ក្រុងតូក្យូ: អារាមចំណាស់ ៤០០ ឆ្នាំ មួយក្នុងប្រទេស ជប៉ុន មានបំណងផលិតរ៉ូបូតព្រះពុទ្ធសាសនា ដែលនឹងផ្លាស់ប្ដូរមុខមាត់សាសនា ទោះបីជាក្រុមអ្នករិះគន់ប្រៀបធៀបរូបរាងរបស់ព្រះសង្ឃរ៉ូបូតទៅនឹង «សត្វចម្លែក យ៉ាងណាក៏ដោយ។
រ៉ូបូត Kannon ផ្ដោតលើមេត្ដាករុណាធម៌ ផ្ដល់ឱវាទព្រះធម៌ នៅអារាមកូដៃជិ ក្នុងទីក្រុងតូក្យូ ហើយព្រះសង្ឃមនុស្សបានសន្និដ្ឋានថាជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ថ្ងៃណាមួយវាអាចទទួលនូវចំណេះដឹងគ្មានដែនកំណត់។
ព្រះតេជគុណ ធេនស៊ុ ហ្គូតុ មានសង្ឃដីកាប្រាប់ AFP ថា៖ «រ៉ូបូតនេះនឹងមិនសុគត ហើយបន្ដធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍរូបរាងរហូត។ ជាមួយបច្ចេកវិទ្យា AI យើងសង្ឃឹមថា វាអាចជួយមនុស្សដោះស្រាយបញ្ហាស្មុគស្មាញបំផុត។ វាក៏កំពុងផ្លាស់ប្ដូរព្រះពុទ្ធសាសនាផងដែរ»។
រ៉ូបូតប៉ុនមនុស្សចាប់ផ្ដើមផ្ដល់សេវាកម្មកាលពីដើមឆ្នាំ និងអាចធ្វើចលនាម្រាមដៃជើង ដៃ និងព្រះកេស។ ប៉ុន្ដែមានតែបរិវេណដៃ មុខ និងស្មាប៉ុណ្ណោះ ដែលស្រោបស៊ីលីកូនជំនួសស្បែកមនុស្ស។
ព្រះសង្ឃរ៉ូបូតដែលមានតម្លៃអភិវឌ្ឍន៍ជិត ១ លានដុល្លារ អាចប្រណម្យសំពះ និងផ្ដល់ពុទ្ធឱវាទក្នុងសំឡេងស្រទន់ បំណែកគ្រឿងម៉ាស៊ីនដទៃទៀតត្រូវបានមើលឃើញច្បាស់ក្រឡែត។
លោកបាននិយាយថា៖ «រ៉ូបូតនេះបង្រៀនយើងពីវិធីរម្ងាប់ទុក្ខ ហើយព្រះសង្ឃយន្ដអាចជួយអ្នកត្រូវការជំនួយពីឱវាទព្រះផងដែរ»។
ប៉ុន្តែភ្ញៀវបស្ចិមប្រទេសមិនពេញចិត្ដចំពោះរ៉ូបូតសង្ឃ ដែលអាចទាក់ទាញទេសចរមកអារាមនេះទេ។
ពលរដ្ឋជប៉ុនមិនចេះតែវាយតម្លៃប្រឆាំងរ៉ូបូត ខណៈពួកគេលើកយករូបភាពក្នុងសៀវភៅ ដែលរ៉ូបូតក៏ជាមិត្ដសម្លាញ់ជាមួយមនុស្សផងដែរ។ សាសនាព្រះពុទ្ធមិនផ្ដោតលើជំនឿបដិមានោះទេ។ វាជាការស្វែងយល់ពីគំរូរបស់ព្រះសម្មាសម្ពុទ្ធ។
លោកបានបន្ដថា៖ «វាគ្មានបញ្ហាចោទថា តើវាជាគ្រឿងម៉ាស៊ីន ដុំដែក ឬដើមឈើនោះទេ»៕ AFP/HR