ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបំផុតនៅកម្ពុជា បានឈ្នះពានរង្វាន់អន្តរជាតិក្នុងនាមជា «ក្រុមហ៊ុនឈានមុខប្រចាំតំបន់អាស៊ី ក្នុងសកម្មភាពគាំទ្រសហគមន៍» ក្នុងកម្មវិធីប្រគល់ពានរបស់ Asia Corporate Excellence & Sustainability (ACES) នៅទីក្រុង បាងកក កាលពីខែកញ្ញាកន្លងទៅនេះ។
មេនូឡាយហ្វ៍ ខេមបូឌា ជាក្រុមហ៊ុនតែមួយគត់ពីប្រទេសកម្ពុជា និង ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងប្រាំពីរនៅ អាស៊ី ដែលទទួលបានពានកិត្តិយសនេះ។ ការទទួលស្គាល់នេះផ្តោតសំខាន់លើស្ថាប័នទាំងឡាយណាដែលមានការរួមចំណែកសកម្មក្នុងសហគមន៍។
ក្រុមហ៊ុន មេនូឡាយហ្វ៍ មានបេសកកម្មក្នុងការជួយប្រជាជនឲ្យធ្វើការសម្រចចិត្តបានកាន់តែងាយស្រួលនិងធ្វើឲ្យជីវិតកាន់តែប្រសើរ។ នៅកម្ពុជា ក្រុមហ៊ុនមានការបេ្តជា្ញចិត្តខ្ពស់ក្នុងការកសាងអនាគតហិរញ្ញវត្ថុនិងលើកកម្ពស់សុខភាព/សុខមាលភាពដល់ក្រុមគ្រួសារកម្ពុជា។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុននេះផ្តោតលើចំណុចសំខាន់ៗបីសម្រាប់ការរួមចំណែករបស់ខ្លួនក្នុងសហគមន៍រួមមានការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ការអប់រំស្តីពីការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែង និង ការលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់ប្រជាជនកម្ពុជា។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន ហើយក៏ជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលទាំងប្រាំបួនរូបនៅអាស៊ីដែលត្រូវបានទទួលស្គាល់ដោយពានរង្វាន់ ACES ឆ្នាំ ២០១៩ ក្នុងនាមជា «អ្នកដឹកនាំឆ្នើមក្នុងតំបន់អាស៊ី» បានមានប្រសាសន៍ថា «នេះគឺជាលើកទី ១ ដែលយើងបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ហើយយើងក៏មានកិតិ្តយសបំផុតដែល មេនូឡាយហ្វ៍ ខេមបូឌា បានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះផងដែរ។ សមិទ្ធផលនេះជម្រុញឲ្យយើងកាន់តែខិតខំប្រឹងប្រែងបន្ត ផ្តល់សេវេកម្មដ៏ល្អឥតខ្ចោះជូនអតិថិជន និង គាំទ្រដល់សកម្មភាពនានាបន្ថែមទៀត ដើម្បីជួយដល់សហគមន៍កម្ពុជា»។
លោកស្រី Shanggari Balakrishnan, អគ្គនាយកប្រតិបត្តិរបស់ MORS Group ដែលជាអ្នករៀបចំកម្មវិធីមានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ពិតជាស័ក្តសមនឹងទទួលបានពានរង្វាន់នេះជាទីបំផុតព្រោះសកម្មភាពរបស់ក្រុមហ៊ុននេះបានឆ្លើយតបទៅនឹងតម្រូវការសង្គមបានយ៉ាងល្អ។»
ចាប់តាំងការចាប់ផ្តើមប្រតិបត្តការក្នុងឆ្នាំ ២០១២ ក្រុមហ៊ុន មេនូឡាយហ្វ៍ខេមបូឌា បានចំណាយថវិកាជាង ២ លានដុល្លារអាមេរិកក្នុងសកម្មភាពទំនួលខុសត្រូវក្នុងសហគមន៍ និង ការឧបត្ថម្ភនានា។ កម្មវិធីទាំងនោះរួមមានការឧបត្ថម្ភធំប្រចាំឆ្នាំក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ការបរិច្ចាគដល់មន្ទីរពេទ្យកុមារ ការគាំទ្រសកម្មភាពសុវត្ថិភាពចរាចរណ៍ ការលើកកម្ពស់ ការយល់ដឹងអំពីការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែង និង កម្មវិធីជាច្រើនទៀត។
ក្នុងរយៈពេលជាង ៧ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា បានទទួលពានរង្វាន់កិត្តិយស និងលិខិតសរសើរជាច្រើនទាំងក្នុងនិងក្រៅប្រទេសរួមមាន៖
· ពានរង្វាន់ទំនាក់ទំនងល្អជាមួយអតិថិជនប្រចាំឆ្នាំ (២០១៧ដល់២០១៩) ទីក្រុង ហុងកុង
· ពានរង្វាន់កិត្តិនាមក្រុមហ៊ុនឆ្នើមប្រចំាឆ្នាំ (២០១៨ដល់២០១៩) ទីក្រុង ហុងកុង
· ពានរង្វាន់ភាពជាអ្នកដឹកនាំសកម្មភាពសង្គមប្រចាំឆ្នាំ (២០១៧ដល់២០១៩) ទីក្រុង ហុងកុង
· ពានរង្វាន់កិតិ្តនាមក្រុមហ៊ុនឆ្នើម (២០១៩) ប្រទេសថៃ
· លិខិតសរសើរពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន (២០១៨ដល់២០១៩)