សាកលវិទ្យាល័យ​អន្តរជាតិ (IU) គឺជា​គ្រឹះស្ថាន​អប់រំ​ឯកជន​ឈានមុខ​មួយ​នៅ​កម្ពុជា ដែល​បាន​ផលិត​និស្សិត​វេជ្ជសាស្ត្រ​ជាច្រើន​សម្រាប់​វិស័យ​ដ៏សំខាន់​មួយ​នេះ​។ សាកល​វិទ្យាល័យ IU បាន​ជួយ​កម្ពុជា​ឱ្យ​ពឹង​ផ្អែកលើ​ខ្លួនឯង​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ​តាមរយៈ​ការបណ្តុះបណ្តាល​ និង​ផលិត​និស្សិត​ពេទ្យ​យ៉ាងច្រើន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាជន​ដែល​កំពុង​កើនឡើង​ចំពោះ​សេវា​វេជ្ជសាស្ត្រ​ប្រកបដោយ​គុណភាព​។

ជា​មធ្យម​និស្សិត​ពេទ្យ​ប្រមាណ​ ៣០០ ​នាក់​បានបញ្ចប់​ការសិក្សា​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ជំនាញ​វេជ្ជសាស្ត្រ​ផ្សេងៗ​ពី​សាកលវិទ្យាល័យ​ឯកជន​ឈានមុខ​គេ​មួយ​នេះ​។ យើង​អាច​និយាយ​បាន​ថា​សាកលវិទ្យាល័យ IU គឺជា​គ្រឹះស្ថាន​ឧត្តមសិក្សា​ឯកជន​ឈានមុខ​គេ​នៅក្នុង​វិស័យ​វេជ្ជាសាស្ត្រ​។


សាស្ត្រាចារ្យ​បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ​សាកលវិទ្យាល័យ IU បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ « IU បាន​បណ្តុះបណ្តាល​និស្សិត​ក្នុង​វិស័យ​សុខាភិបាល​ជាច្រើន​កម្រិត គឺ​កម្រិត​បរិញ្ញាបត្ររង កម្រិត​បរិញ្ញាបត្រ កម្រិត​វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត​ឯកទេស កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​កម្រិត​ថ្នាក់បណ្ឌិត ជាដើម​»​។


ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០២ ​មក​គឺ​មាន​និស្សិត​ប្រមាណ ៥ ០០០ ​នាក់​បានបញ្ចប់​ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ពី​សាកលវិទ្យាល័យ IU​។ នៅ​សាកលវិទ្យាល័យ​អន្តរជាតិ និស្សិត​មាន​ឱកាស​សិក្សា​មុខជំនាញ​ឯកទេស​ផ្សេងៗ ដូចជា​ជំនាញ​វេជ្ជបណ្ឌិត​ទូទៅ ពេទ្យធ្មេញ ឱសថការី ធ្មប គ្រូពេទ្យ​កុមារ គិលានុបដ្ឋាយិកា និង​វិទ្យាសាស្ត្រ​ជាដើម​។


សាកលវិទ្យាល័យ​អន្តរជាតិ​នៅក្នុង​ខណ្ឌ​សែនសុខ​។


«​សាកលវិទ្យាល័យ IU បាន​យកចិត្ត​ទុកដាក់​ខ្លាំង​បំផុត​ទៅលើ​កម្មវិធីសិក្សា​គោរព​តាម​ស្តង់ដា​របស់​ក្រសួង និង​ថែមទាំង​បាន​ប្រមូលផ្ដុំ​នូវ​វត្តមាន​សាស្ត្រាចារ្យ​ល្បីៗ មាន​បទពិសោធ ហើយ​លើសពីនេះ​ទៀត​នោះ សាកលវិទ្យាល័យ IU មាន​បំពាក់​នូវ​សម្ភារ បរិក្ខារ​ទំនើបៗ និង​មាន​ស្ថាប័ន​ឧបសម្ព័ន​សម្រាប់​និស្សិត​ធ្វើ​កម្មសិក្សា​»​។


«​ធនធាន​មនុស្ស​គឺជា​កត្តា​សំខាន់​ដើម្បី​ជួយ​លើកកម្ពស់​សុខភាព​សាធារណៈ កាត់បន្ថយ​អត្រា​មរណភាព និង​លើកកម្ពស់​សេវា​បង្ការ​រោគ​ជាដើម ដែល​ត្រូវមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ជាពិសេស​វេជ្ជបណ្ឌិត​ឯកទេស​»​។

សាស្ត្រាចារ្យ អូហ្សាណូ បន្ថែមថា​៖ «​ប្រទេស​យើង​នៅមាន​តម្រូវការ​ធនធាន​ច្រើន​បន្ថែមទៀត​ក្នុង​វិស័យ​សុខាភិបាល ហើយ​ជាពិសេស​ថ្នាក់​ឯកទេស ដោយ​យើង​នៅមាន​ការខ្វះខាត​ច្រើន ដោយ​យើង​មិនទាន់​មាន​វេជ្ជបណ្ឌិត​ឯកទេស​គ្រប់​ជំនាញ​នៅឡើយ​ទេ​»​។

យោងតាម​លោក​សាស្ត្រាចារ្យ អូហ្សាណូ ប្រទេស​កម្ពុជា​ត្រូវការ​វេជ្ជបណ្ឌិត​ឯកទេស​បន្ថែម​ទៀត​ដូចជា​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​វះកាត់ ផ្នែក​សម្ភព រោគ​ស្ត្រី ផ្នែក​រោគ​កុមារ ផ្នែក​បេះដូង ផ្នែក​ប្រ​មុះ​បំពង់ក ផ្នែក​ជំងឺផ្លូវចិត្ត ផ្នែក​ស្បែក និង​ឯកទេស​ផ្នែក​តម្រងនោម​ជាដើម​។

លោក​សាស្ត្រាចារ្យ​បន្ថែមថា​៖ «​ដូច្នេះ​ប្រទេស​កម្ពុជា​យើង​ត្រូវ​ការបណ្តុះបណ្តាល​ជំនាញ​ឯកទេស​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​អ្នកមាន​ឯកទេស​ពួកគាត់​មាន​ឱកាស​ទៅ​ជួយ​ប្រជាជន​របស់​យើង​នៅ​មូលដ្ឋាន​នៅ​តាម​ស្រុក តាម​ខេត្ត​ដែល​យើង​នៅ​ខ្វះខាត​វេជ្ជបណ្ឌិត​ឯកទេស​ច្រើន​»​។

មុន​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ និស្សិត​ត្រូវ​ឆ្លងកាត់​ការប្រឡង​ចូល​ថ្នាក់ជាតិ​តាម​ចំនួន​ដែល​គណៈកម្មការ​ថ្នាក់ជាតិ​កំណត់​ឲ្យ​សាកលវិទ្យាល័យ​នីមួយៗ​។

សាកលវិទ្យាល័យ​អន្តរជាតិ​គឺជា​គ្រឹះស្ថាន​ឧត្តមសិក្សា​ឯកជន​តែមួយគត់​ដែលជា​សមាជិក​បណ្តាញ​សាកលវិទ្យាល័យ​ពេទ្យ​អាស៊ាន ដែល​និស្សិត​របស់ IU អាច​ចុះ​ទៅធ្វើ​កម្មសិក្សា​នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា​ពេទ្យ​ដែលជា​សមាជិក​អាស៊ាន​។ សាកលវិទ្យាល័យ​អន្តរជាតិ IU មាន​សាស្ត្រាចារ្យ​មហាបរិញ្ញា​ចំនួន​ ២២ ​រូប សាស្ត្រាចារ្យរង​ ១០ ​រូប និង​មាន​សាស្ត្រាចារ្យ​ជំនួយ​ជាង​ ៧០ ​រូប​ទៀត​៕