កំណើន​ការប្រើប្រាស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​កំពុង​កើនឡើង​ដែល​ជំរុញ​ឱ្យ​វិនិយោគិន​ជប៉ុន​កាន់តែ​ច្រើន​មើលឃើញ​ថា ប្រទេស​ កម្ពុជា​ គឺជា​ទីផ្សារ​ដ៏មាន​ភាពទាក់ទាញ​នៅក្នុង​តំបន់​ក្នុង​ការផ្សព្វផ្សាយ​ផលិតផល និង​សេវាកម្ម​របស់​ពួកគេ​។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ជប៉ុន និង​កម្ពុជា​បាន​ឈានដល់​ ១,៩ ​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈពេល​ ១០ ​ខែ​ដំបូង​កាលពី​ឆ្នាំ​ ២០១៩ ដែលជា​សញ្ញា​មួយ​បង្ហាញ​អំពី​ទំនុកចិត្ត​របស់​វិនិយោគិន​ជប៉ុន​ទៅលើ​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​អំណាច​ទិញ​កំពុងមាន​សម្ទុះ​កើនឡើង​។


ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន (JETRO) ប្រចាំ​កម្ពុជា លោក Miyao Masahiro បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​អង្គការ JETRO ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១០ ​ហើយ​នៅពេល​នោះ​មាន​ក្រុមហ៊ុន​ប្រមាណ​ ៤០ ​បាន​ចុះឈ្មោះ​ជាមួយ​យើង ប៉ុន្តែ​មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​ជប៉ុន​មាន​ជិត ៣០០ ​ក្រុមហ៊ុន​»​។


ការវិនិយោគ​របស់​ជប៉ុន​ត្រូវបាន​គេ​មើលឃើញថា មាននៅ​ស្ទើរតែ​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​រាប់​ចាប់ពី​ផ្សារ​ទំនើប សម្លៀកបំពាក់ រហូត​ដល់​ឧស្សាហកម្ម​ធុន​ធ្ងន់​ដូចជា ផ្លូវថ្នល់ និង​ស្ពាន​ជាដើម​។


ម៉ាក​យីហោ​ធំៗ​របស់​ជប៉ុន​ជាច្រើន​ដូចជា Matsushita, AEON Mall, Panasonic Corp, NTT Communications, Sumitomo Corp, Nippon Express និង All Nippon Airways សុទ្ធតែ​បាន​បើក​ការិយាល័យ​របស់ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ​។


«​តាម​ទស្សនៈ​សេដ្ឋកិច្ច យើង​បាន​ចូលរួម​ចំណែក​ដល់​កំណើន និង​ពាណិជ្ជកម្ម​របស់​កម្ពុជា​។ ក្រុមហ៊ុន​ជប៉ុន​បាន​ជួល​បុគ្គលិក និង​បណ្តុះបណ្តាល​ប្រជាជន​កម្ពុជា​។ យើង​ជួយ​បង្កើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​ការនាំចេញ​»​។


ចំនួន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីក្រុង​កំពុងមាន​កំណើន​យ៉ាង​ឆាប់រហ័ស ដោយសារ​តែ​ការធ្វើ​ចំណាកស្រុក​ពី​ជនបទ​មក​ទីក្រុង ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កើនឡើង​ធ្វើឲ្យ​អំណាច​ទិញ និង​ការប្រើប្រាស់​កាន់តែ​មាន​សម្ទុះ​ដែល​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​វិនិយោគិន​បរទេស​។

ឧទាហរណ៍ ផ្សារ​ទំនើប​អ៊ីអន​របស់​ជប៉ុន​កំពុង​មាន​គម្រោង​បើក​សាខា​ទី​ ៣ ​របស់ខ្លួន​ដែល​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​អំពី​សម្ទុះ​នៃ​អំណាច​ទិញ​។

លោក​បន្ថែមថា​៖ «​ផ្នែក​ផ្សេងទៀត​ដែល​យើង​ចាប់អារម្មណ៍​គឺ​ផ្នែក​អប់រំ​ និង​ថែទាំ​សុខភាព​។ យើង​ពិតជា​ចង់​លើកកម្ពស់​វិស័យ​ទាំងនេះ [​វិស័យ​សេវាកម្ម​] ​។ វា​គឺជា​ឱកាស​មួយ​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​ដើម្បី​ធ្វើការ​វិនិយោគ ហើយ​វា​ក៏​ជា​ឱកាស​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ផងដែរ ដែល​អាច​ទទួល​បាន​សេវាកម្ម​ថ្មី​ជាមួយ​នឹង​តម្លៃ​សមរម្យ​»​។

លោក Masahiro មាន​ប្រសាសន៍​​ថា​ប្រទេស​កម្ពុជា​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​យុទ្ធសាស្ត្រ​ថៃ​បូក​មួយ «Thailand-Plus-One» ដែល​ក្រុមហ៊ុន​ជប៉ុន​ពង្រីក​បណ្តាញ​ខ្សែចង្វាក់​ផ្គត់ផ្គង់​របស់​ពួកគេ​នៅ​ប្រទេស​ ថៃ​ ទៅកាន់​ប្រទេសជិតខាង​។

«​ក្រុមហ៊ុន​លំដាប់​ទី​ ១ និង​ទី​ ២ ជាច្រើន​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ថៃ ហើយ​កម្ពុជា​អាច​ក្លាយ​ជា​មូលដ្ឋាន​សម្រាប់​ក្រុមហ៊ុន​លំដាប់​ទី​ ៣ ឬ​ទី​ ៤ ដែល​អាច​ផ្គត់ផ្គង់​ផលិតផល និង​សេវាកម្ម​ដល់​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស ​ថៃ​ ទាំងនោះ​»​។

«​រដ្ឋាភិបាល​កម្ពុជា​កំពុងផ្តល់​ការឧបត្ថម្ភធន​ហើយ​តម្លៃ​កម្លាំង​ពលកម្ម​គឺ​ទាប​ជាង​ពាក់កណ្តាល (​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស ​ថៃ​) ដូច្នេះ​វា​ពិតជា​អាច​ទទួល​បាន​ផលចំណេញ​ច្រើន​។ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន និង​ក្រុមហ៊ុន​បរទេស​ផ្សេងទៀត​កំពុង​វិនិយោគ​នៅ​ប៉ោយប៉ែត​ដែលមាន​ព្រំដែន​ជាប់​ប្រទេស​ថៃ​»​។

លោក​បន្ថែមថា​៖ «​ប៉ោយប៉ែត​បាន​ក្លាយ​ជា​គោលដៅ​ពេញនិយម​សម្រាប់​វិនិយោគិន​ជប៉ុន​។ ក្រុមហ៊ុន​ធំៗ​នៅក្នុង​ប្រទេស​ថៃ ពួកគេ​អាច​ប្រើប្រាស់​ប្រទេស ​កម្ពុជា​ ជា​ផ្នែក​មួយ​នៃ​ការចូល​មក​កាន់​តំបន់​នេះ ហើយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ថៃ​បូក​មួយ​ដែល​កំពុងមាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ក្រុមហ៊ុន​ជប៉ុន​»​។

វិនិយោគិន​ជប៉ុន​ក៏​កំពុង​សម្លឹង​ទៅ​រក​ការធ្វើការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ដើម្បី​អភិវឌ្ឍ​ផលិតផល​ដែល​មាន​គុណភាព​សម្រាប់​ទីផ្សារ​នាំចេញ​។

«​មាន​ផលិតផល​កម្ពុជា​ជាច្រើន​ដែល​មិនទាន់​បាន​ទៅដល់​ទីផ្សារ​អន្តរជាតិ យើង​ត្រូវ​បន្ថែម​គុណតម្លៃ​ដល់​ផលិតផល​ទាំងនោះ ដូច្នេះ​ទើប​អាច​នាំចេញ​បាន​»​។

លោក Masahiro ថ្លែងថា​៖ «​ម្រេច​កម្ពុជា គ្រាប់ស្វាយចន្ទី ដំឡូងមី និង​កាហ្វេ គឺជា​ផលិតផល​ដែល​អាច​នាំចេញ​បាន​ក្នុង​ទ្រង់ទ្រាយ​ធំ និង​ប្រកប​ដោយ​ចីរភាព ហើយ​ច្បាស់​ណាស់​វា​នឹង​ជួយ​ដល់​កសិករ​ក្នុង​ស្រុក​ដែលជា​អ្នក​ផលិត​»៕