ភ្នំពេញ៖ មិន​ខុស​ពី​សាលា​​​ដទៃ Sabai Code ដែល​ទើប​ចាប់​បដិសន្ធិ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន ក៏​បាន​បើក​បង្រៀន​​កុមារ​​អាយុ​ចាប់​ពី ៧ ឆ្នាំ​នូវ​មុខ​វិជ្ជា​សរសេរ​កូដ និង​ដំឡើង​រ៉ូបូត​ផង​​ដែរ។ ប៉ុន្ដែ​អ្វី​ដែល​ខុស​ប្លែក​នោះ ​គឺ​ទាំង​កម្មវិធី​សិក្សា​ដែល​ត្រូវ​បាន​​កែច្នៃ​ខ្លួន​ឯង​ឲ្យ​សម​ស្រប​ទៅ​តាម​សិស្ស​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​បណ្ដុះបណ្ដាល​គ្រូ​ ដែល​មាន​មូលដ្ឋាន​គ្រឹះ​ជា​អ្នក​សរសេរ Programme ស្រាប់​។

លោក សោម សារឿន ជា​សហស្ថាបនិក​ Sabai Code បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា​៖ «យើង​មិន​បាន​ទិញ​អាជ្ញាប័ណ្ណ​ចំពោះ​មេរៀន​សរសេរ​កូដ​នេះ​នោះ​ទេ​។ ខ្ញុំ​បាន​យក​មេរៀន​ឥត​​គិត​ថ្លៃ​ពី code.org របស់​អាមេរិក​​ជា​អង្គការ​ធំ​ដែល​សរសេរ​កម្មវិធី​សិក្សា​សម្រាប់​ចុះ​ផ្សាយ​ជុំវិញ​ពិភព​លោក​។ យើង​​យក​វា​មក​កែច្នៃ​​ទៅ​ជា​កម្មវិធី​បែប​សិស្ស​នៅ​កម្ពុជា ហើយ​យើង​មិន​យក​គ្រូ​បរទេស​មក​បង្រៀន​នោះ​ទេ​។


បន្ទប់​រៀន​ដ៏​ធំ​ទូលាយ​តុបតែង​​ដោយ​ទូ​ទុក​ដាក់​ឧបករណ៍​សិក្សា​ ដូចជា​រ៉ូបូត​កូន​បាល់ រ៉ូបូត​​ឡាន​ និង​គ្រឿង​បន្លាស់​ផ្សេង​ៗ ក្រដាស​ស្កុត​បិទ​លើ​កម្រាល​ឥដ្ឋ​​ជា​រូប​ចតុកោណ​កែង និង​រាង​អក្សរ «N» ខណៈ​តុ​សិក្សា​ត្រូវ​បាន​រៀបចំ​សម្រាប់​សិស្ស​ប្រមាណ ១០ នាក់​ ជាមួយ​គ្រូ​បង្រៀន ២ នាក់​។


ចង្អុល​ទៅ​កាន់​មេរៀន​ដែល​គ្រូ​​កំពុង​បង្រៀន​សិស្ស​អំពី​របៀប​​បង្កើត​វីដេអូ​ហ្គេម​ លោក សារឿន​ បាន​ឲ្យ​ដឹង​ថា​៖ «យើង​ច្នៃ​មេរៀន​ខ្លួន​ឯង យើង​សម្រប​ទៅ​តាម​ស្ថានភាព​សិស្ស​របស់​ស្រុក​យើង​។ ​​ខ្ញុំ​ធ្លាប់​ជា​ IT ពី​ដើម​មក​ ហើយ​ខ្ញុំ​ធ្វើ​ក៏​ជា​គ្រូ​បង្រៀន​ទៀត អ៊ីចឹង ខ្ញុំ​ដឹង​ថា ការ​កែច្នៃ​ដូច​ម្ដេច​ឲ្យ​ស័ក្ដិសម​ទៅ​តាម​ស្ថានភាព​ក្មេង​ស្រុក​យើង​»។


Sabai Code ចាប់​កំណើត​ឡើង​នៅ​ពេល​អ្នក​ឯកទេស​ខាង​ហិរញ្ញវត្ថុ​បាន​ជួប​អ្នក​ព័ត៌មានវិទ្យា​ក្នុង​បំណង​ស្វែងរក​ប្រាក់​ចំណេញ​ផង និង​ជួយ​ដល់​កិច្ចការ​សង្គម​តាមរយៈ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិទ្យាសាស្ដ្រ​កុំព្យូទ័រ និង​​បច្ចេកវិទ្យា​ជំនាន់​ថ្មី​​ផង​ដែរ​។



លោក សោម សារឿន និង​លោក ឡេង ​ពិសិដ្ឋ ជា​អតីត​មិត្ដ​រួម​ថ្នាក់​ផ្នែក​គណិត​វិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជាមួយ​គ្នា មាន​គោល​បំណង​រួម​មួយ​ថា៖ «​យើង​ចង់​ឲ្យ​កុមារ​កម្ពុជា​ចាប់​ផ្ដើម​ស្រឡាញ់​មុខ​វិជ្ជា​ទាំង​នេះ​តាំង​ពី​កុមារភាព​។ ដូច្នេះ យើង​ត្រូវ​កែច្នៃ​មេរៀន ​ដើម្បី​​ផ្ដល់​ភាព​សប្បាយ​រីករាយ​សម្រាប់​ក្មេងៗ​។ យើង​រំពឹង​ថា កុមារ​កាន់​តែ​ច្រើន​ទៀត​ត្រូវ​បាន​លើក​ទឹក​ចិត្ដ​ឲ្យ​កសាង បង្កើត និង​កែច្នៃ​របស់​អ្វី​ថ្មីៗ​ និង​នាំ​កម្ពុជា​អភិវឌ្ឍ​បន្ថែម​ទៀត​»​។

Sabai Code ដែល​ទើប​ចាប់​​ផ្ដើម​ដំណើរការ​នៅ​ដើម​ឆ្នាំ ​២០២០ ជាមួយ​សិស្ស ​១ ​ថ្នាក់​​រៀន​នៅ​ថ្ងៃ​អាទិត្យ​ ជា​ឈ្មោះ​​សាលា​លើក​ទឹក​ចិត្ដ​កុំ​ឲ្យ​អ្នក​សិក្សា​បារម្ភ​ពី​ការ​លំបាក​ចំពោះ​​មុខ​វិជ្ជា​ត្រូវ​រៀន​ ពី​ព្រោះ​សិស្ស​ និស្សិត​ខ្មែរ​តែងតែ​មាន​ការ​បារម្ភ​ចំពោះ​ការ​សិក្សា​គណិតវិទ្យា និង​រូបវិទ្យា​ ពេល​​ពួក​គេ​ចាប់​យក​ជំនាញ​ព័ត៌មានវិទ្យា​ ជា​ពិសេស Programming។

លោក សោម សារឿន អាយុ ៤៥ ឆ្នាំ​ ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​ក្នុង​ឆ្នាំ ​២០០៤ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​៖ «​ការ​សរសេរ Programme វា​មិន​លំបាក​នោះ​ទេ។ វា​ជា​ការ​ដោះស្រាយ​បញ្ហា​។ ក្មេង​ក៏​​អាច​ដោះស្រាយ​បញ្ហា​បាន ​ហើយ​ចាស់​ក៏​អាច​ដោះ​ស្រាយ​បញ្ហា​បាន​។

ភ្នែក​រំពៃ​មើល​​សកម្មភាព​​ចលនា​គំនូរ​ជីវចល​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​កុំព្យូទ័រ​ ខណៈ​ដៃ​ម្ខាង​ទៀត​អូស​ទាញ​អក្សរ​ពណ៌​ស្រស់​ឆើត​នៅ​ផ្នែក​ខាង​ស្ដាំ​​ កុមារី ​ជាចាន់ រតនា រៀន​ថ្នាក់​ទី ៧ នៅ​សាលា​ប៊ែលធី​កំពុង​រៀន​បង្កើត​វីដេអូ​ហ្គេម Mindcraft នៅ Sabai Code​​។

យុវតី​អាយុ ១៣ ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​៖ «វា​មិន​ស្មុគស្មាញ​​នោះ​ទេ និង​រៀន​ឆាប់​យល់​ ដោយសារ​វា​មាន​ភាពងាយ​ស្រួល​ច្រើន​ ដែល​គ្រូ​បង្រៀន​បាន​បែង​ចែក​ពណ៌​អក្សរ​កូដ​។ សិក្សា​​មេរៀន​នេះ​ពិត​​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់»​។

ការ​បង្រៀន​ត្រូវ​​បាន​កែ​ច្នៃ ដើម្បី​ផ្ដល់​ភាព​សប្បាយរីករាយ​សម្រាប់​កុមារ​។ រូបថត ហ៊ាន រង្សី

ខុស​ពី​មនុស្ស​ពេញ​វ័យ​ដែល​ចាប់​ផ្ដើម​ការ​សរសេរ​កូដ​បែប​តួ​អក្សរ​ស​ខ្មៅ​តូចៗ ក្មេង​មាន​ភាព​​ទាក់​ទាញ​ចំពោះ​ពុម្ព​អក្សរ​កូដ​រចនា​ម៉ូដ​ចម្រុះ​ពណ៌​។

លោក សារឿន ដែល​បាន​បញ្ចប់​ការ​សិក្សា​គណិតវិទ្យា​ក្នុង​ឆ្នាំ​ ២០០​៣ ផង​នោះ​ បាន​បន្ដ​ថា​៖ «​យើង​បង្កើត​ភាព​ងាយ​ស្រួល ​ដើម្បី​ឲ្យ​ពួក​គាត់​ ឆាប់​ចាប់​បាន និង​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ចង់​រៀន​សូត្រ។ ប៉ុន្ដែ​វា​អនុលោម​ទៅ​តាម​សំណង់​រចនា​សម្ព័ន្ធ​កូដ​ដូច​គ្នា។

លោក​លើក​ឡើង​ថា​៖ «​លទ្ធភាព​រៀន​ពី​កុមារភាព​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ពួក​គេ​នា​ពេល​អនាគត​។ បើ​ចង់​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ខ្លួន​ឯង​មួយ​ពិត​ជា​ស្រួល​ ជាមួយ​គំនិត​បង្កើត​កម្មវិធី​ (App) តូច​មួយ​។ គាត់​អាច​ចាប់​ផ្ដើម​ពី start-up តូច​មួយ សហគ្រិន​វ័យ​ក្មេង​នឹង​ដុះ​ឡើង​ ដោយ​អាយុ​ត្រឹម ១៨ ឬ ១៩ ឆ្នាំ ពួក​គាត់​អាច​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ខ្លួន​ឯង»។

លោក​និយាយ​ថា គ្រូ​ៗ​នៅ​ទី​នេះ ក៏​មាន​ទឹក​ចិត្ដ​បែប​នេះ​ដែរ​ ពី​ព្រោះ​តាម​ពិត​ទៅ​ពួក​គាត់​អត់​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ទេ តែ​​គាត់​មាន​ចិត្ដ​ចង់​បន្ដ​ចំណេះ​ដឹង​ដល់​ក្មេង​ៗ​។

លោក សេរី ឈុនហេង អាយុ ២១ ឆ្នាំ ជា​និស្សិត​ផ្នែក​ព័ត៌មានវិទ្យា​ពី​សាលា​តិចណូ ឆ្នាំ​ទី ៤ យល់​ថា ការ​រៀន​សរសេរ​កូដ​​ពី​ក្មេង​ ប្រសើរ​ជាង​ការ​​ចាប់​ផ្ដើម​​រៀន​នៅ​អាយុ​ច្រើន​។

អតីត​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​មក​ពី​ស្រុក​ស្អាង​រូប​នេះ​បន្ត​ថា៖ «ក្មេងៗ​ងាយ​ឆាប់​ចាប់​បាន​នូវ​មេរៀន​ និង​មិន​ងាយ​ភ្លេច​វិញ​ឡើយ​។ ​បើ​រៀន​ចប់​ពី​នេះ​ទៅ រយៈ​ពេល ៣ ឆ្នាំ ពួក​គាត់​អាច​បង្កើត​កម្មវិធី​​ទូរស័ព្ទ​​ ឬ​ជា​ហ្គេម​អ្វី​មួយ​បាន​»។

១ វគ្គ​សិក្សា​ ​​តម្លៃ ១៥០ ដុល្លារ មាន​រយៈពេល​ ៦ សប្ដាហ៍ និង ​១ សប្ដាហ៍ ​ដែល​សិក្សា​នៅ​ចុង​សប្ដាហ៍ មាន​រយៈពេល ​៣ ម៉ោង​៕