ខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលដឹងថាប្រទេសឥណ្ឌូនេស៊ី និងកម្ពុជាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ប្រកបដោយការស្ថាបនានៅក្នុងវិស័យជាច្រើន។ ទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ត្រូវបានធ្វើឡើងជាផ្លូវការចាប់តាំងពីការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ១៩៥៩ មកម្ល៉េះ។
ប្រទេសឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ដំណើរការផ្សះផ្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជា ជាពិសេសរហូតដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងឆ្នាំ ១៩៩១ ហើយបន្ទាប់មកបានចូលរួមយ៉ាងសកម្មនៅក្នុងការស្តារសន្តិភាព និងស្ថិរភាពឡើងវិញតាមរយៈអ៊ុនតាក់។
ប្រទេសឥណ្ឌូនេស៊ីក៏បានស្វាគមន៍ និងគាំទ្រដល់សមាជិកភាពរបស់កម្ពុជានៅក្នុងសមាគមអាស៊ានក្នុងឆ្នាំ ១៩៩៩ ផងដែរ។ ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជាបានកើនឡើងជាលំដាប់ និងមាននិន្នាការជាវិជ្ជមាន។ ក្នុងឆ្នាំ ២០១៨ តុល្យភាពពាណិជ្ជកម្មទ្វេភាគីឈានដល់ ៥៥៨,៦១៩ លានដុល្លារអាមេរិក (ការនាំចេញរបស់ឥណ្ឌូនេស៊ីមានតម្លៃ ៥២៥,៥៩៧ លានដុល្លារ និងការនាំចេញរបស់ប្រទេសកម្ពុជាមានតម្លៃ ៣៣,០២២ ដុល្លារ)។
ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ក្នុងរង្វង់ ៧ ភាគរយក្នុង ១ ឆ្នាំប្រទេសកម្ពុជាគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រទេសឥណ្ឌូនេស៊ី និងជាទីផ្សារដ៏មានសក្តានុពលនៅក្នុងតំបន់។ ម្យ៉ាងវិញទៀតវាក៏ដល់ពេលដែលពាណិជ្ជករកម្ពុជាត្រូវចាប់ផ្តើមពង្រីកអាជីវកម្មរបស់ពួកគេទៅកាន់ប្រទេសឥណ្ឌូនេស៊ីដែលជាទីផ្សារធំបំផុតមួយនៅក្នុងតំបន់ផងដែរ។
ប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសឥណ្ឌូនេស៊ី និងកម្ពុជាបានបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិយ៉ាងរឹងមាំ និងបានចែករំលែកកិច្ចសហប្រតិបត្តិការយោធាយ៉ាងជិតស្និទ្ធរវាងប្រទេសទាំង ២ ផងដែរ តាមរយៈកិច្ចពិភាក្សាផ្នែកយោធា និងយោធា។ ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសដំបូងគេដែលបានផ្តល់ជំនួយបណ្តុះបណ្តាលដល់ប្រទេសកម្ពុជាសម្រាប់ការបង្កើតកងកម្លាំងពិសេសកម្ពុជា ៩១១ ។
រហូតមកដល់ពេលនេះកងទ័ពជាតិឥណ្ឌូនេស៊ីបានផ្តល់ការបណ្តុះបណ្តាលនិងផ្តល់ជំនួយជាបន្តបន្ទាប់ដល់កងយោធពលខេមរភូមិន្ទកម្ពុជា។ គិតចាប់តាំងពីឆ្នាំ ១៩៩០ មកប្រទេសកម្ពុជាបានបញ្ជូនមន្ត្រីយោធារាប់ពាន់នាក់ ទៅទទួលការបណ្តុះបណ្តាលនៅប្រទេសឥណ្ឌូនេស៊ី។ ប្រទេសទាំង ២ នឹងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាដោយបានបង្កើតរបៀបវារៈ និងពង្រីកវគ្គសិក្សាយោធាបន្ថែមទៀតដែលជាផ្នែកមួយនៃការអនុវត្តជាក់ស្តែងនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០១៧ ។
ចំពោះការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងកម្ពុជា និងឥណ្ឌូនេស៊ីគឺកំពុងមានការអភិវឌ្ឍទៅមុខយ៉ាងរលូន និងកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ និស្សិតកម្ពុជាដែលទៅបន្តការសិក្សានៅប្រទេសឥណ្ឌូនេស៊ីកំពុងកើនឡើងជាលំដាប់។
មជ្ឈមណ្ឌលវប្បធម៌ឥណ្ឌូនេស៊ីនៅកម្ពុជា Pusat Budaya Indonesia Nusantara (PUSBUDI) នៅឯស្ថានទូតមានគោលបំណងលើកកម្ពស់វប្បធម៌ឥណ្ឌូនេស៊ី លើកកម្ពស់ចំណងមិត្តភាព និងបង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេសទាំង ២ តាមរយៈសិល្បៈ ភាសា និងវប្បធម៌។ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ រហូតមកដល់ពេលនេះពលរដ្ឋកម្ពុជាចំនួន ៨៦៥ នាក់ ចូលរួមក្នុងកម្មវិធី Pusbudi ហើយភាគច្រើននៃពួកគេទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ី ហើយបន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេបច្ចុប្បន្នកំពុងបម្រើការងារក្នុងវិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជាអ្នកខ្លះជាមន្ត្រីរដ្ឋាភិបាល អ្នកខ្លះជាមន្ត្រី ប៉ូលីស បុគ្គលិកអប់រំ (សាស្ត្រាចារ្យ) អ្នកស្រាវជ្រាវ ផ្នែកវេជ្ជសាស្ត្រ ប្រព័ន្ធផ្សព្វផ្សាយ អង្គការក្រៅរដ្ឋាភិបាល និងផ្នែកជំនួញជាដើម។
ដើម្បីអបអរសាទរខួបលើកទី ៦០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងឥណ្ឌូនេស៊ី និងកម្ពុជា ស្ថានទូតឥណ្ឌូនេស៊ីក្នុងរាជធានីភ្នំពេញបានរៀបចំសកម្មភាពរួមគ្នាយ៉ាងសកម្មដោយសហការជាមួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានដូចជា ការប្រកួតបាល់ទាត់ហ្វូតសាលមិត្តភាពនៅថ្ងៃទី ២៦ ខែមករា ការសម្តែងសិល្បៈវប្បធម៌រួមគ្នានៅថ្ងៃទី ១៣ ខែកុម្ភៈ វេទិកាធុរកិច្ចកម្ពុជា-ឥណ្ឌូនេស៊ីនៅថ្ងៃទី ២៦ ខែមីនា ការប្រកួតវាយកូនហ្គោលមិត្តភាពនៅថ្ងៃទី ៣០ ខែមិថុនា ពិធីសម្ពោធវិមានមិត្តភាពឥណ្ឌូនេស៊ី-កម្ពុជានៅខេត្តកំពង់ធំ ថ្ងៃទី ១៣ ខែកក្កដា និងពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា ឥណ្ឌូនេស៊ីនៅសៀមរាបថ្ងៃទី ១៩-២១ កក្កដា។
នៅក្នុងឱកាសដ៏វិសេសវិសាល និងរីករាយនេះ ខ្ញុំសូមចូលរួមអបអរសាទរ ថ្ងៃកំណើតរបស់ប្រទេសឥណ្ឌូនេស៊ីជាមួយនឹងក្តីសង្ឃឹមកាន់តែច្រើនក៏ដូចជាការលើកទឹកចិត្តដល់ប្រជាជនឥណ្ឌូនេស៊ីប្រមាណ ៤០០០ នាក់ដែលកំពុងរស់នៅតាមទីក្រុង និងបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជាក្នុងនោះពួកគាត់មួយចំនួនជានិស្សិត ពាណិជ្ជករ អ្នកជំនាញ គ្រូបង្រៀន និងឪពុកម្តាយដែលពួកគាត់បានខិតខំបំពេញការងារយ៉ាងខ្លាំងដើម្បីពង្រឹង សមត្ថភាព និងជំនាញរបស់ពួកគេក្នុងការអភិវឌ្ឍខ្លួនក្នុងការលើកកម្ពស់អនាគតឲ្យកាន់តែភ្លឺស្វាងក៏ដូចជាសម្រាប់ប្រទេសជាតិ និងក្រុមគ្រួសាររបស់ពួកគេផងដែរ និងដើម្បីរក្សាចំណងមិត្តភាពក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រជាជនកម្ពុជាឲ្យកាន់តែស៊ីជម្រៅ និងបង្កនូវបរិយាកាសវិជ្ជមានដល់ប្រទេសដែលយើងកំពុងរស់នៅសព្វថ្ងៃ៕
(ប្រទេសឥណ្ឌូនេស៊ីប្រារព្ធទិវាបុណ្យឯករាជ្យរបស់ខ្លួននៅ ថ្ងៃទី ១៧ ខែសីហា)