នាយកដ្ឋាននីតិកម្មនៃធនាគារជាតិនៃកម្ពុជាបានស្នើឲ្យអតិថិជនអាននិងសួរនាំមន្ត្រីឥណទានឲ្យបានច្បាស់អំពីលក្ខខណ្ឌនៃកិច្ចសន្យាសេវាហិរញ្ញវត្ថុមុននឹងចុះ ហត្ថលេខា។ប្រសិនបើមានចម្ងល់ឬវិវាទសាធារណជនអាចទាក់ទងមកធនាគារជាតិនៃកម្ពុជាបាន។
លោកស្រី សុខ វណ្ណសិកាមន្ត្រីផ្នែកច្បាប់នៃធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថាអតិថិជនដែលប្រើប្រាស់សេវាហិរញ្ញវត្ថុពេលខ្លះបានមើលរំលងចំណុចសំខាន់នៅក្នុងកិច្ចសន្យាហិរញ្ញវត្ថុដោយសារតែភាគច្រើនពួកគាត់ត្រូវការប្រើប្រាស់សេវាហិរញ្ញវត្ថុជាពិសេសឥណទានជាចាំបាច់ ហើយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុតែងផ្តល់នូវគំរូកិច្ចសន្យាដែលមិនអាចចរចាឬកែប្រែបាននោះទេ។
ដូចនេះធនាគារជាតិនៃ កម្ពុជាបានចេញបទប្បញ្ញត្តិតម្រូវឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដាក់ចូលទៅក្នុងកិច្ចសន្យាសេវាហិរញ្ញវត្ថុនូវចំណុចមួយចំនួនដែលចាំបាច់ដើម្បីការពារប្រយោជន៍អតិថិជនហើយបុគ្គលិករបស់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមានកាតព្វកិច្ចពន្យល់អតិថិជនឲ្យបានច្បាស់អំពីលក្ខខណ្ឌនីមួយៗ ជាពិសេសលក្ខខណ្ឌពាក់ព័ន្ធនឹងការប្រាក់ និងចំណាត់ការផ្លូវច្បាប់ផ្សេងៗ។
ទោះមានបទប្បញ្ញត្តិបែបនេះក្តីលោកស្រីសុខវណ្ណសិកាបានបញ្ជាក់ថាជម្លោះក្នុងការប្រើប្រាស់ សេវាហិរញ្ញវត្ថុនៅតែកើតមានដោយសារការពន្យល់ភ្លាមៗឬតែមួយដងទៅលើលក្ខខណ្ឌក្នុងកិច្ចសន្យាហិរញ្ញវត្ថុមិនអាចធានាឲ្យអតិថិជនយល់ច្បាស់នោះទេប្រសិនបើគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមូលដ្ឋាន។
ប្រការនេះទាមទារឲ្យមានកម្មវិធីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមូលដ្ឋាន ដើម្បីឲ្យអតិថិជនយល់ពីចំណុចសំខាន់នៃកិច្ចសន្យាសេវាហិរញ្ញវត្ថុនិងការ ប្រើប្រាស់ហិរញ្ញវត្ថុដោយឈ្លាសវៃហើយអាចមានលទ្ធភាពក្នុងការចរចាជាមួយនឹងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាពិសេសអាចធ្វើការជ្រើសរើសជម្រើសដែលប្រសើរសម្រាប់ខ្លួនផ្ទាល់។
លើសពីកិច្ចសន្យាសេវាហិរញ្ញវត្ថុលោកស្រីក៏បានថ្លែងថាចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមូលដ្ឋានមានសារៈសំខាន់សម្រាប់សាធារណជនឲ្យចៀសវាងរាល់ការកេងប្រវ័ញ្ចពីប្រតិបត្តិការធនាគារក្រៅផ្លូវការឬស្រមោល។
ជាឧទាហរណ៍ មានតែគ្រឹះស្ថានធនាគារពាណិជ្ជនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាកបញ្ញើតែ ប៉ុណ្ណោះដែលអាចទទួលយកប្រាក់បញ្ញើពីសាធារណជនតែកន្លងមកមានជនខិលខូចបានដើរប្រមូលប្រាក់ បញ្ញើពីសាធារណជនដោយផ្តល់ការប្រាក់ខ្ពស់។
បញ្ហានេះតែងកើតមាននៅតាមបណ្ដាប្រទេសដែលចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត។ ប្រការដែលគួចៀសវាងគឺអ្នកប្រកបវិជ្ជាជីវៈច្បាប់ មិនគួរណាចូលរួមជួយបង្កើតប្រតិបត្តិការផ្ទុយនឹងបទប្បញ្ញត្តិច្បាប់ ដែលនេះត្រូវចាត់ទុកថាជាការអនុវត្តផ្ទុយនឹងក្រម សីលធម៌វិជ្ជាជីវៈហើយអាចធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍សាធារណជនផងដែរ។
ចំពោះទស្សនវិស័យនាថ្ងៃអនាគតលោកស្រីបានថ្លែងថាវិស័យហិរញ្ញវត្ថុតែងអភិវឌ្ឍទៅមុខជាលំដាប់ ដោយសារការបង្កើតឡើងថ្មីនៃផលិតផលឬសេវាហិរញ្ញវត្ថុក៏ដូចជាប្រព័ន្ធបច្ចេកវិទ្យា។
ការអភិវឌ្ឍនេះបានចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមហើយការអភិវឌ្ឍដោយចីរភាពទាមទារឲ្យសាធារណជនមានចំណេះដឹងហិរញ្ញវត្ថុដើម្បីទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍនេះ។
ក្នុងនោះលោកស្រីសុខវណ្ណសិកាបានបន្ថែមថា មេធាវីឬអ្នកប្រកបវិជ្ជាជីវៈច្បាប់ដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ប្រឹក្សាផ្នែកច្បាប់ឬរៀបចំវិធានឬឯកសារច្បាប់ដែលមានលក្ខណៈច្នៃប្រឌិតស្របតាមគោលការណ៍ច្បាប់ ដោយធានាថារាល់ហានិភ័យផ្លូវច្បាប់ត្រូវបានទប់ស្កាត់ឬដោះស្រាយហើយសិទ្ធិនិងកាតព្វកិច្ចរបស់រាល់ភាគីពាក់ព័ន្ធត្រូវបានកំណត់ឲ្យមានសមភាព។ ច្បាប់ហិរញ្ញវត្ថុគឺជាច្បាប់ពិសេសដែលមានលក្ខណៈស្មុគ្រស្មាញដោយសារការបញ្ចូលគ្នានៃចំណេះដឹងផ្នែកច្បាប់ ហិរញ្ញវត្ថុនិងគណនេយ្យ។
ដូចនេះលោកស្រីសង្ឃឹមថាអ្នកប្រកបវិជ្ជាជីវៈច្បាប់ក៏ដូចជានិស្សិតច្បាប់ គួរស្វែងយល់បន្ថែមអំពីជំនាញនេះ ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះជួសនាមឲ្យនាយកដ្ឋាននីតិកម្មនៅធនាគារជាតិនៃកម្ពុជាលោកស្រីបានបញ្ជាក់ថា នាយកដ្ឋាននីតិកម្មតែងស្វាគមន៍សំណួរពាក់ព័ន្ធនឹងច្បាប់ធនាគារនិងហិរញ្ញវត្ថុពីសាធារណជន រួមទាំងអ្នកប្រកបវិជ្ជាជីវៈច្បាប់ដើម្បីចៀសវាងរាល់ការអនុវត្តខុសនិងដើម្បីចូលរួមគាំទ្រការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ។
នៅក្នុងពេលដ៏ខ្លីខាងមុខធនាគារជាតិនៃកម្ពុជានឹងចូលរួមរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាល ដល់មន្ត្រីប្រតិបត្តិតាមនៅតាមបណ្ដាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ នាពេលអនាគតធនាគារជាតិនៃកម្ពុជា នឹងមានចំណាត់ការបន្ថែមអនុវត្តពាក់ព័ន្ធនឹងការផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិធនាគារនិងហិរញ្ញវត្ថុទៅសាធារណជនជាពិសេសអ្នកប្រកបវិជ្ជាជីវៈច្បាប់៕