ការ​ឈាន​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​របស់​បណ្តា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុ​ជីវិត​ជា​ច្រើន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា ដែល​បាន​ចូល​តាំង​ពី​ឆ្នាំ ២០១៣ មក ​គឺ​ជា​ការ​បង្ហាញ​ពី​ការ​កើន​ឡើង​នូវ​ភាព​ជឿជាក់​របស់​ប្រតិបត្តិករ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ទៅ​លើ​សេដ្ឋកិច្ច​របស់​កម្ពុជា​។

ជា​ក្បួន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត តែងតែ​ធ្វើ​ការ​វិនិយោគ​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ក្នុង​ប្រទេស​ទាំង​ឡាយ​ណា​ដែល​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ហើយ​វិនិយោគ​លក្ខណៈ​យូរ​អង្វែង​ទៅ​លើ​ទ្រព្យ​ធន​ដែល​អាច​ផ្តល់​ចំណូល​ជាក់លាក់ និង​មាន​ស្ថិរភាព ឧទាហរណ៍​ដូចជា​មូលបត្រ​រដ្ឋាភិបាល ឬ​មូលបត្រ​នៃ​សាជីវកម្ម​ណា​ដែល​មាន​កេរិ៍្ត​ឈ្មោះ​ល្អ​។​ នេះ​ដើម្បី​ធានា​ថា ក្រុមហ៊ុន​នឹង​មាន​សមត្ថភាព​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជូន​ចំពោះ​អតិថិជន​។


ចាប់​តាំង​ពី​ក្រុមហ៊ុន​ព្រូដិនសល បាន​ចាប់​ផ្តើម​អាជីវកម្ម​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៣ មក យើង​បាន​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប្រភេទ​ទ្រព្យធន​បែប​ថ្មី ដែល​ក្រុមហ៊ុន​អាច​វិនិយោគ​បាន​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ទីផ្សារ​សញ្ញាបណ្ណ​សាជីវកម្ម​ទើប​ចាប់​កំណើត​ដែល​ក្រុមហ៊ុន​ធំៗ​ក្នុង​ស្រុក​មួយ​ចំនួន កំពុង​តែ​ប្រើប្រាស់​ជា​ប្រភព​ដើម្បី​ស្វែងរក​ដើមទុន​បន្ថែម តាមរយៈ​ការ​បញ្ចេញ​លក់​នូវ​សញ្ញា​បណ្ណ​របស់​ខ្លួន​។


យើង​ក៏​បាន​កត់​សម្គាល់​ឃើញ​ផង​ដែរ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ​នឹង​សាកល្បង​កម្មវិធី​សញ្ញាបណ្ណ​រដ្ឋាភិបាល​របស់​ខ្លួន ក្នុង​គោល​បំណង​ដើម្បី​បញ្ចេញ​លក់​សញ្ញាបណ្ណ​របស់​រដ្ឋ​ជា​ប្រាក់​រៀល​ខ្មែរ នៅ​ត្រឹម​ឆ្នាំ ​២០២២ ឬ​ឆ្នាំ ​២០២៣​។


អ្នក​យកព័ត៌មាន​ម្មើល​អេក្រង់​បង្ហាញ​សន្ទស្សន៍​តម្លៃ​ភាគហ៊ុន​នៅក្នុង​ការិយាល័យ​របស់​ផ្សារ​មូលបត្រ​កម្ពុជា​ក្នុង​ទីក្រុង​ភ្នំពេញ។ហេង ជីវ័ន


ទីផ្សារ​សញ្ញាបណ្ណ​របស់​រាជរដ្ឋាភិបាល ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​ឱ្យ​ប្រាក់​រៀល​ខ្មែរ ទទួល​បាន​នូវ​ចំណាត់​ថ្នាក់​អន្តរជាតិ​មួយ​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​បរទេស និង​ចាប់​ផ្តើម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​ជា​បណ្តើរៗ ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​គ្រប់គ្រង​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន​ទាំង​ស្រុង​។


រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​លើក​កម្ពស់​ការ​ចាយ​ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​។ រាជរដ្ឋាភិបាល​ក៏​បាន​គាំទ្រ​ដល់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មីៗ រាប់​បញ្ចូល​ទាំង​ការ​ទូទាត់​ផ្សេងៗ​ដោយ​មិន​ប្រើប្រាស់​ក្រដាស​ប្រាក់ ដែល​នឹង​ជំរុញ​ឱ្យ​មាន​ការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់​តែ​ទូលំទូលាយ​។

សញ្ញាណ​ទាំង​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេស ​កម្ពុជា ​កំពុង​តែ​ចាប់​ផ្តើម​ក្លាយ​ខ្លួន​ជា​ទីផ្សារ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​បទពិសោធ និង​ភាព​ចាស់​ទុំ​ច្រើន​ជាង​មុន តាមរយៈ​ការ​បង្កើត​ឱ្យ​មាន​ប្រភេទ​ទ្រព្យ​ហិរញ្ញវត្ថុ​អាយុកាល​យូរអង្វែង និង​មាន​ស្ថិរភាព​ខ្ពស់​។ ទន្ទឹម​គ្នា​នេះ​ដែរ ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា ក៏​នឹង​ទទួលបាន​នូវ​ចលនា​សាច់ប្រាក់​មាន​លំហូរ​សស្រោកសស្រាំ​ជាង​មុន​។​

យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ដំណើរការ​ពិពិធកម្ម (​ការ​ធ្វើ​ឱ្យ​មាន​កាន់​តែ​ច្រើន​បែប​ផ្សេងៗ​គ្នា​) នៃ​ទ្រព្យ​ហិរញ្ញវត្ថុ​ដែល​អាច​វិនិយោគ​បាន​នៅ​ក្នុង​ប្រទេស ​កម្ពុជា នឹង​កាន់​តែ​ឈាន​ទៅ​មុខ ហើយ​យើង​ក៏​ចង់​ឃើញ​ការ​ឈាន​ទៅ​មុខ​បែប​នេះ​មាន​នៅ​ក្រៅ​ប្រទេស ​កម្ពុជា ​ផង​ដែរ​។​

ជា​ឧទាហរណ៍ យើង​អាច​វិនិយោគ​បាន​លើ​ទ្រព្យ​ហិរញ្ញវត្ថុ​របស់​រតនាគារ​ជាតិ​នៃ​សហរដ្ឋ​អាមេរិក (US Treasuries) ​ដែល​​យើង​នឹង​រឹត​តែ​មាន​សុវត្ថិភាព​បន្ថែម​ទៀត​លើ​ការ​ថែរក្សា និង​សន្សំ​លុយ​។ នៅ​ពេល​ការ​វិវត្ត​នេះ​ឈាន​ដល់​ដំណាក់​កាល​មួយ ដែល​ការ​វិនិយោគ​អាច​ធ្វើ​ទៅ​បាន​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស នោះ​វា​នឹង​ជួយ​សម្រួល និង​ធ្វើ​ឱ្យ​មាន​តុល្យភាព​លើ​ដំណើរការ​ពិពិធកម្ម​ទ្រព្យ​ហិរញ្ញវត្ថុ​។​

ក្រុមហ៊ុន​ព្រូដិនសល ស្វាគមន៍​ចំពោះ​ការវិវត្ត​ថ្មី​នេះ ហើយ​ពួក​យើង​នឹង​ប្រើប្រាស់​ចំណេះ​ដឹង​ដែល​យើង​មាន​តាមរយៈ​បទពិសោធ​ជាង ១៧១ ឆ្នាំ ដើម្បី​គាំទ្រ​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​កម្ពុជា​។ បទពិសោធ​របស់​យើង ​គឺ​មាន​ទាំង​នៅ​ទីផ្សារ​ដែល​មាន​ការ​អភិវឌ្ឍ​ខ្ពស់ និង​ទីផ្សារ​កំពុង​អភិវឌ្ឍន៍​ដូច​ប្រទេស ​កម្ពុជា ​នេះ​៕​

ដោយ​លោក David Nutman អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ព្រូដិនសល​កម្ពុជា