លោក Yu Li Qun នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Grand China Life Insurance Plc មាន​ប្រសាសន៍​ថា ភាព​ស្មោះត្រង់​គឺជា​តម្រូវការ​សំខាន់​បំផុត​ក្នុង​វិស័យ​ធានារ៉ាប់រង​ជាពិសេស​គឺ​ផ្នែក​ធានារ៉ាប់រង​អាយុជីវិត​។

«​ភ្នាក់ងារ​ធានារ៉ាប់រង​ត្រូវតែ​មាន​ភាពស្មោះត្រង់​ចំពោះ​អតិថិជន និង​ត្រៀមខ្លួន​ផ្តល់​ការគាំទ្រ​ដល់​អតិថិជន​គ្រប់ពេលវេលា​។ នេះ​ជា​មូលហេតុ​ដែល​យើង​កំពុង​កសាង​វប្បធម៌​ក្រុមហ៊ុន​មួយ​ដែល​ផ្តោតលើ​ "​ភាពស្មោះត្រង់ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​"»​។


លោក​បន្ថែម​ថា​៖ «​បេសកកម្ម​របស់​យើង​គឺ​ពាំនាំ​អ្នក​ជំនាញ​ខាង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​មកពី​ប្រទេស​ចិន​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​ដល់​ប្រទេស​កម្ពុជា​។ តាមរយៈ​ការរីកចម្រើន​ឥតឈប់ឈរ​យើង​ចង់​ក្លាយ​ជា​ក្រុមហ៊ុន​មាន​ភាពចាស់ទុំ (century-old leader) ដែល​កសាង​នូវ​វិស័យ​មួយ​ប្រកប​ដោយ​ការយកចិត្ត​ទុកដាក់​ទាំង​លើ​ផ្នែក​សេវាកម្ម ភាព​ច្នៃប្រឌិត អត្តសញ្ញាណ វប្បធម៌ និង​ការប្រកួតប្រជែង​»​។


ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Grand China Life Insurance ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្នុង​ខែ​មីនា​ឆ្នាំ​ ២០១៨​។ ក្រុមហ៊ុន​ផ្តល់​ជូន​នូវ​ផលិតផល​ធានារ៉ាប់រង​ជាច្រើន​រួមមាន​ធានារ៉ាប់រង​មួយជីវិត ធានារ៉ាប់រង​សោធននិវត្តន៍ ធានារ៉ាប់រង​គ្រោះថ្នាក់​បុគ្គល ធានារ៉ាប់រង​ជំងឺ​ធ្ងន់ធ្ងរ ធានារ៉ាប់រង​អាយុជីវិត​ជា​ក្រុម និង​ធានារ៉ាប់រង​ជាច្រើន​ទៀត​ដែល​ត្រូវ​បានអនុម័ត​ដោយ​រាជរដ្ឋាភិបាល​។


ដៃគូ​ស្ថាបនិក​ក្រុមហ៊ុន Grand China Life គឺ​មកពី​ចិនដីគោក និង​ម៉ាកាវ​។ ការវិនិយោគ​ដំបូង​ដើម្បី​បង្កើត​ក្រុមហ៊ុន​នេះ​គឺ​ត្រូវ​ចំណាយ​ដើមទុន​ចំនួន​ ១៥ ​លាន​ដុល្លារ​អាមេរិក​។


«​បច្ចុប្បន្ន​យើង​យល់​ថា​យើង​ជា​ក្រុមហ៊ុន​ក្មេងខ្ចី​នៅក្នុង​ទីផ្សារ​កម្ពុជា ពីព្រោះ​យើង​ទើបតែ​មាន​អាយុកាល​ ១ ​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ​។ យើង​ចង់​វិវឌ្ឍ​នៅក្នុង​ទីផ្សារ​នេះ​ឲ្យ​លឿន​ដោយ​ពឹង​ផ្អែកលើ​កំណើនថេរ​»​។


លោក Yu ពន្យល់​ថា​៖ «​ការកសាង​គ្រឹះ​រឹងមាំ​គឺ​សំខាន់​ណាស់​មុនពេល​អ្នក​ឈានដល់​កម្រិត​ខ្ពស់​មួយ​។ ក្រុមហ៊ុន​ និង​សហគ្រាស​ជាច្រើន​បរាជ័យ​ក្នុង​ការពង្រីក​ខ្លួន​ពីព្រោះ​ពួកគេ​មិន​មាន​គ្រឹះ​រឹងមាំ​។ ដំបូង​យើង​ចង់​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​ឲ្យ​បាន​ល្អ​ជាមុនសិន​មុន​ពេល​សម្រេចចិត្ត​អនុវត្ត​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ឲ្យ​បាន​ខ្លាំងក្លា​ជាង​នេះ​»​។

ក្រៅពី​ការផ្តល់​សេវាកម្ម​ដែល​មាន​គុណភាព​ខ្ពស់ ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Grand China Life Insurance ក៏ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​អ្នកជំនាញ​បច្ចេកទេស​ដែល​មាន​បទពិសោធ​ខ្ពស់​ផងដែរ​។ ក្រុមហ៊ុន​មានការ​គាំទ្រ​ផ្នែក​ព័ត៌មានវិទ្យា​ពី​ក្រុម​អ្នកជំនាញ​នៅ​ទីក្រុង Shenzhen នៃ​ប្រទេស​ចិន​។

លោក Yu ថ្លែង​ថា​៖ «​យើង​គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ធានារ៉ាប់រង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ជាង​ដៃគូ​ប្រកួតប្រជែង​របស់​យើង​ទាក់ទង​នឹង​បច្ចេកវិទ្យា​ឌីជីថល​។ យើង​បាន​ព្យាយាម​ដាក់ចេញ​នូវ​កម្មវិធី​ហត្ថលេខា​ឌីជីថល​ទៅក្នុង​សេវាកម្ម​របស់​យើង ប៉ុន្តែ​និយតករ​កម្ពុជា​មិនទាន់​អនុញ្ញាត​នៅឡើយ​ទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​កាត់បន្ថយ​ការប្រើ​ក្រដាស​តាម​ដែល​យើង​អាច​ធ្វើ​បាន​»​។

លោក​បាន​សង្កត់ធ្ងន់​ថា កំណើន​ពី​ខាង​ក្នុង​គឺជា​មធ្យោបាយ​ល្អ​បំផុត​សម្រាប់​ក្រុមហ៊ុន​ដើម្បី​ពង្រីក​អាជីវកម្ម​។

លោក​បាន​បន្ថែម​ថា​ការរីកចម្រើន​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Grand China Life Insurance នឹង​ពឹង​ផ្អែក​ទៅ​លើ​វប្បធម៌ បទពិសោធ​មកពី​ប្រទេស​ចិន និង​ផលិតផល​ច្នៃប្រឌិត​ថ្មី ក្រុម​អ្នកជំនាញ​បច្ចេកវិទ្យា​ឈានមុខ និង​សេវាកម្ម​ដែល​មាន​គុណភាព​ខ្ពស់​។

លោក​លើកឡើង​ថា​៖ «​អាជីវកម្ម​ធានារ៉ាប់រង​អាយុជីវិត​គឺ​ដើម្បី​ការពារ​សុខុមាលភាព​របស់​អតិថិជន និង​ក្រុមគ្រួសារ​របស់​ពួកគេ​។ ដូច្នេះ​ក្រុម​អ្នកជំនាញ​ដែល​ធ្វើការ​នៅក្នុង​វិស័យ​ធានារ៉ាប់រង​ត្រូវ​តែ​មាន​ភាពស្មោះត្រង់ និង​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ​អតិថិជន​របស់​ខ្លួន​»៕