លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​ជា​ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ម៉េងលីជេ.គួចអេឌ្យូខេសិន​ (MJQE) ​បាន​ឲ្យ​ដឹងថា សិស្សានុសិស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ផ្តោត​លើ​ទិសដៅ​ក្នុងការ​សិក្សា​បន្ថែម​ដើម្បី​ពេល​ពួកគេ​បញ្ចប់​ការសិក្សា​អាច​ក្លាយ​ជា​អ្នកជំនាញ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​បន្ត​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ដ៏រឹងមាំ ទីផ្សារ​ធនធាន​មនុស្ស​របស់​ប្រទេស​នឹង​ទាមទារ​អ្នកជំនាញ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ដូចជា​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ជឿជាក់​ថា វិស័យ​ឯកជន​ត្រូវ​តែ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​បង្កើត​ការងារ​បន្ថែម​សម្រាប់​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ដែល​ទទួល​បាន​ការបណ្តុះបណ្តាល​ល្អ​។


លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា និស្សិត​សាកលវិទ្យាល័យ​គួរ​ផ្តោត​ទៅ​លើ​ការសិក្សា​ជំនាញ​មួយ​ឲ្យ​បាន​ច្បាស់លាស់​មុន​ពេល​ពិចារណា​ចាប់​យក​ការសិក្សា​លើ​ជំនាញ​ណាមួយ​ផ្សេង​ទៀត​។


លោក​ថ្លែងប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​និស្សិត​មួយ​ចំនួន​សិក្សា​ជំនាញ​ ២ ដែល​អាច​រារាំង​ពួកគេ​មិន​ឱ្យ​ពូកែ​នៅក្នុង​ជំនាញ​ជាក់លាក់​ណា​មួយ ពីព្រោះ​វា​ពិបាក​ក្នុង​ការរៀន​ជំនាញ​ ២ ​ក្នុង​ពេល​តែមួយ​។ យើង​ត្រូវការ​អ្នកជំនាញ​ច្បាស់លាស់​»​។


បច្ចុប្បន្ន​កម្លាំង​ពលកម្ម​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ទាប ប៉ុន្តែ​ប្រទេស​កម្ពុជា​ត្រូវការ​ផ្លាស់ប្តូរ និង​បង្កើត​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ខ្ពស់ ដើម្បី​ឈាន​ទៅ​រក​កម្រិត​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ខ្ពស់​។


ដោយ​មើលឃើញ​ពី​តម្រូវការ​នេះ​ទើប​ក្រុមហ៊ុន MJQE បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ចំណាប់​អារម្មណ៍​ និង​ជំនាញ​របស់​សិស្ស​លើ​ផ្នែក​គណិតវិទ្យា ដោយ​សហការ​ជាមួយ​សមាគម​គណិតវិទ្យា​អន្តរជាតិ (IAMA) ដើម្បី​បន្ថែម​មុខវិជ្ជា​គិត​លេខ​រហ័ស​ជា​ជម្រើស​មុខវិជ្ជា​សិក្សា​មួយ​នៅក្នុង​សាលា​។


មុខវិជ្ជា​គិត​លេខ​រហ័ស​គឺ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​អំពី​សក្តានុពល​ខួរក្បាល​របស់​យើង​។ សិស្ស​ត្រូវបាន​គេ​សង្កេត​លើ​ការផ្តោត​អារម្មណ៍​ការ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​ការចងចាំ​ក៏ដូចជា​ការគិត​លេខ​រហ័ស​ជាដើម​។ លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ថ្លែងថា​មុខវិជ្ជា​គិត​លេខ​រហ័ស​នឹង​បង្រៀន​សិស្សានុសិស្ស​អំពី​វិធី​អនុវត្ត​ជំនាញ​គណិតវិទ្យា​របស់​ពួកគេ​ដែល​អាច​ជួយ​ពួកគេ​បាន​ច្រើន​នៅពេល​បន្ត​នៅ​ថ្នាក់​ឧត្តមសិក្សា​។

បច្ចុប្បន្ន​ក្រុមហ៊ុន MJQE មាន​សិស្សានុសិស្ស​កំពុង​សិក្សា​ចំនួន ១១ ៥០០ ​នាក់ គ្រូបង្រៀន និង​បុគ្គលិក​ចំនួន ១ ៤០០ ​នាក់​។ ក្រុមហ៊ុន​មាន​សាលារៀន អន្តរទ្វីប​អាមេរិកាំង (AIS) ​ដែល​ផ្តល់​ការអប់រំ​ទូទៅ​ចាប់ពី​ថ្នាក់ក្រោម​មត្តេយ្យ​រហូត​ដល់​ថ្នាក់​ទី​ ១២ និង​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ (Aii) ដែល​ផ្តល់​ជូន​វគ្គ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស ចិន ថៃ និង​ថ្នាក់ TOEFL​។

លោក​វេជ្ជបណ្ឌិត​ គួច ម៉េងលី ថ្លែង​ថា​៖ «​យើង​ក៏​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយ​ក្រុមហ៊ុន Auswin International Group Co Ltd (​អ្នកផ្តល់​ប្រឹក្សា​អប់រំ​) ​ដើម្បី​ផ្តល់​នូវ​សេវាកម្ម​មួយ​ដែល​រួមបញ្ចូល​ការពិគ្រោះ​យោបល់​អំពី​ការសិក្សា​នៅ​ក្រៅ​ប្រទេស និង​កម្មវិធី​ផ្តល់​ទិដ្ឋាការ​ដើម្បី​ជួយ​សិស្ស​ឱ្យ​បន្ត​ការសិក្សា​នៅ​បរទេស​»​។

លោក​បន្ថែម​ថា​ក្រុមហ៊ុន MJQE បាន​ទទួល​សំណើ​យ៉ាង​ច្រើន​ឲ្យ​បង្កើត​សាខា​នៅតាម​បណ្តា​ខេត្ត ប៉ុន្តែ​ផែនការ​ដើម្បី​បំពេញ​តាម​តម្រូវការ​បច្ចុប្បន្ន​នេះ​គឺ​ត្រូវ​បាន​រារាំង​ដោយ​ឧបសគ្គ​ចម្បង​គឺ​ថវិកា​។ ​លោក​បាន​អំពាវនាវ​ដល់​មូលនិធិ​អន្តរជាតិ​ក៏ដូចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​ផ្តល់​ការគាំទ្រ​ និង​ផ្តល់​មូលនិធិ​យូរអង្វែង​សម្រាប់​សាលា​ឯកជន​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​លើក​ឡើង​ថា​៖ «​យើង​កំពុង​ផ្តល់​ការអប់រំ​ដែល​មាន​គុណភាព​ខ្ពស់​នៅក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​យើង​សង្ឃឹម​ថា​នឹងមាន​ការផ្តល់​មូលនិធិ​បន្ថែមទៀត ដើម្បី​ពង្រីក​លទ្ធភាព​របស់​យើង​ទៅកាន់​បណ្តា​ខេត្ត​ឆ្ងាយៗ​»​។

និយាយ​អំពី​វិស័យ​នានា​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ ឡើង​នូវ​ប្រព័ន្ធ​អប់រំ​លោក​វេជ្ជបណ្ឌិត​ គួច ម៉េងលី បាន​គូសបញ្ជាក់​ថា​គួរតែ​មាន​រចនាសម្ព័ន្ធ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​សិស្ស​ដែល​ប្រឡង​ធ្លាក់​បាក់​ឌុប​។

លោក​បាន​ជំរុញ​ឱ្យ​វិស័យ​ឯកជន​ផ្តល់ការ​លើក​ទឹកចិត្ដ​ដល់​អ្នក​ដែល​មាន​ទេពកោសល្យ និង​បង្កើត​ឱកាស​ការងារ​ពាក់ព័ន្ធ​ដល់​ពួកគេ​។ ​ធ្វើ​ដូច្នេះ​អាច​ទប់ស្កាត់​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ​ និង​សិស្ស​ទើប​បញ្ចប់​ថ្នាក់​វិទ្យាល័យ​កុំ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស ដូចជា​ប្រទេស​កូរ៉េ​ខាង​ត្បូង សិង្ហបុរី និង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដទៃ​ទៀត​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។

លោក​វេជ្ជបណ្ឌិត គួច ម៉េងលី មាន​ប្រសាសន៍​ថា​ការលើកកម្ពស់​ប្រព័ន្ធ​អប់រំ​និង​សង្គម​គឺជា​ដំណើរការ​មួយ​កំពុង​ប្រព្រឹត្ត​ទៅ​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ដើម្បី​ឲ្យ​ដំណើរការ​នេះ​ប្រព្រឹត្តិ​ទៅកាន់​តែ​លឿន​ត្រូវ​មាន​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​។

លោក​សង្កត់​ធ្ងន់​ថា​ចំណុច​សំខាន់​មួយ​គឺ​ត្រូវ​ពិនិត្យ​មើល​គម្លាត​នៃ​គុណភាព​អប់រំ​រវាង​រាជធានី​ភ្នំពេញ​ និង​បណ្តា​ខេត្ត​នៅ​តាម​ជនបទ​ឆ្ងាយៗ​៕