នៅ​ពេល​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (CJCC) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៤ គោល​បំណង​ចម្បង​របស់​មជ្ឈមណ្ឌល​នេះ ​គឺ​ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ តាមរយៈ​ការ​បណ្តុះបណ្តាល​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ការ​បណ្តុះបណ្តាល​ភាសា​ជប៉ុន ​និង​សកម្មភាព​ផ្លាស់ប្តូរ​វប្បធម៌​។​

អស់​រយៈពេល​ជិត ​២ ​ទសវត្ស​មក​នេះ មជ្ឈមណ្ឌល CJCC ដែល​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​ជប៉ុន​មាន​មោទនភាព​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ឈាន​មុខ​គេ ដោយ​ប្រជាជន​កម្ពុជា​អាច​មក​បង្កើន​ជំនាញ​អាជីវកម្ម​របស់​ពួក​គេ​ដោយ​ផ្អែក​លើ​ចំណេះដឹង ​និង​បទពិសោធ​ស្តង់ដា​ជប៉ុន​ និង​ជួយ​ក្នុង​ការ​តភ្ជាប់​ទំនាក់ទំនង​ផ្នែក​អាជីវកម្ម​រវាង​ប្រទេស​ទាំង ២។​


មជ្ឈមណ្ឌល​ CJCC មាន​ទីតាំង​ស្ថិត​នៅ​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មាន​ផ្តល់​ជូន​វគ្គ​សិក្សា​ជាច្រើន ​និង​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ​ដែល​កំពុង​មាន​ការ​រីក​ចម្រើន ដោយ​វគ្គ​បណ្តុះបណ្តាល​ទាំង​នោះ​មាន​ដូចជា​វគ្គ​សហគ្រិនភាព ​វគ្គ​អភិវឌ្ឍ ​និង​គ្រប់គ្រង​សាជីវកម្ម និង​មាន​រហូត​ដល់​វគ្គ​គ្រប់គ្រង​ក្រុមហ៊ុន​ជាដើម​។


លោក​បណ្ឌិត ឃឹម​ លាង​ នាយក​មជ្ឈមណ្ឌល​ CJCC មាន​ប្រសាសន៍​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ចាប់​តាំង​ពី​ឆ្នាំ ២០០៤ មក CJCC បាន​បណ្តុះបណ្តាល​សិក្ខាកាម​បាន​ចំនួន ២៥ ៣៧៩ នាក់ ​ទាំង​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​វែង ​និង​វគ្គ​ខ្លី ដោយ​ក្នុង​នោះ​មាន​ជិត ៧០០ នាក់​ដែល​បាន​បញ្ចប់​វគ្គ​សហគ្រិនភាព ហើយ ​២២ ​ភាគរយ ​នៃ​ពួក​គេ​បាន​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​»​។​


«​យើង​ក៏​ផ្តោត​ទៅ​លើ​មីក្រូ​សហគ្រាស ​សហគ្រាស​ធុន​តូច ​និង​មធ្យម (MSMEs) ផង​ដែរ ហើយ​ចំពោះ​ផ្នែក​សេវា​វិញ យើង​ក៏​មាន​ប្រធានបទ​ផ្សេងៗ​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នោះ ដូចជា​វគ្គ​ស្តីពី​ការ​ពេញ​ចិត្ត​របស់​អតិថិជន​វគ្គ​គ្រប់គ្រង​ប្រតិបត្តិការ​ប្រចាំថ្ងៃ វគ្គ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ក្រុមហ៊ុន និង​វគ្គ​គ្រប់គ្រង​ធនធាន​មនុស្ស​ជាដើម​»​។


លោក​បណ្ឌិត ឃឹម លាង​ បន្ថែម​ទៀត​ថា​៖ «គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល់​ទាំង​នេះ គឺ​មាន​លក្ខណៈ​ខុសៗ​ទៅ​តាម​ប្រធានបទ​នីមួយៗ​។ ឧទាហរណ៍ វគ្គ​សហគ្រិនភាព គោល​បំណង ​គឺ​ជួយ​ដល់​អ្នក​ដែល​ចង់​បើក​អាជីវកម្ម ហើយ​បើ​អាជីវកម្ម​នោះ​ជា​លក្ខណៈ​គ្រួសារ ឲ្យ​គាត់​កែលម្អ​ប្រព័ន្ធ​ប្រតិបត្តិការ ពី​ព្រោះ​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ភាគ​ច្រើន​មិន​មាន​ជា​ប្រព័ន្ធ​ច្បាស់លាស់​ទេ​»​។


លើស​ពី​នេះ​ទៀត CJCC ក៏​ផ្តល់​ជូន​ការ​ជួបជុំ​បណ្តាញ​ធុរកិច្ច​ និង​ផ្គូផ្គង​អាជីវកម្ម​រវាង​សហគមន៍​ពាណិជ្ជកម្ម​ជប៉ុន ​និង​កម្ពុជា​ផងដែរ​ ​ហើយ​សម្រាប់​យុវជន​កម្ពុជា​ដែល​ចង់​ចូល ប្រឡូក​ក្នុង​ពិភព​ជំនួញ​ពួក​គេ​អាច​មក​ទទួល​ការ​បណ្តុះបណ្តាល​ពិសេសៗ​នៅ​មជ្ឈមណ្ឌល​នេះ​បាន​។​

«​ចំពោះ​កម្មវិធី CJCC Accelerator Program (CJAP) ​គឺ​សម្រាប់​អ្នក​ដែល​គាត់​ទើប​ចាប់ផ្តើម​អាជីវកម្ម​ថ្មីៗ ឬ​មាន​វ័យក្មេង​ខ្ចី​ក្នុង​ផ្នែក​អាជីវកម្ម​។ យើង​បណ្តុះបណ្តាល និង​បង្កើន​សមត្ថភាព​របស់​ពួក​គាត់​។ ចំពោះ​អ្នក​ដែល​គាត់​បាន​ចាប់​ផ្តើម​ហើយ ប៉ុន្តែ​ខ្វះ​ទុន​ដើម្បី​ពង្រីក​អាជីវកម្ម គឺ​យើង​ជួយ​រក​ប្រភព​ហិរញ្ញវត្ថុ​ឲ្យ​គាត់​»​។​

លោក​បណ្ឌិត ឃឹម លាង បញ្ជាក់​ថា​៖ «​ម្យ៉ាង​វិញ​ទៀត តាមរយៈ​សមាគម​ពាណិជ្ជកម្ម​និង វិនិយោគ​កម្ពុជា​-​ជប៉ុន ​(CJBI) ​គឺ​សមាគម​នេះ​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ភាពជា​ដៃ​គួរ​វាង​កម្ពុជា-ជប៉ុន ហើយ​តាមរយៈ​សមាគម​នេះ​យើង​ផ្គូផ្គង​អ្នក​វិនិយោគ​ជប៉ុន ដែល​គាត់​ចង់​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ ហើយ​ខ្មែរ​នៅ​ក្នុង​ស្រុក​ដែល​ចង់​ចាប់​ដៃ​រកស៊ី​ជាមួយ​ជនជាតិ​ជប៉ុន​។ គោល​បំណង ​គឺ​យើង​ចង់​ឲ្យ​ពួក​គាត់​ក្លាយជា​ដៃ​គូ»​។​

មជ្ឈមណ្ឌល CJCC កំពុង​បន្ត​ចូលរួម​ចំណែក​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ចំណង​មិត្តភាព​ទ្វេភាគី​រវាង​កម្ពុជា-ជប៉ុន ​ទាំង​ផ្នែក​ទំនាក់ទំនង​រវាង​ប្រជាជន ​និង​ប្រជាជន ក៏​ដូចជា​សកម្មភាព​​ពាណិជ្ជកម្ម​។​

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជប៉ុន​ជិត ៣០០ ក្រុមហ៊ុន ​ដែល​បាន​ចុះ​បញ្ជី ​និង​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ព្រះរាជាណាចក្រ​​​កម្ពុជា។ លើស​ពី​នេះ​ទៀត មាន​ប្រជាជន​ជប៉ុន​ប្រមាណ ២៥០ ០០០ នាក់ ​បាន​​មក​ទស្សនា​ប្រទេស ​កម្ពុជា ​​កាល​ពី​ឆ្នាំមុន៕