បច្ចុប្បន្ន​សភាពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក (AmCham) នៅ​កម្ពុជា គឺជា​ស្ថាប័ន​មួយ​ដែល​មាន​ការរីកចម្រើន​ជា​លំដាប់ ដែល​បាន​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ និង​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក និង​កម្ពុជា​។

បង្កើតឡើង​អស់​រយៈពេល​ជាង​ ២០ ​ឆ្នាំ​មកនេះ AmCham តំណាង​ឱ្យ​ជនជាតិ​អាមេរិកាំង​មួយ​ក្រុម​តូច ដែល​កំពុង​ធ្វើការ​នៅ​កម្ពុជា​។ ទោះបី​ខ្ញុំ​ធ្លាប់​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល ដូច​លោក Michael Hayes ដែលជា​ស្ថាបនិក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ក៏ដោយ ក៏​ការបង្កើត AmCham គឺ​គំនិត​របស់លោក Kevin Whitcraft ដែលជា​សមាជិក​នៃ​គ្រួសារ​សហគ្រិន​ដ៏ល្បីល្បាញ​ម្នាក់​នៅ​ទីក្រុង​បាងកក​។


លោក Kevin បាន​បង្កើត​ក្រុមហ៊ុន RMA ដែល​ជា​អ្នកដើរតួ​យ៉ាងសំខាន់​នៅក្នុង​សហគមន៍​ធុរកិច្ច​នៅទីនេះ ដែល​មាន​ផលិតផល​របស់​អាមេរិក​ជាច្រើន​ដូចជា Ford, John Deere, Pizza Company, Krispy Crème Donuts ក្នុង​ចំណោម​ផលិតផល​ជាច្រើន​ទៀត​។ លោក​ដឹងថា មាន​សភាពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​នៅ​ប្រទេស​ថៃ ដូច្នេះ​លោក​គិតថា វា​គួរតែ​មាន​នៅទីនេះ​ដែរ​។


លោក Kevin បាន​ផ្លាស់​ទៅ​រក​ឱកាស​ផ្សេងទៀត នៅពេល​នោះ​ខ្ញុំ​បាន​ក្លាយជា​ប្រធាន ប្រហែល​ដោយសារ​គ្មាន​នរណាម្នាក់​ផ្សេងទៀត​ចង់​ធ្វើ​ការងារ​នេះ​! ​ពីមុន AmCham ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​អាមេរិក ដោយសារ​ក្រសួង​ពាណិជ្ជកម្ម​មិន​អនុញ្ញាត​ឲ្យ​ប្រើពាក្យ​សភា​ពាណិជ្ជកម្ម ពីព្រោះ​ក្រសួង​ទទួលស្គាល់​តែ​សភា​ពាណិជ្ជកម្ម​កម្ពុជា​តែប៉ុណ្ណោះ​។ ក្រោយមក​ទើប​ក្រសួង​ពាណិជ្ជកម្ម​បាន​អនុញ្ញាត​ឱ្យ​សមាគម​ធុរកិច្ច​ប្រើពាក្យ​នេះ ដូច្នេះ​យើង​ដូរ​ពី AmCam ទៅ AmCham​។


ជាច្រើន​ឆ្នាំ​មកនេះ AmCham ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយ​ស្ថានទូត​អាមេរិក ដែល​ត្រូវ​បានបង្ហាញ​តាមរយៈ​ការរៀបចំ​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​ផ្សេងៗ​ជាច្រើន​។


យើង​បាន​ចូលរួម​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ជា​បន្តបន្ទាប់​សម្រាប់​បេសកកម្ម​ធុរកិច្ច​ទៅកាន់​គោលដៅ​ជាច្រើន រួមមាន​សិង្ហបុរី បាងកក និង​សហរដ្ឋអាមេរិក​។ បេសកកម្ម​ថ្មីៗ​បំផុត​គឺ​គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​ឯកអគ្គរដ្ឋទូត​អាមេរិក​លោក Patrick Murphy ទៅ​ចូលរួម​វេទិកា​ធុរកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅ​ទីក្រុង​បាងកក​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ភ្ជាប់​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​។


ភាព​ជា​ដៃគូ​របស់ AmCham ជាមួយ​ស្ថានទូត​អាមេរិក​ត្រូវបាន​បង្ហាញ​តាមរយៈ​ក្រុមប្រឹក្សា​ផ្តល់យោបល់​សន្តិសុខ​បរទេស (OSAC)​។ ជា​ស្ថាប័ន​មួយ​ដែល​ដឹកនាំ​ដោយ​មន្ត្រី Regional Security Officer របស់​ស្ថានទូត​។ AmCham ក៏បាន​ចូលរួម​នៅក្នុង​ក្រុម​ធុរកិច្ច​ក្នុង​តំបន់ និង​អន្តរជាតិ​ផងដែរ​។ យើង​ជា​សមាជិក​សមាគម AmChams នៅក្នុង​តំបន់​ជាយូរ​មកហើយ ដែល​គេ​ស្គាល់​ថា APCAC ។

យើង​ក៏បាន​ទៅ​ចូលរួម​កម្មវិធី Operation Doorknock ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​វ៉ាស៊ីនតោន ឌីស៊ី រៀងរាល់​រដូវក្តៅ​ផងដែរ​។ លើស​ពី​នេះ​ទៀត យើង​បញ្ជូន​នាយក​ប្រតិបត្តិ​របស់​យើង​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​តំបន់​របស់ EDs នៃ AmChams ក្នុង​តំបន់​។ យើង​ថែមទាំង​បានរៀបចំ​កិច្ចប្រជុំ​បែបនេះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នៅ​ខេត្ត​សៀមរាប​ផងដែរ​។

AmCham នៅ​កម្ពុជា​ក៏បាន​ចូល​ជា​សមាជិកសភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​ទីក្រុង Washington D.C​។ យើង​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​សភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ជាច្រើន​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​ថ្មីៗ​នេះ​ក៏មាន​អ្នក​តំណាង​ជាន់ខ្ពស់​បានមក​ទស្សន​កិច្ច​នៅ​កម្ពុជា​ដែរ​។

យើង​ក៏មាន​កិច្ចសហការ​រឹងមាំ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច US–ASEAN Business Council ជា​សមាគម​អាជីវកម្ម​ដែល​មាន​សាជីវកម្ម​ធំៗ​ជាច្រើន​។ មាន​បេសកកម្ម​ធុរកិច្ច​មកកាន់​ប្រទេស​កម្ពុជា​ស្ទើរតែ​រៀងរាល់ឆ្នាំ​។

ក្នុង​ចំណោម​សាជីវកម្ម​ធំៗ​ដែល​តំណាង​នៅទីនេះ​រួមមាន កូកាកូឡា Chevron, Ford, GE, Dupont និង​សាជីវកម្ម​ជាច្រើន​ទៀត​។

ក្រៅពី​សហការ​ជាមួយ​សហគមន៍​ធុរកិច្ច​ជាតិ​ក្នុង​តំបន់ និង​អន្ដរជាតិ AmCham ក៏មាន​កម្មវិធី​សកម្ម​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ និង​ទំនាក់ទំនង​រវាង​កម្ពុជា-អាមេរិក​។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យើង​បាន​រៀបចំ​កម្មពិធី​ជាច្រើន​សម្រាប់​មន្ត្រី​រដ្ឋាភិបាល រួមមាន​មន្ត្រី​មកពី​ក្រសួង​ពាណិជ្ជកម្ម អប់រំ ការងារ សាធារណៈការ និង​សហការី​ក៏ដូចជា​សមាជិក​រដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ជាដើម​។

AmCham ក៏​ធ្វើការ​ជាមួយ​សហគមន៍​អាមេរិក​ទូទៅ​ផងដែរ​។ យើង​ចូលរួម​ក្នុង​សកម្មភាព​ជាច្រើន​របស់​សហរដ្ឋអាមេរិក ដូចជា​ពិធីជប់លៀង​ថ្ងៃទី​ ៤ ខែកក្កដា ពិធី Memorial Day, ពិធីបុណ្យ Thanksgiving, ពិធី Marine Corps Ball ព្រមទាំង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដទៃទៀត​។

ស្ថិត​នៅ​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​ភាពឈ្លាសវៃ​ និង​រឹងមាំ​របស់ AmCham បច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​លោក Allen Tan និង​នាយកប្រតិបត្តិ​លោក Erich Phillips យើង​បាន​មើលឃើញ​នូវ​ការរីកចម្រើន​យ៉ាងខ្លាំង​ជាមួយ​សមាជិក គណៈកម្មាធិការ និង​សកម្មភាព​ផ្សេងៗ​។

យើង​បាន​ទទួល​ការជួយ​ជ្រោមជ្រែង​ពី​សំណាក់​គណៈអភិបាល និង​បុគ្គលិក​ដែលមាន​សមត្ថភាព​។ ដូច្នេះ​ការរួម​ចំណែក​របស់ AmCham ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុជា-អាមេរិក​នឹង​បន្ត​កាន់តែ​រឹងមាំ​ថែម​ទៀត​ទៅ​ថ្ងៃ​អនាគត​៕

Bretton G. Sciaroni (ប្រធាន AmCham)