នៅពេល​រោងចក្រ​សម្លៀកបំពាក់ Jiw Wei Cambodia Garment Factory Ltd ត្រូវបាន​បង្កើត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១១ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការអំពាវនាវ​របស់​រដ្ឋាភិបាល​ដែល​ជំរុញ​ឱ្យ​វិនិយោគិន​បរទេស​ជួយ​ជំរុញ​ដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន JIA WEI Cambodia លោក Raymond Tam បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «១៥ ​ឆ្នាំមុន​នៅពេល​ដែល​យើង​ជ្រើសរើស​ប្រទេស​កម្ពុជា​ជា​មូលដ្ឋាន​ផលិតកម្ម​របស់​យើង​ថ្លៃដើម​នៃ​ការផលិត​សម្លៀកបំពាក់​នៅលើ​ទីផ្សារ​ក្នុងស្រុក ដូចជា​ប្រាក់​ឈ្នួល ទីតាំង​រោងចក្រ និង​ការដឹកជញ្ជូន​នៅមានកម្រិត​ទាប ហើយ​អ្វី​ដែល​គួរឱ្យ​ទាក់ទាញ​សម្រាប់​យើង​មក​វិនិយោគ​នៅ​កម្ពុជា គឺ​ដោយសារ​រដ្ឋាភិបាល​បានផ្តល់​ការលើក​ទឹកចិត្ត​ផ្នែក​ពន្ធដារ ខណៈ​ប្រទេស​នេះ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។


ដោយ​ចូលរួម​នៅក្នុង​ឧស្សាហកម្ម​ផលិត​សម្លៀកបំពាក់​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​ ១ ​ទសវត្សរ៍​កន្លងមក​នេះ លោក Raymond ដែល​ក៏​ជា​នាយក​សមាគម​ពាណិជ្ជកម្ម​ហុងកុង​នៅ​កម្ពុជា (HKBAC) និង​ជា​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ​ផងដែរ​នោះបាន​ឃើញ​ឧស្សាហកម្ម​មួយ​នេះ​មាន​ការវិវត្ត​ខ្លាំង​ជាពិសេស​នៅក្នុងពេល​បច្ចុប្បន្ន​។


«​នៅពេល​យើង​ចាប់ផ្តើម​ផលិត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១១ យើង​បាន​ចាប់ផ្តើម​ពី​រោងចក្រ​តូច​មួយ និង​មាន​កម្លាំង​ពលកម្ម​តិច​»​។


ប៉ុន្តែ​សព្វថ្ងៃ យើង​មាន​រោងចក្រ​ធំ​មួយ​នៅ​ផ្លូវ​វេងស្រេង រាជធានី​ភ្នំពេញ និង​មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ដែល​មាន​ទីតាំង​នៅក្បែរ​នោះ ដែល​មាន​បុគ្គលិក​ជាង ១ ២០០ នាក់​រួមទាំង​បុគ្គលិក​ផ្នែក​គ្រប់គ្រង​ផងដែរ​»​។


អស់​រយៈពេល​ជាច្រើន​ឆ្នាំ JIE WEI បាន​ផលិត និង​នាំចេញ​សម្លៀកបំពាក់​ប្រមាណ​ ១០ ​លាន​ខោអាវ ទៅ​សហភាព​អឺរ៉ុប (EU) ជា​រៀងរាល់​ឆ្នាំ​។


ទោះ​យ៉ាងណា​ជាមួយ​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ នៅ​ដើម​ឆ្នាំ ២០២០ ​នេះ និង​សហភាព​អឺរ៉ុប​បាន​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​កម្ពុជា កាលពី​ខែសីហា ក្រុមហ៊ុន​ត្រូវ​ពិនិត្យមើល​ទីផ្សារ​ថ្មី​ជំនួស និង​វិធីសាស្ត្រ​ថ្មីៗ​ក្នុង​ការធ្វើ​អាជីវកម្ម​ដើម្បី​ទ្រទ្រង់​ប្រតិបត្តិការ​របស់​ខ្លួន​ឱ្យមាន​ការប្រកួតប្រជែង​។

ជា​ភ័ព្វសំណាង​សម្រាប់ JIE WEI វិធីសាស្ត្រ​ធ្វើ​ពិពិធកម្ម​របស់​ពួកគេ​ទៅក្នុង​ទីផ្សារ​អាមេរិក និង​កាណាដា​ទទួល​បាន​ភាគលាភ​ល្អ​។

តើ​អ្នកណា​ដែល​គិតដល់​ថា​ជំងឺ​កូវីដ-១៩ បានធ្វើឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​របស់​យើង​នៅតែ​មាន​អ្នកត្រូវការ ជាពិសេស​នៅពេល​មាន​ភាពមិនប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​បែបនេះ​?

«​ទោះ​ជឿ ឬ​មិន​ជឿ ការផលិត​ខោអាវ​គេង​បាន​ជួយ​ឱ្យ​អាជីវកម្ម​របស់​យើង​នៅ​ដំណើរការ​ធម្មតា​។ ក្នុង​អំឡុងពេល​នៃ​ការរីករាល​ជំងឺ​កូវីដ​១៩ ប្រជាជន​ភាគច្រើន​បាន​ស្នាក់នៅ​ក្នុងផ្ទះ ហើយ​តម្រូវការ​ខោអាវ​គេង​បាន​កើនឡើង​ជា​លំដាប់​។

លោក Raymond មាន​ប្រសាសន៍​ថា​៖ «​ជា​លទ្ធផល អ្នកបញ្ជា​ទិញ​ផ្ទាល់​ពី​យើង​គឺមាន​ហាង Target និង Walmart ដែល​បាន​ស្នើសុំ​ឱ្យ​យើង​ផលិត និង​នាំចេញ​នូវ​ខោអាវ​គេង​យប់​នៅក្នុង​បរិមាណ​ដ៏ច្រើន​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក និង​រហូត​ដល់​ទីផ្សារ​កាណាដា​»​។

ចំពោះ​បញ្ហា​ប្រឈម​ដែល​សហភាព​អឺរ៉ុប​ដក EBA ផ្នែក​ខ្លះ​ពី​កម្ពុជា​សម្រាប់​លោក Raymond មាន​ទំនុកចិត្ត​ថា​ជាមួយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង និង​មាន​ផែនការ​ធ្វើ​ពិពិធកម្ម​អាជីវកម្ម​ទៅក្នុង​ទីផ្សារ​ដែល​ចំណេញ​ច្រើន ហើយ​នៅពេល​អនាគត JIE WEI អាច​នឹង​ពឹងផ្អែក​តិច​ទៅលើ​ទីផ្សារ​អឺរ៉ុប​។

លោក​បាន​បន្ថែមថា​៖ «​ការព្រួយបារម្ភ​ចម្បង​សម្រាប់​យើង​ជាមួយ​ទីផ្សារ​អឺរ៉ុប គឺ​ចាប់ពី​ខែ​សីហា ឆ្នាំ ២០២០ ពន្ធ​នាំចូល​នឹងត្រូវ​អនុវត្ត​លើ​ ៤០ ​ប្រភេទ​គឺ​ ២៥ ​ប្រភេទ​សម្រាប់​សម្លៀកបំពាក់ ៩ ​ប្រភេទ​សម្រាប់​ស្បែកជើង និង ៦ ​ប្រភេទ​សម្រាប់​កាបូប​។ ជាមួយ​នឹង​ការយកពន្ធ​លើ​ការបញ្ជាទិញ​នឹង​ធ្វើឱ្យ​ការនាំចេញ​របស់​យើង​ថយចុះ​។

«​ការកាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​អាច​ជា​ជម្រើស​មួយ​ផ្សេងទៀត​ដែល​យើង​អាច​ពិចារណា​ប្រសិនបើ​យើង​មាន​គម្រោង​ផ្តោត​ជាថ្មី​ម្តងទៀត​នៅលើ​ទីផ្សារ​អឺរ៉ុប ប៉ុន្តែ​សម្រាប់​ពេលនេះ យើង​ក៏​នឹង​ស្វែងរក​ដំណោះស្រាយ និង​ឱកាស​ផ្សេងទៀត​ដែល​អាច​កាត់បន្ថយ​ការបាត់បង់​សក្តានុពល​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប​»​។

ទោះ​យ៉ាងណា​ក៏ដោយ​សម្រាប់ JIE WEI ការផលិត​សម្លៀកបំពាក់​សម្រាប់​គេង​យប់ច្បាស់​ណាស់​រងផលប៉ះពាល់ ស្រប​ពេល​ដែល​មាន​ភាព​មិន​ប្រាកដ​នៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​ទូទាំង​ពិភពលោក​៕