វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៤ ចាប់តាំងពីពេលនោះមកគឺមានបង្រៀនជា ៣ ភាសាមានទាំងបារាំងអង់គ្លេស និងខ្មែរ និងផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់នៅក្នុងវិស័យវិស្វកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
នៅក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនវិទ្យាស្ថាន ITC បានគូសបញ្ជាក់យ៉ាងច្បាស់អំពីជំហានមួយចំនួនដែលសាលានឹងបន្តយកទៅអភិវឌ្ឍ និងកែលម្អសាកលវិទ្យាល័យមួយនេះសម្រាប់និស្សិតកម្ពុជានាពេលអនាគត។ នៅក្នុងចំណោមជំហានទាំងនោះគឺសាលាផ្តោតទៅលើការអភិវឌ្ឍកម្មវិធីសិក្សា។ ការអភិវឌ្ឍកម្មវិធីសិក្សានេះគឺដើម្បីធានានូវគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលជំនាញអ្នកឯកទេសរបស់វិទ្យាស្ថាន ITC ។ ការបណ្តុះបណ្តាលជំនាញទាំងនេះគឺដើម្បីរៀបចំនិស្សិតឲ្យមានសមត្ថភាពស្របតាមតម្រូវការការងារនាពេលអនាគត។
លោក បណ្ឌិត ហ៊ុល សៀងហេង ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងអំពីវិធីសាស្ត្របង្រៀនលើមុខវិជ្ជា STEM ដែលកំពុងរៀបចំអ្នកជំនាញកម្ពុជាសម្រាប់ពេលអនាគតដើម្បីចាប់យកអាជីពមួយដែលឈរលើមូលដ្ឋាន STEM នឹងដើម្បីកសាងប្រទេសកម្ពុជាឱ្យកាន់តែមានការរីកចម្រើនឡើង។
ជាមួយនឹងការអនុម័តកម្មវិធីសិក្សា STEM នៅតាមសាលារៀននានាក្នុងប្រទេសកម្ពុជានិស្សិតនឹងមានការត្រៀមខ្លួនបានល្អនៅពេលចូលមកសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ ប៉ុន្តែបើយោងតាមលោកបណ្ឌិត សៀង ហេង បានឲ្យដឹងថា៖ «កម្មវិធីសិក្សា STEM បានកំណត់ប្រភេទនៃវគ្គសិក្សាដែលត្រូវបានជ្រើសរើសដោយនិស្សិតនៅឯវិទ្យាស្ថាន ITC។ ចំពោះសិស្សដែលត្រៀមខ្លួនបានល្អសម្រាប់សិក្សាលើមុខវិជ្ជា STEM ពួកគេហាក់មានឆន្ទៈសិក្សាលើជំនាញបច្ចេកទេសច្រើន និងស្ថិតនៅក្នុងទីតាំងមួយដ៏ល្អ និងយល់ដឹងបានយ៉ាងពេញលេញអំពីសម្ភារសិក្សា។ និស្សិតអាចយល់អំពីទ្រឹស្តីស្មុគស្មាញ និងផ្នត់គំនិតបានច្រើន។
ហើយនេះក៏ជាចំណុចពិសេសសម្រាប់និស្សិតស្រីផងដែរ។ និស្សិតស្រីវ័យក្មេងនៅក្នុងប្រទេសកម្ពុជាកំពុងត្រូវបានលើកទឹកចិត្តយ៉ាងសកម្មដើម្បីជម្នះលើការយល់ឃើញជាយូរមកហើយថាមានតែនិស្សិតប្រុសប៉ុណ្ណោះដែលលេចធ្លោនៅក្នុងមុខជំនាញ STEM ។ លទ្ធផលនៃការលើកឡើងនេះគឺត្រូវបានគេមើលឃើញថានិស្សិតស្រីកាន់តែច្រើនកំពុងសិក្សាលើមុខវិជ្ជា STEM នៅកម្រិតថ្នាក់ឧត្តមសិក្សា។
លោកបណ្ឌិត សៀងហេង បានធ្វើការកត់សម្គាល់ថា៖ « ខ្ញុំជឿថាការកើនឡើងចំនួននិស្សិតស្រីដែលបានចុះឈ្មោះចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាគឺដោយសារការកើនឡើងកម្មវិធីសិក្សាលើមុខវិជ្ជា STEM នៅថ្នាក់វិទ្យាល័យ។ ហើយនេះគឺជានិន្នាការមួយដែលយើងរំពឹងថានឹងនៅតែបន្តកើនឡើង ខណៈសិស្សស្រីដែលសិក្សាមុខវិជ្ជា STEM កាន់តែមានចំនួនច្រើន។
វិទ្យាស្ថាន ITC ទទួលបានកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការជាច្រើនជាមួយសាកលវិទ្យាល័យ និងស្ថាប័ននានាមកពីតំបន់អឺរ៉ុប ប្រទេសជប៉ុន ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមកពីប្រទេសកម្ពុជាផ្ទាល់។ កិច្ចព្រមព្រៀងទាំងនេះបានជួយលើកកម្ពស់គុណភាពអប់រំនៅវិទ្យាស្ថាន ITC ប៉ុន្តែពួកគេក៏អាចចូលរួមនៅក្នុងគម្រោងស្រាវជ្រាវថ្មីផ្សេងទៀតបានផងដែរ។
យោងតាមលោកបណ្ឌិត សៀង ហេង បានឲ្យដឹងថា៖ «លំហូរនៃការអប់រំជំនាញ STEM (នៅប្រទេសកម្ពុជា) នឹងនាំមកនូវកិច្ចសហការកាន់តែប្រសើរឡើងសម្រាប់ការស្រាវជ្រាវ និងគម្រោងដទៃទៀតហើយវានឹងធ្វើឲ្យលទ្ធផលនៃការអប់រំកាន់តែល្អប្រសើរសម្រាប់និស្សិតថ្នាក់ឧត្តមសិក្សានៅកម្ពុជាជាអត្ថប្រយោជន៍មួយដែលនាំទៅរកការអភិវឌ្ឍសង្គមជាតិ និងជំរុញវិស័យសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ។
លោកបណ្ឌិត សៀង ហេង ជឿជាក់ថា និស្សិតដែលសិក្សាជំនាញ STEM នឹងមានការយល់ដឹងអំពីតុល្យភាពសង្គមរបស់ពួកគេកាន់តែច្រើន ប៉ុន្តែលុះត្រាតែ (កម្មវិធីសិក្សា) STEM មានទម្រង់ល្អដូចការអប់រំ។ ហើយនេះគឺជាភ័ស្តុតាងសម្រាប់និស្សិតឆ្នាំទី ១ ដែលសិក្សានៅវិទ្យាស្ថាន ITC ។ ចូលរៀននៅសាកលវិទ្យាល័យលើកដំបូងពួកគេអាចមានអារម្មណ៍ភ័យអរ។ នៅក្នុងទ្រឹស្តី STEM គឺមានទាំងជំនាញ និងការយល់ដឹងពីអារម្មណ៍ដើម្បីដោះស្រាយបញ្ហានៅថ្នាក់ឧត្តមសិក្សា។
ការសិក្សាលើមុខជំនាញ STEM នៅវិទ្យាស្ថាន ITC ថែមទាំងជួយផ្តល់នូវការអប់រំមួយដែលមានគុណភាពខ្ពស់នៅក្នុងផ្នែកវិស្វកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉ុន្តែការផ្តោតសំខាន់មួយទៀតគឺបន្ថែមមូលដ្ឋានគ្រឹះលើមុខវិជ្ជា STEM ដែលពួកគេបានរៀបចំយ៉ាងល្អសម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យ៕