សហរដ្ឋអាមេរិក​គឺជា​គោលដៅ​នាំចេញ​ធំ​ជាង​គេ​តែ​មួយ​គត់​របស់​ប្រទេស​ ​កម្ពុជា ហើយ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក​បន្ត​កើនឡើង​។ ទីផ្សារ​សហរដ្ឋអាមេរិក​ផ្តល់​ឱកាស​សេដ្ឋកិច្ច​សំខាន់ៗ​សម្រាប់​ក្រុមហ៊ុន​កម្ពុជា និង​ការងារ​ល្អ​សម្រាប់​បុគ្គលិក​កម្មករ​កម្ពុជា​។

នៅ​ឆ្នាំ​ ២០១៨ ប្រទេស​ កម្ពុជា​ បាន​នាំ​ទំនិញ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន ៣,៨ ​ពាន់​លាន​ដុល្លារ​ទៅ​សហរដ្ឋអាមេរិក ហើយ​នាំ​ចូល​ទំនិញ​អាមេរិក​ដែល​មាន​តម្លៃ ៤០០ ​លាន​ដុល្លារ​។ ចំណែក​នៃ​ទីផ្សារ​សហរដ្ឋ​អាមេរិក​សម្រាប់​ទំនិញ​នាំ​ចេញ​ជា​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​បាន​កើន​ដល់ ៣០% នៅ​ឆ្នាំ ២០១៨ គឺ​កើន​ពី ២៥% នៅ​ឆ្នាំ​មុន​។ នៅក្នុង​រយៈពេល ៥ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ដែល​មាន​ទឹកប្រាក់​ចំនួន​ជិត ១,៥ ពាន់​លាន​ដុល្លារ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​។ នេះ​ជា​បរិមាណ​លើស​ពី​បរិមាណ​កន្លង​មក​។


ប្រទេស​ កម្ពុជា ​បាន​ចាប់ផ្តើម​ទទួល​បាន​ការអនុគ្រោះ​ពន្ធ​នាំចូល​ពី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ ១៩៩៧ នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) ។ នៅ​ឆ្នាំ​ ២០១៦ ទំនិញ​សម្រាប់​ការធ្វើ​ដំណើរ​ត្រូវ​បាន​បន្ថែម​ទៅក្នុង​កម្មវិធី GSP ហើយ​ការ​នេះ​បាន​ជួយ​អភិវឌ្ឍ​ឧស្សាហកម្ម​សំខាន់​ថ្មី​មួយ ហើយ​នាំ​អោយ​មាន​ការវិនិយោគ​ថ្មី​សំខាន់​មួយ​នៅ​កម្ពុជា​។ នៅ​ឆ្នាំ​ ២០១៨ ទំនិញ​សម្រាប់​ការធ្វើ​ដំណើរ​ដែល​មាន​តម្លៃ ៣៩២ លាន​ដុល្លារ ​ត្រូវ​បាន​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក ដែល​ស្មើ​នឹង ១០% នៃ​តម្លៃ​ទំនិញ​នាំ​ចេញ​សរុប​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​សហរដ្ឋ​អាមេរិក​។ នៅ​ឆ្នាំ ២០១៩ ចំនួន​នេះ​នឹង​មាន​លើស ៦០០ លាន​ដុល្លារ​។


លើស​ពី​នេះ​ទៀត​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​បាន​មក​វិនិយោគ​នៅ​កម្ពុជា​។ ការវិនិយោគ​ដែល​លេចធ្លោ​ជាង​គេ​មួយ​មកពី​សហរដ្ឋអាមេរិក​គឺ​ការវិនិយោគ​លើ​រោងចក្រ​ កូកា កូឡា លំដាប់​ពិភពលោក​ដែល​មាន​តម្លៃ ១០០ លាន​ដុល្លារ ហើយ​ដែល​ត្រូវ​បាន​បើក​នៅ​ឆ្នាំ ២០១៦​។ ការវិនិយោគ​ដទៃ​ទៀត​ត្រូវ​បាន​ធ្វើ​ទៅលើ​ឧស្សាហកម្ម​ស្បៀងអាហារ និង​ភេសជ្ជៈ ទេសចរណ៍ ត្បូង​មាន​តម្លៃ កសិកម្ម ទឹកដោះគោ គ្រឿង​ប្រដាប់​កីឡា​ព្រម​ទាំង​ផ្នែក​អប់រំ និង​សុខាភិបាល​។


ការបើក​សាខា​រកស៊ី​នៅ​កម្ពុជា​ក្រោម​ឈ្មោះ និង​ការទិញ​សិទ្ធិ​ពី​ក្រុមហ៊ុន​អាមេរិក​កំពុង​មាន​កំណើន​យ៉ាង​ឆាប់រហ័ស ដូច​សេដ្ឋកិច្ច​កម្ពុជា​ដែរ​។ សព្វ​ថ្ងៃ​នេះ​ក្រុមហ៊ុន​ទាំងនេះ​រួមមាន​ KFC, Burger King, Swensen’s Grill and Ice Cream, Circle K, Krispy Kreme, Domino’s Pizza, Dairy Queen, Chem-Dry, Auntie Anne’s, Carl’s Junior, Cold Stone Creamery, Starbucks Coffee, Harley-Davidson, The Coffee Bean & Tea Leaf និង Hard Rock Café ។


ក្រុមហ៊ុន​អាមេរិក​ដែល​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​នាំ​មក​ជាមួយ​នូវ​កម្មវិធី​បណ្តុះ បណ្តាល​ថ្នាក់​ពិភពលោក​ជំរុញ​ការផ្ទេរ​ជំនាញ គាំទ្រ​បទដ្ឋាន​ការងារ និង​បរិស្ថាន​ខ្ពស់ ហើយ​និង​បច្ចេកវិទ្យា​ខ្ពស់​។


ក្រុមហ៊ុន​អាមេរិក​ក៏​នាំ​មក​ជាមួយ​ផងដែរ​នូវ​កម្មវិធី​ស្តីពី​ការទទួល​ខុសត្រូវ​ខ្ពស់​របស់​ក្រុមហ៊ុន​ចំពោះ​សង្គម​។ គ្រាន់តែ​ក្នុង​ឆ្នាំ​ ២០១៨ គម្រោង​ផ្តួចផ្តើម​ទាក់ទង​នឹង​រឿងនេះ​បាន​ជួយ​ដល់​សេវា​សុខាភិបាល​សម្រាប់​ប្រជាជន​នៅ​តាម​ជនបទ​នៅ​កម្ពុជា​លើក​កម្ពស់​កម្មវិធី​បរិស្ថាន​ផ្តល់​ទឹកស្អាត​ដល់​ប្រជាជន​រាប់ពាន់​នាក់​បង្រៀន​ប្រជាជន​វ័យក្មេង​នៅ​តាម​ជនបទ​នៃ​ប្រទេស​ កម្ពុជា ​នូវ​ការប្រតិបត្តិ​ល្អ​ក្នុង​មុខ​ជំនួញ ព្រម​ទាំង​សកម្មភាព​រាប់សិប​ដទៃ​ទៀត​៕