សញ្ញា​សម្គាល់​ភាព​ប្រសើរ​នៃ​សេដ្ឋកិច្ច​ណា​មួយ គឺ​សមត្ថភាព​របស់​ស្ថាប័ន​និយតកម្ម​របស់​ខ្លួន ក្នុង​ការ​រក្សា​សុខភាព​ហិរញ្ញវត្ថុ​ទាំង​របស់​ប្រជាពលរដ្ឋ និង​ស្ថាប័ន​សាជីវកម្ម​នៅ​ពេល​ផ្តល់​ប្រាក់​កម្ចី​។

នៅ​ក្នុង​ប្រទេស ​កម្ពុជា មុខងារ​ដ៏​សំខាន់​ទាំង​អស់​នេះ ​គឺ​ជា​ការ​ធានា​ថា​ប្រាក់​ និង​ហិរញ្ញវត្ថុ​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​បុគ្គល​ និង​អង្គភាព​អាជីវកម្ម​ដែល​ត្រឹមត្រូវ​។ ដូច្នេះហើយ​ទើប​ការិយាល័យ​ឥណទាន​កម្ពុជា ​(CBC) ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​ព័ត៌មាន​ឥណទាន តាមរយៈ​ប្រព័ន្ធ​ចែក​រំលែក​ឥណទាន​លក្ខណៈ​បុគ្គល ​និង​ក្រុមហ៊ុន​។​


លោក អឿ សុធារ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​របស់ CBC បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​ក្រុមហ៊ុន​គឺ ​ស្ថិត​នៅ​ក្រោម CBC ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាល​ពី​ខែ​កក្កដា​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ត្រូវ​បាន​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​ជោគជ័យ​កាល​ពី​ចុង​ឆ្នាំ ​២០១៨។​


លោក សុធារ័ត្ន ថ្លែង​ថា​៖ «​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ពឹង​ផ្អែក​លើ​របាយការណ៍​ឥណទាន​ក្រុមហ៊ុន ដើម្បី​វាយតម្លៃ​ឥណទាន​សម​ស្រប​របស់​ក្រុមហ៊ុន​ទាំង​នោះ​។ ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ គឺ​ជា​ការ​គាំទ្រ​សម្រាប់​អាជីវកម្ម​។ វា​នឹង​ជួយ​ឱ្យ​អាជីវកម្ម​ទទួល​បាន​ដើម​ទុន ដែល​ត្រូវ​ការ​ចាំបាច់​ដើម្បី​ដំណើរការ​អាជីវកម្ម​ប្រកប ដោយ​ភាព​ជោគជ័យ​»​។


ចំពោះ​ការ​ចូល​ទៅ​កាន់​ទីផ្សារ​មូលធន ដូចជា​ធនាគារ ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ ​គឺ​វា​មាន​សារៈសំខាន់​ណាស់ ដែល​គ្រប​ដណ្តប់​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ការ​ទិញ​សារពើភ័ណ្ឌ ការ​ជួល​បុគ្គលិក​បន្ថែម ដើម្បី​ឲ្យ​មាន​ថវិកា​គ្រប់គ្រាន់​នៅ​ក្នុង​ដៃ​ក្នុង​ការ​ប្រកប​អាជីវកម្ម​។



លោក សុធារ័ត្ន បន្តថា​៖ «​ជាមួយ​នឹង​ឥណទាន​អាជីវកម្ម​រឹងមាំ អ្នក​អាច បង្កើត​ផែនការ​សុវត្ថិភាព​សម្រាប់​អាជីវកម្ម​របស់​អ្នក ដូច្នេះ​អ្នក​នឹង​មិន​មាន​បញ្ហា​ក្នុងការ​ទទួល​បាន​ថវិកា​ដែល​ត្រូវ​ការ ​ដើម្បី​ប្រកប​អាជីវកម្ម​នោះ​ទេ​។ ចំណុច​នេះ ​គឺ​អាច​ឱ្យ​អ្នក​ទទួល​បាន​ថវិកា​ធ្វើ​អាជីវកម្ម​ដែល​អ្នក​ត្រូវ​ការ​»​។

យោង​តាម លោក សុធារ័ត្ន ​បាន​ឲ្យ​ដឹង​ថា​ នាពេល​កន្លង​មក​ព័ត៌មាន​ស្តីពី​វិស័យ​ផ្តល់​ប្រាក់​កម្ចី​ដល់​សាជីវកម្ម គឺ​នៅ​មាន​ចំណុច​ខ្វះខាត ដែល​មិន​ទាន់​មាន​ការ​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​។ ដូច្នេះ​ទិន្នន័យ​រវាង​ស្ថាប័ន​ហិរញ្ញវត្ថុ និង​អ្នក​ស្នើសុំ​ប្រាក់​កម្ចី គឺ​នៅ​មាន​​ចំណុច​ខ្វះ​ចន្លោះ ដែល​នាំ​ឱ្យ​មាន​ការ​ពន្យារ​ពេល​ច្រើន មុន​ពេល​ការ​វាយ​តម្លៃ​អ្នក​ស្នើសុំ​កម្ចី​ត្រូវ​បាន​បញ្ចប់​។

លោក​បន្ថែម​ថា ដោយ​មាន​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​ក្រុមហ៊ុន ស្ថាប័ន​ហិរញ្ញវត្ថុ​អាច​បង្រួម​គម្លាត​ព័ត៌មាន​ និង​កែលម្អ​ការ​វាយ​តម្លៃ​ប្រាក់​កម្ចី ខណៈ​ដែល​សាជីវកម្ម ​ឬ​ក្រុមហ៊ុន​អាច​មាន​រូបភាព​ពេញ​លេញ អំពី​ភាព​ស័ក្ដិសម​នៃ​ការ​ទទួល​បាន​ឥណទាន និង​អាច​ទទួល​បាន​ហិរញ្ញវត្ថុ​លឿន​ជាង​មុន ដែល​នេះ​ជា​ចំណុច​សំខាន់​សម្រាប់​ការ​ដំណើរការ​អាជីវកម្ម​បាន​ត្រឹមត្រូវ​។

ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​អស់​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា តម្រូវ​ឲ្យ​ចូល​ជា​សមាជិក​របស់ CBC ហើយ​តម្រូវ​ឲ្យ​ផ្តល់​ព័ត៌មាន​ឥណទាន​របស់​អតិថិជន​របស់​ពួក​គេ ​១០០ ​ភាគរយ ​ដល់​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​។​

លោក​បញ្ជាក់​ថា​៖ «​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ទាំង​អស់​យ៉ាង​ហោច​ណាស់​ត្រូវ​ផ្តល់​ព័ត៌មាន​របស់​ពួក​គេ​ជា​រៀងរាល់​ខែ​។ ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​មួយ ចំនួន​បាន ផ្តល់​របាយការណ៍​របស់​ពួក​គេ​ជា​ប្រចាំ​សប្តាហ៍ ឬ​ប្រចាំ​ថ្ងៃ​។ នៅ​ពេល​ដែល​ពួក​គេ​រាយការណ៍​ព័ត៌មាន​ទាំង​នោះ ការិយាល័យ​ឥណទាន​កម្ពុជា​នឹង​ផ្តល់​ទិន្នន័យ​ជា​ទម្រង់​របាយការណ៍​ឥណទាន​ទៅ​ស្ថាប័ន​ហិរញ្ញវត្ថុ ក្រុមហ៊ុន​ឬ បុគ្គល​ដែល​ស្នើសុំ​»​។

ត្រង់​ចំណុច​នេះ លោក​សុធារ័ត្ន លើក​ឡើង​ថា​របាយការណ៍​អាច​ផ្លាស់ប្តូរ​ជា​រៀងរាល់​ថ្ងៃ​នៅ​ក្នុង​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​នៅ ពេល​អតិថិជន​បើក​គណនី​កម្ចី​ថ្មី ការ​សង​ប្រាក់​កម្ចី ឬ​បិទ​គណនី នៅ​ក្នុង​ដំណើរការ​ធ្វើ​អាជីវកម្ម​។

លោក​បាន​បន្ថែម​ថា​៖ ​«​ការ​ប្រមូល​របាយការណ៍​នេះ​នឹង​ផ្លាស់ប្តូរ​ទិន្នន័យ​របស់​អ្នក​។ ក្នុង​ចំណោម​សមាជិក​ទាំង​អស់ ​១៦៥ មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន ​៦០ ដែល​បាន​ចូលរួម​ក្នុង​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​ក្រុមហ៊ុន នៅ​ពេល​ពួក​គេ​ផ្តល់ ប្រាក់​កម្ចី​សម្រាប់​អាជីវកម្ម និង​បញ្ជូន​ព័ត៌មាន​អតិថិជន​របស់​ពួក​គេ​ទៅ CBC»​។

ជាទូទៅ​ការ​ផ្តល់​ឥណទាន ​គឺ​អាស្រ័យ​លើ​ទំនុក​ចិត្ត​ដែល​អ្នក​ផ្តល់​កម្ចី​មាន​ចំពោះ​អ្នក​ស្នើសុំ​កម្ចី ថា​សក្តិសម​ទទួល​បាន​កម្ចី ​ឬ​អត់​។ ដូច្នេះ បើ​យោង​តាម​លោក សុធារ័ត្ន​៖ «​វា​សំខាន់​ណាស់ ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​យល់ ដឹង​អំពី​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​ក្រុមហ៊ុន​នោះ»​។

នៅ​ក្នុង​រយៈពេល ​៧ ​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​សង្កេត​ឃើញ​ថា​ មាន​ការ​ផ្លាស់ប្តូរ​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ទីផ្សារ​មួយ​នេះ​។ ប៉ុន្តែ​ទោះ​យ៉ាង​ណា ក៏​ដោយ យើង​ដឹង​ហើយ​ថា​ ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​ទាំងមូល​៕