​បន្ទប់​ក្លាស្សេ​បាន​តែ​ម្តង​ ចំណេញ​ជាង​ការ​ប្រើប្រាស់​ទូទឹកកក​ ច្រើន​គ្រឿង​សម្រាប់​បន្លែ​ ៨០០ ​គីឡូ​ ដែល​នៅ​សល់​»។

ក្រៅ​ពី​ជួយ​សម្រួល​ដល់​អាជីវកម្ម​បន្ទប់​ក្លាស្សេ​នេះ​អាច​ជួយ​កសិករ​ ដែល​កំពុង​​ប្រឈម​បញ្ហា​ បន្លែ​រលួយ​ ក្រោយ​ពេល​ប្រមូល​ផល​​ផង​ដែរ​។

លោក សុត​ ជា​មន្ត្រី​ក្រសួង​កសិកម្ម និង​​គ្រូ​បង្រៀន​ម្នាក់​នៅ​មហាវិទ្យាល័យ​ ដែល​ខ្លួន​ធ្លាប់​រៀន ​​សំណូមពរ​​ក្រុមហ៊ុន​វិនិយោគ​វិស័យ​កសិកម្ម​ងាក​មក​ជួយ​កសិករ​កម្ពុជា​ ដោះស្រាយ​​បញ្ហា​ទៅ​លើ​ការ​ស្តុកទុក​ និង​រក្សា​គុណភាព​បន្លែ​ក្រោយ​ពេល​ប្រមូល​ផល​វិញ​ ដ្បិត​កសិករ​ពុំ​ទាន់​មាន​លទ្ធភាព​ទិញ​ឧបករណ៍​ប្រភេទ​នេះ យក​​ទៅ​ប្រើប្រាស់​នៅ​ឡើយ​​។

លោក​បាន​​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖ «បន្ទប់​ក្លាសេ្ស​នេះ​​ អាច​ដំឡើង និង​ប្រើប្រាស់​​បាន​ទាំង​ក្នុង​កសិដ្ឋាន​ និង​សហគមន៍​ដែល​មាន​ការ​ប្រមូល​ផ្តុំ​បន្លែ​ផ្លែ​ឈើ​ច្រើន​ពី​កសិករ​»។

លោក​ទទូច​​​ថា៖ «​​​ក្រុមហ៊ុន ​ហាង​លក់​បន្លែ​ផ្លែឈើ​ និង​សហគមន៍​កសិកម្ម​ ​​គួរ​មាន​ប្រព័ន្ធ​គ្រប់គ្រង​បន្លែ​​ផ្លែ​ឈើ​ ឲ្យ​បាន​ត្រឹមត្រូវ​ព្រោះ​ប្រសិន​បើ​គ្មាន​បច្ចេកវិទ្យា​ ក្នុង​ការ​ស្តុក​ទុក​បន្លែ​​ឲ្យ​សម​ស្រប​ទេ​ បន្លែ​ផ្លែ​ឈើ​​នឹង​ងាយ​ខូច ស្អុយ​​ រលួយ​ ហើយ​កសិករ​ និង​​អាជីវករ​នឹង​ខាតបង់​ដូច​គ្នា​»។

ព័ត៌មាន​បន្ថែម​សូមចូល​ទៅ​កាន់​ហ្វេសប៊ុក ​Kasekor Chhlat៕