សេដ្ឋកិច្ចដោយប្រើប្រាស់ប្រាក់រៀលអាចជួយឲ្យធនាគារជាតិនៃកម្ពុជា (NBC) គ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ហើយព្រមទាំងអាចជួយការពារសេដ្ឋកិច្ចក្នុងស្រុកពីវិបត្តិហិរញ្ញវត្ថុ ឬការជះឥទ្ធិពលពីសេដ្ឋកិច្ចបរទេសផងដែរ។
ការប្រើប្រាស់រូបិយវត្ថុ ២ គឺប្រាក់រៀល និងប្រាក់ដុល្លារអាមេរិកព្រមគ្នាបានផ្តល់អត្ថប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាទូទៅដោយបង្កើតបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងនាំយកការវិនិយោគផ្ទាល់ពីបរទេសដែលជាតម្រូវការចាំបាច់។ មិនតែប៉ុណ្ណោះបរិបទកំណើននេះនឹងកាន់តែប្រសើរឡើងថែមទៀតប្រសិនបើព្រះរាជាណាចក្រកម្ពុជាអាចប្តូរទៅប្រើប្រាស់ប្រាក់រៀលទាំងស្រុង។
ក្នុងឱកាសដែលធនាគារជាតិនៃកម្ពុជាប្រារព្ធពិធីអបអរខួបលើកទី ៣៩ នៃការដាក់ឲ្យប្រើប្រាស់ប្រាក់រៀលឡើងវិញ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ប្រទេសកម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ច្រើនទៀត ប្រសិនបើប្រាក់រៀលត្រូវបានប្រើប្រាស់ពេញលេញជារូបិយប័ណ្ណតែមួយគត់នៅក្នុងប្រទេស។
លោក ប៊ុន យីន មានប្រសាសន៍ថា៖ «ជាទូទៅការប្រើប្រាស់រូបិយប័ណ្ណរបស់យើងតែមួយគត់នឹងជួយឲ្យធនាគារជាតិអាចគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ។ ហើយប្រសិនបើប្រទេសកម្ពុជាអាចគ្រប់គ្រងការប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួនបាននោះយើងនឹងអាចកំណត់នូវគោលដៅ ឬគោលនយោបាយអត្រា (ការប្រាក់) សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ»។
លោកបានបន្ថែមថា៖ «គោលនយោបាយរូបិយវត្ថុប្រកបដោយប្រសិទ្ធភាពខ្ពស់នឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ច និងអាចជួយទប់ស្កាត់រាល់បញ្ហាជាយថាភូតនានា។ ក្នុងរយៈពេលយូរអង្វែង វានឹងផ្តល់ផលវិជ្ជមានសម្រាប់ស្ថិរភាពសេដ្ឋកិច្ចក៏ដូចជាស្ថិរភាពតម្លៃទំនិញ និងសេវាកម្មផងដែរ»។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែពឹងផ្អែកលើការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជាដែលមានចំនួនប្រមាណ ៨៣ ភាគរយនៃសេដ្ឋកិច្ចក្នុងស្រុករាប់ចាប់ពីវិស័យធនាគាររហូតដល់ការលក់ដូរតូចតាចតាមដងផ្លូវជាដើមដែលបានគ្របដណ្តប់នៅលើទីផ្សារចាប់តាំងពី ១៩៩២ មក ម្ល៉េះ នៅពេលដែលអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) បានចូលមកក្នុងប្រទេសកម្ពុជា។
យោងតាមទីភ្នាក់ងារអន្ដរជាតិបានឲ្យដឹងថា ជាការពិតណាស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងស្ថិតនៅលើគ្រឹះមួយដ៏រឹងមាំជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបប្រមាណ ៧ ភាគរយក្នុង ១ ឆ្នាំក្នុងអំឡុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះដែលវាបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត ១ ទាំងនៅក្នុងតំបន់អាស៊ានក៏ដូចនៅលើសកលលោក។
ម្យ៉ាងវិញទៀតការប្រើប្រាស់ប្រាក់រៀលទាំងស្រុងពុំធ្វើឲ្យប៉ះពាល់ដល់វិស័យផ្សេងៗទៀតឡើយ។ ផ្ទុយទៅវិញវានឹងជួយជំរុញកំណើនវិស័យផលិតកម្មទៀតផង។
ប្រាក់រៀលអាចជួយលើកកម្ពស់វិស័យផលិតកម្មដោយកាត់បន្ថយការចំណាយផលិតកម្ម និងជំរុញការនាំចេញជាមួយផលិតផលមានតម្លៃទាប ដែលអាចបង្កើតឱកាសការងារជាច្រើន និងអាចរកចំណូលបន្ថែមពីការប្តូរប្រាក់សម្រាប់រតនាគារ។
លោក ប៊ុន យីន បន្តថា៖ «ការចំណាយលើផលិតកម្មអាចចុះទាបប្រសិនបើយើងប្រើប្រាស់រូបិយវត្ថុក្នុងស្រុក ហើយប្រទេសកម្ពុជាអាចនាំចេញផលិតផលរបស់ខ្លួនបានកាន់តែច្រើន ហើយវាផ្តល់ផលវិជ្ជមានសម្រាប់ប្រទេសជាតិ»។
ទោះបីជាធនាគារជាតិខិតខំកាត់បន្ថយការចរាចរប្រាក់ដុល្លារអាមេរិក និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឲ្យបានទូលំទូលាយក្តី ក៏នៅតែមានការឆ្លើយតបយឺតយ៉ាវនៅឡើយពីទីផ្សារ ចំពោះអ្នកបង្កើតគោលនយោបាយ ដែលកំពុងបន្តវិធីសាស្ត្រ ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល។
លោក ប៊ុន យីន បានបន្ថែមថា៖ «យើងត្រូវយល់ថាការផ្លាស់ប្តូរពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកទៅរូបិយវត្ថុក្នុងស្រុកគឺទាមទារឲ្យមានកិច្ចប្រឹងប្រែងយូរអង្វែង។ យើងមិនអាចធ្វើការផ្លាស់ប្តូរទម្លាប់អាជីវកម្ម និងទម្លាប់របស់បុគ្គលម្នាក់ៗក្នុងរយៈពេលខ្លីបាននោះទេ។ តែទោះបីជាយ៉ាងណាក៏ដោយ យើងនៅតែមើលឃើញការខិតខំប្រឹងប្រែងសម្របសម្រួលពីរាជរដ្ឋាភិបាល និយតករ និងការចូលរួមពីម្ចាស់អាជីវកម្មឯកជនជាច្រើន»។
លោកមានប្រសាសន៍ថា៖ «ធនាគារជាតិនៃកម្ពុជាបានជំរុញយ៉ាងខ្លាំងក្លាឲ្យមានការចរាចរសាច់ប្រាក់រៀលទៅកាន់សាធារណជនទូទៅតាមរយៈការផ្តល់កម្ចីជាប្រាក់រៀល និងការផ្តល់ឲ្យធនាគារនូវប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានាជាប្រាក់រៀល (LPCO)។ ទន្ទឹមនឹងនេះការបង់ពន្ធអាករ និងវិកយបត្របង់ទឹកភ្លើងក៏ត្រូវឲ្យបង់ជាប្រាក់រៀលដែរ។
លោកបញ្ជាក់ថា៖ «យើងក៏សង្កេតឃើញដែរថានៅតាមហាងលក់ម្ហូបអាហារ និងហាងលក់ទំនិញបានដាក់បង្ហាញពីតម្លៃលក់ទំនិញរបស់ខ្លួនជាប្រាក់រៀលកាន់តែច្រើនឡើងផងដែរ។ ការអនុវត្តទាំងអស់នេះបានកើតឡើងក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំចុងក្រោយនេះ»។
លោកបន្ថែមថា៖ «ដូច្នេះបើយើងអាចរក្សាអត្រាប្តូរប្រាក់ឲ្យនៅថេរក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនោះយើងនឹងឃើញច្បាស់ការចរាចរប្រាក់រៀលកាន់តែកើនច្រើនឡើងសម្រាប់ប្រជាពលរដ្ឋនៅក្នុងសង្គម»។
នៅចុងខែធ្នូ ឆ្នាំ ២០១៦ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសមួយ តម្រូវឲ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់រក្សាបានទំហំឥណទានជាប្រាក់រៀល យ៉ាងតិច ១០ ភាគរយនៃឥណទានសរុបរបស់ខ្លួនដែលជាផ្នែកមួយនៃការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ។
លោកបន្តថា៖ «ខ្ញុំជឿជាក់ថាវិស័យធនាគារកំពុងចូលរួមចំណែកយ៉ាងល្អប្រសើរក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលតាមរយៈការបង្កើនការផ្តល់ប្រាក់កម្ចី និងការទទួលប្រាក់បញ្ញើជាប្រាក់រៀល។ ប៉ុន្តែយើងនៅតែទាមទារការចូលរួមពីវិស័យឯកជនច្រើនបន្ថែមទៀតដើម្បីបង្កើនតម្រូវការប្រើប្រាស់ប្រាក់រៀលនេះ»។
លោក ប៊ុន យីន បាននិយាយថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ធនាគារ CIMB នឹងសម្រេចបានតាមគោលដៅដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជា។ យើងមានក្រុមការងារជាក់លាក់ ដើម្បីធ្វើការអនុវត្តភារកិច្ចនេះ និងកំណត់នូវកាលវិភាគច្បាស់លាស់ហើយពួកគេតែងតែរាយការណ៍មកខ្ញុំជារៀងរាល់សប្តាហ៍អំពីការវិវឌ្ឈទៅមុខ។ ដូច្នេះខ្ញុំមានទំនុកចិត្តខ្លាំងណាស់»។
លោក ប៊ុន យីន បានបន្ថែមថា៖ «ទោះបីជាធនាគារបរទេស ឬ ធនាគារក្នុងស្រុកក៏ដោយគឺជួបបញ្ហាប្រឈមចម្បងដូចគ្នាដែលអាស្រ័យនឹង «តម្រូវការ និងការផ្គត់ផ្គង់»។ ដូចដែលខ្ញុំបានឆ្លើយតបមុននេះ យើងត្រូវបង្កើតឲ្យមានតម្រូវការប្រាក់រៀលឲ្យបានកាន់តែច្រើនថែមទៀតនៅក្នុងសេដ្ឋកិច្ចទាំងមូល។ ហើយយើងជឿជាក់ថាបញ្ហាប្រឈមទាំងនេះនឹងអាចដោះស្រាយប្រសិនបើយើងចូលរួមប្រឹងប្រែងទាំងអស់គ្នា»។
ប៉ុន្តែលោកបានក្រើនរំឭកថាអាចមាន «បញ្ហាលើការយល់ឃើញ» ដែលតម្រូវឲ្យមានការផ្លាស់ប្តូរដើម្បីសម្រេចតាមគោលដៅរបស់ធនាគារជាតិនៃកម្ពុជា៕