មន្ទីរពេទ្យ​ជប៉ុន​សាន់រ៉ាយស៍​ក្នុង​រយៈពេល​ជិត ៤ ​ឆ្នាំ​កន្លង​មក​នេះ ​បាន​ក្លាយ​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ជា​និមិត្ត​រូប​នៃ​សហគមន៍​ជប៉ុន ក្នុង​ការ​ជួយ​​គាំទ្រ​ដល់​វិស័យ​ថែទាំ​វេជ្ជសាស្ត្រ​។

នៅ​ពេល​ដែល​ត្រូវ​បាន​បើក​ដំណើរការ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ​២០១៦ មន្ទីរពេទ្យ​នេះ​មាន​វេជ្ជបណ្ឌិត​ជប៉ុន និង​ក្រុម​អម​វេជ្ជសាស្រ្ត​ចំនួន ​៣០ ដែល​ធ្វើ​ការ​ជាមួយ​វេជ្ជបណ្ឌិត និង​ក្រុម​អម​វេជ្ជសាស្រ្ត​​ខ្មែរ​ចំនួន ​៨០ នាក់​។​


លោក​វេជ្ជបណ្ឌិត Yoshifumi Hayashi​ ឯកទេស​ប្រសាទ​សាស្ត្រ​ថ្លែង​ថា ​បច្ចុប្បន្ន​មាន​វេជ្ជបណ្ឌិត​ជប៉ុន​ចំនួន ​២០ ​នាក់ និង​ក្រុម​អម​វេជ្ជសាស្ត្រ​កម្ពុជា​ចំនួន ​១៩០ ​នាក់​។


លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​ នៅ​ពេល​នោះ លោក​បាន​មើល​ឃើញ​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​របស់​កម្ពុជា ប៉ុន្តែ​លោក​កត់​សម្គាល់​ឃើញ​ថា ​នៅ​មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​។


លោក​វេជ្ជបណ្ឌិត Hayashi ដែល​លោក​ក៏​ជា​ប្រធាន​មន្ទីរ​ពេទ្យ​នេះ​ផង​ដែរ​នោះ​បាន​លើក​ឡើង​ថា​ មន្ទីរពេទ្យ​នេះ​មាន​វប្បធម៌​ជួយ​ព្យាបាល​ដល់​សហគមន៍​ដោយ​ភាព ​«​កក់ក្តៅ​»​។


ទស្សនៈ​ការ​ព្យាបាល​ដោយភាព​ «​កក់ក្តៅ​» ​បាន​ធ្វើ​ឱ្យ​មន្ទីរពេទ្យ​សម្រេច​បាន​នូវ​សកម្មភាព​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហគមន៍​ជនបទ ​ដើម្បី​ផ្តល់​ការ​ពិនិត្យ​សុខភាព ការ​ពិគ្រោះ​យោបល់ និង​សកម្មភាព​ជា​ច្រើន​ទៀត​សម្រាប់​ប្រជាជន​កម្ពុជា​ក្រីក្រ​។


កាល​ពី​ពេល​ថ្មីៗ​នេះ បុគ្គលិក​មន្ទីរពេទ្យ​ជប៉ុន​សាន់រ៉ាយស៍​ចំនួន ​៣៧ ​នាក់ ​និង​និស្សិត​ស្ម័គ្រ​ចិត្ត​ចំនួន ​២ ​នាក់ ​បាន​ចុះ​ទៅ​ផ្តល់​សេវាកម្ម​វេជ្ជសាស្ត្រ​នៅ​ខេត្ត​ព្រៃវែង​។

នៅ​តាម​ភូមិ​ដាច់​ស្រយាល​ ក្រុម​គ្រូ​ពេទ្យ​បាន​ផ្តល់​ការ​ពិនិត្យ​សុខភាព និង​ធ្វើ​ការ​អប់រំ​ចំណេះដឹង​សុខភាព​ដល់​អ្នក​ភូមិ​ប្រមាណ ​៣០០ ​នាក់​។

លោក​​វេជ្ជបណ្ឌិត​ពន្យល់​ថា មាន​អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ​ជា​ច្រើន​ គាត់​បាន​ប្រាប់​ថា​ គាត់​មាន​ជំងឺ​ក្រពះ​​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​​។ គាត់​គ្រាន់​តែ​បាន​ទៅ​ទិញ​ថ្នាំ​នៅ​ឱសថ​ស្ថាន ជំនួស​ឲ្យ​ការ​ទៅ​ពិនិត្យ​សុខភាព​នៅ​​មន្ទីរពេទ្យ ដូច្នេះ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​​ការ​ចេញ​វេជ្ជ​បញ្ជា ​គឺ​មិន​បាន​ត្រឹមត្រូវ​។

«​នេះ​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ មិន​ត្រឹមតែ​នៅ​ទី​ជនបទ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​នៅ​ទីក្រុង​ភ្នំពេញ​ក៏​ដូច្នេះ​ដែរ​។ នៅ​ពេល​យើង​ពិនិត្យ​អ្នក​ជំងឺ​នោះ យើង​រក​ឃើញ​ថា​ គាត់​មាន​បញ្ហា​ពោះ​វៀន​ធំ មិន​មែន​ក្រពះ​ទេ​ដូច្នេះ​យើង​បាន​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​ក្នុង​តំបន់ ​ដើម្បី​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​»​។

ក្រៅ​ពី​កម្មវិធី​ផ្តល់​ការ​ពិនិត្យ​ និង​ព្យាបាល មន្ទីរពេទ្យ​ក៏​បាន​ផ្តល់​ការ​ព្យាបាល​អ្នក​ជំងឺ ​១៥ ​នាក់ ​ដោយ​ឥត​គិត​ថ្លៃ​តាមរយៈ​មូលនិធិ​ « Akahige Project Fund» ​របស់​ខ្លួន​ផង​ដែរ​។ មូលនិធិ​នេះ​ផ្តល់​ការ​ព្យាបាល​ប្រជាជន​ក្រីក្រ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ និង​ចាំបាច់​។

សុបិន​របស់​វេជ្ជបណ្ឌិត​ជនជាតិ​ជប៉ុន លោក Shigemi Kitahara ក្នុង​ការ​ពង្រីក​សេវា​ថែទាំ​វេជ្ជសាស្ត្រ​លំដាប់​ពិភព​លោក​របស់​ជប៉ុន​ទៅ​កាន់​ប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​ធ្វើ​ឲ្យ​លោក​មក​ដល់​ប្រទេស ​កម្ពុជា​។

វា​ត្រូវ​ការ​ពេលវេលា ​៣ ឆ្នាំ ដើម្បី​ធ្វើ​ការ​ស្ទាបស្ទង់ និង​ស្វែង​យល់​អំពី​ស្ថានភាព​សុខភាព​របស់​ប្រទេស ​កម្ពុជា និង ​៣ ​ឆ្នាំ​ទៀត ដើម្បី​សាងសង់​អគារ​មន្ទីរពេទ្យ​នេះ​ឡើង​។ ក្នុង​អំឡុង​ពេល​នេះ បុគ្គលិក​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ​ជប៉ុន ​ដើម្បី​ទទួល​ការ​បណ្តុះបណ្តាល​។

មន្ទីរពេទ្យ​ជប៉ុន​សាន់រ៉ាយស៍ ​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​និស្សិត​ពេទ្យ​កម្ពុជា​អំពី​វិធី​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ ក្នុង​នោះ​រួមមាន​ទាំង​ការ​ប្រើ​ម៉ាស៊ីន​ថត​ឆ្លុះ សរសៃ​ឈាម​ខួរ​ក្បាល​បេះដូង ម៉ាស៊ីន MRI ព្រម​ទាំង​មន្ទីរ​ពិសោធន៍​ជាដើម​។

«​យើង​បង្កើត ​និង​ដំណើរការ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សង្គ្រោះ​បន្ទាន់ ​ដើម្បី​ផ្តល់​ជូន​នូវ​សេវាកម្ម​វេជ្ជសាស្ត្រ​បែប​ជប៉ុន​កម្រិត​ខ្ពស់ ខណៈ​កំពុង​ពង្រីក​គំរូ​របស់​យើង​ប្រកប​ដោយ​និរន្តរភាព​»​។

លោក​មាន​ប្រសាសន៍​ថា​៖ «យើង​ព្យាយាម​ផ្តល់​នូវ​គំរូ​ដ៏​ល្អ​សម្រាប់​ប្រព័ន្ធ​ថែទាំ​វេជ្ជសាស្ត្រ​ទាំង​ផ្នែក​គុណភាព និង​តម្លៃ ក៏​ដូចជា​ការ​អភិវឌ្ឍ​សេវា​ថែទាំ​វេជ្ជសាស្ត្រ និង​ធនធាន​មនុស្ស​»​។

មន្ទីរពេទ្យ​ជប៉ុន​សាន់រ៉ាយស៍ មាន​ផ្តល់​សេវា​ព្យាបាល​ជា​ច្រើន​ប្រភេទ​ក្នុង​នោះ​​មាន​ដូចជា ផ្នែក​ជំងឺ​ទូទៅ​ផ្នែក​ប្រព័ន្ធ​ប្រសាទ ផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​វះកាត់​ទូទៅ ព្យាបាល​ប្រព័ន្ធ​រំលាយ​អាហារ ផ្នែក​ជំងឺ​កុមារ ផ្នែក​ពិនិត្យ​សុខភាព​ជំងឺ​ទូទៅ និង​ផ្នែកវះ​កាត់​កែ​លម្អ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​គេហទំព័រ www.sunrise-hs.com៕