ភ្នំពេញ៖ លោក ទេព សារិទ្ធ បាន​ជួប​បញ្ហា​ដែល​ពិបាក​ដោះ​ស្រាយ​ដោយ​​ខ្លួន​ឯង​បាន ពី​ព្រោះ​រថយន្ដ​របស់​លោក​បែក​កង់​នៅ​ឆ្ងាយ​ពី​ហ្គារ៉ាស​នា​ពេល​យប់​ព្រលប់​។ លោក​ត្រូវ​រង់ចាំ​ និង​សុំ​ជំនួយ​ឲ្យ​គេ​ជួយ​ដោះ​ប្ដូរ​កង់​រថយន្ដ​សាគួ​ ហើយ​ត្រូវ​ចំណាយ​ថ្លៃ​សេវាកម្ម​ពិសេស​នេះ​ជាង ១០ ដុល្លារ​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​បាន​ជួប​បទពិសោធ​ផ្ទាល់​ខ្លួន​ពេល​ខ្ញុំ​បែក​កង់​ឡាន​ហើយ​អត់​ចេញ​ដោះ​ប្ដូរ​កង់​ ខ្ញុំ​ត្រូវ​រង់​ចាំ​ហៅ​គេ​ជួយ​ដោះ​កង់​ឡាន​ និង​ជូន​ថ្លៃ​សេវាកម្ម​គេ​ជាង ១០ ដុល្លារ​»។


លោក ទេព សារិទ្ធ អាយុ ៣៩ ឆ្នាំ បាន​​អះអាង​ថា លោក​ក៏​ធ្លាប់​ជួប​​ពេល​រស់នៅ​ប្រទេស ​អូស្ដ្រាលី ២ ឆ្នាំ​ តែ​​លោក​ទទួល​បាន​នូវ​សេវាកម្ម​ជួយ​ដោះ​ដូរ​កង់​រថយន្ដ​ឲ្យ​ ដែល​លោក​ប្រាប់​​ថា វា​មិន​ទាន់​មាន​នៅ​កម្ពុជា​ឡើយ​។


លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​​កន្លង​មក នៅ​ខ្មែរ​យើង​មាន​សេវាកម្ម​ប៉ះ​​កង់​ចល័ត និង​ហ្គារ៉ាស​ជួសជុល​ ឬ​​​​ជាង​សោ។ សេវាកម្ម​នេះ មាន​នៅ​ស្រុក​ក្រៅ ដូចជា អាមេរិក អូស្ដ្រាលី និង​អឺរ៉ុប​​ ដែល​គេ​ហៅ​ថា (RAA)។ ខ្ញុំ​ធ្លាប់​ទៅ​នៅ​អូស្ដ្រាលី ២ ឆ្នាំ ​ហើយ​ខ្ញុំ​ធ្លាប់​​ប្រើ​សេវាកម្ម​បែប​នេះ​នៅ​ស្រុក​គេ​។ នៅ​ស្រុក​ខ្មែរ​ ខ្ញុំ​មាន​បទពិសោធ​ផ្នែក​លក់​ឡាន ​និង​ឃើញ​មាន​តម្រូវ​ការ​សេវាកម្ម​​​បែប​នេះ​តែ​យើង​អត់​មាន​នោះ​ទេ​»។


ទាំង​មើល​ឃើញ​ពី​ចន្លោះ​សេវាកម្ម​ជួសជួល​រថយន្ដ​លើ​ដង​ផ្លូវ និង​បទពិសោធ​បម្រើ​ក្នុង​វិស័យ​យានយន្ដ​ជា​ច្រើន​ឆ្នាំ​លោក ទេព សារិទ្ធ​ បាន​សម្រេច​​ចិត្ដ​​បង្កើត​ក្រុមហ៊ុន ​Khmer Automobile Club (KAC) ចុះ​បញ្ជី​ក្នុង​ឆ្នាំ ​២០១៨ ដោយ​ផ្ដោត​លើ​សេវាកម្ម​ ៦ ចំណុច​។


លោក​បាន​ឲ្យ​ដឹង​ថា៖ «បែក​កង់​រថយន្ដ ​គឺ​ជា​រឿង​ដ៏​រំខាន​ និង​អាច​បង្ក​គ្រោះ​ថ្នាក់​។ បើ​ចង់​ប្ដូរ​កង់​ខ្លួន​ឯង​ លោក​​អ្នក​គ្រាន់​តែ​ធ្វើ​តាម​វីដេអូ​ណែនាំ​របស់​យើង​។ បើ​គិត​ថា វា​ជា​កិច្ចការ​លំបាក​ អ៊ីចឹង​ទុក​ឱកាស​ឲ្យ​ពួក​យើង​ធ្វើ​កិច្ចការ​នេះ​»។


សេវាកម្ម​ធានា​រ៉ាប់រង​ជួសជុល​រថយន្ត​លើ​ដង​ផ្លូវ ឬ​សង្គ្រោះ​បឋម​នៅ​កម្ពុជា​មាន​បំណង​ផ្ដល់​ដំណោះ​ស្រាយ​សាមញ្ញ​ ៦ ចំណុច​ រួម​មាន «​ពិនិត្យ​ម៉ាស៊ីន​មិន​ដំណើរការ» «​​​ប៉ះ​កង់​រថយន្ដ» «​ជំនួយ​​ពេល​អស់​សាំង» «​អស់​អាគុយ​» «ជំនួយ​ពេល​ភ្លេច​កូន​សោ​ក្នុង​​រថយន្ដ» និង «​សណ្ដោង​»។

ពេល​ហៅរកជំនួញ អតិថិជនជាសមាជិក​​អាចដៅ​កំណត់ប្រាប់​បញ្ហា​ដូចជា បែកកង់។ រូបថត សហ​ការី

ដើម្បី​ផ្ដល់​សេវាកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ លើស​ពី​ការ​ខល​ហៅ​តាម​​ខ្សែ​ទូរស័ព្ទ​ ២៤ ម៉ោង KAC App (Play Store និង App Store) ត្រូវ​បាន​​បង្កើត​ឡើង​ ដែល​អាច​ប្រើ​សម្រាប់​សមាជិក និង​អតិថិជន​មិន​មែន​ជា​សមាជិក​។

លោក សារិទ្ធ បាន​និយាយ​ថា​៖ «​KAC App មាន​តួនាទី ​២ គឺ​សមាជិក​ និង​មិន​មែន​សមាជិក​។ ចំពោះ​សមាជិក​ គាត់​បាន​ចុះ​ឈ្មោះ​ដោយ​ការ​បង់​ប្រាក់​ ២៥ ដុល្លារ​ក្នុង ​១ ​ឆ្នាំ​ ដែល​ទទួល​បាន​សេវាកម្ម​រ៉ាប់រង​ ៦ ចំណុច ​ដោយ​ឥត​គិត​ថ្លៃ​ទោះ​ប៉ុន្មាន​ដង​ក៏​បាន​ដែរ។ នៅ​ពេល​គាត់​ចុះ​ឈ្មោះ​រួច​គាត់​មាន​លេខ​សម្ងាត់ ​ដើម្បី​ចូល​ប្រើប្រាស់»​។

បើ​មាន​បញ្ហា​អតិថិជន​​អាច​ជ្រើសរើស​បញ្ហា​មួយ​ណា​ក្នុង​ចំណោម ៦ ចំណុច​ ដូចជា​បែក​កង់ ហើយ​ពេល​ចុច​ទៅ​វា​លោត​បង្ហាញ​ពី​ស្លាក​លេខ​ឡាន​គាត់ និង​ចុច ‘Send OK’ ទៅ​ជាង រួច​ជាង​ចុច​ ‘Accept’ និង​ធ្វើ​ដំណើរ​ទៅ​រក​កន្លែង​កើត​ឡើង​។

លោក​បន្ដ​ថា​៖ «​ចំពោះ​សមាជិក​គាត់​អាច​ប្រើ​ App ជំនួស​ Call Center ហើយ​ពួក​គាត់​អាច​ទទួល​បាន​នូវ​ Promote ផ្សេង​ៗ​ដែល​ដាក់​បញ្ចូល​ឲ្យ​ឃើញ​លើ​កម្មវិធី​ទូរស័ព្ទ​ទាំង​នោះ​។ ពួក​គេ​ក៏​អាច​តាម​ដាន​ពី​ព័ត៌មាន​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​នានា»​។

អតិថិជន​ខ្លះ​អាច​ជ្រើសរើស​ប្រភេទ​សេវាកម្ម​​មិន​មែន​ជា​សមាជិក ដែល​ពួក​គេ​ខ្លះ​យល់​ឃើញ​ថា ការ​បង់​ប្រាក់​ប្រចាំ​ឆ្នាំ​មាន​តម្លៃ​ខ្ពស់​សម្រាប់​ពួក​គេ​។ តាម​ពិត​ទៅ បើ​ពួក​គាត់​ហៅ​សេវាកម្ម​នេះ​ម្ដង ឬ ​២ ដង ពួក​គាត់​ត្រូវ​ចាយ​យ៉ាង​ហោច​ ៥០ ដុល្លារ​។

បើ​ពួក​គាត់​មិន​មែន​ជា​សមាជិក ពួក​គាត់​មិន​បាច់​ចុះ​ឈ្មោះ ដោយ​ចុច​លើ​ប្រភេទ​សេវាកម្ម​ចំណោម ៦ ចំណុច​ដូច​គ្នា។ ប៉ុន្ដែ​វា​នឹង​​បង្ហាញ​ពី​តម្លៃ​សេវាកម្ម​ជា​ស្រេច​នៅ​លើ​នោះ។ ពួក​គាត់​បំពេញ​ឈ្មោះ និង​បំពេញ​ស្លាក​លេខ​ឡាន​ ហើយ​ពួក​គាត់​អាច​បង់​ប្រាក់​ជា​វីសា​ ឬ​បង់​ជា​ប្រាក់​ផ្ទាល់​ជាមួយ​ជាង​តែ​ម្ដង​។

ការ​សណ្ដោងរថយ​ន្ត​ ស្ថិត​នៅ​ក្នុង​ចំណោមសេវាកម្ម​ធានារ៉ាប់រង KAC App​។ រូបថត សហ​ការី

ពេល​អតិថិជន​ចំណាយ​ប្រាក់​ ២៥ ដុល្លារ ​១ ​ឆ្នាំ ក្រុមហ៊ុន​នឹង​ផ្ដល់​សេវាកម្ម ៦ មុខ ​ដោយ​មិន​ចាំបាច់​បង់​បន្ថែម​ពេល​ជាង​ទៅ​ជួសជុល​ឡើយ​។

លោក សារិទ្ធ បាន​ប្រាប់​លម្អិត​ថា​៖ «ទី១ ពេល​អស់​អាគុយ យើង​ទៅ​កូវ​ឲ្យ​។ ទី២ ពេល​បែក​កង់​ យើង​ទៅ​ប៉ះ​ឲ្យ​ហើយ​ពេល​ខ្លះ​បែក​ខ្លាំង​ប៉ះ​មិន​បាន​ យើង​ប្ដូរ​កង់​សាគួ​ឲ្យ​។ ទី៣ ភ្លេច​សោ​ក្នុង​រថយន្ដ យើង​ទៅ​ឆ្កឹះ​សោ​ឲ្យ​ចំពោះ​​រថយន្ដ​មិន​ប្រើ​ស្មាត​ឃី។ ទី៤ ម៉ាស៊ីន​មិន​ដំណើរ​ ដែល​ពេល​ជិះ​សុខៗ​ ស្រាប់​តែ​រលត់​ ក៏​ទុក​នៅ​ផ្ទះ​យូរ​មិន​ឆេះ​។ យើង​ចុះ​ទៅ​សង្គ្រោះ​បឋម​ តែ​បើ​ខាត​ធ្ងន់ធ្ងរ​ យើង​ត្រូវ​សណ្ដោង​វា​ទៅ​ហ្គារ៉ាស​ជួសជុល​ ដែល​អតិថិជន​ជា​អ្នក​ជ្រើសរើស​ខ្លួន​ឯង​។ នោះ​ជា​ចំណុច​ទី​​៥ ដែល​​ជួយ​សណ្ដោង​រថយន្ដ​ខូច​របស់​អតិថិជន​ទៅ​កាន់​ហ្គារាស​។ ទី​៦ ចៃដន្យ​ពេល​គាត់​ជិះ​យប់​ប្រលប់​អស់​សាំង​អី​ទៅ យើង​មាន​សេវា​ទិញ​សាំង​ជូន​ឲ្យ តែ​អតិថិជន​ចំណាយ​លើ​ថ្លៃ​សាំង»​។

លោក​សង្កេត​ឃើញ​ថា បែក​កង់​ ខូច​​អាគុយ និង​ភ្លេច​សោ​ក្នុង​រថយន្ដ គឺ​ជា​​បញ្ហា​ដែល​ក្រុម​ការងារ​របស់​លោក​ទទួល​ការ​ហៅ​សង្គ្រោះ​ច្រើន​ជាង​គេ​។

ស្ថាបនិក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «ជា​​ទូទៅ បែក​កង់ និង​អស់​អាគុយ​ជា​បញ្ហា​ចម្បង​ដែល​យើង​តែងតែ​ចេញ​ទៅ​ផ្ដល់​សេវាកម្ម​ដល់​ភ្ញៀវ​។ វា​មិន​ថា​ឡាន​ចាស់​នោះ​ទេ ឡាន​ថ្មីៗ​ក៏​ជួប​បញ្ហា​​ដូច​គ្នា​ ដោយសារ​តែ​ស្ថានភាព​មិន​ទាន់​​ល្អ​គ្រប់​ច្រក​ល្ហក​នៅ​ឡើយ​។ បន្ទាប់​មក​ភ្លេច​សោ​ក្នុង​ឡាន​ ដែល​ធ្វើ​ឲ្យ​ម្ចាស់​​ឡាន​ពិបាក​ដែរ​»។

លោក​បន្ថែម​ថា៖ «យើង​ផ្ដល់​សេវាកម្ម​គ្រប​ដណ្ដប់​នៅ​តំបន់​រដ្ឋបាល​ភ្នំពេញ​ ពោល​គឺ​ឲ្យ​តែ​ស្ថិត​នៅ​ក្នុង​បរិវេណ​រាជធានី​ភ្នំពេញ​។ ជា​ទូទៅ ក្រោយ​ពេល​​ទទួល​ការ​ហៅ​ទូរស័ព្ទ ឬ​ទទួល​ ‘Accept’ ​លើ​ទូរស័ព្ទ​មិន​យូរ​ទេ ត្រឹម​ប្រមាណ ៤៥ នាទី​ ជាង​របស់​យើង​នឹង​ទៅ​ដល់​ទីកន្លែង​ ដោយ​អាស្រ័យ​ទៅ​លើ​ទីតាំង​ និង​ពេលវេលា​ដែល​អាច​​យឺតយ៉ាវ​តិចតួច​ពី​បញ្ហា​ចរាចរណ៍​»។

Khmer Automobile Club (KAC) ស្ថិត​នៅ​ជាន់​ទី ៦ នៃ​មជ្ឈមណ្ឌល​ PL&L ផ្ទះ​លេខ ៤៣១ ផ្លូវ ២៣០ សង្កាត់​ទឹក​ល្អក់​ ៣​។ ព័ត៌មាន​លម្អិត​ សុំ​ចូល​ទៅ​កាន់​ហ្វេសប៊ុក​ @Roadside​Cambodia ឬ​វិបសាយ​ www​.roadsidekac.com៕