យោងតាម​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ធនាគារ Phillip Bank លោក Han Peng Kwang បាន​ឲ្យ​ដឹងថា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត​ទាប​នៅឡើយ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ផ្អែក​ទៅ​លើ​ការពិត​ដែល​ថា​ប្រជាជន​តែមួយ​ភាគ​តូច​ប៉ុណ្ណោះ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​គណនី​ធនាគារ ហើយ​ប្រជាជន​ភាគច្រើន​គឺ​នៅ​មិន​ទាន់​មាន​គណនី​ធនាគារ​នៅ​ឡើយ​ទេ​។

លោក​ថ្លែង​ថា​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ ឬ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាជន​ពីព្រោះ​អ្នក​ដែល​មាន​ការយល់ដឹង​ខ្ពស់​អំពី​ហិរញ្ញវត្ថុ​ទំនង​មាន​គម្រោង​សម្រាប់​ការចូលនិវត្តន៍​ច្បាស់លាស់​នៅពេល​ពួកគេ​ចូល​ដល់​វ័យ​ចំណាស់ ហើយ​នៅពេល​ឈប់​បំពេញ​ការងារ​ពួកគេ​ចេះ​បង្កើត​មូលនិធិ​សង្គ្រោះ​បន្ទាន់​។


លោក​បន្ថែម​ថា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នឹង​ជួយ​ពួកគេ​មិន​ឲ្យ​ចំណាយ​ច្រើន​ហួសហេតុ​ ឬ​ខ្ចីប្រាក់​ច្រើន​ហួស​ដែល​ប្រឈម​នឹង​បញ្ហា​អត្រា​ការប្រាក់​ខ្ពស់ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​របស់​ពួកគេ​រយៈពេល​វែង​។


លោក​មាន​ប្រសាសន៍​ថា​៖ «​នៅពេល​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង និង​អនុវត្ត​គំនិត​នៃ​ការរៀបចំ​ថវិកា ការសន្សំ ការយល់ដឹង​អំពី​អត្រា​ការប្រាក់ យុទ្ធសាស្ត្រ​វិនិយោគ​នោះ​ពួកគេ​អាច​គ្រប់គ្រង​ និង​ធ្វើការ​សម្រេចចិត្ត​លើ​បញ្ហា​ហិរញ្ញវត្ថុ​ និង​ស្ថិរភាព​ហិរញ្ញវត្ថុ​បាន​ដោយ​ខ្លួនឯង​»​។ លោក​បន្ថែម​ថា​វា​នឹង​ជួយ​ពួកគេ​ឱ្យធ្វើ​ការសម្រេច​ចិត្ត​លើ​ការវិនិយោគ​បាន​កាន់​ត្រឹមត្រូវ ហើយ​ក៏​អាច​ការពារ​ពួកគេ​មិន​ឱ្យ​ចាញ់បោក​ពី​ការដាក់​លុយ​វិនិយោគ​ដើម្បី​យក​ការប្រាក់​ខ្ពស់​ដែរ (Ponzi schemes)​។


លោក Han បញ្ជាក់​ថា​ធនាគារ ហ្វីលីព បាន​ជួយ​មួយ​ផ្នែក​ចំពោះ​ការផ្តល់​ដំបូន្មាន​ និង​ការណែនាំ​ដល់​អ្នក​ខ្ចីលុយ​ដើម្បី​ការពារ​ពួកគេ​កុំ​ឲ្យ​ជំពាក់​បំណុល​ច្រើន​ហួស​ដែល​អាច​បំផ្លាញ​ដល់​អាជីវកម្ម​របស់​ពួកគេ​។


ទន្ទឹម​នឹង​នេះដែរ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ធនាគារ​ដូចជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត​បាន​បង្រៀន​អំពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ដល់​ប្រជាជន​កម្ពុជា​រាប់ពាន់​នាក់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ដែល​ជា​ផ្នែក​មួយ​នៃ​កាតព្វកិច្ច​សង្គម​របស់​ពួកគេ​។


លោក Han ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ថា​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​គួរតែ​ត្រូវ​ចាប់ផ្តើម​ពី​វ័យក្មេង​ទៅ​ធ្វើ​ដូច្នេះ​ទើប​ពួកគេ​អាច​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បាន​លឿន​»​។

លោក​លើក​ឡើង​ទៀតថា​វា​អាច​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ពួកគេ​ក្នុង​ការបណ្ដុះបណ្ដាល​អំពី​ទម្លាប់​គ្រប់គ្រង​លុយកាក់​បាន​ល្អ​តាំងពី​ពួកគេ​នៅ​វ័យក្មេង ហើយ​ក៏​ដើម្បី​បង្ការ​ពួកគេ​កុំ​ឲ្យ​ប្រព្រឹត្តិ​កំហុសឆ្គង​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដែល​អាច​នាំឱ្យ​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ពេញ​មួយជីវិត​នៅពេល​ពួកគេ​ធំ​ឡើង​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ថា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គួរ​ដាក់បញ្ចូល​ជា​ផ្នែក​មួយ​ទៅក្នុង​កម្មវិធីសិក្សា​ចំណេះដឹង​ទូទៅ​សម្រាប់​សិស្សានុសិស្ស​»​។

វិស័យ​ឯកជន ជាពិសេស​វិស័យ​ហិរញ្ញវត្ថុ​អាច​ដើរតួនាទី​យ៉ាង​សកម្ម​ក្នុង​ការលើកកម្ពស់​ប្រធានបទ​មួយ​នេះ​ហើយ​វា​ក៏​ជា​ការរួមចំណែក​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ផង​ដែរ​៕