ជម្រាប​សួរ!

ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង​ដែល​បាន​ផ្ញើ​សារ​ទៅ​កាន់​មិត្តភក្តិ អ្នកគាំទ្រ​វីដេអូ​របស់​ខ្ញុំ​លើ​ហ្វេសប៊ុក និង​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុង​សបា្តហ៍​មហោស្រព​គីហ្សូណា​ជប៉ុន និង​កម្ពុជា​ដែល​ជា​ព្រឹត្តិការណ៍​វប្បធម៌​ជប៉ុន​ធំ​ជាង​គេ​នៅ​កម្ពុជា​។


ពាក្យ​ភាសា​ជប៉ុន «​គីហ្សូណា​» មាន​ន័យ​ថា «​ចងចិត្ត​» ហើយ​យើង​ជ្រើសរើស​ពាក្យ​នេះ​ជា​ឈ្មោះ​សម្រាប់​មហោស្រព​របស់​យើង​តាំងពី​ឆ្នាំ​ ២០១២ ដោយ​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​និមិត្តរូប​នៃ​ចំណង​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រជាជន​យើង​ទាំង​ ២ ​កាន់តែ​ស្អិតល្មួត​។ ចាប់​តាំងពី​ពេល​នោះ​មក មហោស្រព​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ជប៉ុន-កម្ពុជា (CJCC) ហើយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បាន​ទាក់ទាញ​ចំនួន​អ្នក​ចូលរួម​កាន់តែ​ច្រើន​ទៅៗ​។ នេះ​គឺជា​អ្វី​ដែល​លើសពី​ការរំពឹង​ទុក​របស់​យើង ហើយ​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ដែល​ផ្តល់​ឱកាស​ឲ្យ​អ្នក​ចូលរួម​អាច​ជួប​គ្នា និង​ផ្លាស់ប្តូរ​គំនិត​យោបល់ និង​ព័ត៌មាន​ទៅវិញ​ទៅមក​។


ឱកាស​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​គឺ​មិន​កំណត់​លើ​តែ​ព្រឹត្តិការណ៍​វប្បធម៌ តែ​មួយ​មុខ​ទេ​។ យើង​ក៏​មាន​ព្រឹត្តិការណ៍​ការទូត​ជាច្រើន​នៅ​អំឡុងពេល​ឆ្នាំ​មុន​ផងដែរ​។ ទាំងនោះ​រួម​មាន​ការបង្កើត​ការិយាល័យ​កុងស៊ុល​នៅ​ខេត្ត​សៀមរាប និង​ដំណើរ​ទស្សនកិច្ច​ជាច្រើន​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​ដូចជា ដំណើរ​ទស្សនកិច្ច​របស់​សមេ្តច​តេជោ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទៅ​កាន់​ប្រទេស​ជប៉ុន និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន និង​កម្ពុជា​។


ចំណែក​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​វិញ​ខ្ញុំ​រីករាយ​ដោយ​បាន​ឃើញ​ការកើនឡើង​នៃ​ចំនួន​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​វិនិយោគ​យ៉ាង​សកម្ម​នៅ​កម្ពុជា និង​កំពុង​ចូលរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។ លើស​ពី​នេះ​ខ្ញុំ​សូម​ជម្រាប​ជូន​ថា ចំនួន​ភ្ញៀវទេសចរ​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន​កំពុង​បន្ត​កើនឡើង​ជា​លំដាប់​។ នៅ​ឆ្នាំ​ ២០១៨ ចំនួន​ភ្ញៀវទេសចរ​ច្រើន​ជាង​ ២ ​ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​។


ដោយ​ផ្អែក​ទៅ​លើ​ការអភិវឌ្ឍ​យ៉ាង​ដូច្នេះ​យើង​បាន​ពង្រីក​វិសាលភាព​នៃ​កម្មវិធី​ជាច្រើន​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​គីហ្សូណា​ផង​ដែរ​។ មហោស្រព​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ២១ ដល់​ថ្ងៃទី​ ២៤ ខែ​កុម្ភៈ​ហើយ​ប្រធានបទ​ក្នុង​ឆ្នាំ​នេះ​គឺ «Experience Together»​។


គ្រប់​កម្មវិធី​ទាំងអស់​នៅក្នុង​មហោស្រព​ឆ្នាំ​នេះ គឺ​រួម​បញ្ចូល​បទពិសោធន៍​ដែល​អ្នកចូលរួម​អាច​ធ្វើ​សកម្មភាព​រួម​គ្នា​ជាមួយ​នឹង​សិល្បករ ឬ​អ្នក​សម្តែង​ដូចជា ក្រុម​រាំ street dance ដែល​នាំ​មុខ​គេ​របស់​ជប៉ុន គឺ​«Area Rock Styler» និង​ក្រុម «MINYO GIRLS» ដែល​នឹង​សម្តែង​តន្ត្រី​ជប៉ុន​បុរាណ និង​សម័យ​ព្រម​ទាំង​ការសម្តែង​ប្រពៃណី​ខ្មែរ ល្ខោនបាសាក់ ផង​ដែរ​។

ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាជន​កម្ពុជា​ជាច្រើន​នាក់​នឹង​ចូលរួម​រីករាយ​ក្នុង​កម្មវិធី​វប្បធម៌​ជប៉ុន-កម្ពុជា​ក្នុង​អំឡុង​ព្រឹត្តិការណ៍​មហោស្រព​នេះ​។

យើង​ទន្ទឹង​រង់ចាំ​ជួប​លោក លោកស្រី ក្មួយៗ​នៅក្នុង​មហោស្រព​គីហ្សូណា ២០១៩ ឆាប់ៗ​នេះ!