សករាជ​ថ្មី​ សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ចិន

Content image - Phnom Penh Post
ឯកឧត្តម ងួន ម៉េងតិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​។

ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា-ចិន​ កំពុង​ឈានដល់​គំរូ​ថ្មី​មួយទៀត​ជាមួយ​នឹង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) លើកដំបូង​ក្នុង​ឆ្នាំ​នេះ​ជាមួយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ជិតខាង​។

ភាពស្រប​គ្នា​ខាង​សេដ្ឋកិច្ច​ដែល​មាន​ភាពរួសរាយ​រាក់ទាក់​ និង​ឧត្តមគតិ​រួម​បាន​រួមចំណែក​ដល់​បរិយាកាស​ពាណិជ្ជកម្ម​កាន់តែ​ដំណើរការ​ល្អ​ជាមួយ​នឹង​ការវិនិយោគ​ធំៗ​របស់​ប្រទេស​ចិន​ដែល​ជំរុញ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​។

ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​ដល់ ៩,៤៣ ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៨ មាន​ទំហំ​ទឹកប្រាក់ ៧,៤ ពាន់​លាន​ដុល្លារ​ ដែល​កើនឡើង ២៧,៧ ភាគរយ​។

ឯកឧត្តម ងួន ម៉េងតិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឱ្យ​ភ្នំពេញ​ប៉ុស្ត៍​ដឹង​ថា​៖ «​កម្ពុជា​គួរតែ​ទាញ​យក​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ នៅក្នុង​ផ្នែក​ដែល​អាចបំពេញ​បន្ថែម​ដល់​ប្រទេស​ចិន​។ នៅ​ទីបំផុត​ផលិតផល​កសិកម្ម​កម្ពុជា​អាច​ត្រូវបាន​នាំចេញ​ដោយផ្ទាល់​ទៅ​កាន់​ប្រទេស​ចិន ដោយ​មិនចាំបាច់​ឆ្លងកាត់​តាមរយៈ​ប្រទេស​ទី​ ៣ ​ទៀត​ទេ​»​។

ក្រុមហ៊ុន​ចិន​ទាំង​រដ្ឋ និង​សហគ្រាស​ឯកជន​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល អចលនទ្រព្យ និង​កសិកម្ម​របស់​ប្រទេស​កម្ពុជា​។

តាមរយៈ FTA នេះ​វា​នឹង​ក្លាយជា​ការផ្លាស់ប្តូរ​ដ៏ធំ​មួយ ខណៈ​ការយក​ពន្ធគយ​នឹង​ត្រូវ​បាន​កាត់បន្ថយ ដែល​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នាំចេញ​​កម្ពុជា​ទទួល​បាន​ទីផ្សារ​កាន់តែ​ច្រើន​សម្រាប់​ផលិតផល​របស់ខ្លួន ដែល​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​អំឡុងពេល​មាន​បញ្ហា​ជំងឺ​កូវីដ​ ១៩ ដែល​បាន​រាំងខ្ទប់​ដល់​លំហូរ​ពាណិជ្ជកម្ម​។

នៅពេល​ដែល FTA ចាប់ផ្តើម​ទំនិញ​កម្ពុជា​ប្រហែល ៣៤០ មុខ​ពី​កម្ពុជា​នឹងត្រូវ​បាន​រួច​ផុត​ពី​ការយកពន្ធ​ដូចជា​ម្រេច ខ្ទឹមស ម្ទេស​ក្រៀម​គ្រាប់ស្វាយចន្ទី ទឹកឃ្មុំ​ និង​គ្រឿង​សមុទ្រ​ជាដើម​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​នៅ​ជនបទ ដែល​ប្រជាជន​ ៨០ ​ភាគរយ​ ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​។

កិច្ចព្រមព្រៀង​នេះ​គ្របដណ្តប់​លើ​ទំនិញ​ និង​សេវាកម្ម កិច្ចសហប្រតិបត្តិការ​វិនិយោគ ពាណិជ្ជកម្ម​អេឡិចត្រូនិក កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​បច្ចេកទេស​ព្រម​ទាំង​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ផងដែរ​។ ភាគី​ទាំង​ ២ ​បាន​បញ្ចប់​ការចរចា FTA របស់​ពួកគេ​នៅ​ថ្ងៃទី ២០ ខែ​កក្កដា​។

ឯកឧត្តម​បន្ថែមថា​៖ «​ប្រទេស​កម្ពុជា​នៅតែ​មាន​ភាពទាក់ទាញ​ដល់​វិនិយោគិន​ និង​សហគ្រិន​ចិន​។ ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២ កាន់តែ​មាន​ភាពប្រសើរ​ឡើង​ និង​ត្រូវបាន​លើកកម្ពស់​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) នឹង​ទាក់ទាញ​សកម្មភាព​អាជីវកម្ម​ចិន​កាន់តែ​ច្រើន​»​។

ឯកឧត្តម ម៉េងតិច បាន​គូសបញ្ជាក់​​ថា​៖ «​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​និង កំពុងដំណើរការ​ទៅ​យ៉ាង​រលូន ហើយ​នៅ​ឆ្នាំនេះ​ប្រទេស​ទាំង​ ២ ​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​។

ក្នុង​ឆ្នាំ​ ២០១៩ ពាណិជ្ជកម្ម​ទ្វេភាគី​បាន​ឈាន​ដល់​ ៩,៤ ​ពាន់​លាន​ដុល្លារ​។ ទាំង​វិស័យ​ឯកជន និង​រដ្ឋ​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក​ទាក់ទង​នឹង​ការផ្ទេរ​បច្ចេកវិទ្យា ការលើកកម្ពស់​ជំនាញ​របស់​កម្លាំង​ពលកម្ម​កម្ពុជា និង​ការបង្កើត​ការងារ​»៕

ព័ត៌មានថ្មីៗ