ភ្នំពេញ៖ ឆ្លើយតបនឹងបញ្ហាពិបាករកជាង និងការចំណាយពេលជជែកតម្លៃឈ្នួល ស្ត្រីម្នាក់ដែលមានបទពិសោធផ្ទាល់នៅពេលស្វែងរកសេវាជួសជុលបរិក្ខារក្នុងផ្ទះ បានសម្រេចចិត្តបង្កើតកម្មវិធីទូរស័ព្ទ ដើម្បីផ្ដល់ភាពងាយស្រួលដល់ម្ចាស់គេហដ្ឋាន និងសហគ្រិននានា។
ស្ថិតនៅការិយាល័យម្ដុំស្ដាតអូឡាំពិក អ្នកស្រី កាំ ស្រីស៊ុង ជាស្ថាបនិកនៃ MyAPP បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «វាជាបទពិសោធដែលខ្ញុំធ្លាប់បានជួបផ្ទាល់ ដូចយើងដឹងស្រាប់ហើយថា តម្រូវការស្រុកខ្មែរយើងត្រូវការអីខ្លះ ដូចជាការហៅជាងនៅឆ្ងាយពេកហៅគេ គេមិនចង់មកជួសជុលឲ្យផង។ ជាពិសេសនោះទាក់ទងជាមួយការតថ្លៃតម្លៃគ្នា ជាអ្វីដែលយើងតែងតែឃើញមាន ហើយពួកយើងក៏ព្យាយាមរកដំណោះស្រាយ។ វាស្របពេលដែលមានក្រុមហ៊ុនដែលដើរតួជាអាជ្ញាកណ្តាលចូលមកក្នុងកម្ពុជាយើងល្មម អ៊ីចឹងយើងក៏បានគិតថា Ok កិច្ចការដែលយើងបានគិតទុកនោះអាចដំណើរការបានហើយ ដោយ Follow តាមគេខ្លះ»។
អ្នកស្រីបាននឹកឃើញគំនិតបង្កើត MyAPP តាំងពីឆ្នាំ ២០១៥ នឹងចាប់ផ្ដើមធ្វើកិច្ចការនេះនៅឆ្នាំ ២០១៧។ នៅឆ្នាំ ២០១៩ MyAPP បានរំលេចរូបរាងនៅ Play Store ឬ App Store ឲ្យប្រជាជនប្រើប្រាស់លើកដំបូងបានរយៈពេលជាង ៥ ខែ ដោយមានអ្នកប្រើប្រាស់ជាង ១ ពាន់នាក់។
ស្ថាបនិក MyApp ដែលធ្លាប់បរាជ័យក្នុងការដាក់ពាក្យចូលធ្វើការជាច្រើនកន្លែងដោយសារតែកម្រិតវប្បធម៌ក្នុងការសិក្សាភាសាខ្មែរត្រឹមថ្នាក់ទី ២ បានបន្ថែមទៀតថា៖ «តាមពិតទៅខ្ញុំមិនបានចេះអ្វីទេក្នុងការបង្កើត App នេះ ខ្ញុំមានតែគំនិតតែប៉ុណ្ណោះ ហើយយើងក៏បានចាប់ដៃជាមួយអ្នកជំនាញខាងអាយធីម្នាក់ ដែលគាត់មានបទពិសោធន៍ច្រើនឆ្នាំ ដើម្បីជួយដល់ការងារបង្កើត App នេះ»។
កម្មវិធីទូរស័ព្ទ MyAPP ជាតំណភ្ជាប់រវាងអ្នកប្រើប្រាស់ ជាមួយជាងម៉ាស៊ីនត្រជាក់ ទូរស័ព្ទ ឬកង្ហារ ជាងទឹក ជាងអគ្គិសនី ជាងហ្គាស សេវាកម្មកម្ចាត់សត្វល្អិត និងកម្ចាត់សត្វកណ្តុរ ជាងទូទឹកកក សេវាកម្មបច្ចេកទេស ម៉ាស៊ីនបោកសម្លៀកបំពាក់ និងសេវាកម្មថែរក្សាគេហដ្ឋាន (សម្អាតផ្ទះ ឬក្រុមហ៊ុន)។
អតិថិជនត្រូវបង់ថ្លៃសេវាកម្មចំនួន ២ ម៉ឺនរៀល ក្នុងការកក់ជាងឲ្យជួសជុលប្រភេទម៉ាស៊ីនណាមួយ ដោយមិនគិតរួមទាំងការផ្លាស់ប្តូរគ្រឿងបន្លាស់។
ដំណើរការចុះពិនិត្យទៅតាមទីតាំងនីមួយៗ មានភ្ជាប់ដោយផែនទីគោលដៅ និងតម្លៃរួចជាស្រេចទៅតាមប្រភេទអេឡិចត្រូនិកត្រូវជួសជុល។
អ្នកស្រី និងក្រុមការងារបានគិតថ្លៃសេវាពីជាងក្នុងមួយប្រតិបត្តិការត្រឹមតែ ២ ពាន់រៀលប៉ុណ្ណោះ។
អ្នកស្រី កាំ ស្រីស៊ុង បានឲ្យដឹងថា៖ «យើងធ្វើការដកភាគរយ ១០ ភាគរយពីជាងវិញ បើសិនជាភ្ញៀវគាត់ហៅជាងឲ្យទៅមើលតែម៉ាស៊ីន ១ គ្រឿង តម្លៃក្នុងនោះ ២ ម៉ឺន អ៊ីចឹងយើងយកពីជាង ២ ពាន់រៀល។ បើសិនជាទៅដល់ទីតាំងអតិថិជនគាត់ឲ្យជួសជុលច្រើនជាង ១ គ្រឿងក៏យើងមិនយកពីជាងលើសពីហ្នឹងដែរ ដោយសារអតិថិជនគាត់បាន Booking តែសម្រាប់ម៉ាស៊ីនមួយ»។
ជាងដែល MyAPP បានជ្រើសរើសមកធ្វើជាដៃគូ ត្រូវមានបទពិសោធ ជំនាញច្បាស់លាស់ មានសុជីវធម៌ សីលធម៌ ព្រមទាំងមានការទទួលខុសត្រូវខ្ពស់ទៅលើកិច្ចការរបស់ខ្លួនជាចម្បង។
អតិថិជនទូទាត់ថ្លៃសេវាជាមួយជាងផ្ទាល់ ដោយមានការធានាពីគុណភាពនៃការជួសជុលរបស់ជាងក្នុងរយៈពេលមួយអាទិត្យ។
ក្នុងការប្រើប្រាស់ MyAPP ស្ថាបនិកដែលធ្លាប់បម្រើការក្រុមហ៊ុនទេសចរណ៍រូបនេះ បានរៀបរាប់ពីអត្ថប្រយោជន៍យ៉ាងដូច្នេះបានថា៖ «ទី១ គាត់មិនចាំបាច់អង្គុយចាំលេខទូរស័ព្ទជាង គាត់មិនចាំបាច់មានលុយទូរស័ព្ទសម្រាប់ខលចេញ មិនចាំបាច់ចរចាជាមួយជាងរឿងតម្លៃ ព្រោះវាមាននៅលើ App ស្រាប់នៅពេលដែលគាត់បាន Booking។
យើងក៏ចង់កាត់បន្ថយខាងភាសា ព្រោះថា ប្រទេសយើងមិនមែនមានតែខ្មែរទេ ដែលនៅក៏មានជនបរទេសដែរដែលអត់ចេះខ្មែរ ហើយភាគច្រើនជាងយើងក៏គាត់មិនចេះភាសាដែរ ជាពិសេសភ្ញៀវដែលនៅឆ្ងាយតែងតែជួបរឿងដែលជាងគាត់យកតម្លៃថ្លៃតែម្តង»។
ស្ថាបនិកវ័យ ៣៦ ឆ្នាំរូបនេះបានឲ្យដឹងថា៖ «សព្វថ្ងៃ នេះ MyAPP ទើបតែមានត្រឹមភាសាអង់គ្លេស ប៉ុន្តែនៅថ្ងៃខាងមុខទៅ យើងនឹងមានបន្ថែមភាសាចិន និងភាសាខ្មែរបន្ថែមទៀត ដើម្បីកាន់តែមានភាពងាយស្រួលដល់អតិថិជន និងជាងរបស់យើង»។
MyAPP ក៏មានជាកញ្ចប់សេវាកម្មមើលថែបរិក្ខារក្នុងតម្លៃ ៥០ ដុល្លារក្នុងមួយខែ ដោយមានបញ្ចូលនូវសេវាកម្មលាងសម្អាតម៉ាស៊ីនត្រជាក់ ២ ដង ជួសជុល ថែទាំម៉ាស៊ីនត្រជាក់ ប្រព័ន្ធទឹកភ្លើង ទូទឹកកក និងជួសជុលអំពូលភ្លើងដោយឥតកំណត់។
ខណៈអ្នកស្រី កាំ ស្រីស៊ុង ទទួលស្គាល់ថា MyAPP ដំណើរការមិនទាន់រលូន និងទាមទារត្រូវការ Update បន្ថែមទៀត ស្ថាបនិករូបនេះក៏បានបង្ហើបពីគម្រោងបន្តទៀតថា៖ «ពួកយើងក៏បានបង្កើត App ថ្មីមួយទៀតសម្រាប់អ្នកដែលគាត់ចង់ទិញបន្លែធម្មជាតិរួចហើយដែរ គ្រាន់តែពេលនេះនៅមិនទាន់បានដាក់ឲ្យប្រើប្រាស់ ដោយសារមានបញ្ហាមួយចំនួន តែយើងក៏នឹងព្យាយាមដោះស្រាយឲ្យបានឆាប់រហ័ស និងមានគម្រោងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះដែរ»៕