ការយល់ឃើញ​ និង​ការវាយតម្លៃ​អំពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​អាច​មាន​ភាព​ស្មុគ​ស្មាញ​បន្តិច​។ ប៉ុន្តែ​លោក​បណ្ឌិត​អ៊ិន ចាន់នី​ ដែលជា​ធនាគារិក​ជើង​ចាស់​​បាន​​ពន្យល់​អំពី​បរិបទ​នេះ​យ៉ាង​ជាក់​លាក់​បំផុត។

​លោក​បណ្ឌិត អិុន ចាន់នី ដែល​ជា​ប្រធាន​​សមាគម​ធនាគារ​នៅ​​​​​កម្ពុជា​បាន​​ថ្លែងថា​៖ «​ខ្ញុំ​ឲ្យ​តម្លៃ​វា​ខ្ពស់​បំផុត»។


លោក​លើកឡើង​ដោយ​ចង់​សំដៅ​ទៅ​ដល់​សកម្ម​ភាព​​​ធ​នាគារ​នៅ​ថ្នាក់មូលដ្ឋាន​ដែល​មាន​ក​ម្រិត​ខ្ពស់ ដែល​ត្រូវបាន​អនុវត្ត​ជា​រៀងរាល់ថ្ងៃ​ពី​សំណាក់​ប្រជាជន​កម្ពុជា​នៅ​តាម​ធនាគារ​នានា។


​ការយល់ឃើញ​របស់លោក​អាច​ខុសគ្នា​បន្តិច​ពី​ការរកឃើញ​របស់​អង្គការ​អន្តរជាតិ​មួយចំនួន​ដែលថា ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​គឺ​នៅ​ទន់ខ្សោយ​នៅ​ឡើយ។


​លោក​លើកឡើងថា​៖ «​ប្រជាជន​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា យល់​ដឹង​​អំពី​សេវា​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​មូល​ដ្ឋាន​ទាំងនេះ និង​បាន​ប្រើប្រាស់​សេវា​​ទាំងនោះ​ដោយ​ប្រាជ្ញា និង​ភាព​វៃឆ្លាត ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ»។


​លោក​បណ្ឌិត​បានបញ្ជាក់​ថា​៖ «​ប្រសិនបើ​ពួកគេ​ត្រូវការ​កម្ចី អតិថិជន​អាច​ជ្រើសរើស​ទៅ​កាន់​ធនាគារ​ពាណិជ្ជ ធនាគារ​ឯកទេស ឬ​គ្រឹះ​ស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​ដែលមាន​អាជ្ញា​ប័ណ្ណ»។​


​និយមន័យ​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​អាចមាន​ភាព​ពិបាក​បន្តិច ហើយ​ថែមទាំង​ពិបាក​ក្នុងការ​ឲ្យ​និយម​​ន័យផងដែរ ហើយ​ការអត្ថា​ធិប្បាយ​របស់លោក​បណ្ឌិត ចាន់នី អាច​​បើកចំហ​ដល់​ការតស៊ូ​មតិ​ផ្សេង​ទៀត។

​យោងតាម​របាយការណ៍​វិទ្យាស្ថាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី ឆ្នាំ​ ២០១៧ បា​បង្ហាញថា ពិន្ទុ​ជារួម​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​ ១១,៥ ក្នុងចំណោម​ ៣០​ ប្រទេស ដែល​​ត្រូវបាន​ធ្វើជា​គំរូ ដែល​ចាត់ជា​ចំណាត់​ថ្នាក់​ទាប។

​ប៉ុន្តែ​លោក​បណ្ឌិត ចាន់នី ប្រកាន់​ខ្ជាប់​នូវ​ការពិត​របស់លោក​។ ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាច្រើន បាន​ផ្ដល់​​កម្ចី​ជាង​ ៩០​ ភាគរយ ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​​ជាង​ ១០០​ ភាគរយ​នៃ​ប្រាក់​សន្សំ និង​ប្រាក់​បញ្ញើ​ធៀប​នឹង GDP កាលពី​ឆ្នាំ​ ២០១៨​។ សេវា​ទូទាត់​ទាំងនេះ ត្រូវ​បាន​ផ្ដល់​នៅ​ទូទាំង​ប្រទេស។

​មាន​ធនាគារពាណិជ្ជ​ប្រហែល ៤៣ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៧៨ កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស កម្ពុជា។

​ការពិត​ចង្អុល​បង្ហាញថា វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​នៅតែ​រឹងមាំ ហើយ​សាធារណជន ត្រូវបាន​ជូន ដំណឹង​អំពី​ទំនាក់ទំនង​ផ្នែក​ហិរញ្ញវត្ថុ ចាប់ពី​សេវា​ប្រាក់​សន្សំ និង​កម្ចី រហូត ដល ការ ផ្ទេរប្រាក់ ដូច​ដែល​លោក​បាន​ពន្យល់។

​លោក​បញ្ជាក់ថា​៖ «​វា​មិន​ពិបាក​ទេ​ក្នុងការ​យល់ដឹង​អំពី​សេវា​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា គេ​គួរតែ​យល់​ដឹងថា មូលដ្ឋាន​សេវា​ធនាគារ និង​ហិរញ្ញវត្ថុ​គឺ​ ការ​សន្សំ​ប្រាក់ និង​ការ​ទូទាត់​។​

​លោក​បណ្ឌិត ចាន់នី ដែលជា​ប្រធាន​​ធនាគារ​អេស៊ីលីដា​ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​នោះ ថ្លែងថា​៖ «​ការពិត​នៅក្នុង​ប្រទេស​កម្ពុជា គឺថា លទ្ធភាព​ទទួល បានសេវា​ហិរញ្ញវត្ថុ​គឺ​ខ្ពស់បំផុត វា​បាន​បង្ហាញថា ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ខ្ពស់​។ គេ​មិនគួរ​សន្និដ្ឋានថា អតិថិជន​មានចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត​នោះ​ទេ»។​

​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជាច្រើន​ធ្វើឡើង​នៅតាម​បញ្ជរ​របស់​ធនាគារ​ពាណិជ្ជ​ណាមួយ គឺ​ការ​សន្សំ​ប្រាក់ កម្ចី ឬ​ការ​ផ្ទេរ​មូលនិធិ។

​លោក​បន្ថែមថា​៖ «​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺ​ច្បាស់​ណាស់ បើ​មិនមាន​អតិថិជន​ដែលមាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទេ នោះ​នឹងមាន​ការពិបាក ក្នុងការ​យល់ដឹង​ពី​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ថ្មីៗ ហើយនឹង​មាន​លទ្ធភាព​ក្នុងការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ទាប»។​

​កម្ពុជា​មិនមែនជា​ប្រទេស​វ័យក្មេង​ទៀត​​ទេ ជា​ប្រទេសមួយ​ក្នុង​ចំ​ណោម​​​ប្រទេស​ជាច្រើន​ដែលមាន​ភាព​ចាស់​ទុំ ដោយមាន​ស្ថិរភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច​រឹងមាំ ហើយ​ប្រទេស​នេះ​មាន​និយត​ករ​ដ៏​រឹងមាំ ជាពិសេស​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC)។

​កម្ពុជា​កំពុង​ស្ថិតក្នុង​ក្រុម​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យ​មក​ម្រិត​ទាប​រួចទៅហើយ ​ត្រូវបាន​ព្យាករ​ថា នឹងប្រែក្លាយ​ទៅជា​ក្រុម​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​ត្រឹម​ឆ្នាំ ​២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ ២០៥០។

​លោក​ថ្លែងថា​៖ «​ប្រទេស​ភាគ​ច្រើន​នៅលើ​ពិភពលោក ជាពិសេស​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍មាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​មូលដ្ឋាន នៅក្នុង​កម្មវិធីសិក្សា​នៅ​ថ្នាក់បឋមសិក្សា​របស់​ពួកគេ ហើយ​កម្ពុជា​គួរតែមាន​វា​ដូចជា​ប្រទេស​ផ្សេងទៀត​ដែរ ដើម្បី​បង្កើន​និង​កែលម្អ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​សាធារណ​ជន​ទូទៅ»៕