ចំណាប់​អារម្មណ៍​របស់​វិនិយោគិន​ម៉ាឡេស៊ី​ទៅលើ​សេដ្ឋកិច្ច​កម្ពុជា​មិនបាន​បង្ហាញ​សញ្ញា​ថមថយ​នោះទេ​ បន្ទាប់ពី​បាន​ចូលមក​វិនិយោគ​អស់​រយៈពេល​ ៣០ ​ឆ្នាំ​មកហើយ​នោះ​។ ផ្ទុយ​ទៅវិញ​ចំណាប់​អារម្មណ៍​នៃ​ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ជាពិសេស​ក្នុងចំណោម​ប្រជាជន​ម៉ាឡេស៊ី​ជំនាន់​ថ្មី​នៅតែ​បន្ត​មាន​។

ភាពងាយស្រួល​នៃ​ការធ្វើ​អាជីវកម្ម​ និង​ភាពជឿជាក់​លើ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ទីផ្សារ​ដ៏ទាក់ទាញ​សម្រាប់​វិនិយោគិន​ម៉ាឡេស៊ី​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​។


ចំពោះ​វិសាលភាព​អាជីវកម្ម ការវិនិយោគ​របស់​ម៉ាឡេស៊ី​គ្របដណ្តប់​លើ​វិស័យ​ជាច្រើន​រាប់​ចាប់​តាំងពី​វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ បដិសណ្ឋារកិច្ច ពន្ធ និង​ហិរញ្ញវត្ថុ និង​ទំនិញ​ប្រើប្រាស់​ផ្សេងៗ​។


លើស​ពី​នេះ​ទៀត​ទេពកោសល្យ​របស់​វិនិយោគិន​ម៉ាឡេស៊ី ក៏​កំពុង​ជំរុញ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ផងដែរ ដែលមាន​ចាប់ពី​វិស័យ​ធនាគារ​រហូត​ដល់​វិស័យ​ធានារ៉ាប់រង​។


ធនាគារ​កំពូល​របស់​ម៉ាឡេស៊ី​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ទីផ្សារ​កម្ពុជា​នាពេល​បច្ចុប្បន្ន​មានដូចជា​ធនាគារ Maybank ធនាគារ Public Bank ធនាគារ CIMB ធនាគារ RHB និង​ធនាគារ Hong Leong ជាដើម​។


លើស​ពីនេះ​ទៀត​មាន​ក្រុមហ៊ុន Smart Axiata Co., Ltd ក្រុមហ៊ុន edotco Cambodia Ltd (​ក្រុមហ៊ុន​សាងសង់​បង្គោល​អង់តែន​) ដែលជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិករ​ទូរគមនាគមន៍​របស់​ប្រទេស​ម៉ាឡេស៊ី Axiata Group Bhd ក៏​កំពុង​ដើរតួ​យ៉ាងសំខាន់​ផងដែរ​។


លោក Teh Sing ៖ គោលនយោបាយ​ដ៏ល្អ​របស់​កម្ពុជា​គឺជា​គ្រឹះ​ជោគជ័យ​ដ៏គួរ​ឲ្យ​កត់សម្គាល់ ។ រូបថត សហការី

លោក Teh Sing ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា (MBCC) បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​វិនិយោគិន​ម៉ាឡេស៊ី​វ័យក្មេង​មើល ឃើញ​ពី​ភាពស៊ីចង្វាក់​គ្នា​នៅទីនេះ (​រវាង​ពាណិជ្ជករ​កម្ពុជា​)​។ ពួកគេ​មើលឃើញ​បរិយាកាស​អាជីវកម្ម​ដ៏អំណោយផល និង​ការរីកចម្រើន​នៅទីនេះ​»​។

សុទិដ្ឋិនិយម​របស់​លោក Teh Sing គឺ​ត្រូវបាន​គាំទ្រ​ដោយ​តួលេខ​ពាណិជ្ជកម្ម​ទ្វេភាគី​ដ៏រឹងមាំ​រួម​នឹង​ហេតុផល​ជាច្រើន​ផ្សេងទៀត​ដែល​នៅតែ​បន្ត​ទាក់ទាញ​សហគមន៍​ធុរកិច្ច​ម៉ាឡេស៊ី​។

យោងតាម​សាជីវកម្ម​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ក្រៅប្រទេស​ម៉ាឡេស៊ី (MATRADE) ឲ្យ​ដឹងថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​ក្នុង​ឆ្នាំ​ ២០១៦ មាន​ចំនួន ៤២៥,៦ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧ កើនឡើង​ដល់ ៤៥៥,៨ លាន​ដុល្លារ និង​ក្នុង​ឆ្នាំ​ ២០១៨ កើនឡើង​ដល់ ៥៥៨,៦ លាន​ដុល្លារ​។ ហើយ​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ​តួលេខ​ពាណិជ្ជកម្ម​មាន​ចំនួន ៤២២,៦ លាន​ដុល្លារ​។

ផលិតផល​នាំចេញ​នាំចូល​សំខាន់ៗ​រវាង​ប្រទេស​ទាំង​ ២ ​មានដូចជា ផលិតផល​គីមី អង្ករ សម្លៀកបំពាក់ និង​វាយនភណ្ឌ ប្រេង ស្បែកជើង ដូងប្រេង និង​គ្រឿង​ម៉ាស៊ីន​ជាដើម​។

ទំនាក់ទំនង​ទ្វេភាគី​ដ៏រឹងមាំ​រវាង​ប្រទេស​ទាំង​ ២ គឺជា​កត្តា​ជំរុញ​ដ៏សំខាន់​សម្រាប់​វិនិយោគិន​ម៉ាឡេស៊ី​ក្នុង​ការបន្ត​ការវិនិយោគ​របស់​ពួកគេ​នៅក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា​។

ម្យ៉ាង​វិញ​ទៀត​គោលនយោបាយ​របស់​កម្ពុជា​ស្តីពី​ការចូលរួម​របស់​វិស័យ​ឯកជន​តាមរយៈ «​យុទ្ធសាស្ត្រ​ចតុកោណ​» របស់​ខ្លួន​បាន​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ជា​លំដាប់​ និង​បានផ្តល់​នូវ​ទំនុកចិត្ត​ខ្ពស់​ដល់​វិនិយោគិន​បរទេស​ផងដែរ​។

«​រដ្ឋាភិបាល​គឺជា​អ្នកគាំទ្រ​ដល់​វិស័យ​អាជីវកម្ម ហើយ​មាន​តែ​ប្រទេស​កម្ពុជា​តែមួយគត់​នៅក្នុង​តំបន់​អាស៊ាន​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ជួប​ជាមួយ​វិស័យ​ឯកជន​ ២ ​ដង​ក្នុង​មួយឆ្នាំ​។ ជំនួប​ចុងក្រោយ​ធ្វើ​ឡើង​កាលពី​ខែ​ឧសភា នៅឯ​វិមាន​សន្តិភាព​»​។

«​កម្ពុជា​ទទួល​បាន​ជោគជ័យ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​រង្វង់​ ៧ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​អស់​រយៈពេល​ប្រមាណ ២០ ​ឆ្នាំ​ចុង​ក្រោយនេះ​។ កំណើន​ ៧ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​​មិនមែន​ទទួល​បាន​ដោយ​ងាយៗ​នោះទេ ពីព្រោះ​វា​ត្រូវការ​ផែនការ​ជាច្រើន​។ ការចូលរួម​របស់​វិស័យ​ឯកជន​នៅ​ក្រោម​យុទ្ធសាស្ត្រ​ចតុកោណ​»​។

លោក Teh Sing ដែល​បាន​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត​ ២៧ ​ឆ្នាំ​មកហើយ​នោះ​បាន​បន្ថែម​ថា​៖ «​កម្ពុជា​បានធ្វើ​វា​អស់​រយៈពេល​ជាយូរ​មក​ហើយ ដូច្នេះ​ទើប​វិនិយោគិន​នៅ​តែ​មាន​ទំនុកចិត្ត ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​វិនិយោគិន​ម៉ាឡេស៊ី​នៅ​បន្ត​ចូលមក​កម្ពុជា​។ នេះ​គឺជា​កម្លាំង​របស់​ប្រទេស​នេះ​»​។

ផែនការ «​យុទ្ធសាស្ត្រ​ចតុកោណ​» របស់​រដ្ឋាភិបាល​គឺ​ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​ទូទាំង​ប្រទេស​។

ប្រទេស​កម្ពុជា​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​យុទ្ធសាស្ត្រ​នេះ​។ កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ដ៏មាន​ស្ថិរភាព​ចំនួន​ពលរដ្ឋ​មាន​ការងារ​ធ្វើ​កើនឡើង ហើយ​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម​ក៏​កំពុង​កើនឡើង​ផងដែរ​។ ចំណុច​វិជ្ជមាន​ទាំងអស់​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ទំនង​មិន​បង្ហាញ​សញ្ញា​ថយចុះ​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ​៕