សេដ្ឋកិច្ច​របស់​កម្ពុជា​គឺជា​សេដ្ឋកិច្ច​ដែល​រីកលូតលាស់​លឿន​ជាងគេ​បំផុត​មួយ​នៅក្នុង​ពិភពលោក​។ ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP)​ ​ត្រូវ​បាន​គេ​រំពឹងថា​នឹង​បន្ត​កើនឡើង​ក្នុង​រង្វង់​ ៧ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​។ ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ដ៏លឿន​នេះ និស្សិត​កម្ពុជា​កាន់តែ​ច្រើន​មាន​លទ្ធភាព​ក្នុង​ការបន្ត​ការសិក្សា​របស់​ពួកគេ​នៅក្រៅ​ប្រទេស​។

យោងតាម​របាយការណ៍ Open Doors ឆ្នាំ​ ២០១៨ បាន​ឲ្យ​ដឹង​ថា និស្សិត​កម្ពុជា​ដែល​សិក្សា​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​ពី​ ៥១២ ​នាក់​ក្នុង​ឆ្នាំ​ ២០១៧ ដល់​ ៦៥៩ ​នាក់​នៅក្នុង​ឆ្នាំ​ ២០១៨ ពោលគឺ​កើនឡើង​ចំនួន​ ២៨,៧ ​ភាគរយ​។


និស្សិត​កម្ពុជា​ភាគច្រើន​ចង់​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក និង​ចាត់ទុក​ថា​គ្រឹះស្ថាន​ឧត្តមសិក្សា​របស់​សហរដ្ឋ​អាមេរិក​គឺ​មាន​គុណភាព​ខ្ពស់​បំផុត​។ ជាពិសេស​និស្សិត​កម្ពុជា​កាន់តែ​ច្រើន​ចាប់អារម្មណ៍​សិក្សា​នៅ​តាម​មហាវិទ្យាល័យ​សហគមន៍​អាមេរិក​ដោយសារ​តែ​វា​មាន​តម្លៃ​សមរម្យ និង​ងាយស្រួល​ចូល​រៀន​។


ការសិក្សា​ភាសា​អង់គ្លេស​គឺជា​អាទិភាព​សម្រាប់​ប្រទេស​កម្ពុជា​។ ភាសា​អង់គ្លេស​គឺជា​មុខវិជ្ជា​ដ៏សំខាន់​នៅ​ថ្នាក់​មធ្យមសិក្សា ហើយ​នៅ​តាម​សាកលវិទ្យាល័យ​កម្ពុជា​ភាគច្រើន ភាសា​អង់គ្លេស​គឺ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​សម្រាប់​ការបង្រៀន​។ ពលរដ្ឋ​កម្ពុជា​បាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ភាសា​អង់គ្លេស​ ដើម្បី​ជួយ​លើកកម្ពស់​អាជីព​ការងារ​របស់​ពួកគេ​នាពេល​អនាគត​ឲ្យ​កាន់តែ​ប្រសើរ​។


តើ​អ្វី​ជា​បរិបទ​សម្រាប់​ថ្នាក់​ឧត្តមសិក្សា​នៅ​កម្ពុជា​?


ពលរដ្ឋ​កម្ពុជា​ដល់​អាយុ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​កាន់​តែ​មាន​ចំនួន​ច្រើន​។ ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ ៧០ ​ភាគរយ​មាន​អាយុ​ក្រោម​​ ៣៥ ​ឆ្នាំ​ហើយ​យុវជន​កាន់តែ​ច្រើន​កំពុង​ខិតខំ​ប្រឹងប្រែង​បន្ត​ការសិក្សា​របស់​ពួកគេ​រហូត​ដល់​ចប់​ថ្នាក់​បឋមសិក្សា និង​មធ្យមសិក្សា​។


ចំនួន​សាលារៀន​ឯកជន​ដែល​មាន​គុណភាព​ខ្ពស់​នៅក្នុង​ប្រទេស​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដែល​អាច​ជួយ​រៀបចំ​និស្សិត​កម្ពុជា​ឲ្យ​ត្រៀម​ខ្លួន​បាន​កាន់តែ​ប្រសើរ ដើម្បី​ស្រប​តាម​តម្រូវការ​របស់​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​។

ភាគរយ​សិស្សានុសិស្ស​កម្ពុជា​ដែល​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ និង​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​រយៈពេល​ ១០ ​ឆ្នាំ​កន្លង​មក​នេះ ដោយសារ​តែ​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​អប់រំ​ជាន់ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​យ៉ាង​ខ្លាំង​៕