ធនាគារ​កម្ពុជា​សាធារណៈ​អនុវត្ត​យុទ្ធសាស្ត្រ​ ដើម្បី​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម

Content image - Phnom Penh Post
លោក Phan ៖ ធនាគារ​កម្ពុជា​សាធារណៈ​តែងតែ​គាំទ្រ​ដល់ SMEs នៅ​កម្ពុជា ។

នៅពេល​ក្រុមហ៊ុន Public Bank Group បាន​ចាប់ផ្តើម​ប្រតិបត្ដិការ​ធនាគារ​កម្ពុជា​សាធារណៈ​ក្នុង​ឆ្នាំ​ ១៩៩២ ដែល​អនុវត្ត​គំរូ​ធនាគារ​លក់រាយ និង​ផ្តោតលើ​ការគាំទ្រ​ដល់​កំណើន​សហគ្រាស​ធុន​តូច និង​មធ្យម​ (SMEs) ហើយ​បាន​ជួយ​ឱ្យ​ធនាគារ​មួយ​នេះ​ក្លាយ​ជា​ធនាគារ​ដ៏សំខាន់​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

បច្ចុប្បន្ន​យុទ្ធនាការ «​អ្នកជិតខាង​របស់​ខ្ញុំ អតិថិជន​ខ្ញុំ​» របស់​ធនាគារ​កម្ពុជា​សាធារណៈ​កំពុង​ពង្រឹង​ជំហរ​របស់ខ្លួន​បន្ថែម​ទៀត​នៅក្នុង​វិស័យ​ធនាគារ​តាមរយៈ​ការកសាង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជីវកម្ម​ខ្នាតតូច​ក្នុងស្រុក និង​សហគមន៍ SMEs ។

នៅក្នុង​បទសម្ភាស​ផ្តាច់មុខ​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នាយក និង​ជា​ប្រធាន​ប្រតិបត្តិ​ប្រចាំ ឥណ្ឌូចិន លោក Phan Ying Tong មាន​ប្រសាសន៍​ថា SMEs គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​។

«​នៅពេល​ធនាគារ​កម្ពុជា​សាធារណៈ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដំបូង​យើង​យក​គំរូ​តាម​ប្រតិបត្ដិការ​របស់​យើង​ដែល​បាន​ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ក្នុង​នាម​ជា​ធនាគារ​លក់រាយ​យើង​មិន​ផ្តោតលើ​គម្រោង​ធំៗ​ទេ ប៉ុន្តែ​យើង​ផ្តោតលើ SMEs វិស័យ​លក់រាយ និង​អតិថិជន​ជា​លក្ខណៈ​បុគ្គល​»​។

លោក​បញ្ជាក់​ថា​គម្រោង​ធំៗ​មិន​មាន​ញឹកញាប់​ទេ ហើយ​បើ​មើល​កំណត់ត្រា​​របស់​ធនាគារ​សាធារណៈ​នៅ​ម៉ាឡេស៊ី​ និង​កម្ពុជា​វា​បាន​បង្ហាញថា គំរូ​របស់​ធនាគារ​គឺ​មាន​និរន្តរភាព និង​ទទួល​បាន​ផលចំណេញ​។

ធនាគារ​កម្ពុជា​សាធារណៈ​ក៏​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​នៅក្នុង​ការលើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ យុទ្ធនាការ​ «​អ្នកជិតខាង​របស់​ខ្ញុំ អតិថិជន​ខ្ញុំ​» ​គឺ​កំពុង​បង្រៀន​ដល់​សហគមន៍​មូលដ្ឋាន​រួមបញ្ចូល​ពាណិជ្ជករ​តូចតាច​ក៏ដូចជា​សហគ្រាស​ខ្នាតតូច​អំពី​សេវា​ធនាគារ​ដែល​ពួកគេ​អាច​ទទួល​បាន​។

«​យើង​ចែករំលែក​ជាមួយ​ពួកគេ​ថា​តើ​សេវា​ធនាគារ​ណា​អាចជួយ​ពួកគេ​បាន ក្នុង​ការ​ពង្រីក​អាជីវកម្ម​ ឬ​បើក​អាជីវកម្ម​​ថ្មី​។ ពួកគេ​ភាគច្រើន​មិន​បាន​ដឹងថា​​តើ​ពួកគេ​ត្រូវ​ទទួល​ប្រាក់កម្ចី​ពី​ធនាគារ​ដោយ​របៀប​ណា​នោះទេ​។

លោក​បាន​ពន្យល់​ថា​យុទ្ធនាការ «​អ្នកជិតខាង​របស់​ខ្ញុំ អតិថិជន​ខ្ញុំ​» គឺ​ត្រូវបាន​អនុវត្ត​នៅតាម​សាខា​នីមួយៗ​ដោយ​ផ្តោតលើ​សង្កាត់​នៅ​ជុំវិញ​។

យុទ្ធនាការ​សហគមន៍​ «​អ្នកជិតខាង​របស់​ខ្ញុំ អតិថិជន​ខ្ញុំ​» របស់​ធនាគារ​កម្ពុជា​សាធារណៈ​គឺ​អនុវត្តតាម​ពាក្យ​ស្លោក​ «​ធ្វើឲ្យ​អ្នកជិតខាង​របស់​អ្នក​រីកចម្រើន​» ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ម៉ាហាធៀ ម៉ូហាម៉ាដ ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ក្នុង​អំឡុងពេល​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ជុំ​ដំបូង​។ គំនិត​ផ្តួចផ្តើម​នេះ​បាន​លើកទឹកចិត្ត​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដើម្បី​ជួយ​ប្រទេស​កំពុង អភិវឌ្ឍន៍​ដទៃទៀត​ឱ្យ​រួច​ផុតពី​វដ្ត​នៃ​ភាពក្រីក្រ​។

ដាក់ចេញ​ផែនការ​ជោគជ័យ

ក្រៅពី​គំនិត​ផ្តួចផ្តើម​ខាងក្រៅ​របស់​ខ្លួន​ក្នុង​ការជួយ​ដល់ SMEs នៅ​កម្ពុជា​ឲ្យ​រីកចម្រើន ធនាគារ​កម្ពុជា​សាធារណៈ​មាន​ផែនការ​ជោគជ័យ​រយៈពេល​វែង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការដឹកនាំ​ប្រតិបត្តិការ​ធនាគារ​។

«​យើង​បាន​វិនិយោគ​យ៉ាងច្រើន​ទៅ​លើ​ការបណ្តុះបណ្តាល​បេក្ខជន​ដែល​សមស្រប​ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ជំហាន​ដំបូង [​នៃ​ផែនការ​ជោគជ័យ​] ហើយ​ប្រធាន​គ្រប់គ្រង​នៅ​គ្រប់​សាខា​របស់​យើង​ទាំងអស់​គឺជា​ជនជាតិខ្មែរ​។ យ៉ាងណា​ក៏ដោយ​ផែនការ​ជោគជ័យ​នៅឯ​ស្នាក់ការ​កណ្តាល​របស់​យើង​មាន​បញ្ហា​ប្រឈម​ច្រើន​ជាង ពីព្រោះ​ផ្នែក​ខ្លះ​ត្រូវការ​បុគ្គលិក​ដែល​មាន​ជំនាញ​ពិសេស​ដែល​បច្ចុប្បន្ន​មាន​ចំនួន​តិចតួច​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក Phan ថ្លែង​ថា​៖ «​វា​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​កំពុង​បន្ត​ហើយ​យើង​លើកទឹកចិត្ត និង​ឧបត្ថម្ភ​ដល់​បុគ្គលិក​ជាន់​ខ្ពស់​ឱ្យ​ចុះឈ្មោះ​ចូលរៀន​វគ្គ​សិក្សា​ជាមួយ​វិទ្យាស្ថាន Asian Institute of Chartered Bankers នៅ​ទីក្រុង​គូឡាឡាំពួរ ដើម្បី​ទទួល​បាន​ការទទួលស្គាល់​ជា​ធនាគារិក​អាជីព​។ ក្រោយមក ពួកគេ​ក៏​អាច​ទទួល​បាន​ការទទួល​ស្គាល់​ជា​ធនាគារិក​ដែលមាន​ការទទួលស្គាល់​នៅក្នុង​ចក្រភព​អង់គ្លេស​ផងដែរ​»​។

លោក​បន្ត​ថា​ការឧបត្ថម្ភ​សម្រាប់​ការសិក្សា​ផ្នែក​ធនាគារ​របស់​និយោជិត គឺជា​កិច្ចសហការ​ជាមួយ​ធនាគារ Bank Negara Malaysia ដែល​អនុវត្ត​ដោយ​ធនាគារ​សាធារណៈ​នៅ​ម៉ាឡេស៊ី​ហើយ​ឱកាស​ត្រូវបាន​ពង្រីក​ដល់​និយោជិត​នៅ​កម្ពុជា​៕