ពាណិជ្ជករមកពីហុងកុង និងម៉ាកាវ បានបង្កើតទីតាំងឈរជើងនៅក្នុងប្រទេស កម្ពុជា អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ពោលគឺមកតាំងពីប្រទេស កម្ពុជា ទើបងើបចេញពីសង្គ្រាមម្ល៉េះ។
លោក So Man Kit អនុប្រធាន និងជាអគ្គលេខាធិការរងសមាគម China Hong Kong & Macau Expatriate & Business Association of Cambodia (CHKMEBA) បានឲ្យដឹងថា ពាណិជ្ជករហុងកុង និងម៉ាកាវជាច្រើនបានវិនិយោគនៅក្នុងឧស្សាហកម្មកាត់ដេរកាលពីដើមទសវត្សរ៍ឆ្នាំ ១៩៩០។
បច្ចុប្បន្នឧស្សាហកម្មមួយនេះ បានរីកចម្រើនទៅជាឧស្សាហកម្មដ៏សំខាន់មួយនៅក្នុងតំបន់ ដែលដើរតួនាទីជាក្រុមហ៊ុនផ្គត់ផ្គង់ដល់តម្រូវការនាំចូលពីតំបន់ និងបណ្ដាប្រទេសនានា ដូចជាអឺរ៉ុប អាមេរិក កាណាដា និងជប៉ុនជាដើម។
វិស័យកាត់ដេរកម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើនពីការអនុគ្រោះពន្ធពាណិជ្ជកម្ម (EBA) របស់សហភាពអឺរ៉ុប (EU) ប៉ុន្តែអាចបាត់បង់ឋានៈរបស់ខ្លួន ដោយសារតែប្លុក EU កំពុងពិចារណាដកពន្ធអនុគ្រោះនេះ។
លោក Raymond Tam អនុប្រធាន CHKMEBA ដែលជាសមាជិកប្រតិបត្តិសមាគម GMAC បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា GMAC បានជួលអ្នកបញ្ចុះបញ្ចូលឲ្យចរចាជាមួយ EU ស្ដីពីបញ្ហានេះ។
លោកថ្លែងថា៖ «យើងបានតែងតាំងអ្នកបញ្ចុះបញ្ចូល ដើម្បីជួយពន្យល់ពីជំហររបស់យើង និងបង្ហាញមតិរបស់ពួកយើងដល់ EU។ តាមគំនិតផ្ទាល់របស់ខ្ញុំ យើងមានការផ្លាស់ប្តូរ ៧០ ភាគរយ ដើម្បីរក្សា EBA ។ EU នឹងធ្វើសេចក្ដីសម្រេចចិត្តចុងក្រោយស្ដីពីឋានៈរបស់យើងនៅពេលណាមួយចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ២០ ខែ វិច្ឆិកា។ លោកបន្ថែមថា៖ «ពេលនោះ យើងនឹងដឹងថា តើកម្ពុជានឹងរក្សាពន្ធអនុគ្រោះដែលផ្តល់ដោយ EU បានទាំងស្រុងបានមួយផ្នែក ឬក៏បាត់បង់ទាំងស្រុង?»។
ក្រៅពីឧស្សាហកម្មកាត់ដេរ វិស័យអចលនទ្រព្យ ក៏ជាវិស័យមួយផ្សេងទៀតដែលមានការវិនិយោគដ៏រឹងមាំពីក្រុមវិនិយោគិនមកពីហុងកុង និងម៉ាកាវផងដែរ។ ក្នុងចំណោមក្រុមហ៊ុនដែលគួរឲ្យកត់សម្គាល់ទាំងនោះ គឺក្រុមហ៊ុន Sunwah Group និងក្រុមហ៊ុន Yuetai Group ។ នេះបើយោងតាមលោក So។
ក្រុមហ៊ុន Sunwah បានវិនិយោគនៅកម្ពុជាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង ក្រុមហ៊ុននេះបានផ្ដោតការយកចិត្តទុកដាក់សំខាន់លើ ពាណិជ្ជកម្មនាំចូល និងនាំចេញ។ អាជីវកម្មរបស់ខ្លួនបានពង្រីកដល់ផលិតកម្ម និងការកែច្នៃអាហារសមុទ្រសម្រាប់ការនាំចេញ។ ជាបន្តបន្ទាប់ ក្រុមហ៊ុន Sunwah នៅពេលនេះ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីឈ្មោះជាមួយផលបត្រវិនិយោគនៅក្នុងប្រទេស កម្ពុជា។
ក្រុមហ៊ុន Yuetai Group គឺជាអ្នកដើរតួនាទីដ៏សំខាន់មួយទៀត នៅក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យរបស់កម្ពុជា។ គម្រោងធំៗរបស់ក្រុមហ៊ុននេះគឺ គម្រោងអភិវឌ្ឍន៍ Harbour Bay ឬ «The City Gate » ដែលលាតសន្ធឹងតាមបណ្ដោយមាត់ទន្លេ នឹងចាប់ផ្ដើមការសាងសង់នៅត្រីមាសទី ១ ឆ្នាំក្រោយ។
គម្រោងអភិវឌ្ឍន៍នេះ រួមមានអគារការិយាល័យ អគារពាណិជ្ជកម្ម មជ្ឈមណ្ឌលសិល្បៈ ទីលានវប្បធម៌ រមណីយដ្ឋាន ខុនដូ សណ្ឋាគារផ្កាយ ៥ មជ្ឈមណ្ឌលតាំងពិព័ណ៍ និងសួនសាធារណៈ។
សំខាន់ជាងនេះទៅទៀត ផលិតផលអាហារមកពីទីក្រុងហុងកុង និងម៉ាកាវ ក៏មានវត្តមាននៅក្នុងប្រទេស កម្ពុជា ដែរ។ យីហោទាំងនេះមួយចំនួន បានបើកហាងលក់នៅក្នុងប្រទេស កម្ពុជា ខណៈដែលមួយចំនួនត្រូវបាននាំចូល។ ក្នុងចំណោមផលិតផលគួរឲ្យកត់សម្គាល់ទាំងនោះ រួមមាននំពងទា នំផ្អែមបែបប្រពៃណី និងនំសែនព្រះខែជាដើម៕