ជា​រៀងរាល់​ឆ្នាំ​មាន​ស្ត្រី​ចំនួន 500 000 នាក់​កើត​ជំងឺមហារីក​មាត់ស្បូន​នៅ​ទូទាំង​ពិភពលោក 80%​នៃ​ពួកគេ​មកពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ យ៉ាងហោច​ណាស់​ស្ត្រី​ចំនួន 200 000 នាក់​នឹង​ប្រឈមមុខ​ការបាត់បង់​ជីវិត ហើយ​ 75% នៃ​អ្នក​បាន​បាត់បង់​ជីវិត​នេះ​ដោយសារ​តែ​ស្ត្រី​ទាំងនោះ​មិន​ទទួល​បាន​ការថែទាំ​សុខភាព​អ្វី​ទាំងអស់​សម្រាប់​ជំងឺមហារីក​របស់​ពួកគេ​។

ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ដ៏ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា កម្រិត​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​ងាយស្រួល​ឡើង ហើយ​ប្រជាជន​កម្ពុជា​កំពុង​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់ និង​ឱកាស​កាន់​តែ​មាន​ច្រើន​ឡើងៗ​។ ប៉ុន្តែ​ខ្វះ​ការយក​ចិត្ត​ទុកដាក់​លើ​ការថែទាំ​សុខភាព​ដោយ​ជំនួស​មកវិញ​លើ​ការចំណាយ​ប្រាក់​លើ​ការព្យាបាល​វិញ​។


មាន​ប្រជាជន​កម្ពុជា​ដ៏​តិចតួច​គឺ​កំពុង​ចំណាយ​ប្រាក់​សម្រាប់​សេវា​បង្ការ និង​ការពិនិត្យ​សុខភាព​។ លោក​វេជ្ជបណ្ឌិត ព្រាប ឡី ប្រធាន​ផ្នែក​វះកាត់​នៅ​មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្តីសង្ឃឹម សង្ឃឹម​ថា​នឹង​មាន​ការ​ផ្លាស់ប្តូរ​មករក​ភាពប្រសើរ​ឡើងវិញ​ចំពោះ​បញ្ហា​នេះ​។


ជា​រៀងរាល់​ឆ្នាំ​មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្តីសង្ឃឹម​ទទួល​អ្នកជំងឺ​ជាង 45 000​នាក់ ហើយ​នៅ​ត្រឹម​ខែ​ធ្នូ​ចុង​ឆ្នាំ​ 2018 មន្ទីរពេទ្យ​នេះ​បាន​ផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​មនុស្ស​ច្រើន​ជាង​ 1.4 លាន​នាក់​។


លោក​វេជ្ជបណ្ឌិត ព្រាប ឡី បាន​បញ្ជាក់​យ៉ាងខ្លី​ថា ភាគច្រើន​នៃ​អ្នកជំងឺ​ដែល​បាន​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​យើង​កំពុង​ស្ថិត​នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ជំងឺ​នេះ​ទៅហើយ​។ នេះ​មាន​ន័យ​ថា​ឱកាស​នៃ​ការរស់រាន​មាន​ជីវិត​របស់​ពួកគេ​គឺ​តិចតួច​ណាស់ ហើយ​តម្លៃ​នៃ​ការព្យាបាល​គឺ​រឹតតែ​ខ្ពស់​ទៅ​ទៀត​។ ជាមួយ​នឹង​ការរកឃើញ និង​ការព្យាបាល​ទាន់ពេលវេលា​ពី​ដំណាក់កាល​ដំបូង អ្នកជំងឺ​ទំនង​អាច​មាន​សង្ឃឹម​ជាសះស្បើយ​ឡើងវិញ​ដើម្បី​បន្ត​រស់នៅ​បានយូរ​ជាមួយ​ជីវិត​មាន​សុខភាព​ល្អ​ទៅ​មុខ​ទៀត​។


លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា “​វា​ជាការ​ពិត​នៃ​ជំងឺមហារីក​មាត់ស្បូន​គឺជា​កំពូល​ឃាតករ​ដែល​បាន​សម្លាប់​ស្ត្រី​កម្ពុជា​យ៉ាងច្រើន ប៉ុន្តែ​ជំងឺ​នេះ​អាច​ព្យាបាល​បាន​យ៉ាង​ងាយស្រួល​នៅ​ដំណាក់កាល​ដំបូង ហើយ​ក្នុង​ករណី​ជាច្រើន​វា​អាច​ត្រូវ​បាន​ទប់ស្កាត់​បាន​ជាមួយ​នឹង​ការចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​។


លោក​វេជ្ជបណ្ឌិត ព្រាប ឡី បាន​ចែករំលែក​ថា "​ផ្អែក​លើ​អ្នកជំងឺ​ដែល​យើង​សង្កេតឃើញ​នៅ​មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្តីសង្ឃឹម​ចំនួន​ករណី​ជំងឺមហារីក​មាត់ស្បូន​នៅ​កម្ពុជា​កំពុងតែ​កើនឡើង​។ ប្រសិន​បើ​ជំងឺមហារីក​មាត់ស្បូន​ស្ថិត​ក្នុង​ដំណាក់កាល​ទី​ 1 យើង​អាច​ធ្វើការ​វះកាត់​តាម​វិធី​ដ៏សាមញ្ញ ដើម្បី​ព្យាបាល​វា​ដែល​អាច​ផ្តល់​ឱកាស​រស់រាន​មាន​ជីវិត​ខ្ពស់​។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​អ្នក​ជំងឺ​ភាគច្រើន​របស់​យើង​បាន​មករក​ការព្យាបាល ឬ​ពិនិត្យ​រកមើល​ជំងឺ​នេះ​យឺត​ពេល​នៅពេល​ដែល​ជំងឺមហារីក​ប្រភេទ​នេះ​ស្ថិតក្នុង​ដំណាក់​​កាល​ទី​ 3 ឬ​ទី​ 4 រួច​ទៅ​ហើយ​។

ខ្ញុំ​ពិតជា​មាន​ការ​រន្ធត់ចិត្ត​យ៉ាងខ្លាំង និង​សោកស្តាយ​នៅពេល​ឃើញ​ពួកគេ​ដូច្នោះ​។

ជម្រើស​នៃ​ការព្យាបាល​នៅ​មាន​កម្រិត​ហើយ​រួមបញ្ចូល​ការ​បញ្ជូន​ទៅ​ព្យាបាល​បន្ត​ដោយ​គីមី​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​។"

លោក​វេជ្ជបណ្ឌិត​ ឡី បាន​ពន្យល់​ថា "​ជំងឺមហារីក​មាត់ស្បូន​ជារឿយៗ​បណ្តាល​មកពី​វីរុស HPV ដែល​ជា​ការ​ចម្លងរោគ​តាមរយៈ​ការរួម​ភេទ​"​។ អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​វីរុស HPV និង​ការវិវត្ត​ទៅ​ជា​ជំងឺមហារីក​មាត់ស្បូន​គឺជា​ស្ត្រី​ដែល​មាន​ការរួមភេទ​យ៉ាង​សកម្ម​ចាប់ពី​អាយុ​ 20 ទៅ 30 ​ឆ្នាំ​។ លោក​វេជ្ជបណ្ឌិត​បាន​ជំរុញ​ឱ្យ​ស្ត្រី​ទាំងអស់​ពិនិត្យ​មាត់ស្បូន​ជា​រៀងរាល់ 3 ​ឆ្នាំ​ក្នុង​វ័យ​អាយុ​ចន្លោះ​នេះ​ដើម្បី​អាច​ការពារ​ទប់ស្កាត់​ជំងឺមហារីក​មាត់​ស្បូន​នៅ​ដំណាក់កាល​ដំបូង​ទាន់ពេល​។

បើ​អ៊ីចឹង តើ​អ្វី​ជា​រឿង​ដ៏ល្អ​បំផុត​ដើម្បី​ការពារ​ជំងឺមហារីក​មាត់ស្បូន​? កុមារ​អាយុ 9 ទៅ 12 ឆ្នាំ​គួរតែ​ទទួល​ការចាក់​វ៉ាក់សាំង HPV ។

លោក​វេជ្ជបណ្ឌិត ឡី បាន​សរុប​ថា​៖ "​មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្តីសង្ឃឹម​ធ្វើ​ការ​ដើម្បី​ធានា​ថា​ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ទទួល​បាន​ការថែទាំ​សុខភាព​ដែល​មាន​គុណភាព​" ។ "​យើង​មិន​អាច​សង្កត់ធ្ងន់​ឱ្យ​បាន​គ្រប់គ្រាន់​ថា​តើ​វា​មាន​សារៈសំខាន់​យ៉ាងណា​សម្រាប់​ប្រជាជន​របស់​យើង​ក្នុងការ​ថែទាំ​សុខភាព​របស់​ពួកគេ​។ ទទួល​ការពិនិត្យ​ស្វែងរក​ជា​ទៀងទាត់ ស្វះ​ស្វែងរក​ការព្យាបាល​ទាន់ពេល ដើម្បី​រស់នៅ​បាន​យូរ​ជាមួយ​គ្រួសារ​របស់​អ្នក​។ "

មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម (SHCH) ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ 1996 ដោយមាន​បេសកកម្ម​ផ្តល់​ការថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​ប្រជាជន​ក្រីក្រ​ដែល​ជួប​ការលំបាក​ផ្សេងៗ​នៅ​កម្ពុជា​ស្រប​ជាមួយ និង​ការបណ្តុះ​​បណ្តាល​អ្នក​ជំនាញ​សុខភាព​កម្ពុជា​ជំនាន់​ក្រោយ​។ អ្នកជំងឺ​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​អាច​បង់ប្រាក់​ដើម្បី​ជ្រើសរើស​សេវាកម្ម​ថែទាំ​សុខភាព ដូចជា​ការធ្វើ​តេស្ត​តាមរយៈ​មន្ទីរពិសោធន៍ និង​ទទួល​បាន​ឱសថ​ដែល​មិនមែន​ជា​ការបរិច្ចាគ​ពី​ម្ចាស់​ជំនួយ​ផ្សេងៗ ហើយ​ត្រូវ​បង់ប្រាក់​ចំពោះ​អ្វីដែល​ពួកគេ​អាច​មាន​លទ្ធភាព​៕