ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វតតេ បាន​នឹង​កំពុង​បន្ត​តំណែង​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ឈាន​មុខ​គេ​ បន្ទាប់ពី​ឈ្នះ​ពានរង្វាន់​ជា​​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ល្អ​បំផុត​នាពេល​ថ្មីៗ​នេះ

ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វតតេ បន្ត​បំបែក​កំណត់ត្រា​នៅ​ក្នុង​វិស័យ​ធានារ៉ាប់រង​ទូទៅ​នៅ​កម្ពុជា​ដោយ​ត្រូវ​បាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​នាំ​មុខ​គេ និង​ធំ​ជាង​គេ​បន្ទាប់ពី​ក្រុមហ៊ុន​ឈ្នះ​នូវ​ពានរង្វាន់​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ល្អ​បំផុត​សម្រាប់​រយះពេល ៥ ​ឆ្នាំ​ជាប់ៗ​គ្នា​។


ពានរង្វាន់​ដែល​ផ្ដល់​ជូន​ដោយ​ទស្សនាវដ្តី​អន្ដរជាតិ GLOBAL BANKING & FINANCE REVIEW គឺជា​សក្ខីភាព និង​ការទទួល​ស្គាល់​នូវ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​ក៏​ដូចជា​ភាព​ច្នៃប្រឌិត​ក្នុង​ការផ្ដល់​ជូន​នូវ​ផលិតផល​​ និង​ការខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​សម្រាប់​បម្រើ​សេវា​ជូន​អតិថិជន​របស់​ក្រុមហ៊ុន​ទាំងអស់​។ ភាព​ច្នៃប្រឌិត​នឹង​ឆន្ទៈ​​ដ៏មោះមុត​ក្នុង​ការផ្ដល់​ជូន​នូវ​សេវា​ល្អ​បំផុត​សម្រាប់​អតិថិជន​គឺ​គោលការណ៍​ដែល​ក្រុមហ៊ុន​បាន​និង​កំពុង​អនុវត្ត​ចាប់​តាំងពី​ឆ្នាំ​ក្រុមហ៊ុន​បើក​ដំណើការ​នា​ឆ្នាំ​ ១៩៩៨ ​មក​ម្ល៉េះ​។


ក្នុង​ខណះ​ដែល​ក្រុមហ៊ុន​បាន​និង​កំពុង​ប្រារព្ធ​ខួប​គម្រប់ ២០ ​ឆ្នាំ​ចំពោះ​វត្តមាន​ដំណើរការ​នៅ​កម្ពុជា ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វតតេ បាន​និង​បន្ត​តំណែង​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ធំជាងគេ​ដែល​មាន​ចំណែក​​ទីផ្សារ​ធំជាងគេ​នៅ​ក្នុង​វិស័យ​ធានារ៉ាប់រង​ទូទៅ​ហើយ​តំណែង​នេះ​ក្រុមហ៊ុន​បាន​កាន់កាប់​តាំងពី​ឆ្នាំ​ ២០០៣ ​មកម្ល៉េះ​។ សម្រាប់​ឆ្នាំ​ ២០១៨ ក្រុមហ៊ុន ហ្វតតេ ទទួល​បាន​ចំណែក​ទីផ្សារ​រហូត​ដល់ ៤៥.៦% និង​មាន​បុព្វលាភ​សរុប​ចំនួន ៣៩.៥ ​លាន​ដុល្លារ​អាមេរិក​។


សមិទ្ធផល​ដ៏ធំ​ធេង​ផ្សេង​ទៀត​មាន​ដូចជា ក្រុមហ៊ុន ហ្វតតេ បាន​ទទួល​នូវ​អាជ្ញាប័ណ្ណ​ធានារ៉ាប់រង​ជីវិត​ដើម្បី​ពង្រីក​ខ្លួន​ក្នុង​ការផ្ដល់​ជូន​សេវា​ធានារ៉ាប់រង​អាយុ​ជីវិត​ទៅ​ដល់​អតិថិជន​។ ​បន្ថែម​ពី​នេះ​ក្រុមហ៊ុន​ក៏​បាន​ពង្រីក​ខ្លួន​នៅក្នុង​អន្ដរជាតិ​ដោយ​ក្រុមហ៊ុន​បាន​ទិញ​ភាគហ៊ុន​កាន់កាប់​ក្រុមហ៊ុន Tokojaya Lao Assurance co. Ltd, សម្រាប់​ផ្ដល់​ជូន​សេវា​ធានារ៉ាប់រង​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។


លោក​អគ្គនាយក​ប្រតិបត្តិ Charles Cheo បាន​ថ្លែង​ឲ្យ​ដឹងថា “​វា​ពិតជា​មហា​កិត្តិយស​សម្រាប់​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វតតេ​ដែល​ក្រុមហ៊ុន​ត្រូវ​បាន​ទទួល​ស្គាល់​ និង​ផ្ដល់ជូន​នូវ​ជ័យលាភី​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ល្អ​បំផុត​សម្រាប់​ ៥ ​ឆ្នាំ​ជាប់ៗ​គ្នា​”


លោក​បាន​បន្ត​ទៀត​ថា “ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការទទួលស្គាល់ និង​ជាពិសេស​គឺ​ការគាំទ្រ​ពី​អតិថិជន​ទាំងអស់ យើង​ខ្ញុំ​នឹង​ប្ដេជ្ញា​នឹង​បន្ត​បង្កើត​នូវ​អ្វីៗ​ដែល​ប្លែក ទាំង​ក្នុង​ការច្នៃប្រឌិត គុណប្រយោជន៍ និង​កម្រិត​សេវា​សម្រាប់​អតិថិជន និង​ដៃគូ​ទាំងអស់​របស់​ក្រុមហ៊ុន​។

លោក​អគ្គនាយក​ប្រតិបត្តិ​បាន​ថ្លែង​ថា​សមិទ្ធផល និង​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​មក​ដល់​សព្វថ្ងៃនេះ​នឹង​មិន​អាច​កើត​មាន​ឡើង​ប្រសិន​បើ​គ្មាន​ការចូលរួម​យ៉ាង​អស់​ពី​កម្លាំងចិត្ត ពី​បុគ្គលិក​ក្រុមហ៊ុន​គ្រប់​ជាន់ថ្នាក់​ហើយ​អ្វី​កាន់តែ​ពិសេស​គឺ​ពួកគាត់​បាន​ចំណាយ​ពេលវេលា​ក្នុង​ការបម្រើ​ការជូន​ក្រុមហ៊ុន​មិន​តិច​ជាង​ ១០ ​ឆ្នាំ​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា "​ផលិតផល​ដែល​មាន​គុណភាព​ទាំង​ផ្នែក​សេវាកម្ម និង​បំពេញតម្រូវការ​របស់​អតិថិជន​អាច​កើត​មាន​ឡើង​ដោយសារ​ធនធាន​មនុស្ស​ដែល​មាន​គំនិត​ច្នៃប្រឌិត និង​ជំនាញ​ច្បាស់លាស់​។ យើងខ្ញុំ​ពិតជា​មាន​មោទនភាព​ដែល​មាន​ធនធាន​មនុស្ស​ដ៏មាន​បទពិសោធន៍​ចំណេះដឹង​ច្បាស់លាស់ ការយល់​ដឹង​ប្រកប​ដោយ​លក្ខណះ​ទូលំទូលាយ​នឹង​ភាព​ច្នៃប្រឌិត​ដើម្បី​សម្រេច​បាន​នូវ​ភាព​ដៃគូ​យូរអង្វែង​ជាមួយ​អតិថិជន ដៃគូ​អជីវកម្ម និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

សម្រាប់​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន​នឹង​បន្ត​សិក្សា​ពី​លទ្ធភាព​ក្នុង​ការពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​ផ្សេង​ទៀត​។ ក្រុមហ៊ុន​នៅ​តែ​បន្ត​ឥត​ងាក់រេ​ក្នុង​ការផ្ដោត​សំខាន់​លើ​ចំនុច​ខ្លាំង​របស់​ខ្លួន​គឺ​តាមរយះ​ការផ្ដល់​ជូន​នូវ​ផលិតផល ក៏ដូចជា​ពង្រីក​ការយល់ដឹង​អំពី​សារះប្រយោជន៍​របស់​សេវា​ធានារ៉ាប់រង​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​ខ្លាំងខ្លារ និង​ដុះដាល​។

គួរបញ្ជាក់​ផង​ដែរ​ថា ពានរង្វាន់​ធនាគារ និង​ហិរញ្ញវត្ថុ​សកលលោក​ត្រូវ​បាន​ទទួលស្គាល់​ទូទាំង​សហគមន៍​ហិរញ្ញវត្ថុ និង​ធនាគារពិភពលោក​។ ពានរង្វាន់​នេះ​បើក​ទូលាយ​ដល់​ក្រុមហ៊ុន​គ្រប់​ប្រភេទ គ្រប់​ទំហំ​ដែល​​ការវិនិច្ឆ័យ​អ្នក​ឈ្នះ​ពានរង្វាន់​ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្អែកលើ​ការច្នៃប្រឌិត សមិទ្ធផល និង​យុទ្ធសាស្ត្រ​។

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វតតេ សូម​ចូល​ទៅ​កាន់​គេហទំព័រ​៖ www.forteinsurance.com ឬ​តាមរយៈ​ទូរស័ព្ទ​ទៅ​លេខ ០២៣ ៨៨៥ ០៧៧៕