ក្នុង​ចំណោម​ផ្នែក​វិភាគ ​និង​ស្រាវជ្រាវ​ជា​ច្រើន​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ដែល​រួម​ចំណែក​ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ការ​ស្រាវជ្រាវ និង​ការ​ការពារ​ជំងឺ​ឆ្លង មន្ទីរ​ពិសោធន៍​វេជ្ជ​ជីវសាស្ត្រ​ Laboratoire de Biologie Medicale (LBM) ឬ Medical Laboratory គឺ​ជា​មន្ទីរ​ពិសោធន៍​មួយ​ស្ថិត​នៅ​ជួរ​មុខ​នៃ​ផ្នែក​វេជ្ជ​ជីវសាស្ត្រ​ចាប់​តាំង​ពី​បាន​បង្កើត​ឡើង​នៅ​ក្នុង ​ឆ្នាំ ​១៩៩៥​។

ប្រធាន​មន្ទីរ​ពិសោធន៍​ជីវវេជ្ជសាស្ត្រ លោក​ឱសថ​បណ្ឌិត Gauthier Delvallez មាន​ប្រសាសន៍​ថា​៖ « បេសកកម្ម​ដ៏​សំខាន់​របស់​មន្ទីរពិសោធន៍ LBM គឺ​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ព្យាបាល​ និង​ថែទាំ​អ្នក​ជំងឺ និង​លើក​កម្ពស់​សុខភាព​សាធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ក្នុង​គោល​បំណង​សំខាន់ ​គឺ​ដើម្បី​បំពេញ​តាម​ការ​រំពឹង​ទុក​ និង​ការ​ពេញ​ចិត្ត​របស់​សាធារណជន»​។


វា​គឺ​ជា​មន្ទីរពិសោធន៍​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​អនុវត្ត​ការ​ធ្វើ​តេស្ត ​និង​ប្រឹក្សា​រក​មេរោគ​អេដស៍​ដោយ​ឥត​គិត​ថ្លៃ ហើយ​បន្ត​ផ្តល់​នូវ​សន្តិភាព​ផ្លូវ​ចិត្ត​តាមរយៈ​ការ​ពិគ្រោះ​យោបល់ ធ្វើ​តេស្ត​រក​មេរោគ​អេដស៍ និង​ប្រឹក្សា​ដោយ​​ឥត​គិត​ថ្លៃ។​


នៅ​ក្នុង​ឆ្នាំ ​២០១៨ មន្ទីរ​ពិសោធន៍ LBM បាន​ទទួល​វិញ្ញាបនបត្រ​វាយ​តម្លៃ​​ទទួល​ស្គាល់​គុណភាព​អន្តរជាតិ ISO 15189 ហើយ​បាន​ក្លាយ​ជា​មន្ទីរ​ពិសោធន៍​ដំបូង​គេ​នៅ​កម្ពុជា ដែល​​​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​អន្តរជាតិ​សម្រាប់​ផ្នែក​មន្ទីរពិសោធន៍​វេជ្ជជីវសាស្ត្រ។


ហើយ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើក​កម្ពស់​សុខភាព​សាធារណៈ​អាច​ត្រូវ​បាន​​មើល​ឃើញ​ថា ​វា​ជា​គោលដៅ​ឈាន​មុខ​គេ​របស់​មន្ទីរ​ពិសោធន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នៅ​កម្ពុជា​ជាពិសេស​ជំងឺ​របេង​។​


កញ្ញា សុខ លាភ ដែល​បច្ចុប្បន្ន​កំពុង​សិក្សា​ថ្នាក់​បណ្ឌិត​ទាក់ទង​នឹង​ការ​សិក្សា​​ហ្សេនេទិក និង​ការ​វិវត្ត​ភាពស៊ាំ​នៃ​មេរោគ​របេង​ថ្លែង​ថា​៖ «​ជំងឺ​របេង​នៅ​ជាប​ញ្ហា​សុខភាព​ចម្បង​មួយ​នៅ​ឡើយ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ​ ៣ ​ម៉ឺន​ករណី ​ជា​រៀង​រាល់​ឆ្នាំ​។ ទោះ​យ៉ាង​ណា ដោយ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ឆ្នាំ ​២០១៥ ករណី​របេង​បាន​ធ្លាក់​ចុះ​ ៥០ ​ភាគរយ ពី​តួលេខ​ឆ្នាំ ​១៩៩០​។ ប្រទេស​​កម្ពុជា ​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​របេង និង​កំពុង​ធ្វើ​ការ ​ដើម្បី​សម្រេច​​ឱ្យ​បាន​នូវ​យុទ្ធសាស្ត្រ​លុប​បំបាត់​ជំងឺ​របេង​ក៏​ដូចជា​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDG) ត្រឹម​ឆ្នាំ ២០៣០ ក្នុង​គោល​បំណង​កាត់​បន្ថយ​អត្រា​ជំងឺ​របេង​ឱ្យ​បាន ​៨០ ភាគរយ និង​អត្រា​មរណភាព​ឱ្យ​បាន​ ៩០ ភាគរយ»​។


មន្ទីរ​ពិសោធន៍​បាន​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព ​ដើម្បី​ធានា​បាន​នូវ​ស្តង់ដា​គុណភាព​ដែល​ត្រូវ​ការ​នៅ​មុន​​ពេល​វិភាគ (​ការ​ប្រមូល​សំណាក​ និង​ការ​ដឹក​ជញ្ជូន) ​ការ​វិភាគ (​ការ​ធ្វើ​តេស្ត​) និង​ក្រោយ​ការ​វិភាគ (​ការ​បញ្ជូន​លទ្ធផល ​និង​ការ​បកស្រាយ​) ព្រម​ទាំង​អនុវត្ត​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ជា​បន្ត ដើម្បី​បន្ត​ការ​ធានា​គុណភាព​នៃ​លទ្ធផល​។

មន្ទីរពិសោធន៍​វេជ្ជជីវសាស្ត្រ LBM មាន​តេស្ត ជាង ​១៥០ ​ប្រភេទ​ផ្សេងៗ​គ្នា ដោយ​ធ្វើ​ការ​ជាមួយ​មន្ទីរពេទ្យ​ជា​ច្រើន ​និង​គ្លីនិក​ឯកជន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយ​ចំនួន ដែល​បញ្ជូន​សំណាក​ពី​អ្នក​ជំងឺ​របស់​ពួក​គេ​។

ជាមួយ​ក្រុម​ការងារ​ដែល​ទទួល​បាន​ការ​បណ្តុះបណ្តាល​ខ្ពស់​ចំនួន ​៣៥ ​នាក់ រួម​ទាំង​គិលានុបដ្ឋាយិកា អ្នក​បច្ចេកទេស វិស្វករ ប្រធាន​ផ្នែក​គុណភាព វេជ្ជបណ្ឌិត និង​ឱសថ​បណ្ឌិត ​មន្ទីរ​ពិសោធន៍​ត្រូវ​បាន​បែងចែក​ជា ​៤ ផ្នែក​ផ្សេង​គ្នា ដូចជា​មន្ទីរ​ពិសោធន៍​តេស្ត​ឈាម មន្ទីរ​ពិសោធន៍​មីក្រូ​ជីវសាស្ត្រ មន្ទីរ​ពិសោធន៍​រោគ​របេង និង ផ្នែក​ជីវសាស្ត្រ​ម៉ូលេគុល​។

លោក Gauthier Delvallez ក៏​បាន​បន្ថែម​ថា​៖ « ខ្ញុំ​មាន​មោទនភាព​ចំពោះ​គុណភាព​ការងារ និង​លទ្ធផល​គួរ​ឱ្យ​ទុក​ចិត្ត​នៃ​ការ​វិភាគ​ដែល​យើង​ផ្តល់​ជូន​អ្នក​ជំងឺ​របស់​យើង​។ តាមរយៈ​ការ​ផ្តល់នូវ​លទ្ធផល​មន្ទីរ​ពិសោធន៍​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន វា​ជួយ​ដល់​គ្លីនិក​ឱ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ត្រឹមត្រូវ ហើយ​អ្នក​ជំងឺ​អាច​ទទួល​បាន​ការ​ព្យាបាល​ និង​ថែទាំ​ជំងឺ​របស់​ពួក​គេ​បាន​យ៉ាង​​មាន​ប្រសិទ្ធភាព​»។

«ខ្ញុំ​តែងតែ​ស្រឡាញ់​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ខ្ញុំ​មក​វិស្សមកាល​ទី​នេះ​កាល​ពី​ជិត ១០ ឆ្នាំ​មុន​មក​ម្លេះ។ ដូច្នេះ​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​មាន​ឱកាស​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា។ រឿង​ដំបូង​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​ពេល​ខ្ញុំ​មក​ដល់ គឺ​ធ្វើ​ទំនើបកម្ម​មន្ទីរ​ពិសោធន៍​មីក្រូជីវសាស្រ្ត (Microbiology Lab) ជាមួយ​នឹង​ការ​អនុវត្ត​បច្ចេកវិទ្យា​ថ្មីៗ​ដោយ​មាន​ឧបករណ៍​វាស់ស្ទង់​សម្រាប់​កំណត់​អត្តសញ្ញាណ​មីក្រូសរីរាង្គ​ដូចជា​បាក់តេរី និងផ្សិត (fungi) ជា​ដើម»។

រឿង​មួយ​ក្នុង​ចំណោម​រឿង​ថ្មីៗ​ដែល​យើង​បាន​ធ្វើ គឺ​ការ​អភិវឌ្ឍ​វេទិកា​ម៉ូលេគុល​ជីវវិទ្យា​ជាមួយ​នឹង​ការ​អនុវត្ត​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ​កាមរោគ ដោយ​វិធីសាស្ត្រា​ធ្វើ​តេស្ត PCR ដូចជា​ជំងឺ​ប្រមេះ​ទឹកថ្លា (Chlamydia trachomatis) និង​ជំងឺ​ប្រមេះ​ទឹក​បាយ (Neisseria gonorrhea) ជាដើម។ ក្នុង​ពេល​ថ្មីៗ​នេះ​ យើង​ក៏​បាន​ស្នើ​ឱ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​វីរុស​ដែល​មាន​ហានិភ័យ​ខ្ពស់ គឺ​អេចភីវី (human Papillomavirus) ជា​វីរុស​ម្យ៉ាង​ដែល​ឆ្លង​តាម​ការ​រួមភេទ​ដោយ​ប្រើ​វិធីសាស្ត្រ​ធ្វើ​តេស្ត real-time PCR។

លោក Delvallez ថ្លែង​ដោយ​មោទនភាព​ថា៖ «ដោយ​មាន​ប្រវត្តិ​ដ៏​យូរលង់​ក្នុង​ការ​ផ្តល់​នូវ​ឧត្តមភាព និង​ជា​អ្នក​ឈាន​មុខ​គេ​នៃ​ការ​អភិវឌ្ឍ​ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ណាស់​ដែល​ធ្វើ​ការ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​បាន​ជួយ​លើក​កម្ពស់​សុខភាព​សាធារណៈ​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង»៕