ក្រៅពី​ជំនាញ​វិជ្ជា​ធ្វើ​ម្ហូប​របស់​លោក​មេចុងភៅ​បាន​ឲ្យ​ដឹងថា​គ្រឿងផ្សំ​ដ៏សំខាន់​នៅក្នុង​អាជីវកម្ម​ប្រកប​ដោយ​ភាពជោគជ័យ​របស់​លោក​គឺ​ការទទួល​បាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។

លោក ម៉េង ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Almond Group បាន​ចាប់ផ្ដើម​រៀនសូត្រ​អំពី​ហិរញ្ញវត្ថុ​តាំងពី​លោក​នៅ​វ័យក្មេង​មក​ម្លេះ​។


លោក លូ ម៉េង បាន​ជួប​សម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្ដិ៍ ដើម្បី​ឆ្លើយ​សំណួរ​មួយ​ចំនួន​អំពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​សារៈសំខាន់​របស់​វា​នៅក្នុង​ជីវិត ព្រម​ទាំង​របៀប​ដែល​វា​ជួយ​លោក​ និង​របៀប​ដែល​វា​អាច​ជា​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច​កម្ពុជា​។


លោក​បាន​ឲ្យ​ដឹងថា មេរៀន​មួយ​ក្នុង​ចំណោម​មេរៀន​ដំបូង​ជាច្រើន​ដែល​លោក​បាន​រៀន​នៅពេល​លោក​បាន​ចាប់ផ្ដើម​អាជីវកម្ម​គឺ​ជម្រើស​ដែល​លោក​បាន​អនុវត្ត​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ​។


លោក លូ ម៉េង បាន​សន្មត់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជា​មូលហេតុ​ដ៏សំខាន់ សម្រាប់​ភាគ​ជោគជ័យ និង​កំណើន​ផ្នែក​អាជីវកម្ម​របស់​លោក ។


លោក​លើក​ឡើង​ថា​៖ «​ថ្មីៗ​នេះ​មាន​វេទិកា​ផ្សេងៗ​ជាច្រើន​ពី​ធនាគារ​ផ្សេងៗ ដែល​បាន​ផ្ដល់​ដល់​ពួកយើង​នូវ​លទ្ធភាព​ទទួល​បាន​សេវា​ធនាគារ​អនឡាញ​។ ភាព​ងាយស្រួល​នេះ​បាន​ធ្វើឲ្យ​ពេលវេលា​កាន់តែ​មាន​ប្រសិទ្ធភាព​។ វា​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​កាន់តែ​មាន​ភាព​ងាយស្រួល​»​។


លោក ម៉េង បន្ថែម​ថា​៖ «​បច្ចេកវិទ្យា​ធនាគារ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការគ្រប់គ្រង​ពេលវេលា​ឲ្យ​កាន់តែ​ប្រសើរ​»​។

នេះ​គឺជា​មូលហេតុ​ដ៏ល្អ​មួយ​សម្រាប់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។ បើ​គ្មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​​ទេ ប្រជាជន​នឹង​មិន​មាន​លទ្ធភាព​ក្នុង​ការទទួល​បច្ចេកវិទ្យា​ធនាគារ​ថ្មីៗ​ដែល​បាន​ជួយ​អាជីវកម្ម​របស់​ពួកគេ​ទេ​។

ខណៈ​ដែល​លោក ម៉េង បាន​ពង្រីក​អាជីវកម្ម​របស់​លោក លោក​ចាំបាច់​ត្រូវ​ស្វែងរក​ការវិនិយោគ​កាន់តែ​ធំ​។ នេះ​គឺជា​ការបង្កើន និង​ជា​អ្វី​ដែល​លោក លូ ម៉េង បាន​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា កម្ចី​បាន​ពី​ធនាគារ​មាន​សារៈសំខាន់​ខ្លាំងណាស់​។ ប្រសិន​បើ​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កំពុង​មាន​បំណង​អនុម័ត​កម្ចី វា​មាន​ន័យ​ថា​អាជីវកម្ម​របស់​អ្នកមាន​សុវត្ថិភាព និង​មាន​ភាពរឹងមាំ​។ ធនាគារ​សំខាន់ៗ​នឹង​ធ្វើការ​ស្រាវជ្រាវ ហើយ​ពួកគេ​នឹង​មិន​ប្រថុយប្រថាន​នោះ​ទេ​»​។

នៅពេល​ដាក់​ពាក្យសុំ​កម្ចី​លោក ម៉េង មាន​ការប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​ល្អៗ​មួយ​ចំនួន​ដែល​នឹង​ជួយ​ដល់​អ្នក​ខ្ចី​ចម្បងៗ​។

លោក​ថ្លែង​ថា​៖ «​ការយក​កម្ចី​ដែល​មាន​សុវត្ថិភាព​គឺ​មិន​ខ្ចី​ច្រើន​ជាង​អ្វី​ដែល​អ្នក​អាច​សង​បាន​។ អ្នក​ត្រូវ​តែ​គិតគួរ​មុនពេល​អ្នក​សាកល្បង​ទទួល​យក​កម្ចី ដើម្បី​ឲ្យ​ដឹងថា​តើ​អ្នក​មាន​លទ្ធភាព​ឬ​ក៏​អត់​»​។

មាន​ភាព​វិជ្ជមាន​ជាច្រើន​ក្នុង​ការប្រើប្រាស់​កម្ចី​ប្រកប​ដោយ​ជោគជ័យ​។ អត្ថប្រយោជន៍​វិជ្ជមាន​ទាំងនេះ​មិន​គ្រាន់តែ​សម្រាប់​អ្នក​ខ្ចី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​ផងដែរ​។ វា​បង្ហាញ​ថា​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​សំណើ​តម្លៃ​ដ៏ល្អ​ហើយ​វា «​បង្ហាញ​ថា​ការវិនិយោគ​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​គឺជា​គំនិត​សេដ្ឋកិច្ច​ដ៏ល្អ​មួយ​។ នេះ​បើ​យោង​តាម​លោក​ ម៉េង​។

លោក ម៉េង បន្ត​ថា​៖ «​យើង​អាច​ជួយ​ឲ្យ​រីកចម្រើន​ដល់​សេដ្ឋកិច្ច​ទាំងមូល តាមរយៈ​ការដើរ​តួនាទី​នៃ​ការបង្កើត​ប្រភព​ធនធាន​មនុស្ស​ដែល​មាន​ទំនួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ទីនេះ​។ ធនធាន​នៅក្នុង​ប្រជាជន​អាច​បង្កើន​កម្រិត​សេដ្ឋកិច្ច​នៃ​អ្វីៗ​គ្រប់​យ៉ាង​»​។

លោក​បាន​បន្ត​ពន្យល់​ពី​របៀប​ដែល​អាជីវកម្ម​របស់​លោក​ជំរុញ​ឲ្យ​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ចំណោម​បុគ្គលិក​របស់​លោក​។

លោក​ថ្លែង​ថា​៖ «​ធនធាន​មនុស្ស​របស់​យើង​គឺជា​អនាគត​របស់​ក្រុមហ៊ុន​យើង និង​ជា​មូលហេតុ​ដែល​យើង​បន្ត​រីកចម្រើន​។ យើង​ចង់​បាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​កម្រិត​ជាក់លាក់​មួយ​ក្នុង​ចំណោម​បុគ្គលិក​របស់​យើង​។ បុគ្គលិក​របស់​យើង​ភាគច្រើន​ត្រូវការ​លំនៅឋាន​។ យើង​បង្រៀន​ពួកគេ​អំពី​លំនៅឋាន​តម្លៃ​ទាប​។ យើង​ព្យាយាម​បង្រៀន​ការទទួល​ខុសត្រូវ​លើ​ប្រាក់ចំណូល​កាន់តែ​ច្រើន និង​ការរៀន​សន្សំ​ប្រាក់​។ ជាមួយ​នឹង​ប្រព័ន្ធ​របស់​យើង ពួកគេ​អាច​មាន​មហិច្ឆតា​កាន់តែ​ច្រើន​»​។

ទាក់ទង​នឹង​ការផ្ដល់​យោបល់​ដល់​យុវជន​កម្ពុជា​លោក លូ ម៉េង ផ្ញើរ​សារ​ថា​ «​សូមកុំ​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​។ អ្នក​កំពុង​ធ្វើឲ្យ​មាន​ការរីកចម្រើន​ដល់​អាជីវកម្ម​របស់​យើង​។ ប្រសិន​បើ​នរណាម្នាក់​អាច​ជួយ​អ្នក​ធ្វើ​វា​បាន​សូម​ប្រើប្រាស់​ពួកគេ​។ ចូរ​យល់ដឹង​អំពី​អាជីវកម្ម​ឲ្យ​បាន​ច្បាស់លាស់ និង​ព្យាយាម​អភិរក្ស ប៉ុន្តែ​ក៏​ត្រូវ​ជំរុញ​កំណើន​ស្រប​ពេល​ជាមួយ​គ្នា​»៕