ភ្នំពេញ៖ បើទោះបី​ជា​ទិដ្ឋភាព​ដ្រូន​ហោះ​មិនមែន​ជា​របស់​លេង​ថ្មី​សន្លាង​នៅ​កម្ពុជា​ក្ដី​តែ​ការបញ្ជា​យាន​ដ៏តូច​នេះ​សណ្ដោង​សម្ភារ​ផ្សេងៗ​ហាក់​ដូចជា​សកម្មភាព​ដ៏គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ ជាពិសេស​ក្នុង​ដំណាក់កាល​រាជនី​ភ្នំពេញ​កំពុង​មាន​វិធានការ​រាំងខ្ទប់​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺឆ្លង។

ស្បោងខ្មៅ ១ កញ្ចប់​ត្រូវបាន​មើលឃើញ​ហោះ​រំលង​ពី​អគារ ១ ទៅ​អគារ ១ មក​បន្ទាបខ្លួន​លើដំបូល​ផ្ទះមួយ និង​មាន​នារី​ម្នាក់​ក្នុង​ឯកសណ្ឋាន​គេង​យប់ ចាំ​ទទួល​យក​កញ្ចប់​នោះ មុនពេល Drone ហោះ​លឿន​ស្ទុយ​ត្រឡប់​ទៅវិញ។


អ្នក​ផ្ដួចផ្ដើម​បង្កើត​កម្មវិធី​កម្សាន្ដ​ផ្ដល់​សេវាកម្ម​ដឹកជញ្ជូន​តាម​អាកាស​នេះ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ថា៖ «Corona អៀបកៀន Drone Delivery ព្រឹក​នេះ បាន​ចែ ១ ដឹក​មី ១ កេស បុរី​ពិភពថ្មី​ចំការដូង»។


ម្ចាស់​គណនី​បាន​បន្ដថា៖ «១ ជើង ១ ដុល្លារ ដាក់​លេខ​ផ្លូវ​ឱ្យ​បាន​ត្រឹមត្រូវ ហោះ​តាម Map ទេ។ ត្រូវ​បាញ់​អាកុល​ឱ្យ​ផង​ពេល​ដល់​ទីតាំង។ យក​អីវ៉ាន់​ហើយ ហាម​ព្យួរ​លីអូ ឬ​ខោអាវ​ក្នុង​មកវិញ។ ដឹក​ក្រៅ​បុរី​គិតលុយ​ថែម ចម្ងាយ​ត្រឹម ៥ គីឡូម៉ែត្រ ក្នុង​ក្រុងភ្នំពេញ​ប៉ុណ្ណោះ ហើយ​លើស​ពី​នេះ ប្រាកដ​ជា​បាត់​ទាំង Drone និង​អីវ៉ាន់​ហើយ​ភ្ញៀវ»។


ដោយ​ភ្ជាប់​ជាមួយ​សំណេរ វីដេអូឃ្លីប​ដ្រូន​ហោះ​ដឹកមី ១ កេស និង​អីវ៉ាន់ ១ ស្បោង​ខ្មៅ ជូន​ដល់​ដៃ​អ្នកទទួល​នៅលើ​ដំបូល​ផ្ទះ​ក្នុង​បុរី​មួយ​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ឱ្យ​ចេញ​មក​ចុច​ទស្សនា បញ្ចេញមតិ និង​ចែករំលែក​ជា​ហូរហែ។


លោក ទិត្យ បាន​ប្រើ Drone ម៉ូដែល DJI PHANTOM 4 ដែលមាន​សមត្ថភាព​ហោះហើរ​ចន្លោះ​ពី ៥ ទៅ ៨ គីឡូម៉ែត្រ និង​កម្ពស់ ៥០០ ម៉ែត្រ។ សហការី


អ្នកប្រើប្រាស់​ហ្វេសប៊ុក​បាន​សរសេរ​បែប​លាន់មាត់​ថា «ចុំ! ទំនើប​ម្ល៉េះ» អ្នកខ្លះ​បន្ដថា «ផ្ញើឱ្យ​បង​ដល់​ស្ទឹងមានជ័យ​ផង» ខណៈ​អ្នក​ខ្លះទៀត បង្ហាញ​ពី​ការកោតស្ញប់ស្ញែង​ចំពោះ​សមត្ថភាព​បញ្ជា Drone ក៏ដូចជា​ការបារម្ភ​អំពី​ការបាត់បង់​ឧបករណ៍​មាន​តម្លៃ​នេះ​ផងដែរ។

បើទោះបី​ជា​រូបភាព Drone ដឹកទំនិញ​បាន​ផុស​ឡើង​ចំ​ពេល​ដែល​កម្ពុជា​កំពុង​ជួប​វិបត្ដិ​កូវីដ ដែល​ទទួល​បាន​ការស្វាគមន៍​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​យ៉ាងណាក៏ដោយ ក៏​វា​គ្រាន់តែ​ជា​សកម្មភាព​កម្សាន្ដ​ពញ្ញាក់​អារម្មណ៍​ថ្មី​មួយ​អំឡុងពេល​បិទ​ខ្ទប់​ទីក្រុង​ប៉ុណ្ណោះ។

លោក រុំ ប៊ុនទិត្យ ម្ចាស់​គណនី​ហ្វេសប៊ុក ទិត្យ បងប៊ី ដែល​បង្ក​ការភ្ញាក់ផ្អើល​ចំពោះ​សេវាកម្ម​ដឹកជញ្ជូន​របស់ខ្លួន​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «បាទ! តាមពិត​ទៅ វា​គ្រាន់តែ​ជា​សកម្មភាព​កម្សាន្ដ​លេង​ប៉ុណ្ណោះ។ វា​មិនមែន​ជា​មុខរបរ​អី​មែនទែន​នោះទេ»។

យុវជន​វ័យ ៣៤ ឆ្នាំ ដែល​បង្ហាញ​សកម្មភាព​ដឹកជញ្ជូន​អីវ៉ាន់​តាម​ផ្លូវ​អាកាស​ក្នុង​បរិវេណ​បុរី​ដែល​ខ្លួន​កំពុង​រស់នៅ​ឯ​ចំការ​ដូង​រូបនេះ បាន​បន្ដ​ថា៖ «ខ្ញុំ​គ្រាន់តែ​ចង់​លើក​គំនិត​ថ្មីៗ​ឡើង និង​បង្កើត​កម្មវិធី​សប្បាយ​ខ្លះ​លើ​បណ្ដាញ​សង្គម​អំឡុងពេល​បិទ​ខ្ទប់​នេះ​ប៉ុណ្ណោះ»។

លោក ទិត្យ មិន​នឹកស្មាន​ថា ប្រជាជន​កម្ពុជា​មាន​ការចាប់អារម្មណ៍​ខ្លាំង​ចំពោះ​វត្ដមាន Drone ដឹកទំនិញ​ក្នុង​គ្រា​ដែល​ពួកគេ​មិនអាច​ចេញ​ពី​ផ្ទះ​បាន​នេះ ហើយ​លោក​ក៏​បាន​ប្រាប់​អំពី​សមត្ថភាព​បញ្ជា Drone ផងដែរ។

Drone សណ្ដោង​កេសមី​ហោះ​រំលង​អគារ ជូន​ដល់ដៃ​អតិថិជន​លើ​ដំបូល​ផ្ទះ អាចជា​ពន្លឺ​នៃ​សេវាកម្ម​ថ្មី។ សហការី

លោក​បានឱ្យ​ដឹងថា៖ «ខ្ញុំ​រីករាយ​ខ្លាំងណាស់​ដែល​បានឃើញ​ប្រតិកម្ម​តប​របស់​បងប្អូន​ជាច្រើន​ក្នុង​ការចាប់អារម្មណ៍ និង​មាន​មោទនភាព​ចំពោះ​គំនិត​នេះ។ ខ្ញុំ​មាន​បទពិសោធ​បញ្ជា Drone ២ ឆ្នាំ»។

លោក​បាន​ប្រើ Drone ម៉ូដែល DJI PHANTOM 4 ដែលមាន​សមត្ថភាព​ហោះហើរ​ចន្លោះ​ពី ៥ ទៅ ៨ គីឡូម៉ែត្រ និង​កម្ពស់ ៥០០ ម៉ែត្រ ដោយ​ភ្ជាប់​សេនស័រ​ចំនួន ៦ ការពារ​ប៉ះទង្គិច និង​វិល​មក​ចំណុច​ចាប់ផ្ដើម​វិញ​ដោយ​ស្វ័យប្រវត្ដិ ពេល​បាត់​ទំនាក់ទំនង ឬ​ជួប​ឧបសគ្គ​ក្នុង​ពេល​ហោះហើរ។

លោក ទិត្យ បាន​អះអាង​ថា៖ «យោងតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើង​មិនអាច​បង្ហោះ Drone បាន​ទេ ហើយ​ក្រុមហ៊ុន Drone ក៏បាន​បង្ហាញ​សញ្ញា​ព្រមាន​នៅ​តាម​តំបន់​ហាមឃាត់​នានា​ផងដែរ។ ជាក់ស្ដែង ដូចជា​នៅ​ក្បែរ​តំបន់​អាកាសយានដ្ឋាន​ជាដើម»។

លោក​ដឹងថា ច្បាប់​បានចែង​ថា ការ​បង្ហោះ Drone ត្រូវ​បាន​ហាមឃាត់​ក្នុង​រាជធានី​ភ្នំពេញ លុះត្រាតែ​មាន​ការអនុញ្ញាត។

យ៉ាងណាមិញ គំនិត​លេងសើច​សប្បាយ​នេះ​អាច​ជា​ការផ្ដួចផ្ដើម​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​បង្កើត​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ប្រភេទ​ថ្មី​នៅ​កម្ពុជា​ផងដែរ។

ដោយ​មើលឃើញ​ពី​បច្ចេកវិទ្យា​កំពុងតែ​អភិវឌ្ឍ​ឥតឈប់ឈរ ជាពិសេស​ក្នុង​បរិបទ​បិទ​ខ្ទប់​ការធ្វើដំណើរ​របស់​មនុស្ស សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​នៅ​កម្ពុជា​អាច​នឹង​កើតមានឡើង។ នេះ បើ​យោង​តាម​ក្ដី​រំពឹង​របស់​លោក រុំ ប៊ុនទិត្យ។

លោក ទិត្យ ដែលជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​ផង​នោះ​បាន​ឱ្យដឹង​ទៀតថា៖ «ច្បាស់​ណាស់ នាពេល​អនាគត វា​នឹង​អាច​កើតឡើង​មែន ពីព្រោះ​យើង​ដឹងថា ការថត​កាមេរ៉ា​នៅ​លើ​ឧទ្ធម្ភាគចក្រ​បាន​រលាយ​នៅពេល​មាន​វត្ដមាន Drone នេះឯង។

ក្រុមហ៊ុន​ដឹកជញ្ជូន​យក្ស​របស់​អាមេរិក អាម៉ាហ្សូន និង UPS ក៏បាន​ដំណើរការ​សាកល្បង​ដែរ បន្ទាប់ពី​ក្រុមហ៊ុន FedEx បាន​ទទួល​ជោគជ័យ​ក្នុង​ឆ្នាំ​ ២០១៩ កន្លងទៅ៕