ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី គឺជា​ឧបករណ៍​មួយ​ដ៏មាន​សារៈសំខាន់ សម្រាប់​ការរួមចំណែក​ឈាន​ទៅ​លើក​កម្ពស់​សមភាព​យេនឌ័រ ជាពិសេស​លើ​ការបង្កើន​ភាពអង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​»​។ នេះ​បើ​តាម​លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួង​កិច្ចការនារី ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ ស្តីពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដែល​រៀបចំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។

លោកជំទាវ​ថ្លែង​ថា​៖« នៅពេល​ដែល​ស្ត្រី​មាន​លទ្ធភាព និង​សមត្ថភាព​កាន់តែ​សកម្ម​ក្នុង​តួនាទី​រកប្រាក់​ចំណូល​នឹង​មាន​ភាពអង់អាច​ផ្នែក​សេដ្ឋកិច្ច ដែល​ឈាន​ទៅ​មាន​ឥទ្ធិពល​ក្នុង​ការចូលរួម​ចំណែក​ឱ្យ​សុខមាលភាព​របស់​ពួកគេ និង​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង​»​។


លោកជំទាវ​បាន​លើក​ឡើង​ផងដែរ​អំពី​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​កិច្ចការនារី​ក្នុង​ការលើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី និង​ស្ត្រី​ក្នុង​សហគ្រិនភាព​។


លោកជំទាវ​បន្ថែម​ថា​៖ «​ការវិនិយោគ​លើ​សកម្មភាព​សេដ្ឋកិច្ច​សម្រាប់​ស្ត្រី​គឺជា​មធ្យោបាយ​ដែល​ធ្វើឱ្យ​មាន​ប្រសើរឡើង​នូវ​ឱកាស ការងារ សម្រាប់​ស្ត្រី និង​ធ្វើឱ្យ​ជីវភាព​គ្រួសារ​មាន​ភាពប្រសើរ​រួម​ទាំង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​ភាពប្រសើរ​ឡើង​នូវ​ការទទួល​បាន​នូវ​សេវា​សុខភាព អាហារូបត្ថម្ភ និង​អប់រំ​សម្រាប់​ស្ត្រី ក្មេងស្រី និង​គ្រួសារ​ទាំងមូល​»​។


លោកជំទាវ ច័ន្ទ សូរីយ៍ បន្ត​ថា​៖ « មាន​ន័យ​ថា​ស្ត្រី និង​គ្រួសារ​កាន់តែ​មាន​លទ្ធភាព​ច្រើន​ជាង​មុន​ក្នុង​ការទទួល និង ប្រើប្រាស់​សេវា ហិរញ្ញវត្ថុ​ក្នុង​ទំហំ​កាន់តែ​ធំ​ជាង​មុន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។


លោកជំទាវ​សង្កត់ធ្ងន់​ថា​ការទទួល​បាន​ការសេវា​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ មិនមែន​ជា​មធ្យោបាយ​តែមួយ​សម្រាប់​ការអភិវឌ្ឍ​អាជីវកម្ម និង​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ ប៉ុន្តែ​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​គឺជា​ចំណែក​ដ៏សំខាន់​មួយ​សម្រាប់​ការអភិវឌ្ឍ អាជីវកម្ម និង​គ្រួសារ​ប្រចាំថ្ងៃ​។


«​នៅ​កម្ពុជា​ស្ត្រី​តែងតែ​ត្រូវ​បាន​ចាត់ទុក​ជា​មនុស្ស​ដ៏សំខាន់​ក្នុង​ការរក្សាទុក និង​គ្រប់គ្រង​ថវិកា​នៅ​ក្នុង​គ្រួសារ​។ នៅពេល​ដែល​ស្ត្រី​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​មាន​ភាពប្រសើរ​ឡើង​បាន​ជួយ​ឱ្យ​តួនាទី​របស់​ស្ត្រី​ក្នុង​ការគ្រប់គ្រង​ថវិកា​នៅក្នុង​គ្រួសារ​កាន់តែ​មាន​ភាព​សំខាន់​ក្នុង​ការប្រើប្រាស់​ថវិកា​មាន​ភាពប្រសើរ​ជាង​មុន​»​។ នេះ​បើ​តាម​លោកជំទាវ ច័ន្ទ សូរីយ៍​។

យោងតាម​របាយការណ៍​របស់​អង្កេត​ចន្លោះ​ជំរឿន សហគ្រាស​កម្ពុជា​ឆ្នាំ​២០១៤ របស់​ក្រសួង​ផែនការ​នៅក្នុង​ចំណោម​សហគ្រាស​សរុប​ចំនួន​ ៥១៣.៧៥៩ ​សហគ្រាស​មាន​សហគ្រាស​ប្រមាណ ៦១% ដែល​ដឹកនាំ​ដោយ​ស្ត្រី ហើយ​នៅក្នុង​នោះ​ភាគច្រើន​ជា​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម (SME) «​បច្ចុប្បន្ន​នៅ​កម្ពុជា យើង​មាន​សហគម​សហគ្រិន​ជា​ស្ត្រី​ចំនួន​ ០២ គឺ​សហគម សហគ្រិន​ស្ត្រី​កម្ពុជា (CWEA) និង​សហព័ន្ធ​ស្ត្រី​អ្នកជំនួញ​កម្ពុជា (CWBF) ដែល​មាន​សមាជិក​សរុប​របស់​ខ្លួន​ប្រមាណ​ជាង​ ៥០០​។ យោងតាម​របាយការណ៍​របស់​សមាគម​ទាំង​ ២ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​របស់​ខ្លួន​បាន​បង្ហាញ​ថា​ការទទួល​សេវា​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មីក្រូ នៅតែ​ជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ចម្បងៗ​របស់​ខ្លួន​» ។

លោកជំទាវ​លើក​ឡើង​ទៀត​ថា​៖« នៅក្នុង​កម្មវិធី​ថ្ងៃ​នេះ​យើង​នឹង​មាន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​កិច្ចការនារី​ក្នុង​ការលើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី និង​ស្ត្រី​ក្នុង​សហគ្រិនភាព​»​។

លោកជំទាវ​បន្ត​ថា​កាត់បន្ថយ​អត្រា​ស្ត្រី​ដែល​មិន​ទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ៥០% (​ពី​ ២៧% មក ១៣%) ត្រឹម​ឆ្នាំ​ ២០២៥» (​យោង​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៩-២០២៥) ។

« ចំណុច​នេះ​គឺជា​ធាតុ​ចូល​សំខាន់​មួយ​ក្នុង​ការអនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ និង​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី​ ៥ ឆ្នាំ​ ២០១៩-២០២៣ ជាពិសេស​លើ​យុទ្ធសាស្ត្រ​ទី​ ១ ស្តីពី​ការ​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី »​។

លោកជំទាវ​បាន​បញ្ជាក់​ទៀតថា​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​យើង​មាន​លទ្ធផល​រំពឹងទុក​ចំនួន​ ៣៖

១. បង្កើន​ការយល់ដឹង​ស្តីពី​ហិរញ្ញវត្ថុ​ដល់​ស្ត្រី​នៅ​តាម​សហគមន៍ និង​បណ្តាញ​របស់​ក្រសួង​កិច្ចការនារី ។

២. សម្របម្រួល​ក្នុង​ការស្វែងរក​មធ្យោបាយ​សមស្រប​ក្នុង​ការលើកកម្ពស់​ការទទួល​បាន​ឥណទាន​សម្រាប់​សហគ្រិន​ស្ត្រី​ក្នុង​ការប្រកប​មុខរបរ​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម ។

៣. សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ការបង្កើត​សហគ្រិនភាព​សម្រាប់​យុវតី​នៅ​ថ្នាក់​បឋមសិក្សា និង​មធ្យមសិក្សា​៕