ដោយ​ទទួល​បាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន​នៅ​តាម​ជនបទ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (MFIs) បាន​បង្កើន​ឲ្យ​មាន​ការប្រើប្រាស់​ប្រាក់រៀល​កាន់តែ​ទូលំទូលាយ ហើយ​អត្រា​ប្រើប្រាស់​ប្រាក់រៀល​នៅ​តាម​ជនបទ​គឺ​ខ្ពស់​ជាង​ការប្រើប្រាស់​នៅក្នុង​ទីក្រុង​។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន​ប្រមាណ ៨០ កំពុង​ប្រតិបត្តិការ​នៅ​ទូទាំង​ប្រទេស​ជាមួយ​អតិថិជន​ដែល​មាន​ចំណូល​ទាប​តាមរយៈ​ការផ្តល់​នូវ​សេវាកម្ម​ជាច្រើន​ដូចជា​ផ្តល់ប្រាក់​កម្ចី​ខ្នាតតូច​ទទួល​ប្រាក់​បញ្ញើ​ផ្តល់ប្រាក់​កម្ចី​កែលម្អ​ផ្ទះ ផ្តល់ប្រាក់​កម្ចី​ទិញ​ម៉ូតូ និង​សេវា​ផ្ទេរប្រាក់​ជាដើម​។


គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​នោះ​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការផ្តល់​ប្រាក់កម្ចី​សមរម្យ​ដល់​​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប​។


មាន​តម្រូវការ​ប្រាក់រៀល​ច្រើន​នៅ​តំបន់​ជនបទ​។ photo BY VOUN DARA


លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​ប្រាក់រៀល​ដើរតួ​យ៉ាង​សំខាន់​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ពីព្រោះ​យើង​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់ចំណូល​ទាប យើង​បាន​បញ្ជ្រាប​ចូល​ទៅ​ដល់​បណ្តា​ខេត្ត​នានា និង​តាម​ជនបទ​ជា​តំបន់​ដែល​ប្រាក់រៀល​គ្របដណ្តប់​ខ្លាំង ហើយ​​ប្រមាណ ៦០ ​ភាគរយ​នៃ​អតិថិជន​របស់​យើង​គឺ​មកពី​វិស័យ​កសិកម្ម​»​។


លោក​បន្ត​ថា​៖ «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​សន្សំ ដែល​ប្រតិបត្តិការ​នៅ​តាម​តំបន់​ជនបទ ហើយ​ប្រាក់​បញ្ញើ​របស់​យើង​ប្រមាណ​ជា​ ៦០ ​ភាគរយ​គឺជា​ប្រាក់រៀល​»​។


ការផ្តោត​សំខាន់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​គឺ​អតិថិជន​ដែល​មាន​ប្រាក់ចំណូល​ទាប និង​សហគមន៍​នៅ​តាម​ជនបទ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ដូចជា​ដំណាំ​ស្រូវ ដំឡូងមី សណ្តែក និង​ការ​ចិញ្ចឹមសត្វ​ជាដើម​។

លោក​ បូរាណ ​បាន​បន្ថែម​ថា​៖ «​ប៉ុន្តែ​នៅក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ និន្នាការ​នេះ​ក៏​ត្រូវ​បាន​ផ្លាស់ប្តូរ​ផងដែរ​ ខណៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កាន់តែច្រើន​ងាក​ទៅ​ផ្តោត​លើ​អតិថិជន​ដែល​​ជា​សហគ្រាស​ខ្នាតតូច​នឹង​មធ្យម​ (SMEs) ​ដូចជា​ផ្តល់​កម្ចី​ទិញ​ផ្ទះ និង​កម្ចី​ផ្ទាល់​ខ្លួន​ជាដើម ដែល​ភាគច្រើន​អតិថិជន​ត្រូវការ​ជា​ប្រាក់​ដុល្លារ​អាមេរិក​។

លោក​ថ្លែង​ថា​៖ «​យ៉ាងហោច​ណាស់​​ ៥០ ​ភាគរយ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កំពុង​ជួប​ការលំបាក​ក្នុង​ការសម្រេច​ឲ្យ​បាន​នូវ​ឥណទាន​ជា​រូបិយវត្ថុ​ជាតិ​យ៉ាងតិច​ ១០ ​ភាគរយ​នៃ​សំពៀត​ឥណទាន​សរុប​របស់​ខ្លួន​ដែល​តម្រូវ​ដោយ​ធនាគារជាតិ (NBC)​។ គេ​អាច​សម្រេច​បាន​ត្រឹម​តែ​ ៧ ​ទៅ​ ៨ ​ភាគរយ​ប៉ុណ្ណោះ​។ សមាគម​កំពុង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​សមាជិក​ដើម្បី​រក​ដំណោះស្រាយ​ក្នុងការ​សម្រេច​បាន​តាម​គោលដៅ​នៅ​ចុង​ឆ្នាំ​នេះ​»​។

មាន​តម្រូវការ​ប្រាក់រៀល​ច្រើន​នៅ​តំបន់​ជនបទ​។ photo BY VOUN DARA

នៅ​ចុង​ខែ​ធ្នូ​ឆ្នាំ​ ២០១៦ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ឱ្យ​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​មាន​ឥណទាន​ជា​រូបិយវត្ថុ​ជាតិ​យ៉ាង​តិច​ ១០ ​ភាគរយ​នៃ​កម្ចី​ឥណទាន​សរុប​របស់​ខ្លួន​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ធនាគារជាតិ​ក្នុង​ការលើក​កម្ពស់​ការ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​។

ការប្រើប្រាស់​ប្រាក់​ដុល្លារ​នៅ​មាន​កម្រិត​ខ្ពស់ គឺ​ដោយសារ​តែ​អាកប្បកិរិយា​របស់​អតិថិជន និង​ទំនោរ​ទីផ្សារ​។ ប្រជាជន​កម្ពុជា​ហាក់​ស៊ាំ​ជាមួយ​ប្រាក់​ដុល្លារ​ជាង​ប្រាក់រៀល ម្យ៉ាង​វិញ​ទៀត​អត្រា​ការប្រាក់​កម្ចី​ជា​ប្រាក់​ដុល្លារ​មាន​តម្លៃ​ទាប​ជាង​ប្រាក់រៀល​ដែល​ក៏​ជា​កត្តា​រួមផ្សំ​ធើ្វឲ្យ​អ្នកប្រើប្រាស់​យក​ប្រាក់​ដុល្លារ​ផងដែរ​។

លោក​បន្ថែម​ថា​៖ «​បើ​និយាយ​អំពី​ចំណាយ​ប្រតិបត្តិការ​វិញ គឺ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​ប្រាក់រៀល​ច្រើន​ត្រូវ​ចំណាយ​ខ្ពស់​ដោយសារ​តម្រូវការ​បុគ្គលិក​បន្ថែម​សម្រាប់​រាប់​លុយ ការដឹកជញ្ជូន និង​បញ្ហា​នៃ​ការ​ទុកដាក់​ជាដើម​។ ជាង​នេះ​ទៅ​ទៀត​អត្រា​ការប្រាក់​រៀល​ដែល​គ្រឹះស្ថាន​ខ្ចី​ពី​អ្នកវិនិយោគ​ក៏​មាន​អត្រា​ខ្ពស់​ជាង​ការខ្ចី​ជា​ប្រាក់​ដុល្លារ​ហើយ​ព្រម​ទាំង​មាន​ការលំបាក​ក្នុង​ការខ្ចីបុល​ផង​ដែរ​»​។

អ្វី​ដែល​កាន់តែ​គួរឱ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​គឺថា​កម្មវិធី​សូហ្វវែរ (software) ដែល​ប្រើប្រាស់​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​គឺ​ស្គាល់​តែ​ប្រព័ន្ធ​រូបិយប័ណ្ណ​ ២ ​ប៉ុណ្ណោះ​ហើយ​ស្ថាប័ន​ទាំងនេះ​ត្រូវ​ដំឡើង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ពួកគេ​ដើម្បី​អាច​បន្ថែម​ប្រាក់រៀល​ដែល​អាច​ត្រូវ​ចំណាយពេល​ច្រើន​រួម​នឹង​ការចំណាយ​ធនធាន​សម្រាប់​ប្រតិបត្តិករ​ជាដើម​។

លោក​ បូរាណ ​បន្ត​ថា​៖ «​ដើម្បី​ជំរុញ​ការប្រើប្រាស់​ប្រាក់​រៀល​យើង​ត្រូវ​ជំរុញ​ឲ្យ​ការទូទាត់​ការចំណាយ​ប្រចាំ​ថ្ងៃ​ជា​ប្រាក់រៀល​ឲ្យ​បាន​ច្រើន​ជាង​ពេល​បច្ចុប្បន្ន​ដែល​អាច​ជួយ​ជំរុញ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ផ្នត់គំនិត និង​ទម្លាប់​របស់​ប្រជាជន​ទូទៅ​ឲ្យ​ស៊ាំ​ជាមួយ​ប្រាក់រៀល​។

លោក​ បូរាណ ​បញ្ជាក់​ថា​៖ «​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ប្រាក់​រៀល​វា​មិនមែន​គ្រាន់តែ​ជា​តួនាទី​របស់​ធនាគារជាតិ និង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ តែ​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ ទាំង​រដ្ឋាភិបាល និង​វិស័យ​ឯកជន បើ​មិន​ដូច្នេះ​ទេ​វា​ពិបាក​នឹង​សម្រេច​បាន​ណាស់​»៕

លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA)​។ photo supplied