នៅពេលដែលយុវជន Andrew Tay បានធ្វើដំណើរធុរកិច្ចមកកាន់ប្រទេសកម្ពុជាកាលពី ២ ទសវត្សរ៍មុន លោកក៏បានសម្រេចចិត្តបើកសណ្ឋាគារមួយនៅក្នុងរាជធានីភ្នំពេញ ពីព្រោះពេលនោះមានកន្លែងស្នាក់នៅតិចតួចប៉ុណ្ណោះសម្រាប់ភ្ញៀវទេសចរ ហើយក្នុងនាមជាអ្នកគាំទ្រសិល្បៈវប្បធម៌ជប៉ុនដ៏ខ្លាំងផងនោះ លោកក៏បានសម្រេចចិត្តដាក់ឈ្មោះសណ្ឋាគារថា ហ៊ីម៉ាវ៉ារី (Himawari) ដែលមានន័យជាភាសាជប៉ុនថាផ្កាឈូករ័ត្ន។
លោក Tay នាយកប្រតិបត្តិសណ្ឋាគារ Himawari Hotel and Apartment បានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងថា៖ «ខ្ញុំធ្លាប់សិក្សាវប្បធម៌ជប៉ុន។ ផ្កាឈូករ័ត្នតែងតែបែរមុខទៅរកព្រះអាទិត្យ ហើយប្រជាជនជប៉ុនតែងតែរីករាយពេលបានឃើញផ្កាឈូករ័ត្ន ដូច្នេះយើងចង់ឲ្យសណ្ឋាគារនេះក្លាយជាកន្លែងដែលមានភាពរីករាយ និងស្រស់ស្រាយនៅពេលភ្ញៀវចូលមកស្នាក់នៅ»។
ដោយមានទីតាំងដ៏ល្អនៅតាមបណ្តោយដងទន្លេសាប បច្ចុប្បន្នសណ្ឋាគារដែលមាន ១១៥ បន្ទប់នេះបានផ្លាស់ប្តូរទៅជាសណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏ប្រណីត និងងាយស្រួលប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែង ជាពិសេសដោយសារទីតាំង និងគំរូអាជីវកម្មដែលមានលក្ខណពិសេសរបស់ខ្លួន។
លោកបន្ថែមថា៖ «កាលពី ២០ ឆ្នាំមុនកន្លែងស្នាក់នៅដែលមានគុណភាពខ្ពស់គឺនៅខ្វះខាត ដូច្នេះយើងបានសម្រេចចិត្តធ្វើជំនួញលើវិស័យសណ្ឋាគារ។ ចាប់តាំងពីពេលនោះមក យើងផ្តោតលើភ្ញៀវបរទេស។ សណ្ឋាគារយើងស្ថិតនៅទីតាំងដ៏ល្អគឺនៅជិតផ្លូវព្រះស៊ីសុវត្ថិ ជិតសារមន្ទីរ និងតំបន់ទេសចរណ៍ជាច្រើនទៀតដែលមានភាពងាយស្រួលដល់ការធ្វើដំណើរចេញចូលក្នុងទីក្រុង»។
សណ្ឋាគារទទួលបានការស្នាក់នៅចន្លោះពី ៧០ ទៅ ៨០ ភាគរយសម្រាប់រយៈពេលពេញមួយឆ្នាំ វាមានភាពទាក់ទាញភ្ញៀវស្នាក់នៅរយៈពេលយូរ ដែលភាគច្រើនអ្នកធ្វើដំណើរលក្ខណៈជំនួញនៅកម្ពុជា ហើយយ៉ាងហោចណាស់ ៩០ ភាគរយនៃភ្ញៀវរបស់ខ្លួនគឺជាជនបរទេស។
«ផ្នែកសំខាន់គឺបន្ទប់មានលក្ខណៈជាអាផាតមិន។ បន្ទប់របស់យើងត្រូវបានរចនាឡើងសម្រាប់ការស្នាក់នៅរយៈពេលយូរ និងសម្រាប់ការស្នាក់នៅជាលក្ខណៈគ្រួសារ ហើយបន្ទប់ក៏បំពាក់ជាមួយសម្ភារផ្ទះបាយផងដែរគឺសម្រាប់ភ្ញៀវដែលស្នាក់នៅច្រើនខែ ឬច្រើនឆ្នាំ។ អតិថិជនរបស់យើងមានចាប់ពី ក្រុមហ៊ុនសាជីវកម្មអន្តរជាតិ មន្ត្រីរដ្ឋាភិបាល និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលជាដើម ពីព្រោះទីតាំងរបស់យើងនៅជិតការិយាល័យ និងស្ថាប័នរបស់រដ្ឋាភិបាល»។
លោក Andrew បានបន្តទៀតថា៖ «យើងក៏ឃើញមានភ្ញៀវមកលក្ខណៈជាក្រុមផងដែរ ដូចជាជនជាតិចិនជាដើមដែលភាគច្រើនជាអ្នកជំនួញ។ ជាមធ្យមភ្ញៀវទេសចរមានប្រហែល ១០ ទៅ ២០ ភាគរយ ហើយនៅរដូវមានភ្ញៀវច្រើន គឺអាចឈានដល់ ៣០ ភាគរយ ក្រៅពីនោះគឺមានដូចជា មន្ត្រីរដ្ឋាភិបាល ក្រុមហ៊ុន និងបុគ្គលិក អង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនជាជនបរទេស»។
លោក Shepard Ku ប្រធានគ្រប់គ្រងទូទៅនៃសណ្ឋាគារហ៊ីម៉ាវ៉ារីបានថ្លែងថា សណ្ឋាគារមានយុទ្ធសាស្ត្រលក់ពិសេសផ្ទាល់ខ្លួន (USPs) ដែលផ្តល់នូវអត្ថប្រយោជន៍បន្ថែមដើម្បីប្រកួតប្រជែងជាមួយសណ្ឋាគារដែលមានស្រាប់ និងសណ្ឋាគារថ្មីនៅក្នុងរាជធានីភ្នំពេញ។
លោកបានបន្ថែមថា៖ «យុទ្ធសាស្ត្រពិសេសរបស់យើងគឺមានទីតាំងដ៏ល្អនៅក្នុងទីក្រុង ភ្ញៀវអាចគយគន់ទេសភាពតាមដងទន្លេ មានចំណតរថយន្តធំទូលាយ យើងផលិតស្រាបៀរដោយខ្លួនឯង ហើយសណ្ឋាគាររបស់យើងគឺមានសុវត្ថិភាពខ្ពស់»។
ដើម្បីបង្កើនភាពទាក់ទាញនិង ផ្តល់ផាសុកភាពដល់ភ្ញៀវស្នាក់នៅទើបកាលពីប៉ុន្មានខែមុន គណៈគ្រប់គ្រងបានសម្រេចធ្វើការជួសជុល និងកែលម្អរបន្ទប់ស្នាក់នៅឲ្យកាន់តែមានភាពស្រស់ស្អាត ធំទូលាយ និងទាក់ទាញ ទ្វេឡើង ដែលរំពឹងថានឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះសណ្ឋាគារដ៏ប្រណីតនេះបានមួយកម្រិតថែមទៀត។
លោក Ku ថ្លែងថា៖ «យើងបានធ្វើឲ្យប្រសើឡើង និងកែលម្អរបន្ទប់ជាង ៥០ ភាគរយ។ ជាមួយនឹងការកែលម្អរនេះ ខ្ញុំសម្លឹងឃើញកំណើនមានភាពវិជ្ជមាន ដែលនឹងជួយដល់ការលក់របស់យើងនៅក្នុងឆ្នាំ ២០១៩ នេះ»៕