នៅ​សហរដ្ឋអាមេរិក​ថ្ងៃ​ទី​ ៤ ខែ​កក្កដា​គឺជា​ថ្ងៃ​មួយ​ដែល​យើង​ប្រារព្ធ​ពិធី​ដែល​ជា​របស់​ប្រជាជន​អាមេរិក​។ យើង​ឆ្លុះបញ្ចាំង​ស្នាដៃ​របស់​យើង​ក្នុង​នាម​ជា​ជាតិ​មួយ​ជាមួយ​មិត្តភកិ្ដ គ្រួសារ និង​សហគមន៍​របស់​យើង​រួម​គ្នា​។

នៅក្នុង​ប្រទេស​កម្ពុជា សហគមន៍​របស់​យើង​រួមមាន​បងប្អូន ប្រុស ស្រី កម្ពុជា​ដែល​យើង​ធ្វើការ​ជាមួយ និង​ចែករំលែក​ការរស់នៅ​ជាមួយ​។ នៅក្នុង​ការចេញ​ផ្សាយ​អត្ថបទ​ពិសេស​របស់​កាសែត​ភ្នំពេញ ប៉ុស្ដិ៍​ក្នុង​ថ្ងៃ​នេះ​លោកអ្នក​នឹង​បាន​ឃើញ​ថា មាន​អាជីវកម្ម​ជាច្រើន​ដែល​សភា​ពាណិជ្ជកម្ម​អាមេរិក​បាន​បង្កើតឡើង​នៅក្នុង​សហគមន៍​របស់​យើង​នេះ​។ យើង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្តភាព និង​ការគាំទ្រ​ដែល​យើង​ទទួល​បាន​រៀងរាល់​ថ្ងៃ​ពី​សហការី និង​មិត្តភកិ្ដ​កម្ពុជា​របស់​យើង​។


ថ្ងៃ​ឯករាជ្យ​របស់​យើង​ក៏​ជា​ថ្ងៃមួយ​ដែល​ឆ្លុះបញ្ចាំង​សម្រាប់​ប្រជាជន​អាមេរិក​ផងដែរ​។ យើង​សម្លឹង​មើល​ជីវិត​ផ្ទាល់ខ្លួន និង​អ្វី​ដែល​ជា​អត្ថន័យ​ក្នុង​នាម​ជា​ជនជាតិ​អាមេរិក ជាពិសេស​នៅពេល​ដែល​យើង​រស់នៅ​បរទេស​។


សម្រាប់​អ្នក​ដែល​នៅក្នុង​សហគមន៍​ពាណិជ្ជកម្ម យើង​មាន​មោទនភាព​ចំពោះ​មរតក​របស់​យើង​ក្នុង​នាម​ជា​ប្រទេស​សហគ្រិន​មួយ យើង​ផ្ដល់​តម្លៃ​នាវានុវត្តន៍ និង​គុណភាព និង​ទទួល​យក​ការបំផុស​គំនិត​ពី​បណ្ដា​ក្រុមហ៊ុន​អាមេរិក​ធំៗ​ជាច្រើន​ដែល​បន្ត​បម្រើ​អតិថិជន​នៅ​ជុំវិញ​ពិភពលោក​។ យើង​ដឹង​ថា​ពាណិជ្ជកម្ម​ល្អ​បង្កើត​តម្លៃ​សម្រាប់​សហគមន៍​ដែល​ខ្លួន​ប្រតិបត្តិការ​ដែល​នាំ​យក​ផលិតផល និង​សេវា​ថ្មីៗ​ទៅ​ដល់​ទីផ្សារ​ដែល​បង្កើន​គុណភាព​ជីវិត​របស់​ប្រជាជន​។


នៅក្នុង​ប្រទេស​កម្ពុជា យើង​មើល​ឃើញ​ក្រុមហ៊ុន​ជាច្រើន​ក្នុង​ចំណោម​ក្រុមហ៊ុន​ជា​សមាជិកសភា​ពាណិជ្ជកម្ម​អាមេរិក​របស់​យើង​ធ្វើការ​រួម​ចំណែក​យ៉ាង​ពិតប្រាកដ​ដោយ​ផ្ដល់​ការងារ​ល្អៗ ផលិតផល និង​នវានុវត្តន៍​ប្រកប​ដោយ​គុណភាព​នៅក្នុង​ទីផ្សារ​ដែល​ជំរុញ​ស្ដង់ដា​កាន់តែ​ខ្ពស់ ហើយ​ទីបំផុត​ផ្ដល់​អត្ថប្រយោជន៍​ដល់​អតិថិជន​កម្ពុជា​។


ជាមួយ​នឹង​ករណី​លើកលែង​មួយ​ចំនួន​តូច ពាណិជ្ជកម្ម​អាមេរិក​ទំនើប​ក៏​គិតគូរ​អំពី​សារៈសំខាន់​ដ៏ធំ​លើ​ការប្រព្រឹត្ត​ដោយ​ស្មើភាព​របស់​បុគ្គលិក និង​បង្កើត​បរិយាកាស​ការងារ​ប្រកប​ដោយ​សុវត្ថិភាព ដែល​មិន​មាន​ការយាយី និង​ការប្រកាន់​ពូជសាសន៍​។ នេះ​គឺជា​អ្វី​ដែល​ពាណិជ្ជកម្ម​អាមេរិក​មាន​មោទនភាព​លើ​ខ្លួនឯង​ដែល​ជា​ការនាំចេញ​ដ៏ធំ​របស់​អាមេរិក​។


ដូច​ដែល​យើង​ឆ្លុះបញ្ចាំង​នៅ​ឆ្នាំ​នេះ​ក្នុង​នាម​ជា​សភាពាណិជ្ជកម្ម យើង​ទទួល​ស្គាល់​បញ្ហា​ប្រឈម​សំខាន់ៗ​ដែល​យើង​បន្ត​ជួបប្រទះ ប៉ុន្តែ​យើង​សម្លឹង​ឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​សុទិដ្ឋិនិយម​ដ៏ធំ​។ ក្រុមហ៊ុន​អាមេរិក​នៅ​កម្ពុជា​នឹង​បន្ត​វិនិយោគ និង​ពង្រីក​ប្រតិបត្តិការ ហើយ​យើង​ស្វាគមន៍​សមាជិក​ថ្មីៗ​មក​រួម​ជាមួយ​សភាពាណិជ្ជកម្ម​អាមេរិក​ជា​រៀងរាល់​សប្ដាហ៍​។ ចំណុច​ដ៏ពិតប្រាកដ​មួយ​ទៀត​គឺថា​សហគមន៍​ពាណិជ្ជកម្ម​អាមេរិក​ឈរ​ជាមួយ​ប្រជាជន​កម្ពុជា ហើយ​យើង​រក្សា​ការប្ដេជ្ញាចិត្ត​ក្នុង​ការបន្ត​ដើរតួនាទី​របស់​យើង​នៅក្នុង​ប្រវត្តិ​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​។

ការសម្លឹង​ឆ្ពោះ​ទៅ​មុខ​រយៈពេល​ ១២ ​ខែ​ក្រោយ​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​នឹង​បន្ត​ធ្វើ​ការងារ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​កែលម្អ​ឱកាស​សម្រាប់​ពាណិជ្ជកម្ម​រវាង​ប្រទេស​របស់​យើង​ទាំង​ ២​។ យើង​បង្កើត​ទំនាក់ទំនង និង​ពង្រីក​ការយល់ដឹង​របស់​យើង​លើ​បញ្ហា​សំខាន់ៗ​ក្នុង​អំឡុង​ព្រឹត្តិការណ៍​ជាច្រើន ហើយ​យើង​ធ្វើការ​នៅក្នុង​ទម្រង់​គោលនយោបាយ​ល្អៗ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ផ្ទាល់​របស់​យើង​។ យើង​ជំរុញ​ឲ្យ​សមាជិក​ទាំងអស់​ត្រូវ​ចូលរួម​នៅក្នុង​ដំណើរការ​នេះ និង​សមាជិក​នៅពេល​អនាគត​ទាំងអស់ ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ការងារ​ដើម្បី​កែលម្អ​អាជីវកម្ម​របស់​លោក​អ្នក​នៅក្នុង​ប្រទេស​កម្ពុជា​។

ពី​សមាជិក​ទាំងអស់​របស់​យើង និង​ក្រុមប្រឹក្សាភិបាល​សភាពាណិជ្ជកម្ម​អាមេរិក យើងខ្ញុំ​សូម​ជួនពរ​លោក​អ្នក​ទាំងអស់​សូម​ប្រកប​ដោយ​សេចក្ដីសុខ និង​ភាពសប្បាយ​រីករាយ​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​អាមេរិក​នា​ថ្ងៃ​ទី​ ៤ ​ខែ​កក្កដា​នេះ និង​រង់ចាំ​ស្វាគមន៍​លោកអ្នក​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ជាច្រើន​របស់​យើង​ក្នុង​ពេល​ឆាប់ៗ​៕

លោក Allen Dodgson Tan ​ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា