ក្រសួង​ផែនការ​មាន​វិធីសាស្ត្រ​ថ្មី​មួយ​ក្នុងការ​លុបបំបាត់​ភាពក្រីក្រ នោះ​គឺ​តាមរយ:​អត្តសញ្ញាណប័ណ្ណ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​កាន់​វា អាច​ទទួល​សេវា​សុខភាព និង​លើកកម្ពស់ សេវា​សង្គម​។ កម្មវិធី​នេះ​ត្រូវបាន​គេ​ស្គាល់​តាម​អក្សរ​កាត់​ថា IDPoor​។

តាមរយៈ​ការជួបជុំ​គ្នា សហគមន៍ ជួយ​ចូលរួម​បង្ហាញ​ពី​កម្រិតជីវភាព​រស់នៅ ហើយ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ខ្វះខាត​នឹង​ទទួល​បណ្ណ​អត្តសញ្ញាណ​កម្មភាព​ក្រីក្រ​ដែល​អាចជួយ​ពួកគាត់​ទទួល​បាន​សេវា​ថែទាំ​សុខភាព​នៅ​ទូទាំង​ប្រទេស​ព្រមទាំង​សេវា​សង្គម​ដទៃ​ទៀត​ដូចជា ទឹកស្អាត ការបញ្ចុះ​តម្លៃ​លើ​សេវា​រដ្ឋ​ផ្សេងៗ ការទទួល​បាន​ថវិកា​គាំពារ​ពេល​សម្រាលកូន ឬ​ក៏​ការគាំពារ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាមួយ​ពិការភាព​។


អាល្លឺម៉ង់ និង​អូស្ត្រាលី​តាមរយ: ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍ​អាល្លឺម៉ង់ (GIZ) បាន​ចូលរួម​ជួយ​បង្កើត និង​ផ្តល់ជំនួយ​ដល់​ប្រព័ន្ធ​អត្តសញ្ញាណ​ភាពក្រីក្រ ។


អ្នកស្រី គង់ ហ៊ីម អាយុ​ ៨២ ​ឆ្នាំ​រស់នៅ​តែឯង​ក្នុង​ខ្ទម​តូច​មួយ​។ គាត់​មិនមាន​គ្រួសារ​ទេ ពីព្រោះ​ប្តី​របស់​គាត់​ស្លាប់​កាលពី​ទសវត្សរ៍​ ១៩៨០ ហើយ​គាត់​បាន​បាត់បង់​កូនៗ​ទាំងអស់​ក្នុង​សម័យ​ខ្មែរក្រហម​។ គាត់​ធ្លាប់​យក​ស្លឹកត្នោត​មក​ដេរ ធ្វើ​ជា​កណ្ដប​ស្លឹក​ប្រក់​ដំបូល សម្រាប់​លក់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គាត់​ពឹង​អាស្រ័យ​លើ​ជំនួយ​ពី​សហគមន៍​។ ផ្ទះ​របស់គាត់​ត្រូវបាន​កសាង​ដោយសារ​ជំនួយ​ពី​អ្នកភូមិ ហើយ​និង​សហគមន៍​ព្រះពុទ្ធសាសនា​បាន​ជួយ​ផ្តល់​ជំនួយ​ដូចជា អាហារ ជាដើម​។


តាំងពី​ឆ្នាំ​ ២០១១ ​មក​គាត់​មាន​បណ្ណ​សមធម៌​គ្រួសារ​ក្រីក្រ​មាន​ន័យ​ថា គាត់​អាច​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​ដោយ​មិន​គិតថ្លៃ​។ មន្ទីរពេទ្យ​ទទួល​បាន​ការទូទាត់​សម្រាប់​ការផ្ដល់សេវា​ថែទាំ​សុខភាព​ដល់​គាត់​ពី​មូលនិធិ​សមធម៌​សុខាភិបាល​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល និង​អ្នកផ្ដល់​ជំនួយ​។ គាត់​បាន​និយាយ​ដោយ​រីករាយ​ថា​៖ «​ឥឡូវនេះ ខ្ញុំ​មិន​ហ៊ាន​ទៅ​ពេទ្យ​ដោយ​ពុំមាន​បណ្ណ​នេះឡើយ​។ ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​មាន​បណ្ណ​នេះ​»​។


ណេល ផល្លី បច្ចុប្បន្ន​អាយុ​ ៥០ ​ឆ្នាំ​រស់នៅ​តែឯង​ក្នុង​តំបន់​លូទឹកស្អុយ ដែល​សម្បូរ​ដោយ​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅក្នុង​រាជធានី​។ នៅទីនេះ​គាត់​ត្រូវបាន​សម្ភាស​ដោយ​សមាជិក​ក្រុម​តំណាង​ភូមិ​ដែល​ត្រូវបាន​ជ្រើសតាំង​តាមរយៈ​ការបោះឆ្នោត​គឺ​លោកស្រី ហៅ សូរិច័ន្ទ ជា​ផ្នែក​មួយ​នៃ​ការពង្រីក​កម្មវិធី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​ជា​លើកដំបូង​ទៅ​កាន់​តំបន់​ប្រជុំជន​។


ឪពុកម្តាយ​របស់​គាត់​បាន​លាចាក​លោក ហើយ​គាត់​មិន​មាន​បងប្អូន​ទេ​។ រាល់ថ្ងៃ​គាត់​ជួយ​មើល​ថែទាំ​កូនៗ​អ្នកជិតខាង​ពេល​ឪពុកម្តាយ​របស់​ពួកគេ​ទៅ​ធ្វើការ​។ ការងារ​នេះ​ជួយ​គាត់​រកចំណូល​បាន ២០០០ រៀល​ក្នុង​មួយថ្ងៃ ហើយ​គាត់​តែង​ត្រូវការ​ទឹកចិត្ត​សប្បុរសធម៌​របស់​អ្នកភូមិ​។

ការសម្ភាស​ដែល​ធ្វើឡើង​ដោយ​កម្មវិធី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ ធ្វើការ​ពិនិត្យ​លើ​ស្ថានភាព​លំនៅឋាន ទ្រព្យសម្បត្តិ សុខភាព និង​ស្ថានភាព​ពិការភាព ព្រម​ទាំង​កាលៈទេសៈ​ដទៃទៀត​។ គួបផ្សំ​ជាមួយ​នឹង​ដំណើរការ​ពិគ្រោះ​យោបល់​ក្នុង​សហគមន៍ កម្មវិធី​នេះ​ធ្វើការ​កំណត់ថា​តើ ណេល ផល្លី និង​ទទួល​បាន​បណ្ណសម​ធម៌​គ្រួសារ​ក្រីក្រ​ដែរឬទេ​។ បណ្ណ​នេះ​នឹង​ផ្ដល់​លទ្ធភាព​ឱ្យ​គាត់​អាច​ទទួល​បាន​សេវា​សង្គម​នានា ដូចជា​ការផ្ទេរ​ធនធាន​ក្នុង​សង្គម ការផ្ដល់​កម្ចី​ជាមួយ​ការប្រាក់​ទាប សេវា​គាំទ្រ​ផ្លូវច្បាប់ ការបញ្ចុះ​តម្លៃ​សេវា​របស់​រដ្ឋាភិបាល និង​ការទទួល​បាន​ការថែទាំ​សុខភាព​ដោយ​មិន​គិតថ្លៃ​។

លោក ជួប វី អាយុ​ ៤៧ ​ឆ្នាំ និង​ម្ដាយ​អាយុ​ ៨១ ​ឆ្នាំ​របស់​គាត់​កំពុង​ត្រូវបាន​សម្ភាស ដើម្បី​កំណត់​អត្តសញ្ញាណ​ជា​គ្រួសារ​ក្រីក្រ​ក្នុង​បរិវេណ​វត្ត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​។

ពួកគាត់​ទាំង​ ២ ​នាក់​មាន​ជំងឺ​ប្រចាំកាយ​ដែល​ធ្វើ​ឲ្យ​ការរស់នៅ ធ្វើការ​ពិបាក​ខ្លាំង​។ ព្រះសង្ឃ​បាន​អនុញ្ញាត​ឱ្យ​ពួកគេ​រស់នៅ​ទីនេះ ក្នុង​បន្ទប់​ធម្មតា​មួយ​។ ជួប វី ជា​អ្នករត់​ម៉ូតូឌុប ហើយ​នៅ​ថ្ងៃ​ដែល​គាត់​សំណាង គាត់​អាច​រកប្រាក់​បាន ២,៥០ ​ដុល្លារ សម្រាប់​ចាក់​សាំង និង​ទិញ​អាហារ​ហូបចុក​។

ការសម្ភាស​នេះ​រួម​និង​ដំណើរការ​ពិគ្រោះ​យោបល់​ក្នុង​សហគមន៍ ធ្វើការ​កំណត់ថា​តើ​គ្រួសារ​នេះ​នឹង​ត្រូវ​ចាត់​ចំណាត់ថ្នាក់​ថា​ជា​គ្រួសារ​ក្រីក្រ និង​អាច​ទទួល​បាន​បណ្ណសមធម៌​គ្រួសារ​ក្រីក្រ​ដែរឬទេ​? អង្គការ​មិនមែន​រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាល​ប្រើប្រាស់ កម្មវិធី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ ដើម្បី​ស្វែងរក និង​ជួយ​ដល់​គ្រួសារ​ក្រីក្រ ដូចជា គ្រួសារ​របស់ ជួប វី ជាដើម​។

អ្នកស្រី សំ គន្ធា អាយុ​ ៣៨ ​ឆ្នាំ​រស់នៅ​តែឯង​ក្នុង​ទីក្រុង​ភ្នំពេញ​។ គាត់​ទ្រទ្រង់​ជីវភាព​រស់នៅ​តាមរយៈ​ការរើស​សំរាម​ដែល​អាច​យក​មក​កែច្នៃ​ឡើងវិញ ដូចជា កំប៉ុង​អាលុយមីញ៉ូម និង​ដបជ័រ​ជាដើម​។

ថ្ងៃ​ខ្លះទៅ​គាត់​រកបាន​ជាង​ ២ ​ដុល្លារ​។ ខ្ទម​ដ៏​តូច​ដែល​គេ​អាច​មើលឃើញ​នៅ​ពីក្រោយ​គាត់ គឺជា​ផ្ទះ​របស់គាត់​។ រៀងរាល់​យប់ គាត់​គេង​ដោយ​ដាក់​កាំបិត​នៅ​ជិត​ខ្លួន​ដើម្បី​ការពារ​ខ្លួន​។ សំ គន្ធា ខ្ចីលុយ​គេ​ដើម្បី​មើលថែ​ម្ដាយ​របស់​គាត់ ប៉ុន្តែ​គាត់​ពុំទាន់​មាន​លទ្ធភាព​សងបំណុល​នេះ​វិញ​នៅឡើយ​ទេ​។

កាលពី​ឆ្នាំ ២០១៧ កម្មវិធី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​បាន​ពង្រីក​មក​កាន់​តំបន់​ប្រជុំជន​ជា​លើកដំបូង ហើយ​អ្នកស្រី សំ គន្ធា គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ដំបូងៗ ដែល​បាន​ទទួល​បណ្ណសមធម៌​គ្រួសារ​ក្រីក្រ​នៅ​តំបន់​ប្រជុំជន​ដែល​ផ្ដល់​លទ្ធភាព​ឱ្យ​គាត់​ទទួល​បាន​សេវា​សង្គម​នានា ដោយ​មិន​គិតថ្លៃ​។

អ្នកស្រី ម៉ក់ ជា អាយុ​ ២៤ ​ឆ្នាំ​សម្រាលកូន​ដំបូង​របស់គាត់ បន្ទាប់ពី​ការ​មាន​ផ្ទៃពោះ​ដ៏ពិបាក​។ ពួកគាត់​រស់នៅ​ជាមួយ​គ្រួសារ​ដែល​មាន​គ្នា​ទាំងអស់​​ ៧ ​នាក់​។ អ្នកស្រី ជា ធ្វើការ​នៅ​រោងចក្រ​ស្បែកជើង ហើយ​ប្តី​គាត់​ជា​កម្មករសំណង់​។

គាត់​និង ប្តី​គាត់​ឈ្មោះ​ ម៉ៅ អាយុ​ ២៣ ​ឆ្នាំ​ត្រូវ​ទៅ​ពេទ្យ​ជាបន្ទាន់​ដោយសារ​តែ អការៈធ្ងន់ធ្ងរ ហើយ​ដោយ​សារបណ្ណ​សមធម៌​របស់​គ្រួសារ​គាត់ គាត់​អាច​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត ដើម្បី​ទទួលបាន​ការពិនិត្យ​ផ្ទៃពោះ​ដោយ​មិន​គិតថ្លៃ និង​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សម្រាលកូន​។

«​ប្រសិន​បើ​ពុំមាន​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ទេ យើង​ពុំ​អាច​រកលុយ​បានឡើយ​។ យើង​ត្រូវ​ខ្ចីលុយ​គេ ហើយ​បន្ទាប់​មក​ត្រូវ​រក​វិធី​សង​គេ​វិញ​»​។

រឿងនេះ​គឺជា​ផ្នែក​មួយ​នៃ​ការតាំងពិព័រណ៍​៖ មិន​ទុកចោល​អ្នកណា​មួយអ្នក​ទទួល​ផល​ និង​អ្នកអនុវត្ត​ដែល​ត្រូវបាន​តាំង​បង្ហាញ​ពីថ្ងៃ​ទី ២១ ខែ​មិថុនា​ឆ្នាំ ២០១៨ ដល់​ថ្ងៃទី ២០ ខែ​កក្កដា​ឆ្នាំ ២០១៨៕