ប្រទេស​ជប៉ុន​ បាន​ងាក​ទៅរក​ការលើកកម្ពស់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អនឡាញ ​ដើម្បី​រក្សា​សម្ទុះ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យមាន​តុល្យភាព​ជាមួយ​ប្រទេស​កម្ពុជា ខណៈពេល​ដែល​ការផ្លាស់ប្តូរ​គណៈប្រតិភូ​ពាណិជ្ជកម្ម​បាន​ធ្លាក់ចុះ​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​រាតត្បាត​។

ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​តាម​អនឡាញ និង​ការចែករំលែក​ព័ត៌មាន​តាមរយៈ​គេហទំព័រ គឺជា​គំនិត​ផ្តួចផ្តើម​ប្រកប​ដោយ​ភាពច្នៃប្រឌិត ដែល​ត្រូវ​បានធ្វើ​ឡើង​ដោយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន (JETRO) ​ខណៈ​ពេល​ដែល​ជំងឺ​កូវីដ​បាន​ឆ្លង​ពេញ​ ១ ​ឆ្នាំ​ បាន​ធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ធ្លាក់ចុះ​នៅ​ទូទាំង​ពិភពលោក​ក្នុង​នោះ​មាន​ការរឹតត្បិត​លើ​ការធ្វើដំណើរ​អន្តរជាតិ ការបិទ​ប្រទេស និង​គម្លាត​សង្គម ដើម្បី​ទប់ស្កាត់​ការរីករាលដាល​មេរោគ​នេះ ហើយ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​ក៏ត្រូវ​បាន​រំខាន​ផងដែរ​។


យោងតាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានឱ្យ​ដឹងថា ការនាំ​ចូល​បាន​ធ្លាក់ចុះ ៣៣,៩ ភាគរយ ខណៈ​ការនាំចេញ​ធ្លាក់ចុះ​ ១៥,៨ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០ ធៀប​នឹង​ឆ្នាំ​ ២០១៩​។ ជា​សរុប​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​ធ្លាក់ចុះ​ប្រមាណ ២៣ ​ភាគរយ កាលពី​ឆ្នាំមុន​ធៀប​នឹង​ឆ្នាំ​ ២០១៩​។


«​ខណៈ​យើង​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​មិន​ប្រាកដប្រជា ការ​ស្ទង់មតិ​មួយ​ធ្វើឡើង​ដោយ Jetro កាលពី​ខែកញ្ញា បាន​ឱ្យ​ដឹងថា កម្ពុជា​មាន​អត្រា​ងើបឡើង​វិញ​លឿន​បំផុត​ពី​ជំងឺ​កូវីដ​១៩ ក្នុងចំណោម​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​។


លោកស្រី Haruta Marisa ប្រធាន​តំណាង​អង្គការ Jetro ប្រចាំ​កម្ពុជា​ថ្លែងថា​៖ «​នៅពេលនេះ Jetro កំពុង​ព្យាយាម​បង្កើន​ទំហំ​ពាណិជ្ជកម្ម​តាមរយៈ​កម្មវិធី និង​គម្រោង​មួយចំនួន​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​រក្សាបាន​នូវ​សកម្មភាព​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២ ​ឱ្យ​នៅ​តែ​រឹងមាំ​ និង​កំណើន​»​។


ដើម្បី​ចាប់ផ្តើម​នៅ​ឆ្នាំនេះ Jetro បានរៀបចំ​កម្មវិធី​ «Good Goods Japan 2021» ដែល​ជា​ព្រឹត្តិការណ៍​ផ្គូផ្គង​អាជីវកម្ម​តាម​អនឡាញ​ចាប់ពី​ខែកុម្ភៈ ដើម្បី​ណែនាំ​ផលិតផល​ជប៉ុន ដូចជា​ផលិតផល​សម្រស់ សម្ភារ​ផ្ទះបាយ និង​ផលិតផល​សម្រាប់​ទារក​ជាដើម​។ ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ២២ ជាមួយ​នឹង​ផលិតផល​ប្រមាណ​ ៨០ ​ប្រភេទ​ បាន​ដាក់​បង្ហាញ​ផលិតផល​របស់​ពួកគេ​ក្នុងអំឡុងពេល​ពិព័រណ៍​តាម​អនឡាញ​កាលពី​ថ្ងៃទី​ ៣ ដល់​ថ្ងៃទី​ ៤ ខែ​កុម្ភៈ ដែល​នឹង​ភ្ជាប់​អ្នកផ្គត់ផ្គង់​ជប៉ុន​ដែលមាន​សក្តានុពល​ជាមួយ​អ្នកទិញ​កម្ពុជា​។


«Jetro បាន​ជួយ​សម្រួល​ដល់​ព្រឹត្តិការណ៍​បែបនេះ​អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំ​មកហើយ​នៅក្នុង​ប្រទេស​ដទៃទៀត ហើយ​នេះ​គឺជា​លើក​ទី​ ១ ​ហើយ​ដែល​យើង​រៀបចំ​ព្រឹត្តិការណ៍​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោកស្រី Marisa បាន​បន្ថែមថា​៖ «​ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​សហគមន៍​ធុរកិច្ច​នៅក្នុង​ប្រទេស​ទាំង​ ២ ដូចជា​ការភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជប៉ុន​ជាមួយ​អ្នកទិញ​កម្ពុជា ផ្គូផ្គង​អាជីវកម្ម​តាម​អនឡាញ​សម្រាប់​ពាណិជ្ជករ​កម្ពុជា និង​ជប៉ុន​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ដោយ​នាំចូល​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​ចូល​ទីផ្សារ​កម្ពុជា​»​។

មុនពេល​ជំងឺ​កូវីដ​ផ្ទុះឡើង ជា​រៀងរាល់​ឆ្នាំ ការិយាល័យ JETRO នៅក្នុង​ទីក្រុង​ភ្នំពេញ​បាន​សហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដើម្បី​រៀបចំ «​សិក្ខាសាលា​ស្ដីពី​វិនិយោគ​នៅ​កម្ពុជា​» នៅ​ប្រទេស​ជប៉ុន ដើម្បី​ផ្តល់ព័ត៌មាន​អំពី​បរិយាកាស​វិនិយោគ​កាន់តែ​ប្រសើរ និង​មាន​សក្តានុពល​របស់​កម្ពុជា​ដល់​វិនិយោគិន​ជប៉ុន​ដើម្បី​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​។

ទោះយ៉ាងណា​ដោយសារ​តែ​ជំងឺ​កូវីដ ​១៩ ព្រិត្តិការណ៍​មួយចំនួន​ត្រូវបាន​ពន្យារពេល​។ យើង​កំពុង​រង់ចាំ​ច្បាប់​វិនិយោគ​ថ្មី (​នៅ​កម្ពុជា​) ​ដើម្បី​ឱ្យ​យើង​អាច​ផ្សព្វផ្សាយ​កាន់តែ​ច្រើន​អំពី​ប្រទេស​កម្ពុជា​។ JETRO នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅតែ​ចែករំលែក​ព័ត៌មាន​តាម​អនឡាញ​អំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ដល់​វិនិយោគិន​ជប៉ុន ដើម្បីឱ្យ​ពួកគេ​ពិចារណា​មក​វិនិយោគ និង​ពង្រីក​អាជីវកម្ម​ពួកគេ​នៅទីនេះ​»​។

លោកស្រី Marisa បាន​បន្ថែមថា​៖ «​នៅក្នុង​ស្មារតី​រួម​ដើម្បី​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​គ្នា ជាមួយ​ក្រសួង​ពាណិជ្ជកម្ម សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា យើង​រំពឹងថា កម្មវិធី​និង​គម្រោង​កាន់តែ​ច្រើន​នឹងមាន​វត្តមាន​នៅពេល​អនាគត​»​។

«​យើង​មិនអាច​បង្កើន​ពាណិជ្ជកម្ម​ដោយ​គ្មាន​ការសហការ​ល្អ​ពី​ដៃគូ​របស់​យើង​នោះទេ​។ ដូច្នេះ​យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​កសាង​អាជីវកម្ម​ជាមួយ​គ្នា​»៕