ប្រទេស​កម្ពុជា​ នៅតែ​ជាទី​កន្លែង​ដ៏ល្អ​សម្រាប់​វិនិយោគិន​ហុងកុង​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​កន្លងមកនេះ​។ ​ប្រទេស​កម្ពុជា​ មាន​លក្ខណៈ​ចម្រុះ​មាន​ភាពជិតស្និទ្ធ ងាយស្រួល​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ឱកាស​អាជីវកម្ម​សេដ្ឋកិច្ច​ដែលមាន​ដុល្លា​រូបនីយកម្ម​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ និង​ធនធាន​គឺជា​កត្តា​ទាក់ទាញ​វិនិយោគិន​បរទេស​បាន​យ៉ាង​ងាយស្រួល​។

នាយក​ប្រតិបត្តិ​សមាគម​ពាណិជ្ជកម្ម​ហុងកុង​នៅ​កម្ពុជា​លោក Larry Shuen Fai Ng បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​ហេតុផល​មួយ​ដែល​ពួកគេ (​វិនិយោគិន​ហុងកុង​) ចង់​មក​ប្រទេស​កម្ពុជា​គឺ​ដោយសារ​តែ​សេដ្ឋកិច្ច​ដែលមាន​ដុល្លា​រូបនីយកម្ម គ្មាន​ការគ្រប់គ្រង​រូបិយប័ណ្ណ​បរទេស​។ ទាំងនេះ​គឺ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ពួកគេ​ពីព្រោះ​នៅ​ហុងកុង​មាន​អាជីវកម្ម​​ជាច្រើន​ក៏​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ដែរ​។


«​ហេតុផល​ទី​ ២ ​គឺ​រដ្ឋាភិបាល​បាន​ស្វាគមន៍​ជនបរទេស​ដ៏កក់ក្តៅ​ដែល​មក​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ទោះបី​ថ្លៃដើម​មិន​ទាប​ខ្លាំង ប៉ុន្តែ​យ៉ាងហោច​ណាស់​ក៏មាន​ភាពងាយស្រួល​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ដែរ​»​។


តាម​ការប៉ាន់ស្មាន​មាន​វិនិយោគិន​ប្រមាណ​ ២០០ ​មកពី​ហុងកុង​ដែល​បាន​ដាក់ទុន​យ៉ាងច្រើន​នៅក្នុង​វិស័យ​ផលិតកម្ម សម្លៀកបំពាក់ ស្បែកជើង ថាំ​ពេទ្យ អចលនទ្រព្យ លក់រាយ និង​ភោជនីយដ្ឋាន ដែល​កំពុង​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​ក្នុងស្រុក​ដូចដែល​យើង​អាច​កត់សម្គាល់​នៅក្នុង​សមាជិកភាព​របស់ HKBAC​។


លោក​បន្ថែម​ថា​៖ «​ប៉ុន្តែ​វិនិយោគិន​កាន់តែ​ច្រើន​មកពី​ហុងកុង​មក​បើក​ភោជនីយដ្ឋាន​ដើម្បី​បម្រើ​ម្ហូប​បែប​ហុងកុង ហើយ​ក៏មាន​វិនិយោគិន​មក​បើកហាង​លក់ទំនិញ​ផងដែរ​»​។


ប្រទេស​កម្ពុជា​ដែល​សេដ្ឋកិច្ច​កំពុង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស ក៏​កំពុង​ត្រូវការ​ជំនាញ​ផ្សេងៗ​មកពី​ហុងកុង​ផងដែរ ដូចជា​ផ្នែក​សេវាកម្ម​នៅក្នុង​ផ្នែក​រចនា ចំណេះដឹង​បច្ចេកទេស អចលនទ្រព្យ និង​ការផ្តល់​មូលនិធិ​សម្រាប់​ក្រុមហ៊ុន ជាដើម​។ លោក Ng ថ្លែងថា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ​ក៏​កំពុង​សម្លឹងមើល​បន្ថែម​ទៀត​ដើម្បី​លើកទឹកចិត្ត​ដល់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ហុងកុង ចិនដីគោក និង​កម្ពុជា​»​។


ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ហុងកុង បានរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋាភិបាល និង​សិក្ខាសាលា ធុរកិច្ច​ដើម្បី​នាំ​វិនិយោគិន​ពី​ហុងកុង​មក​កម្ពុជា ហើយ​សេវាកម្ម​មួយ​ដែល​អាចជួយ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ គឺ​ការប្រើប្រាស់​សេវាកម្ម​មជ្ឈត្តកម្ម នៅ​ហុងកុង ពីព្រោះ​យើង​មាន​ប្រព័ន្ធ មជ្ឈត្តកម្ម និង​ប្រព័ន្ធ​ច្បាប់​ដ៏រឹងមាំ ស្រដៀង​នឹង​ប្រទេស​សិង្ហបុរី​ ដែរ​។

ប៉ុន្តែ​ចំណង​ពាណិជ្ជកម្ម​ដ៏រឹងមាំ​កំពុង​រង​ផលប៉ះពាល់​ដោយសារ​តែ​ជំងឺ​រាតត្បាត​កូវីដ​១៩ ដែល​បាន​បន្ថយល្បឿន​នៃ​ការធ្វើ​ពាណិជ្ជកម្ម និង​ការធ្វើ​ដំណើរ​របស់​វិនិយោគិន​។

«​មុនពេល​កូវីដ យើង​ឃើញ​មាន​ការវិនិយោគ​ច្រើន​មកពី​ចិនដីគោក និង​ហុងកុង​។ ហុងកុង​មាន​លក្ខណ​ពិសេស ពីព្រោះ​ប្រជាជន​ជាច្រើន​ក៏មាន​ទំនាក់ទំនង​ជាមួយ​ចិនដីគោក​ចាប់​តាំងពី​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ​។ ក្រុមហ៊ុន​ហុងកុង​កាន់តែ​ច្រើន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ក៏មាន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិនដីគោក​។

លោក​បន្ថែមថា​៖ «​តាមពិត​កូវីដ​ ១៩ មិនមែន​ធ្វើឲ្យ​វិនិយោគិន​មិន​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​ទេ ប៉ុន្តែ​វា​ធ្វើឱ្យ​ពួកគេ​ពិបាកធ្វើ​ដំណើរ​មក​កម្ពុជា​។ មុន​កូវីដ​ ១៩ ក្រុមហ៊ុន​អាកាសចរណ៍ Cathay Dragon ប្រតិបត្តិការ​ជើងហោះហើរ​ត្រង់​ ១៤ ​ជើង​រៀងរាល់​សប្តាហ៍​រវាង​ហុងកុង និង​កម្ពុជា​។ ជាធម្មតា​នៅពេល​វិនិយោគិន​សម្រេច​មក​វិនិយោគ​នៅទីនេះ ពួកគេ​ចង់​មកកាន់​ប្រទេស​នេះ ដើម្បី​ស្វែងយល់​អំពី​ប្រជាជន និង​វប្បធម៌ ប៉ុន្តែ​ដោយសារ​ការធ្វើ​ដំណើរ​ត្រូវបាន​រឹតបន្តឹង ពួកគេ​មិនអាច​មកកាន់​ទីនេះ​បាន​ទេ ដូច្នេះ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ល្បឿន​យឺត​»៕