ដោយ​មាន​ការគាំទ្រ​ពី​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការ​សហប្រជាជាតិ (UNESCO) ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការចុះ​ឈ្មោះ​ចូលរៀន​របស់​កុមារ​នៅ​ថ្នាក់​បឋមសិក្សា​ឲ្យ​កើន​ដល់​ ១០០ ​ភាគរយ​។

ការចំណាយ​របស់​រដ្ឋាភិបាល​ទៅ​លើ​វិស័យ​អប់រំ​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ សាលារៀន​ថ្មី​រាប់រយ​ខ្នង​ត្រូវ​បាន​សាងសង់ ហើយ​អត្រា​អក្ខរកម្ម​បាន​កើនឡើង​។ ប៉ុន្តែ​ទោះបី​ផ្នែក​មួយ​ចំនួន​នៃ​វិស័យ​អប់រំ​មាន​ភាពរីកចម្រើន​ក្តី​ក៏​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​តែ​មាន​។ មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ដើម្បី​បង្កើន​អត្រា​សិស្ស​ឲ្យ​រៀន​ចប់​អនុវិទ្យាល័យ និង​ដោះស្រាយ​បញ្ហា​នៃ​ការបោះបង់ចោល​ការសិក្សា​។


រាជរដ្ឋាភិបាល​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឱ្យ​កុមារ​កម្ពុជា​ទទួល​បាន​ការអប់រំ​យ៉ាងតិច​ត្រឹម​ថ្នាក់​ទី​ ៩ ដូច​ដែល​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​។ តាម​បច្ចេកទេស កុមារ​ម្នាក់​អាច​បញ្ចប់​ការសិក្សា​រយៈពេល​ ១២ ​ឆ្នាំ​ក្នុង​នោះ​រួមមាន​ ៦ ​ឆ្នាំ​នៅ​កម្រិត​បឋមសិក្សា​ (​ចាប់ពី​ថ្នាក់​ទី​ ១ ដល់​ទី​ ៦) ៣ ​ឆ្នាំ​នៅ​កម្រិត​អនុវិទ្យាល័យ (​ចាប់ពី​ថ្នាក់​ទី​ ៧ ដល់​ទី​ ៩) និង​ ៣ ​ឆ្នាំ​សម្រាប់​កម្រិត​វិទ្យាល័យ (​ចាប់ពី​ថ្នាក់​ទី ​១០ ដល់​ទី​ ១២) ​។


អត្រា​ចុះឈ្មោះ​ចូល​រៀន​សម្រាប់​ឆ្នាំ​សិក្សា ២០១៦-២០១៧ មាន​ចំនួន​ ៩៣,៥ ​ភាគរយ​សម្រាប់​បឋម​សិក្សា​ និង​ ៥៥,៧ ​ភាគរយ​សម្រាប់​អនុវិទ្យាល័យ និង ២៥,១ ​ភាគរយ​នៅ​វិទ្យាល័យ​។ នៅក្នុង​របាយការណ៍​របស់​អង្គការ Save the Children ដែល​ចេញ​ផ្សាយ​កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា​ភាគរយ​នៃ​កុមារ​ក្រៅ​សាលា​បឋមសិក្សា​ និង​អនុវិទ្យាល័យ​នៅ​តែ​ខ្ពស់​គឺ​មាន​ចំនួន​ ២២,៥ ភាគរយ​។


ស្ថិតិ​ដែល​ចេញ​ផ្សាយ​ដោយ​រដ្ឋាភិបាល​បាន​បង្ហាញ​ថា​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្នាក់​បឋមសិក្សា​មាន​សិស្ស ៦,៦ ​ភាគរយ រៀន​ត្រួតថ្នាក់ និង​សិស្ស​ ៤,៦ ​ភាគរយ​បោះបង់​ការសិក្សា​។ ចំពោះ​កម្រិត​អនុវិទ្យាល័យ​វិញ​មាន​សិស្ស​ចំនួន ២,៨ ភាគរយ​រៀន​ត្រួតថ្នាក់​ជា​រៀងរាល់​ឆ្នាំ និង ១៩,៤ ភាគរយ​បោះបង់​ការសិក្សា​។


អត្រា​សិស្ស​បញ្ចប់​ការសិក្សា​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ក្រោយ​កម្រិត​បឋមសិក្សា​ចាប់ពី​ ៧៩,៩ ​ភាគរយ​នៅ​កម្រិត​បឋមសិក្សា ៤២,៦ ​ភាគរយ​នៅ​កម្រិត​អនុវិទ្យាល័យ និង ២០,២ ​ភាគរយ​នៅ​កម្រិត​វិទ្យាល័យ​។


នៅ​ទូទាំង​ប្រទេស​ភាគរយ​នៃ​ការបញ្ចប់​ការសិក្សា​នៅ​បឋមសិក្សា​របស់​កុមារី​ខ្ពស់​ជាង​កុមារា​ពោល​គឺ ៨៣,២ ភាគរយ​ធៀប​នឹង ៧៦,១ ​ភាគរយ​។ ភាពខុសគ្នា​នៃ​អត្រា​នៃ​បញ្ចប់​ការសិក្សា​តាម​យេនឌ័រ​នេះ​ក៏​មាន​ភាព​ខុស​គ្នា​នៅ​អនុវិទ្យាល័យ និង​កម្រិត​វិទ្យាល័យ​ដែរ​។

រដ្ឋាភិបាល និង​ធនាគារ​ពិភពលោក​កាលពី​ពេល​ថ្មីៗ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើ​គម្រោង​កែលម្អ​ការអប់រំ​ឧត្តមសិក្សា (HEICP)​។ តាមរយៈ​គម្រោង​ដែល​មាន​ទឹកប្រាក់​ ៩០ ​លាន​ដុល្លារ​នេះ ធនាគារ​ពិភពលោក​នឹង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការលើក​កម្ពស់​គុណភាព​អប់រំ​ឧត្តមសិក្សា និង​គុណភាព​នៃ​ការស្រាវជ្រាវ​នៅ​កម្ពុជា និង​ពង្រីក​ឲ្យ​កាន់​តែ​ទូលាយ​នូវ​លទ្ធភាព​ទទួល​បាន​ការអប់រំ​ឧត្តមសិក្សា​សម្រាប់​សិស្ស​ក្រីក្រ​។

គម្រោង​ដែល​មាន​រយៈពេល​ ៦ ​ឆ្នាំ​នេះ​នឹង​ផ្តោត​ទៅ​លើ​ការកែលម្អ​មុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា ក៏​ដូចជា​កម្មវិធី​សិក្សា​ផ្នែក​កសិកម្ម​ផង​ដែរ​។ ក្នុង​គោលបំណង​ផ្តល់​ឱ្យ​និស្សិត​កម្ពុជា​នូវ​ជំនាញ​ដែល​ពាក់ព័ន្ធ និង​អាច​ផ្ទេរ​បាន​ដែល​អាច​ជួយ​ដល់​ការធ្វើ​អន្តរកម្ម​ពី​បែប​ផែន​សេដ្ឋកិច្ច​អតិពលកម្ម​ឱ្យ​ក្លាយ​ទៅ​​ជា​សេដ្ឋកិច្ច​មួយ​ដែល​ជំរុញ​ដោយ​ចំណេះដឹង​ជំនាញ​។

សកម្មភាព​ចម្បងៗ​ទាំង​ ៥ ​របស់​គម្រោង​នេះ​រួមមាន​ការផ្តល់​មូលនិធិ​សម្រាប់​ការស្រាវជ្រាវ​នៅ​តាម​ផ្នែក​មុខវិជ្ជា​អាទិភាព ការបង្កើន​ចំនួន​ថ្នាក់​រៀន​ និង​មន្ទីរពិសោធន៍ ការសង់​សយនដ្ឋាន​សម្រាប់​និស្សិត​ក្រីក្រ​ស្នាក់នៅ ការពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព និង​ព័ត៌មាន និង​ការសហការ​ជាមួយ​ដៃគូ​​អន្តរជាតិ​ដើម្បី​កែលម្អ​កម្មវិធី​សិក្សា និង វិធីសាស្ត្រ​បង្រៀន​លើ​មុខវិជ្ជា​អាទិភាព​។ គម្រោង​នេះ​ទទួល​បាន​ហិរញ្ញប្បទាន​តាមរយៈ​ឥណទាន​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ ដែល​ជា​មូលនិធិ​របស់​ធនាគារ​ពិភពលោក​សម្រាប់​ប្រទេស​ក្រីក្រ​ជាងគេ​បំផុត​៕